ទីក្រុងមីនស្ក៍៖ ខណៈពេលដែលប្រទេសនៅអឺរ៉ុបដទៃទៀត កំពុងបិទទ្វារហាងទាំងអស់ ដើម្បីប្រយុទ្ធតតាំង ក៏ដូចជាទប់ស្កាត់ការរាលដាលវីរុសកូរ៉ូណានោះ ប្រទេស បេឡារុស ហាក់មិនអើពើនឹងបញ្ហាវិបត្តិនេះឡើយ ពោលគឺនៅតែដំណើរការរបររកស៊ីរបស់ខ្លួន ដោយឥតញញើតដដែល។
គេឃើញភោជនីយដ្ឋានទាំងឡាយរបស់អតីតប្រទេសសាធារណរដ្ឋសូវៀត មួយនេះ បន្តសេវាកម្មបម្រើម្ហូបអាហាររបស់ខ្លួនដដែល ហើយការប្រកួតបាល់ទាត់សម្រាប់លីកក្នុងស្រុក មិនបានផ្អាកដូចប្រទេសផ្សេងៗឡើយ បើទោះបីជាកំពុងស្ថិតនៅមាត់ទ្វារ នៃការប្រឈមនឹងជំងឺកូវីដ ១៩ ដ៏គ្រោះថ្នាក់ នៅអឺរ៉ុបក៏ដោយ ក៏ដំណើរជីវិតនៅទីនេះ ប្រព្រឹត្តទៅជាធម្មតា ស្ទើរតែដូចជាគ្មានបញ្ហាអ្វីទាំងអស់។
ប្រធានាធិបតីរបស់ប្រទេស បេឡារុស លោក lexander Lukashenko បាននិយាយបដិសេធវិបត្តិសុខភាពសកលលោកថា «ជាចិត្តរោគ» ហើយលោកមិនព្រមដើរតាមប្រទេលជាច្រើនដទៃទៀត ដោយការឲ្យប្រជាជនខ្លួននៅក្នុងផ្ទះនោះឡើយ។
ដោយសារតែមានមនុស្សតិចជាង ១០០ នាក់ បានឆ្លងជំងឺនេះ ហើយអត់មានអ្នកបាត់បង់ជីវិត ក្នុងប្រទេសរបស់លោក ទើបលោក Lukashenko បានថ្លែង កាលពីសប្ដាហ៍កន្លងទៅថា គ្មានអ្វីគួរឲ្យខ្លាច ចំពោះជំងឺនេះឡើយ ហើយលោកបានជំរុញឲ្យប្រជាជនទាំងអស់បន្តកិច្ចការងារដាំដុះលើដីរបស់ខ្លួនបន្តទៀត។ លោកប្រធានាធិបតី ដែលជាអតីតប្រធានកសិដ្ឋានសមូហភាពដ៏ស្មោះត្រង់ ហើយចូលកាន់អំណាចក្នុងឆ្នាំ ១៩៩៤ បានផ្ដល់អនុសាសន៍ថា៖ «នៅទីនោះ ត្រាក់ទ័រ នឹងព្យាបាលអ្នកទាំងអស់គ្នា។ ដីស្រែនឹងជួយរក្សាសុខភាពរបស់អ្នកគ្រប់គ្នា ឲ្យបានប្រសើរ»។
នៅក្នុងកម្មវិធីប្រកួតអាយហុកគី (ice hockey) កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន លោក Lukashenko ដែលបច្ចុប្បន្នមានវ័យ ៦៥ ឆ្នាំ បានថ្លែងបន្ថែមថា៖ «ស្លាប់ដោយភាពថ្លៃថ្នូរ ប្រសើរជាងរស់នៅដោយភ័យខ្លាច»។ ហេតុនេះ ទើបការប្រកួតជើងឯកប្រចាំប្រទេស បេឡារុស មិនខុសពីត្រាក់ទ័រភ្ជួរដី ដោយនៅតែបន្តធ្វើ ដោយឥតបារម្ភអ្វីទាំងអស់ គឺផ្ទុយទាំងស្រុងពីលីកផ្សេងៗជាច្រើន នៅទ្វីបអឺរ៉ុប ដែលត្រូវបានផ្អាក ឬពន្យារពេល។
ជាក់ស្ដែង សម្រាប់ការប្រកួត កាលពីចុងសប្ដាហ៍កន្លងទៅ គឺពេលដែលក្រុមម្ចាស់ផ្ទះ Slavia Mozyr បានយកឈ្នះក្រុមជើងឯកចាស់ BATE Borisov ២-១ នោះ គេឃើញមានអ្នកគាំទ្ររាប់ពាន់នាក់ចូលរួមទស្សនា ហើយថែមទាំងមានផ្សាយបន្តផ្ទាល់ តាមកញ្ជាក់ទូរទស្សន៍របស់ប្រទេស រុស្ស៊ី ទៀតផង។
អ្នកគាំទ្រម្នាក់ ដែលមានឈ្មោះថា Igor វ័យ ៣៣ ឆ្នាំ បានប្រាប់ AFP ថា៖ «បើទោះបីជា យើងបានមកទីនេះពិតមែន តែយើងព្យាយាមនៅឆ្ងាយពីគ្នា យើងមកដោយឡាន ហើយយើងលាងដៃរបស់យើង ១០ ដង»។
អ្នកគាំទ្រដដែល ក៏សម្ដែងការបារម្ភដែរ ចំពោះការបង្ហាញនូវភាពរីករាយរបស់អ្នកគាំទ្រមួយចំនួន ដោយគេនិយាយថា៖ «មើលទៅពួកគេហាក់ដូចមិនដឹងអ្វីទាំងអស់ ពួកគេដើរគ្រប់កន្លែង ហើយនាំគ្នាសើចសប្បាយ»។
តែទោះជាយ៉ាងណាក៏ដោយ ប្រទេស បេឡារុស មិនបានប្រមាទទេ ចំពោះវីរុសថ្មីនេះ ដោយបានមានវិធានការពិសេសៗជាច្រើន ត្រូវបានដាក់ចេញ រួមទាំងការដាក់កាមេរ៉ាវាស់កម្ដៅអ្នកគាំទ្រពេលដើរចូលក្នុងកីឡដ្ឋាន ដែលត្រូវបានគេបាញ់ថ្នាំសម្លាប់មេរោគ ១ ថ្ងៃ ២ ដង។
ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យឲ្យសហព័ន្ធបាល់ទាត់ប្រទេស បេឡារុស លោក Alexsandr Aleinik បាននិយាយប្រាប់ AFP ថា៖ «យើងបានចាត់គ្រប់វិធានការដែលណែនាំដោយរដ្ឋមន្រ្តីកីឡា។ អ្នកដែលមានទំនាក់ទំនងដោយផ្ទាល់ជាមួយអ្នកគាំទ្រ ត្រូវពាក់ស្រោមដៃ»។
ក្នុងជំនួបមួយជាមួយអគ្គរដ្ឋទូតនៃប្រទេស ចិន លោកប្រធានាធិបតី Lukashenko បានថ្លែងបញ្ជាក់ថា ប្រទេសរបស់លោក កំពុងគ្រប់គ្រងស្ថានការណ៍នេះយ៉ាងតឹងរ៉ឹងបំផុត ហើយលោកក៏ប្រាប់ដែរថា ការឲ្យប្រជាជននៅផ្ទះ មិនមែនជាដំណោះស្រាយនោះទេ៕ AFP/VN