ក្រុងប៉ារីស៖ ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិកបានរំលាយក្ដីសង្ឃឹមរបស់ក្រុមអង់គ្លេសទាំងស្រុងហើយ ក្នុងការចង់ឆ្លងទៅវគ្គ ៤ ចុងក្រោយនៃកម្មវិធី UEFA Nations League ដោយការយកឈ្នះ ២-០ កាលពីថ្ងៃអាទិត្យ ខណៈអ៊ីតាលីកៀកនឹងពានរង្វាន់នាឆ្នាំក្រោយនេះហើយ។
បែលហ្ស៊ិកខ្វះតែ ៥ នាទីទៀតប៉ុណ្ណោះ ដើម្បីបានចូលរួមជាមួយក្រុមជើងឯកពិភពលោកបារាំងក្នុងវគ្គ ៤ ក្រុមរបស់ព្រឹត្តិការណ៍ ដែលនឹងធ្វើឡើងក្នុងខែតុលា ឆ្នាំក្រោយ នៅពេលក្រុមអ៊ីស្លង់ ស្មើ ១-១ ជាមួយដាណាម៉ាក ក្រុមដែលកំពុងមានពិន្ទុប្រជែងគ្នាក្នុងគ្រុប។
តែការប្រកួត នៅឯទីក្រុងកូប៉ិនហាកនោះ គ្រាប់បាល់ប៉េណាល់ទីចុងក្រោយរបស់ Christian Eriksen ជួយឱ្យដាណាម៉ាកឈ្នះអ៊ីស្លង់ ២-១ ដែលលទ្ធផលនោះ បានបន្តរក្សាឱកាសក្នុងការប្រជែងជាមួយបែលហ្ស៊ិក ដើម្បីទៅឈរទីកំពូលនៃគ្រុបទី២ លីគ A។
ខ្សែបម្រើ ២ រូប គឺ Youri Tielemans និង Dries Mertens រួមចំណែកគ្នាម្នាក់ ១ គ្រាប់ នៅវគ្គទី ១ ដែលជាគ្រាប់បាល់ជួយឱ្យក្រុមចំណាត់ថ្នាក់លេខ ១ របស់ពិភពលោក បែលហ្ស៊ិកមានជ័យជម្នះលើក្រុមអង់គ្លេសរបស់លោក Gareth Southgate។
ក្រោយការប្រកួតបញ្ចប់ទៅគ្រូបង្វឹករបស់បែលហ្ស៊ិក លោក Roberto Martinez និយាយថា៖ «យើងតែងតែមានអារម្មណ៍មិនសូវតានតឹង ពេលនាំមុខ ២-០។ ពេលខ្លះ វាអាចមានគ្រោះថ្នាក់។ អ្នកមានអារម្មណ៍ថា ស្រួលតែយើងប្រឹងប្រែងជួយការពារអ្នកចាំទី Thibaut Courtois ខ្លាំងណាស់»។
បរាជ័យ ២ លើកជាប់ៗគ្នានេះ ធ្វើឱ្យអង់គ្លេសធ្លាក់ទៅលេខ ៣ ក្នុងគ្រុប ដោយមានគម្លាតដល់ទៅ ៥ ពិន្ទុពីក្រុមលេខ ១ បែលហ្ស៊ិក ខណៈនៅសល់តែ ១ ប្រកួតទៀតប៉ុណ្ណោះ។
គ្រូបង្វឹករបស់អង់គ្លេស លោក Southgate ថ្លែងថា៖ «យើងអត់ចូលចិត្តបរាជ័យឡើយ តែក្រុមទាំងមូលនៅតែសមនឹងទទួលបានការសរសើរពោល គឺគ្រប់យុទ្ធសាស្ត្រទាំងអស់ ដូចជាការបង្កើតបញ្ហាលើគូប្រជែង និងការការពារយ៉ាងរឹងមាំ»។
ជ័យជម្នះនៅចុងម៉ោងរបស់ដាណឺម៉ាក មានន័យថា បែលហ្ស៊ិកដែលមាន ១២ ពិន្ទុ ចាំបាច់យកឱ្យបានយ៉ាងហោចណាស់ ១ ពិន្ទុ ពេលក្រុមទាំង ២ ប៉ះគ្នា នៅថ្ងៃពុធ ដើម្បីបានឡើងទៅវគ្គ ៤ ក្រុមចុងក្រោយ។
ចំណែកឯការប្រកួត នៅលីគ A នេះដែរ ក្នុងគ្រុបទី១ ឃើញថា ក្រុមម្ចាស់ផ្ទះអ៊ីតាលី ទោះជាអវត្តមានកីឡាករជាច្រើន និងគ្រូបង្វឹកលោក Roberto Mancini ដោយសាររបួស និងឆ្លងវីរុសកូរ៉ូណាក៏ដោយ ក៏នៅអាចគេចផុតពីវិបត្តិនេះ ដោយការយកឈ្នះក្រុមប៉ូឡូញ ២-០។
៣ ពិន្ទុ ពីប្រកួតទី ៥ នេះ នាំឱ្យអ៊ីតាលី ឡើងទៅឈរលេខ ១ ក្នុងគ្រុប ដោយមាន ៩ ពិន្ទុ ពោលគឺមាន ១ ពិន្ទុពីលើហូឡង់ ដែលមានជ័យជម្នះលើបូស្ន៊ី ៣-១ ហើយអ៊ីតាលីនឹងឡើងទៅជុំផ្ដាច់ព្រ័ត្រ បើឈ្នះប្រកួតចុងក្រោយនៅក្រុងសារ៉ាយ៉េវ៉ូរបស់បូស្ន៊ី៕ AFP/VN