ក្រុងប៉ារីស៖ ជម្រើសជាតិប៉ូឡូញ និងរុស្ស៊ីបានកក់កៅអីរបស់ខ្លួននៃព្រឹត្តិការណ៍ Euro ២០២០ ក្រោយពីក្រុមប៉ូឡូញបានឈ្នះជម្រើសជាតិម៉ាសេដ្វានខាងជើង ហើយក្រុមរុស្ស៊ីបានឈ្នះជម្រើសជាតិស៊ីប ពីថ្ងៃអាទិត្យ ខណៈជម្រើសជាតិអាល្លឺម៉ង់ និងហូឡង់ បានបង្កើនក្តីសង្ឃឹមរបស់ខ្លួន ដើម្បីមានឱកាសទៅចូលរួមព្រឹត្តិការណ៍នេះ។
ក្រុមរុស្ស៊ីបានឈ្នះក្រុមស៊ីបដែលនៅសល់គ្នាតែ ១០ នាក់ ក្នុងលទ្ធផល ៥-០ ហើយក្រុមប៉ូឡូញបានជូនដំណើរក្រុមម៉ាសេដ្វានខាងជើងក្នុងលទ្ធផល ២-០ ខណៈនៅសប្ដាហ៍នេះ មាន ៤ ប្រទេសហើយ ដែលបានកក់កៅអីនៅ Euro ឆ្នាំ ២០២០ គឺក្រុមរុស្ស៊ី ប៉ូឡូញ បែលហ្ស៊ិក និងអ៊ីតាលី។
ក្រុមរុស្ស៊ីដឹកនាំដោយលោក Stanislav Cherchesov ដែលបានឡើងដល់វគ្គ ៨ ក្រុមចុងក្រោយនៃ World Cup ឆ្នាំមុនក្នុងទឹកដីខ្លួនឯងនោះ បានគេចផុតពីបរាជ័យក្នុងទីក្រុង Nicosia ប្រទេស ស៊ីប ដើម្បីតាមពីក្រោយក្រុមបែលហ្ស៊ិកនៅក្នុងពូល I។
ខ្សែការពារ Denis Cherystev រកបាន ១ គ្រាប់ក្នុងនាទីទី ៩ ដើម្បីបើកឆាកឲ្យក្រុមភ្ញៀវរុស្ស៊ីនៅមុនពេលកីឡាករ Magomed Ozdoev បានបន្ថែម ១ គ្រាប់ទៀត ក្នុងនាទីទី ២៣ លុះដល់នាទីទី ៧៩ កីឡាករ Artem Dzyuba រកបាន ១ គ្រាប់ទៀត មុនពេលកីឡាករ Aleksandr Golovin បានដាក់ ១ គ្រាប់ទៀត ក្នុងនាទីទី ៨៩ ហើយ ១ នាទីក្រោយមក កីឡាករ Cheryshev បានបន្ថែម ១ គ្រាប់ចុងក្រោយ ធ្វើឲ្យពួកគេបានឈ្នះក្រុមម្ចាស់ផ្ទះស៊ីប ៥-០។
ក្រុមរុស្ស៊ីនឹងប៉ុនប៉ងដណ្ដើមកន្លែងកំពូលពីក្រុមបែលហ្ស៊ិកដែលបានឈ្នះជម្រើសជាតិកាហ្សាក់ស្តង់ ២-០ កាលពីថ្ងៃអាទិត្យនៅពេលក្រុមរុស្ស៊ីនឹងទទួលក្រុមជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងពិភពលោកនេះនៅថ្ងៃទី ១៦ ខែវិច្ឆិកា។
ការប្រកួតពានរង្វាន់អឺរ៉ុបនេះនឹងចាប់ផ្ដើមធ្វើនៅថ្ងៃទី ១២ ខែ ថិមុនា ឆ្នាំ ២០២០ នៅកន្លែងចំនួន ១២ ផ្សេងៗគ្នានៅទូទាំងតំបន់អឺរ៉ុបក្នុងនោះក៏មានការរៀបចំនៅទីក្រុង Saint Petersburg ប្រទេស រុស្ស៊ី ផងដែរ។
ស្របពេលនេះដែរ ក្រុមប៉ូឡូញបានប្រកួតឈ្នះក្រុមម៉ាសេដ្វានខាងជើងក្នុងលទ្ធផល ២-០ ដើម្បីកក់សំបុត្ររបស់ខ្លួនសម្រាប់ការចូលរួមព្រឹត្តិការណ៍ Euro នេះផងដែរ។
ក្រុមប៉ូឡូញសឹងតែមិនបានគ្រាប់បាល់ទៅហើយក្នុងការប្រកួតនេះរហូតដល់នាទីទី ៧៤ ទើបកីឡាករ Przemyslaw Frankowski រកបាន ១ គ្រាប់ មុនពេលកីឡាករ Akardiusz Milik បានបន្ថែម ១ គ្រាប់ទៀត សម្រាប់ក្រុមម្ចាស់ផ្ទះប៉ូឡូញដោយមិនធ្វើឲ្យរបូត ១ គ្រាប់ឡើយ និងធ្វើឲ្យពួកគេទទួលបានពិន្ទុទៀតដោយសុវត្ថិភាព។
ជ័យជម្នះនេះបានធ្វើឲ្យក្រុមប៉ូឡូញបន្តឈរលើកំពូលតារាងនៃពូល G និងនាំមុខ ៣ ពិន្ទុទៅលើក្រុមជម្រើសជាតិអូស្ត្រាលី ដែលបានឈ្នះជម្រើសជាតិស្លូវ៉េនី ខណៈក្រុមម៉ាសេដ្វាន និងស្លូវ៉េនីតាមពីក្រោយ ៥ ពិន្ទុ។
ទន្ទឹមនេះដែរ ក្រុមហូឡង់របស់លោក Ronald Koeman នៅតែបន្តឈរនៅលើកំពូលតារាងនៃពូល C ដោយនាំមុខក្រុមអាល្លឺម៉ង់ ក្រោយពីបានឈ្នះក្រុមបេឡារុស ២-១ នៅទីក្រុង Minsk ប្រទេស បេឡារុស ខណៈក្រុមអាល្លឺម៉ង់បានឈ្នះជម្រើសជាតិអេស្តូនី ៣-០ កាលពីថ្ងៃអាទិត្យ។
ប្រធានក្រុមហូឡង់ Virgil van Dijk បានប្រាប់ទូរទស្សន៍ NOS ថា៖ «យើងត្រូវធ្វើឲ្យបានល្អជាងអ្វី ដែលយើងបានធ្វើនៅតង់ទី ២ ទោះជាទីបំផុតយើងបានគ្រប់គ្រងអ្វីៗក៏ដោយ។ ឥឡូវនេះយើងជិតមានឱកាសហើយ»។
ចំណែកលោក Joachim Loew គ្រូបង្វឹកជម្រើសជាតិអាល្លឺម៉ង់បាននិយាយថា៖ «យើងត្រូវរៀបចំក្រុមឡើងវិញ បន្ទាប់ពីមានឱកាសហើយនោះ បន្ទាប់មកយើងធ្វើបានល្អក្នុងតង់ទី ២ រហូតយើងរកបាន ៣ គ្រាប់ ដោយមិនធ្វើឲ្យរបូតគ្រាប់បាល់នោះឡើយ»៕ AFP/SN