ភ្នំពេញ៖ វីរកីឡាការិនី កែ ឡេង, អ៊ុក ស្រីមុំ និង អ៊ុន ស្រីយ៉ា ​បាន​ធ្វើ​ឲ្យ​ការ​ប្រកួត​កីឡា​ប៉េតង់​ជើងឯក​ពិភព​លោក​យុវជន និង​ស្រ្តី លើក​ទី ​១៧ ឆ្នាំ​ ២០១៩ ជា​លើក​ដំបូង​នៅ​កម្ពុជា បាន​ដំណើរការ​ទៅ​ប្រកប​ដោយ​ភាព​រីករាយ និង​កក់​ក្តៅ​បំផុត ខណៈ​អ្នក​ទាំង ​៣ បាន​រួម​គ្នា​រក​ឃើញ​នូវ​ជ័យជម្នះ​លើ​វិញ្ញាសា ​៣ នាក់ ​ទល់ ​៣ នាក់ ក្នុង​ការ​ប្រកួត​បើក​ឆាក កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ។​

សម្រាប់​ការ​ប្រកួត​នៅ​ពហុកីឡដ្ឋាន​ជាតិ កាល​ពី​ម្សិលមិញ​នោះ កែ ឡេង, អ៊ុក ស្រីមុំ និង អ៊ុន ស្រីយ៉ា ដែល​សុទ្ធ​តែ​ធ្លាប់​បាន​ឈ្នះ​មេដាយ​កម្រិត​ពិភព​លោក ជូន​ប្រទេស​ជាតិ​នោះ បាន​ចាញ់​បង់​លើ​គូ​ប្រកួត​មក​ពី​ប្រទេស ​ឡេតូនី ៣-០ នៅ​​សិតទី ​១។

ប៉ុន្តែ​​នៅ​សិត​ជា​បន្តបន្ទាប់​ទៀត វីរកីឡាការិនី​ទាំង​ ៣ ​នាក់​របស់​កម្ពុជា​នេះ រក​បាន​ពិន្ទុ​ជា​បន្ត​បន្ទាប់ ដើម្បី​យក​ឈ្នះ​ក្រុម​ឡេតូនី ១៣-៣ នៅ​ក្នុង​ការ​ប្រកួត​បើក​ឆាក​លើ​វិញ្ញាសា ​៣ ​នាក់ ​ទល់ ​៣ ​នាក់​នេះ ហើយ​ជ័យ​ជម្នះ​នេះ ​បាន​ជួយ​ឲ្យ​ក្រុម​នារី​កម្ពុជា ទទួល​បាន​ភាព​កក់ក្តៅ​មួយ​កម្រិត​ទៀត ក្នុង​ការ​បន្ត​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​នេះ ដើម្បី​ស្វែង​រក​ឱកាស​ឡើង​ទៅ​វគ្គ​បន្ត។​

ជាមួយ​គ្នា​នេះ​កីឡាការិនី កែ ឡេង ​​បាន​ឡើង​ទៅ​វគ្គ ​៨ នាក់​ចុង​ក្រោយ នៃ​ការ​​វាយ​យក​ពិន្ទុ​ផ្នែក​ស្រ្តី ដោយ​អ្នកស្រី​​ធ្វើ​បាន ​៣៨ ពិន្ទុ ដើម្បី​ឈរ​នៅ​លេខ​ ១ ប៉ុន្តែ​កីឡាករ ឃួន លីហួរ បាន​ធ្លាក់​ក្នុង​ការ​ប្រកួត​ដំណាក់​កាល​ទី ​១ ដោយ​ធ្វើ​បាន​ត្រឹម ​២៨ ​ពិន្ទុ ហេតុ​នេះ លីហួរ នឹង​ប្រកួត​ដំណាក់កាល​ទី ​២ នៅ​ថ្ងៃ​នេះ រវាង​អ្នកបាន​លេខ ​៥ ដល់​លេខ ​១៧ ដើម្បី​យក ​៤ ​នាក់ ឡើង​ទៅ​វគ្គ ​៨ នាក់​ចុង​ក្រោយ។​

គួរ​បញ្ជាក់​ថា ​​ការ​តវ៉ា​របស់​បណ្តា​ប្រទេស​មួយ​ចំនួន នៅ​ក្នុង​កិច្ច​ប្រជុំ​​រវាង​បណ្តា​ប្រទេស​ចូល​រួម​​ទាំង ​៤៩ នៅ​ក្នុង​ការ​ប្រកួត​​កីឡា​ប៉េតង់​ជើងឯក​ពិភព​លោក​យុវជន និងស្រ្តី លើក​ទី ​១៧ នេះ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​នោះ ​បាន​ធ្វើ​ឲ្យ​ម្ចាស់​ផ្ទះ​កម្ពុជា បាត់បង់​ភាគរយ​ក្នុង​ការ​ប្រជែង​យក​មេដាយ លើ​វិញ្ញាសា​វាយ​យក​ពិន្ទុ ​ទាំង​ផ្នែក​នារី និង​យុវជន​នេះ​។

