ភ្នំពេញ៖ ​កីឡាករ​ដែល​កំពុង​តែ​មាន​ប្រជាប្រិយភាព​ខ្លាំង ​សូត្រ ប៊ុនធី ត្រូវ​បាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ចំណូល​ថ្មី​របស់​ថៃ​ Vinai ​Lek ក្នុង​​ទម្ងន់ ​៦៣,៥ ​គីឡូក្រាម​ នៅ​លើ​សង្វៀន SEATV នា​រសៀល​ថ្ងៃ​សៅរ៍​នេះ ​ហើយ​​អ្នក​ប្រដាល់​ជើង​ចាស់​ ​ផាវ ​ភឿក ​ដែល​បាន​ទៅ​​ធ្វើ​ជា​ទាហាន​នៅ​ព្រំ​ដែន​ខេត្ត​​ព្រះវិហារ​នោះ ​បាន​ស្នើសុំ​ឡើង​ប្រកួត​ជា​ថ្មី ដោយ​ត្រូវ​ជួប​ជាមួយ​អតីត​គូ​ប្រកួត​ជើង​ចាស់ នន់​ ជំនិត ​ក្នុង​ទម្ងន់ ​៧០ ​គីឡូ​ក្រាម​ ដើម្បី​បាន​តម្លៃ​ខ្លួន​ជួយ​ជីវភាព​ប្រចាំ​ថ្ងៃ​ដែល​កំពុង​តែ​លំបាក​ក្រីក្រ។

អ្នក​ប្រដាល់​ សូត្រ ប៊ុនធី ដែល​មាន​រហស្សនាម ​«មេ​ទ័ព» ​​គឺ​មួយ​រយៈ​នេះ ​ទទួល​បាន​លទ្ធផល​ឈ្នះ​ជានិច្ច​ជាមួយ​កីឡាករ​បរទេស​ ហើយ​សេវា​ប្រកួត​​សឹង​តែ​រាល់​សប្តាហ៍​ ហើយ​គេ​ជា​ជើង​ខ្លាំង​មួយ​រូប ​ដែល​មាន​ទេព​កោសល្យ​ក្នុង​ការ​ប្រើ​ជង្គង់​ និង​កែង​បាន​ល្អ​ ដើម្បី​យក​ឈ្នះ​គូ​ប្រកួត​ និង​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​ចំនួន ​២ ​ស្ថាប័ន​កន្លង​មក​។

សម្រាប់​នៅ​ក្នុង​ស្រុក ក្នុង​​ទម្ងន់ ​៦៣,៥ ​គ.ក្រ​នេះ ​ប៊ុនធី ​លំបាក​រក​ដៃ​គូ​ណាស់​ ហើយ​កីឡាករ​បរទេស​ជា​ច្រើន​បាន​សន្លប់​ក្រោម​ជង្គង់ ​និង​កែង​របស់​គេ​។​ ​ប៊ុនធី​ ធ្លាប់​ប្រកួត ​១១៨ ​ដង ​ឈ្នះ ​៩១​ ​ចាញ់ ​២២ ​និង​ស្មើ​ ​៥ ​ដង​ ចំណែក​ដៃ​គូ​របស់​គេ Vinai ​Lek ​មិន​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​​ទេ ហើយ​ថៃ​ម្នាក់​នេះ ធ្លាប់​ប្រកួត ​៨៧ ដង​ ឈ្នះ ៧៦​ និង​​ចាញ់ ​១១ ដង​។​

លោក​ សួន​ ប៊ុន​សូត្រ​ ជា​គ្រូបង្វឹក បាន​និយាយ​ថា​៖ «​ប៊ុន​ធី ​ហ្វឹកហាត់​បាន​ល្អ​ តែ​ការ​ប្រកួត​នេះ​មិន​ទាន់​ហ៊ាន​ថា​យ៉ាង​ណា​ទេ​ ​ព្រោះ​មិន​ធ្លាប់​ឃើញ​កីឡាករ​ថៃ​ជា​ដៃ​គូ​នៅ​​ឡើយ​ទេ​។ ​ទោះ​យ៉ាង​ណា យើង​​មាន​សង្ឃឹម​ឈ្នះ ​៨០ ​ភាគរយ ​លើ​កីឡាករ​ថៃ​ ​ព្រោះ​ថៃ​មក​ប្រកួត​ស្រុក​ខ្មែរ​ភាគ​ច្រើន ​មិន​ដែល​យក​កីឡាករ​ខ្លាំង​បំផុត​ មក​ប្រកួត​ទេ​ ដោយសារ​អ្នក​ខ្លាំង​មាន​តម្លៃ​ខ្លួន​ខ្ពស់​ណាស់»​។​

