ប៉ារីស៖ Romelu Lukaku ជួយក្រុមបែលហ្ស៊ិកឱ្យឡើងទៅជុំចុងក្រោយនៃកម្មវិធី UEFA Nations League ដោយការស៊ុតបញ្ចូលទី ២ គ្រាប់ អំឡុងការប្រកួតកាលពីថ្ងៃពុធ ដែលក្រុមបិសាចក្រហមប្រចាំអឺរ៉ុប យកឈ្នះដាណឺម៉ាក ៤-២ ខណៈអ៊ីតាលីក៏ធានាកៅអី ៤ ក្រុមចុងក្រោយដែរ។
បែលហ្ស៊ិក ក្រុមនៅលេខ ១ របស់សហព័ន្ធបាល់ទាត់ពិភពលោក ត្រូវការស្មើប៉ុណ្ណោះពីការប្រកួតចុងក្រោយនៅលីគ A គ្រុបទី២ ទល់នឹងដាណឺម៉ាក នៅទឹកដីខ្លួនឯងនេះ ហើយលទ្ធភាពឆ្លងទៅវគ្គបន្ត ចាប់ផ្ដើមមានរឹតតែខ្ពស់នៅពេល Youri Tielemans ស៊ុតឱ្យក្រុមនាំមុខនៅនាទីទី៣។
Jonas Wind បានជួយឱ្យដាណឺម៉ាកស្មើវិញ នៅនាទីទី១៧ មុននឹង Lukaku ទម្លុះសំណាញ់ទី ២ គ្រាប់បន្តបន្ទាប់នៅនាទីទី៥៦ និង៦៩ ដើម្បីឱ្យក្រុមម្ចាស់ផ្ទះនាំមុខជាថ្មីម្ដងទៀត ៣-១ ខណៈ Nacer Chadli ធ្វើចូលទីខ្លួនឯងនាំឲ្យក្រុមភ្ញៀវតាម ៣-២ នៅនាទីទី ៨៦ តែ ១ នាទីបន្ទាប់ពីហ្នឹង Kevin De Bruyne ធានានូវជ័យជម្នះសម្រាប់ក្រុមរបស់លោក Roberto Martinez។
ក្រោយការប្រកួតបញ្ចប់ទៅ De Bruyne បាននិយាយថា៖ «ដាណឺម៉ាក ល្អណាស់។ យើងចាំបាច់ត្រូវបន្ថែមជម្រើសច្រើនទៀត ហើយព្យាយាមលេងពីខាងក្រោមមកវិញ ដូចយើងធ្វើនៅវគ្គទី២។ វាមិនមែនជាការកែប្រែស្ថានការណ៍ តែវាជាការលេងបាល់ដោយក្លាហាន។ យើងគ្រប់គ្រងបាល់តិចណាស់មុនសម្រាកវគ្គទី១»។
កីឡាករប្រធានក្រុមរូបនេះ បន្តទៀតថា៖ «នៅពេលយើងចាប់ផ្ដើមសហការគ្នាបានល្អជាងមុន វាធ្វើឱ្យយើងលេងកាន់តែស្រួលផងដែរ។ យើងក៏មានការអៀនខ្មាស់ចំពោះការភ្លាត់ឱ្យរបូតគ្រាប់បាល់ ដែលមិនគួរកើតឡើង តែយ៉ាងណា យើងនៅតែឈ្នះយ៉ាងស័ក្ដិសមបំផុត»។
ចំណែកអ៊ីតាលី ក៏បានធ្វើដំណើរទៅវគ្គ ៤ ក្រុមនៃកម្មវិធីលីគសម្រាប់ក្រុមជម្រើសជាតិនេះដែរ ក្រោយដណ្ដើមបានចំណាត់ថ្នាក់លេខ ១ ក្នុងគ្រុបទី១ នៃលីគ A ដោយការយកឈ្នះក្រុមម្ចាស់ផ្ទះបូស្ន៊ី ២-០ នៅក្រុងសារ៉ាជេវ៉ូ ដែលគ្រាប់ជ័យជម្នះនោះ បានមកដោយកីឡាករ Andrea Belotti និង Domenico Berardi។
ក្រោយបញ្ចប់ប្រកួតទី៦ នៃគ្រុប ឬពូលនីមួយៗសម្រាប់នៃកម្មវិធី Nations League របស់អឺរ៉ុបនេះ ក្រុមដែលត្រូវប្រឈមជាមួយគ្នា ដើម្បីដណ្ដើមពាន គឺបារាំង អេស្ប៉ាញ បែលហ្ស៊ិក និងអីុតាលី។ ការចាប់-ឆ្នោតសម្រាប់ទាំង ៤ ក្រុម នឹងធ្វើនៅថ្ងៃទី ៣ ខែធ្នូ ហើយការប្រកួតនឹងរៀបចំធ្វើឡើងនៅប្រទេសអ៊ីតាលី នាដើមខែតុលា ឆ្នាំ ២០២១៕ AFP/VN