ភ្នំពេញ៖ អតីត​អ្នក​ប្រដាល់​ឆ្នើម​ម្នាក់ ​ក្នុង​ចំណោម​អ្នក​ប្រដាល់​ខ្លាំងៗ ​លំដាប់​ជួរ​មុខ​កាល​ពី​អំឡុង​ឆ្នាំ​ ២០០០​ ដល់ ​ឆ្នាំ ​២០១៤​ បឺត សំខាន់ ដែល​បាន​បន្សល់​ទុក​នូវ​ស្នាដៃ​ ជា​ម្ចាស់​ខ្សែ​ក្រវាត់ និង​ជា​​ជើងឯក​រង​ ​២​ ស្ថាប័ន​ផង​នោះ ​បាន​វិវឌ្ឍ​ខ្លួន​មក​ធ្វើ​​ជា​គ្រូ​បង្វឹក​ផង ​និង​ជា​ចៅក្រម​អាជ្ញាកណ្តាល​ផង ​នា​ពេល​បច្ចុប្បន្ន​​។

មាន​ស្រុក​កំណើត​នៅ​​ភូមិ​តាក្រៀម​ ឃុំ​តាក្រៀម​ ស្រុក​បាណន ​ខេត្ត​បាត់ដំបង ​បឺត​ សំខាន់​ បាន​​នាំ​បងប្អូន​មក​​ប្រឡូក​​លើ​សង្វៀន​ប្រដាល់ ​​មាន​ដូចជា​ជើង​ខ្លាំង ​បឺត ខាំ​, បឺត​ សំណព្វ​, ​បឺត ​សំរេច​ និង បឺត ​ជីវិត ដោយ​កាល​នោះ ​ពួក​គេ​ជា​បងប្អូន​​ត្រកូល «​បឺត​» ដ៏​ល្បី​លំដាប់​ជួរ​មុខ ​នៅ​ក្នុង​ពិភព​ប្រដាល់​គុខ​ខ្មែរ ​ហើយ​​បច្ចុប្បន្ន​មាន ​បឺត​ សង្ឃឹម​ បន្ត​ផង​ដែរ​។

គិត​មក​ដល់​បច្ចុប្បន្ន ​បឺត ​សំខាន់​ ដែល​ធ្លាប់​ឆ្លង​កាត់​ការ​ប្រកួត​នៅ​ជនបទ​ និង​​ទីក្រុង​បាន​ជាង ​២០០ ​ដង​នោះ ​បាន​សម្រេច​ក្តី​បំណង​ជា​គ្រូបង្វឹក​របស់​ក្លិប​រ៉ាហាប់​ស្វាយ​ប៉ាក ដែល​មាន​ទីតាំង​នៅ​​សង្កាត់​ស្វាយប៉ាក ​ខ័ណ្ឌ​ឫស្សី​កែវ​ រាជធានី​ភ្នំពេញ​ ក្រោម​ការ​គ្រប់គ្រង​ និង​ឧបត្ថម្ភ​ពី​អង្គការ​ក្រៅ​រាជរដ្ឋាភិបាល​មួយ ​តាំង​ពី​ឆ្នាំ ​២០០៩​ គឺ​ក្រោយ​ពេល​ដែល​ បឺត ​សំខាន់ បាន​​លា​ឈប់​ពី​អាជីព​ជា​កីឡាករ ​ក្នុង​ក្លិប​សាលវ័ន្ត​កីឡា ​ដោយសារ​វ័យ​កាន់​តែ​ចាស់ ​កម្លាំង​ធ្លាក់​ចុះ​ ប្រកួត​មិន​បាន​ល្អ​។​

