The Phnom Penh Post Search

Search form

បុណ្យ​ទន្លេ​​ ផ្តោត​លើ​លទ្ធផល​តែ​អុកចត្រង្គ និង​ប្រដាល់​គុន​ខ្មែរ

Content image - Phnom Penh Post
សកម្ម​​ភាព​រត់​ប្រណាំង​ក្នុង​​​ព្រឹត្តិ​ការណ៍​បុណ្យ​ទន្លេ។ ស្រេង ម៉េងស្រ៊ុន

បុណ្យ​ទន្លេ​​ ផ្តោត​លើ​លទ្ធផល​តែ​អុកចត្រង្គ និង​ប្រដាល់​គុន​ខ្មែរ

ភ្នំពេញ: កីឡា​ចំនួន ៩ ប្រភេទ​ដែល​ដាក់​ឲ្យ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​លើក​ទី ៤ នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ឆ្នាំ ២០១៨ នេះ​បាន​បញ្ចប់​ទៅ​រលូន​កាល​ពី​ថ្ងៃ​អាទិត្យ និង​មាន​សកម្មភាព​ទាក់​ទាញ​ល្អ​ជាង​ឆ្នាំ​កន្លង​មក ក្នុង​នោះ​ការ​ប្រកួត​បាន​ផ្តោត​ទៅ​លើ​ការ​អបអរ​សាទរ​ពិធីបុណ្យ​ទន្លេ និង​ការ​បង្ក ភាព​សប្បាយ​រីករាយ​ជូន​មហាជន​ទស្សនា។

ប៉ុន្តែ កីឡា ២ ប្រភេទ​ដែល​រួមមាន​ប្រដាល់​គុន​ខ្មែរ និង​អុកចត្រង្គ បាន​សម្រួច​ទៅរក​លទ្ធផល​ផ្លូវការ​តាម​បច្ចេកទេស។

ក្នុងនោះដែរ កីឡា​រត់​កម្សាន្ត ៣ គីឡូ​ម៉ែត្រ ៥ គីឡូម៉ែត្រ ដែល​មាន​អ្នករត់​ប្រមាណ ៣៥០០ នាក់ ជិះ​កង់​កម្សាន្ត ១០ គីឡូម៉ែត្រ ឆ្លង​ស្ពាន​តាខ្មៅ​មាន​អ្នកជិះ​កង់​ប្រមាណ ២៥០០ នាក់ និង​ប្រណាំង​កង់ ៣៥ គីឡូម៉ែត្រ កីឡា​ប្រណាំង​ទូក​ប្រពៃណី​ខ្នាត​វែង កីឡា​បាល់ទាត់​មិត្តភាព​កម្ពុជា និង​វៀតណាម កីឡា​បាល់ទះ មិត្តភាព​កម្ពុជា និង​វៀតណាម ចំបាប់​បុរាណ​ខ្មែរ ព្រមទាំង​ហែល​ទឹក​ឆ្លង​ទន្លេ​បាសាក់ ១០០០ ម៉ែត្រ មិន​បែង​ចែក​ចំណាត់​ថ្នាក់​នោះ​ទេ។

សម្រាប់​ការប្រកួត​កីឡា​អុកចត្រង្គ​ជម្រុះ​សម្រាប់​ឆ្ពោះទៅ​អង្គរ​មហាសង្ក្រាន្ត​ឆ្នាំ ២០១៨ នា​មណ្ឌល​ភ្នំពេញ និង​ប្រដាល់​គុន​ខ្មែរ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​មហាជន និង​លទ្ធផល​ចំណាត់​ថ្នាក់​ច្បាស់​លាស់​តាម​បច្ចេកទេស។ លោក​ឈាវ បូរ៉ា អគ្គ​លេខាធិការ​សហព័ន្ធ​កីឡា​អុក​ចត្រង្គ បាន​ឲ្យ​ដឹង​ថា៖ «ការ​ប្រកួត​ជម្រុះ​អុកចត្រង្គ​រយៈពេល​ចំនួន ៣ ថ្ងៃ​ដើម្បី​អបអរ​សាទរ​បុណ្យ​ទន្លេ​ផង​នោះ យើង​ជ្រើស​បាន​កីឡាករ​ចំនួន ៦ នាក់ មាន​ចំណាត់​ថ្នាក់ ដើម្បី​ទៅ​ប្រកួត​ថ្នាក់​ជាតិ​ក្នុងការ​ប្រកួត​ប្រជែង​មាន​បេក្ខជន​ចំនួន ៦៧ នាក់​មក​ពី​រាជធានី​ភ្នំពេញ​តែ​មួយ»។

តាម​របាយការណ៍​ពី​គណៈកម្មការ​ប្រកួត លោក​គ្រួច ចន្ថារិទ្ធ បាន​ឲ្យ​ដឹង​ថា៖ «បេក្ខជន​ឈ្នះ​ចំណាត់​ថ្នាក់​ទាំង ៦ នាក់​នោះ មាន​ចំណាត់​ថ្នាក់​លេខ ១ កីឡាករ​សុខ លឹមហេង លេខ ២ ខូវ គឹមសែ លេខ ៣ ឆយ វីរ៉ា លេខ ៤ រស់ រិទ្ធយ៉ា លេខ ៥ ប៊ូ វណ្ណ​មូលី​កា និង​ចំណាត់​ថ្នាក់​លេខ ៦ កែវ វឌ្ឍនា ដែល​ទាំង​អស់​គ្នា​នេះ​មក​ពី​មណ្ឌល​ភ្នំពេញ​តែ​មួយ​ប៉ុណ្ណោះ និង​ភាគ​ច្រើន​សុទ្ធ​តែ​ជើង​ខ្លាំង​ល្បី។

លោក​បាន​បន្ថែមថា៖ «មណ្ឌល​រាជធានី​ភ្នំពេញ​មាន​បេក្ខជន​ដល់ ៦៧ នាក់ ហេតុនេះ​គណៈកម្មការ​សម្រេច​អនុញ្ញាត​ឲ្យ​ជ្រើស​យក​បេក្ខជន ៦ នាក់ ដើម្បី​ឲ្យ​មាន​សមាមាត្រ ខណៈ​មណ្ឌល ៦ ទៀត​យក​ត្រឹម​ចំណាត់​ថ្នាក់​លេខ ៣ ប៉ុណ្ណោះ»។

ចំណែក​លទ្ធផល​ប្រដាល់​គុនខ្មែរ​វិញ រឿង សោភ័ណ្ឌ បាន​ផ្តួល​កីឡាករ​ថៃ Thav Oulan ត្រឹម​ទឹក​ទី ៣ ដោយ​កណ្តាប់​ដៃ។ ចំពោះ​លទ្ធផល​គូ​ផ្សេង​គឺ​ខេម ចាន់ បាន​យក​ឈ្នះ​សង គង់ ដោយ​ពិន្ទុ ខណៈ​ជើង​ថ្មី​លន បញ្ញា បាន​ផ្តួល​ជើង​ចាស់​លាភ សំណាង ទឹក​ទី ២ ហើយ​គឿន សុវណ្ណ​នឿត ឈ្នះ​ពិន្ទុ​លី តឿន ស្រប​ពេល​សរ សូ បាន​ផ្តួល ប្រាក់ ឌី​ណា ទឹក​ទី ៣៕

អត្ថបទគួរចាប់អារម្មណ៍