ភ្នំពេញ៖ ​ថ្នាក់​ដឹកនាំ​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា ព្រម​ទាំង​គ្រូ​បង្វឹក ហាក់​នៅ​បារម្ភ​​ចំពោះ​ការ​ប្រជែង​យក​មេដាយ​មាស​ក្នុង​ការ​ប្រកួត​កីឡា​ប៉េតង់​ជើង​ឯក​ពិភព​លោក​យុវជន និង​ស្រ្តី​លើក​ទី ​១៧ ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​កម្ពុជា​ជា​លើក​ដំបូង ចាប់​ពី​ថ្ងៃទី ​១៨ ដល់​​ថ្ងៃទី ​២៣ ខែ ​វិច្ឆិកា ឆ្នាំ ​២០១៩ នេះ។

ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា លោក ស សុខា បាន​ចាត់​ទុក​ការ​ទទួល​បាន​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ជា​លើក​ដំបូង​នេះ​ថា ជា​មោទនភាព​របស់​​កម្ពុជា។ លោក​បាន​​ថ្លែង​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ កាល​ពី​អាទិត្យ​មុន​ថា៖ ​«មក​ដល់​ម៉ោង​នេះ​ ខ្ញុំ​គិត​ថា ​គ្រប់​ផែនការ និង​សកម្មភាព ក៏​ដូចជា​គណៈកម្មការ​នីមួយៗ គឺ​យើង​មិន​មាន​អ្វី​ជា​ការ​ព្រួយ​បារម្ភ​នោះ​ទេ ដោយសារ​តែ​គ្រប់​គណៈកម្មការ​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ការ​រៀបចំ ក្នុង​ការ​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​លើក​នេះ»។

លោក ស សុខា បាន​បន្ត​ថា៖ ​«ការ​ព្រួយ​បារម្ភ​របស់​យើង​​មាន​តែ ​១ ​ទេ គឺ​ការ​កើន​ឡើង​នូវ​ចំនួន​ប្រទេស​​ចុះ​ឈ្មោះ​ចូល​រួម ព្រោះ​​យើង​គិត​ថា ​ត្រឹម ​៤០ ​ប្រទេស​អី​ទេ តែ​ពេល​នេះ​មាន​រហូត​ដល់ ​៤៦ ​ប្រទេស អ៊ីចឹង​យើង​​ត្រូវ​រៀបចំ​ផែនការ​មួយ​ដោយ​ឡែក​ ដើម្បី​បន្ថែម​នៅ ​៦ ប្រទេស​នោះ ហើយ​នេះ​ជា​មោទនភាព​ធំ​ណាស់​របស់​​ប្រទេស ​កម្ពុជា ដែល​បាន​ធ្វើ​ជាម្ចាស់​ផ្ទះ និង​មាន​អ្នក​ចូលរួម​ដល់ ​៤៦ ​ប្រទេស»។

យ៉ាង​ណា​ក៏​ដោយ លោក ស សុខា បាន​ចាត់​ទុក​ការ​ប្រជែង​រក​មេដាយ​មាស​ពី​ការ​ប្រកួត​ជើង​ឯក​ពិភព​លោក​ ដែល​មាន ​៤៦ ​ប្រទេស​ចូលរួម​នេះ​ថា ​មាន​ការ​ពិបាក។ លោក​​និយាយ​ថា៖ ​«សម្រាប់​ក្រុម​អត្តពលិក​របស់​យើង​ផ្ទាល់ គាត់​មាន​ការ​ជឿជាក់​ច្រើន ប៉ុន្តែ​​​កីឡាករ​ប៉េតង់​នេះ វា​មូល​ដូច​បាល់​ដែរ ហើយ​អ្វី​ដែល​មូល គឺ​វា​នឹង​មិន​ដូច​អ្វី ដែល​យើង​ចង់​បាន​នោះ​ទេ។ ដូច​យើង​ដឹង​ហើយថា ​បាល់​ទាត់ ពេល​ទាត់ វា​អាច​ទៅ​មុខ​ត្រង់​បាន ប៉ុន្តែ​ប៉េតង់​នេះ​ត្រូវ​ប្រកួត​នៅ​លើ​ដី​គន្លិកគន្លាក់ និង​មាន​ក្រួស អ៊ីចឹង​វា​មិនមែន​មាន​ន័យ​ថា យើង​ធ្វើ​ជា​ម្ចាស់​ផ្ទះ គឺ​យើង​អាច​ដណ្តើម​បាន​មេដាយ​មាស​នោះ​ទេ»។

