ភ្នំពេញ៖ ​ការ​ទទួល​បាន​ជោគជ័យ​ផ្ទួនៗ​ គឺ​ការ​ឈ្នះ​បាន​ខ្សែ​ក្រវាត់ ព្រម​ទាំង​ការ​ឈ្នះ​បាន​ប្រាក់​លាន​ផ្សេងៗ ពិសេស​ការ​ទទួល​បាន​​ក្របខ័ណ្ឌ​ជា​ទាហាន​ ក្នុង​ឆ្នាំ ​២០២០ ​នេះ បាន​ធ្វើ​ឲ្យ​អ្នក​ប្រដាល់​មក​ពី​ជាយ​ដែន ឃីម បូរ៉ា បាន​ផ្លាស់ប្តូរ​ចិត្ត​ពី​ការ​ចង់​ដើរ​ចេញ​ពី​អាជីព​នេះ មក​ដាក់​ចិត្ត​កាន់​តែ​ជ្រៅ​ទៅ​លើ​វិស័យ​នេះ ហើយ​ក៏​ចង់​វិវឌ្ឍ​ខ្លួន​ទៅ​ជា​គ្រូ​បង្វឹក ក្រោយ​​​ប្រកួត​លែង​កើត​ផង​ដែរ។

ក្នុង​បទសម្ភាស​ផ្ទាល់​ជា​មួយ​ភ្នំពេញ​ប៉ុស្តិ៍ ​ក្នុង​ពេល​ថ្មីៗ ​នៅ​ក្លិប​រស្មី​ភូមិគាប​ ខេត្ត​បន្ទាយ​មាន​ជ័យ​ ​ឃីម​ បូរ៉ា​ មិន​ត្អូញ​ត្អែ​រពី​ជីវភាព​លំបាក​ក្នុង​មុខ​របរ​ប្រដាល់​នោះ​ទេ ​ដោយ​រូប​​គេ​បាន​​អះអាង​ថា​ មាន​​ជីវភាព​បាន​ប្រសើរ​សមរម្យ ​បន្ទាប់​ពី​ក្រាញ​ជា​មួយ​មុខ​របរ​ប្រដាល់ ​​មិន​រា​ថយ​រយៈពេល​ជាង ​១៤ ​ឆ្នាំ ​ក្រោម​ការ​ចាត់​ចែង​របស់​លោក​ឪពុក ​ហេង ​ប៊ុន​ឃីម ​ជា​គ្រូ​បង្វឹក​ផ្ទាល់​។​

ឃីម ​បូរ៉ា ​និយាយ​ថា​៖ «​សព្វ​ថ្ងៃ​ ខ្ញុំ​មាន​ប្រពន្ធ​ និង​កូន ​១ ​មាន​ជីវភាព​សមរម្យ​ ដោយ​មុខ​របរ​នេះ​ឈឺ​សាច់​មែន ​តែ​បើ​ខ្ញុំ​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ​តាម​ការ​ណែនាំ​ពី​គ្រូ​ គឺ​ទទួល​បាន​ផល​ល្អ ដោយ​​បាន​ចំណូល​តាម​កម្លាំង​ពលកម្ម ព្រោះ​​ក្នុង ​១ ​ខែ​ យ៉ាង​ហោច​ណាស់​ក៏​ខ្ញុំ​ឡើង​ប្រកួត​បាន ​២ ​ទៅ ​៣ ​លើក​ដែរ ហើយ​​ក្នុង​មួយ​លើក​តិច​បំផុត ​ក៏​ទទួល​បាន​កម្រៃ​ពី ​៤០០ ទៅ​ជិត ​១ ​០០០ ​ដុល្លារ​ដែរ ​គឺ​ទៅ​តាម​កម្មវិធី​របស់​គេ​រៀបចំ​ផ្សេងៗ​គ្នា​»។

