រុស្ស៊ី: ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​​បែលហ្ស៊ិក បាន​ផ្តួល​ក្រុម​ជម្រើស​ជាតិ​​អង់​គ្លេស ក្នុង​ការ​ប្រកួត​ដណ្តើម​លេខ​៣​នៃ​ព្រឹត្តិ​​ការណ៍ World Cup ដើម្បី​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​ដ៏​ល្អ​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​របស់​ពួក​គេ ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​​ប្រចាំ​យុទ្ធ​នា​ការ Harry Kane បាន​ទទួល​ស្គាល់​ថា ក្រុម​របស់​គេ​​ត្រូវ​តែ​កែ​សម្រួល​ទម្រង់​លេង ប្រសិន​បើ​ពួក​​គេ​​ចង់​បញ្ចប់​ការ​មិន​អាច​ឈ្នះ​ពាន​។

គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ពី​សំណាក់​ខ្សែ​ការ​ពារ Thomas Meunier និង​ខ្សែ​បម្រើ​ប្រយុទ្ធ Eden Hazard​ បាន​ជួយ​ឲ្យ​ពួក​គេ​កត់​ត្រា​ជ័យជម្នះ​ក្នុង​លទ្ធ​ផល ២-០ ក្នុង​ទីក្រុង Saint Petersburg និង​ជួយ​ឲ្យ​បែលហ្ស៊ិក ធ្វើ​បាន​ល្អ​ប្រសើរ​ជាង​ទម្រង់​លេង​របស់​ពួក​គេ​ក្នុង​ព្រឹត្តិ​ការណ៍ World Cup ឆ្នាំ​១៩៨៦ ក្នុង​ប្រទេស​ម៉ិក​ស៊ិក ដោយ​កាល​នោះ​ពួក​គេ​បាន​បញ្ចប់​ដោយ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​៤​។

ខ្សែ​បម្រើ​អន្តរ​ជាតិ​អង់គ្លេស Jesse Lingard (ឆ្វេង) ដណ្តើម​បាល់​​ជា​មួយ​នឹង​ខ្សែ​បម្រើ​អន្តរ​ជាតិ​បែលហ្ស៊ិក​Kevin De Bruyne​។ AFP

បែលហ្ស៊ិក ដែល​បាន​រង​បរា​ជ័យ​យ៉ាង​ឈឺ​ចាប់​ក្នុង​លទ្ធផល ១-០ ក្រោមស្នា​ដៃក្រុម​ជម្រើស​ជាតិ​បារាំង ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ក៏​បាន​ផ្តួលក្រុម​អង់គ្លេស​របស់​លោក Gareth Southgate ក្នុង​វគ្គ​ចែកពូល​ក្នុង​ប្រទេស​រុស្ស៊ី ផងដែរ ក្នុង​ដំណើរ​ឆ្ពោះ​ទៅកាន់​ការ​បញ្ចប់​ដោយ​ឈរលេខ​១ក្នុង​ពូល នៅមុន​ពេល​ផ្តួល​ក្រុម​ជម្រើស​ជាតិ​​ជប៉ុន និង​ប្រេស៊ីល​។

លោក Roberto Martinez គ្រូបង្វឹកនៃក្រុម​ជម្រើស​ជាតិ​បែល​ហ្ស៊ិក បាន​ឲ្យ​ដឹង​ថា៖ «វា​គឺ​ជា​ការ​សម្រេច​បាន​នូវ​សមិទ្ធ​ផល​​មួយ​។ នេះ​គឺ​ជា​ការ​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​ដ៏ល្អ​បំផុត​របស់​បែលហ្ស៊ិក​ក្នុង World Cup​។ កីឡាករ​ពិត​ជា​ស័ក្តិ​សម​ក្នុង​ការ​ទទួល​បាន​បែប​នោះ ហើយ​ពួក​គេ​​ចង់​ធ្វើ​ឲ្យ​ប្រទេស​នេះ​មាន​មោទ​ន​ភាព​»​៕ IS