លោក ស សុខា បាន​បោះប៊ូល ជា​និមិត្តរូបថ្ងៃបើកការ​ប្រកួតកីឡា​ប៉េតង់ពាន សុខ អាន កន្លងមក​​។ ឈន ណន

«ទោះ​បីជា​យ៉ាង​ណា ខ្ញុំ​យល់​ថា អត្តពលិក​របស់​យើង ធ្លាប់​លេង​នៅ​លើទី​លាន​មាន​ក្រួស​នេះ​ស្រាប់ អ៊ីចឹង​មាន​ន័យ​ថា យើង​អាច​មាន​ភាព​ងាយ​ស្រួល​ជាង​ក្រុម​ដទៃ ក្នុង​ការ​ប្រកួត​​ប្រជែង ព្រោះ​នៅ​តាម​ប្រទេស​នីមួយៗ​តារាង ឬ​ទីលាន​ប្រកួត​នេះ តម្រូវ​ទៅ​​ក្រុម​ជម្រើសជាតិ​ខ្លួន​ឯង ឯ​យើង​ប្រើ​ក្រួស ហេតុនេះ​យើង​អាច​​មាន​សំណាង​ពី ​១០ ​ទៅ​ ២០ ​ភាគរយ ក្នុង​ការ​ឈ្នះ​មេដាយ​លំដាប់​ពិភព​លោក អាច​ចន្លោះ​ពី​លេខ ​១ ទៅ​លេខ ​៣ បាន»។ លោក ស សុខា បាន​បញ្ជាក់។

គួរ​រំឭក​ថា ក្រុម​ប៉េតង់​កម្ពុជា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ក្រុម​ខ្លាំង​ទាំង ​៨ នៅ​លើ​ពិភព​លោក និង​ជា​ក្រុម​ខ្លាំង​ប្រចាំ​នៅ​អាស៊ី ជាមួយ​ថៃ ហើយ​ការ​ទទួល​បាន​ងារ​ជា​ក្រុម​ខ្លាំង​នេះ ក៏​ព្រោះ​តែ​ក្រុម​ប៉េតង់​កម្ពុជា ធ្លាប់​បាន​ឈ្នះ​មេដាយ​មាស ប្រាក់ សំរឹទ្ធ និង​ពាន​កិត្តិយស​នៅ​លើ​ឆាក​អន្តរជាតិ​សឹង​តែ​រាប់​ភ្លេច​ទៅ​ហើយ ជា​ពិសេស​សម្រាប់​ការ​ប្រកួត​កីឡា​ប៉េតង់​ជើង​ឯក​ពិភព​លោក កន្លង​មក ក្រុម​ប៉េតង់​កម្ពុជា​ធ្លាប់​ឈ្នះ​បាន​មេដាយ​មាស ​៥ ប្រាក់ ​១ និង​មេដាយ​សំរឹទ្ធ ​៣។

ជាមួយ​ការ​ឈ្នះ​មេដាយ​មាស​​ពិភព​លោក​ចំនួន​​ ៥ នេះ ​វិរកីឡាការិនី កែ ឡេង បាន​ឈ្នះ​៣លើកជាប់ៗ​គ្នា លើ​វិញ្ញាសា​វាយ​យក​ពិន្ទុ កាល​ពី​ឆ្នាំ​ ២០១៣ ឆ្នាំ​ ២០១៥ និងឆ្នាំ​ ២០១៧ ហើយ​មេដាយ​មាស​ ២ ​ទៀត​ រក​បាន​ដោយ​​វិរកីឡាការិនី អ៊ុក ស្រីមុំ លើ​វិញ្ញាសា​ ១ នាក់ ​ទល់ ​១ ​នាក់​ នៅ​ប្រទេស បែលហ្ស៊ិក ​ឆ្នាំ ​២០១៧ និង​ការ​ប្រកួត​វាយ​យក​ពិន្ទុ​របស់​វីរកីឡាករ សុខ ច័ន្ទមាន នៅ​ប្រទេស ​ម៉ាដាហ្គាស្កា កាលពី​ឆ្នាំ ​២០១៦។ ចំណែក​ការ​ប្រកួត ជើងឯក​ពិភព​លោក​លើក​នេះ ​កីឡាការិនី​ជើង​ចាស់ កែ ឡេង និង អ៊ុក ស្រីមុំ ក៏​​នឹង​ត្រូវ​ចូលរួម​ប្រកួត​ការពារ​មេដាយ​មាស​របស់​ខ្លួន​ផង​ដែរ។