បូរ៉ា បន្ថែម​ថា៖​ «កន្លង​មក​ខ្ញុំ​ធ្លាប់​ចង់​លា​ឈប់​ពី​សង្វៀន​ ដោយ​ប្រកួត​មិន​ដែល​ឈ្នះ​ជើងឯក ​ឬ​ចំណាត់​ថ្នាក់​លេខ ​១​ គឺ​បាន​តែ​ជើងឯក​រង ​ក្នុង​ព្រឹត្តិការណ៍​ធំៗ​ចំនួន ​៦ ​លើក ​ប៉ុន្តែ​ក្នុង​ឆ្នាំ ​២០២០ ​នេះ ​ខ្ញុំ​ឈ្នះ​ខ្សែ​ក្រវាត់​បាន ​១ ​បន្ទាប់​មក​ខ្ញុំ​ឈ្នះ​ប្រាក់​លាន​ពី​កម្មវិធី​ម៉ារ៉ាតុង​ម៉ាសហ្វៃ​ ហើយ​កាល​ពី​សប្តាហ៍​មុន ​ខ្ញុំ​ឈ្នះ​ប្រាក់​លាន​ ពី​កីឡាករ ​ឡុង ​ជិន ​ផង​ដែរ​ ពិសេស​នៅ​ឆ្នាំ ​២០២០ ​នេះ ​ខ្ញុំ​ត្រូវ​បាន​ថ្នាក់​ដឹកនាំ​គាត់​បំពេញ​ក្របខ័ណ្ឌ​ជា​ទាហាន​ក្នុង​កងយោធពល​ខេមរភូមិន្ទ​ គឺ​ដោយសារ​ខ្ញុំ​ប្រកួត​ល្អ​ មាន​ស្នាដៃ​ ព្រម​ទាំង​មិន​ដែល​ធ្វើ​ឲ្យ​ខូច​កម្មវិធី​គេ​ម្តង​ណា​ទេ»​។​

ទោះ​ជា​យ៉ាង​នេះ​ក្តី​ ឃីម​ បូរ៉ា​ អះ​អាង​ថា​ បច្ចុប្បន្ន​រូប​គេ​មាន​បញ្ហា​សុខភាព​ មិន​សូវ​បាន​ល្អ​ គឺ​កម្លាំង​ធ្លាក់​ចុះ​ និង​មាន​ជំងឺ​​ខ្លះ​ផង ​ប៉ុន្តែ​ការ​ហ្វឹកហាត់ ​គឺ​ព្យាយាម​ជានិច្ច ដោយ​​ហ្វឹកហាត់​ផ្នែក​បច្ចេកទេស​ឲ្យ​បាន​ច្រើន ​ដើម្បី​ពេល​ប្រកួត​​ប្រើ​បច្ចេកទេស​ច្រើន​ជាង​ប្រើ​កម្លាំង​ ព្រោះ​​គិត​ជា​មធ្យម ​​បូរ៉ា​ បង្ហើប​ថា រូប​គេ ​អាច​រក​ប្រាក់​បាន​ពី​ការ​ប្រកួត​បាន​ជិត ​១​ ០០០ ​ដុល្លារ​ ​ក្នុង ​១ ​ខែ ​ខណៈ​ដែល​ជីវភាព​ប្រចាំ​ថ្ងៃ​មាន​ផ្ទះ​ស្នាក់​នៅ ​មាន​រថយន្ត​ជិះ​ ព្រម​ទាំង​មាន​ការ​ហូប​ចុក​ស្នាក់​នៅ​បាន​សមរម្យ​។

