ភ្នំពេញ៖ អ្នកប្រដាល់មកពីជាយដែនខេត្តបន្ទាយមានជ័យ ឃីម បូរ៉ា ដែលកំពុងឡើងជើងខ្លាំង និងទើបតែឈ្នះបានខ្សែក្រវាត់នៅសង្វៀន CNC នោះ ត្រូវបានគេមើលឃើញថា ជាបេក្ខភាពមានសមត្ថភាពខ្ពស់ជាងគេ ក្នុងចំណោមបេក្ខភាពទាំង ៤ នាក់ ដែលកម្មវិធី Mas Fight Cambodia ដាក់ឲ្យប្រកួតម៉ារ៉ាតុងដណ្តើមប្រាក់លានទម្ងន់ ៦០ គីឡូក្រាម នៅលើសង្វៀនថោនថ្ងៃអាទិត្យ។
បើទោះបីជាពេលនេះ ឃីម បូរ៉ា នៅមិនទាន់ដឹងថា រូបគេនឹងត្រូវចាប់ឆ្នោតប៉ះកីឡាកររូបណា នៅវគ្គជម្រុះ ៣ ទឹក ប៉ុន្តែបេក្ខភាព ៣ នាក់ទៀតមាន តាញ់ មករា, សោម វិឆ័យ និង គង់ ហូវ សុទ្ធតែធ្លាប់បានចាញ់ ឃីម បូរ៉ា កន្លងមក ហើយតាមរយៈការសម្ភាសជាមួយគ្រូបង្វឹករបស់កីឡាករទាំង ៣ នាក់ សម្រាប់ការប្រកួតលើកនេះ គឺពួកគាត់សុទ្ធតែសម្តែងការខ្លាចពីសមត្ថភាពរបស់ ឃីម បូរ៉ា ដូចគ្នា។
យ៉ាងណាក៏ដោយ លោក ហេង ប៊ុនឃីម ជាឪពុក និងជាគ្រូបង្វឹករបស់ ឃីម បូរ៉ា ហាក់បានលាក់បាំងនូវភាពខ្លាំងកូនប្រុសរបស់ខ្លួន ដោយលោកបង្ហើបថា បូរ៉ា សង្ឃឹមឈ្នះតិចទៅវិញ ព្រោះសុខភាព និងកម្លាំង មិនល្អបរិបូរណ៍ដូចមុន។ លោក ហេង ប៊ុនឃីម បានប្រាប់ពីថ្ងៃពុធថា៖ «នៅក្នុងចំណោមបេក្ខភាពទាំង ៣ នាក់ ដែល ឃីម បូរ៉ា ត្រូវប្រកួតគឺយ៉ាប់ឈ្នះទាំងអស់»។
គ្រូបង្វឹកមិនសូវអួតអាងពីសមត្ថភាពរបស់កូនមុនការប្រកួត លោក ហេង ប៊ុនឃីម បានបញ្ជាក់ថា៖ «បើរំឭកការប្រកួតកន្លងមក គឺអ្នក ៣ នាក់នេះ ធ្លាប់ចាញ់ ឃីម បូរ៉ា ដោយពិន្ទុទាំងប្រផិតប្រផើយដូចគ្នា ប៉ុន្តែកម្លាំងរបស់ បូរ៉ា ពេលនេះ គឺធ្លាក់ចុះជាងមុន ដោយបញ្ហាមានប្រពន្ធ និងសុខភាព មិនសូវល្អដូចកាលនៅកំលោះឡើយ។ យ៉ាងណាក៏ដោយ ទោះចាញ់ ឬឈ្នះ គឺបូរ៉ា ធានាវ៉ៃអស់ពីសមត្ថភាព»។
តាមការលើកឡើងរបស់លោក ហេង ប៊ុនឃីម បង្ហាញថា លោកគ្រាន់តែមិនហ៊ានអួតពីភាពខ្លាំងរបស់ ឃីម បូរ៉ា ព្រោះបេក្ខភាពទាំង ៣ នាក់នេះ គឺបានចាញ់នៅពេល បូរ៉ា មានប្រពន្ធទៅហើយជាក់ស្តែង តាញ់ មករា ទើបតែបានចាញ់ពិន្ទុ ឃីម បូរ៉ា ក្នុងការប្រកួតផ្តាច់ព្រ័ត្រនៅសង្វៀន CNC កាលពីថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២០ ចំណែក គង់ ហូវ ទើបតែចាញ់ បូរ៉ា ដោយពិន្ទុដាច់នៅសង្វៀន PNN កាលពីថ្ងៃអាទិត្យកន្លងមកនេះ។
លោក ធន់ សុភា គ្រូបង្វឹក តាញ់ មករា បាននិយាយថា៖ «ឃីម បូរ៉ា ជាឧបសគ្គធំជាងគេ ប៉ុន្តែបើជួប គង់ ហូវ ឬ សោម វិឆ័យ នៅវគ្គជម្រុះនោះ តាញ់ មករា មានសង្ឃឹមបានឡើងទៅវគ្គផ្តាច់ព្រ័ត្រ ដោយមិនព្រួយឡើយ ព្រោះ មករា ហ្វឹកហាត់បានជាប់លាប់ល្អ មានកម្លាំងល្អ ធានាឈ្នះ ឬចាញ់មិនអាចសន្លប់ទេ»។
ចំណែកលោក ជា រិទ្ធ គ្រូបង្វឹក គង់ ហូវ បានប្រាប់ថា៖ «ខ្ញុំគិតថា វត្តមានរបស់ ឃីម បូរ៉ា អាចនឹងលំបាកប្រកួតជាងគេ ព្រោះគេរហ័ស និងវាយឆក់ដោយក្បាច់ជង្គង់បានលឿន ព្រមទាំងគេចលឿនទៀត។ បើនិយាយឲ្យចំ អ្នកទាំង ៣ នាក់នេះ គឺលំបាកឈ្នះដូចគ្នា ព្រោះសុទ្ធតែជាកីឡាករលំដាប់ប្រកួតជាមួយអន្តរជាតិ និងមានបទពិសោធឡើងសង្វៀនបានច្រើនឆ្នាំដូចគ្នា ហេតុនេះខ្ញុំសង្ឃឹមឈ្នះតិចណាស់ ដ្បិតអីការហ្វឹកហាត់របស់ គង់ ហូវ មិនសូវបានល្អទេ ដោយរវល់ច្រើន គឺឪពុកទើបតែស្លាប់»។
ចំពោះលោក ឡុង វិបុល គ្រូបង្វឹករបស់ សោម វិឆ័យ បាននិយាយថា៖ «ក្នុងចំណោមកីឡាករ ៣ នាក់ ដែលផ្គូផ្គងឲ្យមកប្រកួតដណ្តើមប្រាក់លាននេះ សោម វិឆ័យ ទៅប៉ះជាមួយអ្នកណាក៏លំបាកឈ្នះដែរ ព្រោះសុទ្ធតែជាអ្នកប្រដាល់ចាស់វស្សាដូចគ្នា ហេតុនេះខ្ញុំសង្ឃឹមឈ្នះតិចទេ ត្រឹម ៥០ ភាគរយប៉ុណ្ណោះ»៕