កាល​នៅ​​ជា​កីឡាករ ​បឺត ​សំខាន់​ ជា​អ្នក​ប្រដាល់​ខ្លាំង​មួយ​រូប ​មិន​ដែល​ចាញ់​ដោយ​សន្លប់​នោះ​ទេ​ ហើយ​​ក្បាច់​ពិសេស​ប្រចាំ​ត្រកូល​​របស់​គេ គឺ​មាន​ភាព​រហ័ស ​និង​គេច​ពី​ដៃ​គូ​បាន​លឿន​ដោយ​គេ​នៅ​ចាំ​បាន​ថា ​ធ្លាប់​ឈ្នះ​ និង​ចាញ់​កីឡាករ​លំដាប់​ជួរ​មុខ​មួយ​ចំនួន​ដូច​ជា ​អ្នក​លេង​កែង​រហ័ស​ ឡោ​ សំណាង​ ឈ្នះ​កណ្តុរ​ជ្រែក​ដី​​ វ៉ន​ ពិសិដ្ឋ ​ឈ្នះ​ សឹង្ហ​ សារៈ​ ប៉ុន្តែ បឺត សំខាន់ មិន​ដែល​ឈ្នះ​​​ ពេជ្រ ​ប៊ុនធឿន ​​នោះ​ឡើយ​។​ ទោះបី​ជា​យ៉ាង​ណា​ លទ្ធផល​ដែល ​បឺត ​សំខាន់ ​ទទួល​បាន​ជា​សក្ខីភាព​ គឺ​ជា​ម្ចាស់​ខ្សែ​ក្រវាត់ ​១​ និង​​ជា​ជើងឯក​រង​ខ្សែ​ក្រវាត់​ចំនួន ​២ ​ទៀត​។​

បឺត ​សំខាន់​ បាន​ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ ​«ខ្ញុំ​ចាំ​បាន​ថា​ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ខ្សែ​ក្រវាត់​ស្រា​ផែនដី ​ទម្ងន់ ​៥១ ​គីឡូក្រាម ​ខ្ញុំ​ចាញ់ ​ឡោ​ សំណាង​ ទទួល​បាន​ត្រឹម​លេខ ​២ ក្នុង​​ឆ្នាំ ​២០០៤​ ហើយ​​ខ្ញុំ​បាន​​ឈ្នះ​ជើងឯក​រង ​១ ​ទៀត​ គឺ​ខ្សែ​ក្រវាត់​ទម្ងន់ ​៥៤ ​គ.ក្រ ក្រោយ​​ចាញ់​​ ពេជ្រ​ ប៊ុន​ធឿន ​មក​ពី​ក្លិប​សាមគ្គី​ខេត្ត​បាត់ដំបង​ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ ក្នុង​ឆ្នាំ ​២០០៣​។ ​ប៉ុន្តែ​ នៅ​ឆ្នាំ ​២០០៧ ខ្ញុំ​បាន​ផ្តួល​កីឡាករ សឹង្ហ សារៈ របស់​ក្លិបកង​ទ័ព​ឆត្រ​យោង ​៩១១ ដើម្បី​ឈ្នះ​បាន​ខ្សែ​ក្រវាត់​ ​K Cement ទម្ងន់ ​៥៤ ​គីឡូក្រាម ​​នៅ​សង្វៀន​ប៉ុស្តិ៍​លេខ ​៥​»។​

បឺត ​សំខាន់​ បន្ត​ថា​៖ «​ជា​បន្ត​បន្ទាប់​មក​ទៀត ​ដោយសារ​វ័យ​យើង​ចាស់​ផង​ កម្លាំង​ធ្លាក់​ចុះ​ផង​ និង​ការ​ប្រកួត​មិន​សូវ​បាន​ល្អ​ផង​ ទើប​ខ្ញុំ​ស្វែងរក​អាជីព​ជា​គ្រូ​បង្វឹក ​ហើយ​នៅ​ឆ្នាំ ​២០១៩ ​ខ្ញុំ​ទទួល​បាន​ជា​គ្រូ​បង្វឹក​ឲ្យ​ក្លិប​អង្គការ​មួយ ​ដែល​បាន​ជួយ​នូវ​ជីវភាព ​និង​ការ​ហូប​ចុក​ស្នាក់​នៅ​ដល់​ក្រុម​កីឡាករ​»។