ជាមួយ​គ្នា​នេះ ឃីម បូរ៉ា ក៏​មាន​បំណង​ធ្វើ​ជា​គ្រូ​បង្វឹក នៅ​ពេល​រូប​គេ​ប្រកួត​លែង​កើត​ផង​ដែរ ដោយ​រូប​គេ​បញ្ជាក់​ថា៖​ «​ប្រសិន​បើ​ថ្ងៃ​ក្រោយ​ ខ្ញុំ​ប្រកួត​លែង​កើត​ គឺ​ខ្ញុំ​ចង់​ធ្វើ​គ្រូ​បង្វឹក​ដូច​ឪពុក​របស់​ខ្ញុំ ​ហើយ​ចំណែក​កូន​ប្រុស​ខ្ញុំ ​នឹង​ឲ្យ​ហ្វឹកហាត់ ​ប៉ុន្តែ​ឡើង​ប្រកួត​ ឬ​អត់ ​គឺ​អាស្រ័យ​លើ​ទឹក​ចិត្ត ​ឬ​ចំណង់​របស់​គេ​នៅ​ពេល​គេ​ធំ​»​។​

ចំណែក​លោក ​ហេង ​ប៊ុន​ឃីម ​ជា​ឪពុក​បាន​​និយាយ​ថា​៖ «​ខ្ញុំ​មាន​កូន ​៤ ​នាក់ ​កូន​ច្បង​ស្រី​រក​ស៊ី​មិន​ប្រដាល់​ទេ​ ប៉ុន្តែ​កូន​ប្រុស ​៣ ​នាក់ ប្រដាល់​ទាំង​អស់​ គឺ​មាន ​ឃីម​ ឌីម៉ា​ ជាម្ចាស់​មេដាយ​មាស​ស៊ី​ហ្គេម ​ឆ្នាំ ​២០១៧​ ​ឃីម ​បូរ៉ា​ និង​កូន​ពៅ​ ឃីម​ ឌីម៉ៃ ​ដែល​កំពុង​ហ្វឹកហាត់​ និង​ប្រកួត​បាន​ល្អ​ផង​ដែរ​ អ៊ីចឹង​អាច​ថា ​ខ្ញុំ​ជោគជ័យ​ក៏​ថា​បាន​ ​ព្រោះ​ពី​មុន​ក្លិប​រស្មី​ភូមិគាប​ ខ្ញុំ​មាន​តែ​បាវ​សាក់ ​១ មាន​កូន​ខ្ទម​ សម្រាប់​កូន ​និង​ប្រពន្ធ​រស់នៅ​យ៉ាង​កំសត់ ​ប៉ុន្តែ​ការ​ប្រឹង​ប្រែង​តាម​រយៈ​ប្រដាល់​នេះ​ ខ្ញុំ​បាន​កសាង​ក្លិប ​ដោយ​មាន​កន្លែង​ហ្វឹកហាត់​បាន​ល្អ​សមរម្យ​មាន​ផ្ទះ​សមរម្យ​ ព្រម​ទាំង​ទិញ​ដី ​ពង្រីក​លំនៅឋាន​បាន​ល្មម​គួរ​សម​ និង​​ទទួល​បាន​ការ​គាំទ្រ​ពី​បងប្អូន​ក្នុង​ភូមិ ដោយ​​យក​កូន​គេ​មក​ហាត់​ផង​ដែរ»​។​

លោក​បន្ថែម​ថា៖ ​«​តាមរយៈ​មុខ​របរ​ប្រដាល់​នេះ ​សព្វ​ថ្ងៃ​ខ្ញុំ​រៀបចំ​កូន​ឲ្យ​មាន​ប្រពន្ធ ​និង​ការងារ​អស់​ហើយ​ គឺ​ ឌីម៉ា ​ធ្វើ​ប៉េអឹម​ នៅ​ភ្នំពេញ​ និង​ជា​កីឡាករ​ជម្រើស​ជាតិ​ មាន​ផ្ទះ​សំបែង​សមរម្យ​ ហើយ​ បូរ៉ា ​ធ្វើ​ទាហាន​មាន​ប្រាក់​ខែ​ដូច​គ្នា ​គឺ​នៅ​សល់​តែ​កូន​ពៅ​ ឌឺ​ម៉ៃ​ កំពុង​ហាត់​ល្អ​ ត្រៀម​ចូល​ថ្នាល​ជម្រើស​ជាតិ​ក្នុង​ពេល​អនាគត​»៕