បន្ថែម​លើ​​នេះ កីឡាការិនី​ចំនួន ​៥ នាក់​ និង​​កីឡាករ​ជា​យុវជន​ចំនួន ​៨ ​នាក់​របស់​កម្ពុជា ក៏​ត្រូវ​ចូលរួម​ការ​ប្រកួត​ជើង​ឯក​ពិភព​លោក​លើក​នេះ​ផង​ដែរ ដោយ​ក្នុង​នោះ​​ក្រុម​យុវជន ៨ នាក់ និង​ក្រុម​កីឡាការិនី ​៨ ​នាក់ ​របស់​កម្ពុជា ត្រូវ​ប្រកួត​លើ​វិញ្ញាសា​វាយ​យក​ពិន្ទុ និង​​ប្រកួត​ជា​ក្រុម​ដូច​គ្នា ហើយ​ដោយសារ​តែ​កម្ពុជា​ជា​ម្ចាស់​ផ្ទះ អ៊ីចឹង​ការ​​ប្រកួត​ទាំង ​៤ វិញ្ញាសា លើ​ផ្នែក​យុវជន និង​ផ្នែក​ស្ត្រី​នេះ គឺកម្ពុជា មាន​សិទ្ធិ​ដាក់​អត្តពលិក​របស់​ខ្លួន​ឲ្យ​ចូលរួម​ប្រកួត​បាន ​២ ​នាក់ ឬ ២ ក្រុម ក្នុង ​១ វិញ្ញាសា​ដូច​គ្នា ខណៈ​ប្រទេស​ជា​ភ្ញៀវ អាច​ដាក់​បាន​តែ ​១ ​នាក់ ឬ ១ ​ក្រុម​ទេ។

លោក អ៊ុក យ៉ារី គ្រូ​បង្វឹក​ក្រុម​ថ្នាល​ជម្រើស​ជាតិ​ប៉េតង់​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា៖ ​«​ទាំង​ក្រុម​យុវជន និង​ក្រុម​នារី គឺ​យើង​បាន​ប្រឹងប្រែង​ហ្វឹក​ហាត់​ខ្លាំង​ណាស់ សម្រាប់​ត្រៀម​ការ​ប្រកួត​ពិភព​លោក​លើក​នេះ ដែល​ធ្វើ​ឲ្យ​គុណភាព និង​កម្រិត​លេង​របស់​ពួក​គេ មាន​ការ​កើន​ឡើង​មួយ​កម្រិត​ទៀត ប៉ុន្តែ​យើង​មិន​អាច​ធានា​បាន​ថា យើង​ប្រាកដ ជា​ឈ្នះ​បាន​មេដាយ​ ​១០០ ភាគរយ​នោះ​ទេ ព្រោះ​នេះ​ជា​ការ​ប្រកួត​កម្រិត​ពិភព​លោក ដែល​មាន​​​ប្រទេស​ខ្លាំងៗ​ជា​ច្រើន​ចូលរួម ខណៈ​លើក​នេះ​មាន​ប្រទេស​ចូលរួម​រហូត​ដល់ ​៤៦ គឺ​ច្រើន​ជាង​ការ​ប្រកួត​ជើង​ឯក​ពិភព​លោក ដែល​យើង​ធ្លាប់​​បាន​ចេញ​ទៅ​ប្រកួត​កន្លង​មក ដែល​មាន​ត្រឹម ​៤២ ឬ ៤៣ ​ប្រទេស»។

គ្រូ​បង្វឹក​រូប​នេះ បាន​​​បន្ថែម​ថា៖ ​«សម្រាប់​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី យើង​មាន​ការ​បារម្ភ​តែ​លើ​ប្រទេស ​ថៃ ​មួយ​ទេ ខណៈ​ប្រទេស​​ផ្សេង​ទៀត មិន​ស្ថិត​ក្នុង​ក្តី​បារម្ភ​​របស់​​យើង​ឡើយ ប៉ុន្តែ​ប្រទេស​មក​ពី​ប៉ែក​អឺរ៉ុប ៤ ទៅ ​៥ ​ប្រទេស មាន​ដូចជា​ប្រទេស ​បារាំង អេស្ប៉ាញ ម៉ាដាហ្គាស្កា និង​ប្រទេស ​ទុយនេស៊ី ជាដើម គឺ​សុទ្ធ​តែ​មាន​សមត្ថភាព​ខ្លាំង ដែល​យើង​មិន​អាច​មើល​រំលង​បាន​នោះ​ទេ»៕