អតីត​ជើង​ខ្លាំង​វ័យ ​៣៨ ​ឆ្នាំ​រូប​នេះ ​បាន​បន្ថែម​ថា៖ ​«ក្នុង​រយៈពេល ​១០ ​ឆ្នាំ​នេះ ​ខ្ញុំ​ផលិត​បាន​កីឡាករ​លំដាប់​កម្រិត​ល្អ​​មធ្យម ​អាច​នឹង​ប្រកួត​ប្រជែង​ជាមួយ​គេ​បាន ​ព្រោះ​ក្នុង​ចំណោម​កីឡាករ​ជិត ​២០ ​នាក់​នោះ ​ទទួល​បាន​ការ​ហ្វឹកហាត់​ ហូប​ចុក ​ស្នាក់​នៅ​ ពី​អង្គការ​មួយ ដែល​ធ្វើ​ឲ្យ​ពួក​គេ​​រក្សា​បាន​នូវ​គុណភាព​ និង​សមត្ថភាព​​ល្អៗ ​ដូច​ជា​ ​ខាំ ​សាបាន​, បឺត ​សង្ឃឹម​, ខាំ ​សូរិយា​, ខាំ ​ខ្លានាង​, ខាំ​ កូនខ្លា​, ខាំ ​វណ្ណៈ​ និង ​បឺត ​ចិត្រា​ ជា​ដើម ​ដែល​មាន​សមត្ថភាព​ប្រកួត​ជា​គូ​ឯក​រង ​ឬ​គូ​អន្តរជាតិ​ខ្លះៗ​ហើយ»​។

បឺត​ សំខាន់ បាន​​បញ្ជាក់​ថា​៖ ​«ក្រៅ​ពី​មុខ​របរ​គ្រូ​បង្វឹក​ឲ្យ​ក្លិប​រ៉ាហាប់​ស្វាយប៉ាក គឺ​​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ​​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​មួយ​ចំនួន ​ហើយ​សព្វ​ថ្ងៃ ​ខ្ញុំ​ជា​ចៅក្រម​អាជ្ញា​កណ្តាល​ឲ្យ​ស្ថានីយ​ទូរទស្សន៍​ ​PNN ​និង​ Town​ ព្រម​ទាំង​​សង្វៀន ​១ ​ទៀត​ គឺ​ពន្លក​គុន​ខ្មែរ​ ដែល​ខ្ញុំ​ធ្វើ​ដោយ​ស្ម័គ្រ​ចិត្ត រៀង​រាល់​ ២​ ​សប្តាហ៍​ម្តង»​។

តាម​ការ​អះអាង​របស់ ​បឺត ​សំខាន់​ បាន​ឲ្យ​ដឹង​ថា ​ឱពុក​របស់​គេ ​ជា​អ្នក​ប្រដាល់​ជនបទ ​ឯ​ម្តាយ​ជា​អ្នក​ចម្រៀង​ ដោយ​សុំ​មិន​ប្រាប់​ឈ្មោះ​។​ កាល​នៅ​ជា​កីឡាករ ​បឺត សំខាន់ មិន​ធ្លាប់​ជាប់​ពាក់ព័ន្ធ​រឿង​ប្រកួត​​មិន​ប្រក្រតី​ និង​​ទទួល​រង​ការ​ជាប់​ពិន័យ​ ឬ​ការ​ប្រកួត​ស៊ី​លុយ​ម្តង​ណា​នោះ​ទេ ហើយ​​ពេល​ក្លាយ​ជា​គ្រូ​បង្វឹក ​និង​ជា​ចៅក្រម​អាជ្ញាកណ្តាល​ បច្ចុប្បន្ន​ក៏ បឺត សំខាន់ មិន​ដែល​​ទទួល​នូវ​ការ​ពិន័យ ​ឬ​បំពេញ​ការងារ​​ខុស​ឆ្គង​អ្វី​នោះ​ដែរ ​ខណៈ​ដែល​មហាជន​មួយ​ចំនួន ​​បាន​កោត​​សរសើរ និង​​លើក​ទឹក​ចិត្ត​ដល់​រូប​គេ​​ថា​ «​ជា​គ្រូ​បង្វឹក​ល្អ ​ចៅក្រម​អាជ្ញា​កណ្តាល​ល្អ» ​ដែល​មាន​វ័យ​ក្មេង​ជាង​គេ​៕​​