
កីឡាករសូត្រ ប៊ុនធី (កណ្តាល) ម្ចាស់ខ្សែក្រវាត់ខារ៉ាបាវ រដូវកាលទី ៧ ក្រោយពីឈ្នះកីឡាករថៃ។ យឺន ពន្លក
ភ្នំពេញ: ព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរប្រចាំសប្តាហ៍នៃសង្វៀនអាស៊ីអាគ្នេយ៍សម្រាប់រដូវកាលទី ៧ បានបិទបញ្ចប់ ហើយរដូវកាលទី ៨ ត្រូវបានគណៈកម្មការរៀបចំនៅសង្វៀនអាស៊ីអាគ្នេយ៍ (SE-ATV) អះអាងថា បានត្រៀមរួចជាស្រេចនៅក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាម ខណៈអ្នកគ្រប់គ្រងកម្មវិធី និងខាងអ្នកឧបត្ថម្ភបានយល់ព្រមនូវសមាសភាពកីឡាករប្រដាល់ដែលកំពុងតែមានប្រិយភាព ដោយក្បាច់គុនរបស់ពួកគេគួរឲ្យចង់ទស្សនា។
អ្នកគ្រប់គ្រងកម្មវិធីប្រកួតប្រចាំសង្វៀន SEATV លោកញាណ សុធី បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «គម្រោងប្រកួតនៃខ្សែក្រវាត់ខារ៉ាបាវរដូវកាលទី ៨ នៅ SEATV ត្រៀមរួចហើយ ខណៈដែលសមាសភាពអ្នកប្រដាល់ក៏បានជ្រើសរួចហើយដែរក្នុងទម្ងន់ ៥៧ គីឡូក្រាម»។
លោកបានបន្តថា៖ «ការប្រកួតក្នុងរដូវកាលលើកទី ៨ នេះ នឹងចាប់ផ្តើមនៅល្ងាចថ្ងៃសៅរ៍សប្តាហ៍ទី ២ នៃខែមករា ឆ្នាំ ២០១៩ នៅសង្វៀនស្ទូឌីយោម៉ាស៊ីនត្រជាក់ SEATV ដោយរូបមន្តប្រកួត និងប្រាក់រង្វាន់ ព្រមទាំងតម្លៃខ្លួនប្រកួតនៅរក្សាដូចលើកមុនៗ ដោយកីឡាករកម្ពុជាប្រកួតក្នុងវគ្គជម្រុះក្នុងម្នាក់ៗមានចំនួន ៤ ប្រកួត ហើយក្នុង ១ ប្រកួតទទួលបានតម្លៃខ្លួន ៤០០ ដុល្លារអាមេរិក»។
ជាមួយគ្នានេះ អ្នកឈ្នះខ្សែក្រវាត់នៅវគ្គផ្តាច់ព្រ័ត្រទទួលបានខ្សែក្រវាត់ និងអមដោយទឹកប្រាក់ចំនួន ៥០០០ ដុល្លារ ចំណាត់ថ្នាក់លេខ ២ ទទួលបានទឹកប្រាក់ចំនួន ៣០០០ ដុល្លារ ដោយគ្មានចំណាត់ថ្នាក់លេខ ៣ លេខ ៤ ឡើយ។ ទាក់ទងទៅនឹងសមាសភាពអ្នកប្រដាល់វិញ មានកីឡាករកម្ពុជាចំនួន ៤ នាក់ និងកីឡាករថៃចំនួន ៤ នាក់ ដែលត្រូវបានចែកចេញជា ២ ពូល ដោយប្រកួតជម្រុះយកកីឡាករតែម្នាក់គត់ក្នុងពូលនីមួយៗ ដើម្បីមកវគ្គផ្តាច់ព្រ័ត្រតែម្តង។ ប្រភពច្បាស់ការពីគណៈកម្មការផ្គូផ្គង បានបញ្ជាក់ថា កីឡាករកម្ពុជាចំនួន ៤ នាក់នោះ សុទ្ធតែមានសមត្ថភាពល្អ បទពិសោធច្រើនលើសង្វៀន។
កីឡាករទាំងនោះមាន ម៉ន សាម៉េត មកពីក្លិបកងចក្ររាជសីហ៍នៃសមាគមប្រដាល់ក្រសួងមហាផ្ទៃ លាភ រដ្ឋា មកពីក្លិបដីឡូត៍មានរិទ្ធខេត្តបន្ទាយមានជ័យ ធន់ មករា មកពីសមាគមប្រដាល់ក្រសួងការពារជាតិ និងទី ៤ វ៉ាន់ វឿន មកពីក្លិបឃ្លាំងមឿង ខេត្តពោធិ៍សាត់។
ចំណែកសមាសភាពកីឡាករពូលថៃវិញមិនទាន់បានរៀបរយច្បាស់លាស់នៅឡើយទេ ដោយកំពុងតែពិនិត្យលើសមត្ថភាពឲ្យមានភាពប្រហាក់ប្រហែលគ្នាសិន។ កីឡាករប្រដាល់ទាំង ៤ រូបរបស់កម្ពុជានេះសុទ្ធតែមានបទពិសោធប្រកួតទាក់ទាញបំផុត ហើយបន្ថែមពីលើនេះ ពួកគេ ធ្លាប់ឈ្នះបានខ្សែក្រវាត់មកគ្រប់គ្រងកន្លងមកដូចគ្នា។
ម៉ន សាម៉េត ជាម្ចាស់ខ្សែក្រវាត់ខារ៉ាបាវ រដូវកាលទី ១ លាភ រដ្ឋា ម្ចាស់ខ្សែក្រវាត់ទីហ្វីសង្វៀនប៉ុស្តិ៍លេខ ៥ ធន់ មករា ម្ចាស់ខ្សែក្រវាត់ទីហ្វីសង្វៀនប៉ុស្តិ៍លេខ ៥ និងវ៉ាន់ វឿន ម្ចាស់មេដាយសំរឹទ្ធព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០១៧ ហើយសមត្ថភាពកម្រិតបច្ចេកទេសក្បាច់គុនរបស់ពួកគេ មានកម្រិតល្អប្រហាក់ប្រហែលគ្នា តែម្តង។
លោកតែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានមានប្រសាសន៍ថា៖ «សកម្មភាពប្រកួតដែលបានដំណើរការទៅនេះដោយសារមានក្រុមហ៊ុនជាអ្នកជួយឧបត្ថម្ភ ហើយយើងគិតមកដល់ពេលនេះ ការប្រកួតដែលមានច្រើនកម្មវិធីនេះបានផ្តល់ឲ្យយើងទាំងអស់គ្នាមានប្រាក់ចំណូល ទាំងកីឡាករ គណៈកម្មការ ក្លិប សមាគម និងគ្រូបង្វឹក ហេតុនេះ ក្នុងនាមខ្ញុំជាថ្នាក់ដឹកនាំ សូមស្នើឲ្យកីឡាករខិតខំហ្វឹកហាត់ និងប្រកួតឲ្យបានល្អអស់ពីសមត្ថភាពចៀសវាងអំពើមិនល្អដូចជាប្រកួតមិនអស់ពីសមត្ថភាព និងប្រកួតធ្វើពុតសន្លប់ដើម្បីទទួលផលប្រយោជន៍ពីឈ្មួញជាដើម»៕