The Phnom Penh Post Search

Search form

បើក​ឆាក​ថ្ងៃ​ដំបូង ​កីឡា​វ៉ូ​វីណាម​កម្ពុជា ​ឈ្នះ​មេដាយ​មាស​១ ​និង​សំរឹទ្ធ​៣​ ​នៅ​​មីយ៉ាន់​ម៉ា​

Content image - Phnom Penh Post
សកម្ម​ភាព​​ប្រកួត​របស់​​កីឡា​ការិនី​កម្ពុជា (ឆ្វេង) ជា​មួយនឹង​កីឡា​ការិនី​ឡាវ ក្នុង​ព្រឹត្តិ​ការណ៍​វ៉ូវីណាម នៅ​មីយ៉ាន់ម៉ា​​។ រូប​ថត សហ​ការី

បើក​ឆាក​ថ្ងៃ​ដំបូង ​កីឡា​វ៉ូ​វីណាម​កម្ពុជា ​ឈ្នះ​មេដាយ​មាស​១ ​និង​សំរឹទ្ធ​៣​ ​នៅ​​មីយ៉ាន់​ម៉ា​

ភ្នំ​ពេញ: ក្រុម​កម្ពុជា​ដណ្តើម​មេដាយ​មាស​ជា​ក្រុម​ចំនួន​១​ និង​មេដាយ​សំរឹទ្ធ​ជា​ក្រុម និង​ឯកត្ត​ជន​ចំនួន ក្នុង​ការ​បើកការ​​ប្រ​កួត​ថ្ងៃ​ដំបូង​នៃ​ព្រឹត្តិ​ការណ៍​កីឡា​វ៉ូ​វីណាម​ កម្រិត​អាស៊ី​អាគ្នេយ៍​ លើក​ទី​៥​នៅ​ប្រទេស​
មី​យ៉ាន់​ម៉ា នៅ​​ថ្ងៃ​ព្រហស្បត៍ ​ទី​៩​ ខែ​សីហា​ ឆ្នាំ​២០១៨​។

លោក​អ៊ូ ​រតនា​ អនុ​ប្រធាន​សហ​ព័ន្ធ​កីឡាវ៉ូ​វីណាម ​និង​ជា​ប្រធាន​ប្រតិភូ​ដឹក​នាំ​ទៅ​ចូល​រួម​ប្រ​កួត​បាន​ប្រាប់​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃ​នេះ​​ថា​៖​ «នៅ​ថ្ងៃ​ប្រ​កួត​បើក​ឆាក​ដំបូង​ គឺ​ថ្ងៃ​​ទី​៩​ ខែ​សីហា​ ឆ្នាំ​២០១៨​ ក្រុម​កីឡា​វ៉ូ​វីណាម​កម្ពុជា​យើង​ឈ្នះ​មេដាយ​មាស​លើ​វិញ្ញា​សា​សម្តែង​ប្រយុទ្ធ​នារី​១នាក់​ បុរស​៣​នាក់​ដាក់​ពិន្ទុ​។​ អ្នក​ឈ្នះ​លើ​វិញ្ញា​សា​នេះ​មាន​ទី​១ ​កីឡា​ការិនី​ប៉ាល់ ​ឆ​រស្មី ​ទី២ ​កីឡាករ​លី​ បូរ៉ាមី​ ទី​៣ ​កីឡាករ​សាន​ សុជាតិ​ និង​ទី​៤ ​កីឡាករ​ប្រាក់ ​សុវណ្ណនី​»​​។​

លោក​បាន​បន្តថា៖ «​ចំណែក​មេដាយ​សំរឹទ្ធ​៣​នោះ​បាន​លើ​វិញ្ញាសា​ក្រុម ​បុរស​៤នាក់​ប្រើ​អាវុធ​គឺ​បាន​ទៅ​លើ​ទី១​ កីឡាករ​សាន​ សុជាតិ ​ទី​២ ​កីឡាករ​ជ្រិន ​ប៊ុន​ឡុង ​ទី​៣ ​កីឡាករ​ជិន ​ពិសិដ្ឋ​ និង​ទី​៤ ​កីឡាករស៊ិន​ សេង​ហុង​។ ​រី​ឯ​កីឡាប្រយុទ្ធ​ផ្នែក​នារី​ឯក​ត្ត​ជន​ទម្ងន់​៤៨​គីឡូ​ក្រាម​ បាន​​ទៅ​លើ​ឃន ​ចាន់​សុភ័ក្ត្រ​នាថ ​និង​វិញ្ញាសារ​ផ្នែក​បុរស​ប្រ​យុទ្ធ​ឯកត្ត​ជន​ទម្ងន់​៦០​គីឡូ​ក្រាម ​បាន​ទៅ​កីឡាករ​ទី ​នីហ្សា​​»​។

តាម​ការ​បញ្ជាក់​ពី​លោក​អ៊ូ​ រតនា​ បាន​និយាយ​ថា​៖​ «ឃន ​ចាន់​សុភ័ក្ត្រ​នាថ​ ប្រ​កួត​ចាញ់​ប្រទេស​ឡាវ​ ហើយ​កីឡាករ​​ទី​ នីហ្សា​​ ចាញ់​ប្រទេស​ឡាវ ​ខណៈ​ដែល​ការ​ចាប់​ឆ្នោត​បាន​ឈាន​ចូល​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​តែ​ម្តង​​»​។​

លោក​អ៊ូ ​រតនា ​ប្រធាន​ប្រតិភូ​បន្ថែម​ថា៖​ «នេះ​គ្រាន់​តែ​ជា​ការ​ប្រ​កួត​ថ្ងៃ​បើក​ឆាក​ដំបូង​ចំនួន​៣​វិញ្ញាសា​ប៉ុណ្ណោះ​ ហើយ​ក្នុង​នោះ​ យើង​នៅ​សល់​វិញ្ញាសា​ត្រូវ​ប្រ​កួត​ចំនួន​ជាង​២០​ទៀត​ ដែល​កម្ម​​វិធី​ប្រ​កួត​គ្រោង​នឹង​បញ្ចប់​​នៅ​ថ្ងៃ​ទី១២​ ខែ​សី​ហា​ ឆ្នាំ​២០១៨​ ខាង​មុខ ​ដែល​មាន​ប្រទេស​ចំនួន​​៨ ចូល​រួម​ប្រកួត​គឺ​កម្ពុជា ​វៀត​ណាម ​ឡាវ​ ថៃ​ មី​យ៉ាន់​ម៉ា​ ដែល​ជា​ម្ចាស់​ផ្ទះ​ ឥណ្ឌូនេស៊ី​ ហ្វីលី​ពីន និង​ទីម័រ​ខាង​កើត»​៕

អត្ថបទគួរចាប់អារម្មណ៍