តាមរយៈ​ការ​តវ៉ា​នោះ គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ពិសេស​ថ្នាក់​ដឹកនាំ​សហព័ន្ធ​កីឡា​ប៉េតង់​អន្តរជាតិ បាន​ឯកភាព​​កែប្រែ​លក្ខខណ្ឌ​ប្រកួត​ភ្លាមៗ ​លើ​វិញ្ញាសា​វាយ​យក​ពិន្ទុ​នេះ ដោយ​កំណត់​​ឲ្យ​កម្ពុជា ដាក់​បាន​តែ​អត្តពលិក ​១ ម្នាក់​ប៉ុណ្ណោះ ឲ្យ​ចូលរួម​ការ​ប្រកួត​វាយ​យក​ពិន្ទុ ទាំង​ផ្នែក​ស្រ្តី និង​យុវជន ដូច​បណ្តា​ប្រទេស​ជា​ភ្ញៀវ​ដែរ ខណៈ​ការ​ឯកភាព​គ្នា​កន្លង​មក គឺ​ម្ចាស់​ផ្ទះ​មាន​សិទ្ធិ​ដាក់​អត្តពលិក ​២ ​នាក់ ក្នុង ​១ ​វិញ្ញាសា។ យ៉ាង​ណា​ក៏​ដោយ សម្រាប់​​ការ​ប្រកួត​ជា​ក្រុម គឺ​កម្ពុជា​នៅ​តែ​អាច​ដាក់​បាន ​២ ​ក្រុម​ចូល​រួម ទាំង​ការ​ប្រកួត ​៣ នាក់ ​ទល់ ​៣ នាក់​ផ្នែក​ស្រ្តី និង ​៣ នាក់ ​ទល់ ​៣ នាក់ ​ផ្នែក​យុវជន។

លោក ស សុខា ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​បាន​ថ្លែង​នៅ​ក្នុង​ពិធី​បើក​ការ​ប្រកួត​កាល​ពី​រសៀល​ថ្ងៃ​អង្គារ​នោះ​ថា៖ ​«ក្រៅ​ពី​ការ​ឈ្នះ​ និង​ចាញ់ ការ​ប្រកួត​នេះ ផ្តោត​លើ​កិច្ច​សហប្រតិបត្តិការ​ការ​​ប្រាស្រ័យ​ទាក់ទង និង​មិត្តភាព​ ក្នុង​គោល​បំណង​ភ្ជាប់​ទំនាក់​ទំនង​រវាង​ជាតិ​សាសន៍ និង​ភាសា​ផ្សេងៗ​គ្នា ដើម្បី​ចែក​រំលែក​​ចក្ខុ​វិស័យ​រួម ​សម្រាប់​ភាព​​សុខ​ដុម​នៃ​ក្រុម​គ្រួសារ​កីឡា​ប៉េតង់ ហើយ​កម្ពុជា​ពិត​ជា​មាន​កិត្តិយស​ណាស់​ដែល​ត្រូវ​បាន​ផ្តល់​ឱកាស​ឲ្យ​​ធ្វើ​ជា​ប្រទេស​ម្ចាស់​ផ្ទះ​លើក​ដំបូង​នេះ»។

តាម​របាយការណ៍​លោក សុខ សប្បាយណា អគ្គលេខាធិការ​សហព័ន្ធ​កីឡាប៊ូល និង​ប៉េតង់​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ការ​ប្រកួត​ជើង​ឯក​ពិភព​លោក​នេះ មាន ​៤៩ ​ប្រទេស​ចូលរួម ក្នុង​នោះ​មាន​ក្រុម​ស្រ្តី ​៥០ ​ក្រុម និង​ក្រុម​យុវជន ​៣០ ​ក្រុម ដែល​មាន​អត្តពលិក​សរុប ​៤៤៩ ​នាក់ ហើយ​អ្នក​ទាំង​នេះ ត្រូវ​ប្រកួត​លើ​វិញ្ញាសា​វាយ​ពិន្ទុ និង ​៣ នាក់ ​ទល់ ​៣ ​នាក់ ទាំង​ផ្នែក​ស្រ្តី និង​យុវជន​ដូច​គ្នា ដែល​ដំណើរការ​ពី​ថ្ងៃ​ទី ​១៩ ដល់​ថ្ងៃទី ​២៣ ខែ វិច្ឆិកា ឆ្នាំ ​២០១៩៕