ចំណែក​លោក ​ថៃ ​អ៊ូ​ អ្នក​ដឹកនាំ​កីឡាករ​បរទេស​មក​ប្រកួត​នៅ​សង្វៀន SEATV​ បាន​ប្រាប់​ថា៖ ​«កីឡាករ Vinai ​Lek ល្អ​កម្រិត​មធ្យម​នៅ​ប្រទេស ​ថៃ​ ប៉ុន្តែ​​សមត្ថភាព​ត្រឹម​ សូត្រ​ ប៊ុនធី ​អាច​ទប់ទល់​គ្នា​បាន​ល្អ​មើល​ ប៉ុន្តែ​រឿង​ចាញ់​ ឬ​ឈ្នះ​មិន​ទាន់​ហ៊ាន​និយាយ​មុន​ទេ​ វា​ស៊ី​សង​ប្រកួត​ជាក់​ស្តែង»​។

ដោយ​ឡែក​អ្នក​ប្រដាល់​ជើង​ចាស់​ ផាវ​ ភឿក​ ដែល​ឆ្លង​ខេត្ត​មក​ពី​ព្រះ​វិហារ មក​​ជ្រក​កោន​នៅ​ក្លិប​គុហារ​ព្រហ្មជ័យ​ខេត្ត​សៀមរាប​បាន​​សុំ​ឡើង​ប្រកួត​ជាមួយ​ជើង​ចាស់​ដូច​គ្នា​គឺ ​នន់ ជំនិត របស់​​ក្លិប​ស្វាយ​រលំ​មាន​រិទ្ធ​ ហើយ​​អ្នក​ប្រដាល់​វ័យ​ចំណាស់​ទាំង ​២ ​នេះ ​គេ​ប្រើ​ស្នៀត​ និង​ល្បិច​បច្ចេកទេស​ច្រើន​​ជាង​ប្រើ​កម្លាំង​​។

ផាវ​ ភឿក​ និយាយ​ថា៖ ​«​​នៅ​ឆ្នាំ ​២០២០ ​នេះ​ ខ្ញុំ​បាន​សុំ​មេ​បញ្ជាការ​ហ្វឹកហាត់​ជា​ប្រចាំ​នៅ​ខេត្ត​សៀមរាប ​ដើម្បី​សុំ​ឡើង​ប្រកួត​ខ្លះ​យក​ប្រាក់​បង្គ្រប់​ជីវភាព​ចិញ្ចឹម​ប្រពន្ធ​ និង​កូន​ចំនួន​ ​២ ​នាក់​ដែល​លំបាក​។​ ក្នុង​ឆ្នាំ​​នេះ​ ខ្ញុំ​បាន​ឡើង​ប្រកួត​ ​៥ ​លើក​ហើយ​ ពិសេស​ពី​ប្រកួត​ចុង​ក្រោយ​បាន​ឈ្នះ​ វិរៈ ​ឆ័យ ​និង​កាល ​២ ​សប្តាហ៍​មុន​ គេ​មិន​ប្រកាស​លទ្ធផល​ពេល​ប្រកួត​ជាមួយ​ ​សល់ ​ពិសិដ្ឋ​»។

កីឡាករ​រូប​នេះ បាន​បន្ថែម​ថា៖​ «​ការ​ប្រកួត​របស់​ខ្ញុំ ​មិន​សូវ​ល្អ​ទេ ​ហើយ​ក៏​គ្មាន​រំពឹង​ថា ​បាន​ប្រកួត​ជាមួយ​កីឡាករ​បរទេស​ដែរ​ ​ពី​ព្រោះ​កម្លាំង​ខ្សោយ​​តាម​វ័យ​ ប៉ុន្តែ​ខ្ញុំ​ចង់​ឡើង​ប្រកួត ​ដើម្បី​បាន​​ប្រាក់​តម្លៃ​ខ្លួន ​ដែល​គេ​កំណត់​ឲ្យ​ត្រឹម​ចាញ់​​ ៣៥​ ម៉ឺន​រៀល​ និង​ឈ្នះ​ ៤០​ ម៉ឺន​រៀល​ប៉ុណ្ណោះ​ ហើយ​ខ្ញុំ​សូម​អរគុណ​ដល់​មេ​បញ្ជាការ​ខ្ញុំ​ និង​​បងៗ​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ ព្រម​ទាំង​គណៈកម្មការ​រៀបចំ​ប្រកួត ​ដែល​តែង​ផ្តល់​​ឱកាស​ឲ្យ​ខ្ញុំ​បាន​ឡើង​​ប្រកួត​ ដើម្បី​បាន​លុយ​ខ្លះ​ជូន​កូនៗ ​ដែល​កំពុង​រៀន​មាន​ការ​ខ្វះខាត​យ៉ាង​ខ្លាំង​»៕