ភ្នំពេញ៖ ​សិស្ស​គណក្លិប​ចលនា​យុវជន​កម្ពុជា ​១៥៧ ​គុន​ខ្មែរ ពេជ្រ​ ប៊ុនសិទ្ធ​ ដែល​កំពុង​សាង​ភាព​ល្បី​ក្នុង​ទម្ងន់ ​៥៤ ​គីឡូក្រាម ​​បាន​ប្រើ​ពេល​តែ ២ ​ទឹក​ប៉ុណ្ណោះ​ ក្នុង​ការ​ផ្ដួល​ជើង​ខ្លាំង​មក​ពី​ជាយ​ដែន​ ភួន ឡាំកូស៊ីន ​របស់​​ក្លិប​សាន់យ៉ាន់នាគា​ខេត្ត​បន្ទាយ​មានជ័យ ​ដោយ​ទាត់​ឲ្យ​ខូច​ជើង​ ដើម្បី​ឈ្នះ​កៅអី​ឡើង​ទៅ​កាន់​វគ្គ ​៨ នាក់​ចុង​ក្រោយ នៃ​ពាន​រង្វាន់ TV5  Boxing Knock Out Series​។

សម្រាប់​ការ​ប្រកួត​មាន​តែ ៣ ​ទឹក នៅ​លើ​សង្វៀន​ប៉ុស្តិ៍​លេខ ​៥ កាល​ពី​យប់​ថ្ងៃ​សៅរ៍​កន្លង​មក​នេះ ពេជ្រ ប៊ុនសិទ្ធ និង ភួន​ ឡាំកូស៊ីន បាន​ចូល​វាយ​សម្រុក​គ្នា ដោយ​គ្មាន​ការ​បន្ធូរ​ដៃ​ឲ្យ​គ្នា​នោះ​ទេ ហើយ​ត្រឹម​តែ​ទឹកទី១ ប៉ុណ្ណោះ ​ឡាំកូស៊ីន ​ត្រូវ​បាន ​ប៊ុនសិទ្ធ​ ទាត់​ជើង​ក្រោម ​​នាំ​ឲ្យ​ទ្រេត​ជំហរ​នៅ​ចុង​ទឹក​បណ្ដាល​ឲ្យ​លោក​អាជ្ញា​កណ្ដាល​ចាប់​រាប់​ចំនួន ​៨​ មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​១​។

ដោយ​មើល​​ពី​ចំណុច​ខ្សោយ​របស់​គូ​ប្រកួត​បែប​នេះ ប៊ុនសិទ្ធ ​បាន​​ចូល​ទាត់​បន្ថែម​ផ្ទួនៗ នៅ​ក្នុង​ទឹក​ទី២​ ​​រហូត​​បណ្ដាល​ឲ្យ ភួន ឡាំកូស៊ីន ​បាត់បង់​សមត្ថភាព ដោយ​​ខូច​ជើង​ងើប​លែង​រួច​ ហើយ​អាជ្ញា​កណ្តាល​បាន​ប្រគល់​ជ័យ​ជម្នះ​ឲ្យ​កីឡាករ ពេជ្រ ប៊ុនសិទ្ធ ​តែ​ម្តង​។​

តាមរយៈ​ការ​ផ្តួល ភួន ឡាំកូស៊ីន ត្រឹម​ទឹក​ទី​២ ​នេះ បាន​ធ្វើ​ឲ្យ​ ពេជ្រ ប៊ុនសិទ្ធ កាន់​តែ​លេច​ធ្លោ និង​មាន​កំណត់ត្រា​កាន់​តែ​ល្អ គឺ​ឈ្នះ​ជា​ដរាប​តែ​ម្តង ​ក្នុង​ប្រភេទ​ទម្ងន់ ​៥៤ ​គីឡូក្រាម​នេះ​ ហើយ​បើ​តាម​រូបមន្ត​ប្រកួត​ ពេជ្រ​ ប៊ុនសិទ្ធ​ នឹង​​ត្រូវ​ឡើង​ទៅ​ជួប ​​រិន ​ដេវីដ​ ក្នុង​ជុំ​ទី ​២ ឬ​វគ្គ ​៨ នាក់​ចុង​ក្រោយ ​ខណៈ​កន្លង​មក ប៊ុនសិទ្ធ ​មិន​ទាន់​ស្គាល់​​ពាក្យ​ថា ​ឈ្នះ​ រិន​ ដេវីដ​ ម្តង​នោះ​ឡើយ​។

នៅ​ពេល​សួរ​ពី​បញ្ហា​នេះ ពេជ្រ ​ប៊ុនសិទ្ធ​ បាន​​ប្រាប់​​ក្រោយ​ការ​ប្រកួត​ថា​៖ «​ខ្ញុំ​មិន​ទាន់​ហ៊ាន​និយាយ​ដល់​វគ្គ​ទី​២ ​ទេ​ ​ព្រោះ​ត្រូវ​ហ្វឹកហាត់​បន្ថែម​សិន​។​ ចំណែក​ការ​ផ្តួល​ ភួន ឡាំកូស៊ីន លើក​នេះ​ គឺ​ខ្ញុំ​មើល​ឃើញ​ពី​ចំណុច​ខ្សោយ​ជើង​ក្រោម​របស់​គេ ​ហើយ​ខ្ញុំ​ក៏​សម្រុក​ទាត់​តែ​ម្តង»។​

ចំណែក លោក​ ពេជ្រ​ សុផាន់​ គ្រូ​បង្វឹក​ ប៊ុនសិទ្ធ និយាយ​ថា​៖ «កន្លង​មក ប៊ុនសិទ្ធ ​ធ្លាប់​ចាញ់​ រិន​ ដេវីដ ​ប្រហែល​ ​៤ ទៅ ​៥ ​លើក​ គឺ​មិន​ដែល​ឈ្នះ​សោះ​ ​ប៉ុន្តែ​ចាញ់​​ត្រឹម​ពិន្ទុ​ប្រផិតប្រផើយ​ ហើយ​បើ​ជួប​គ្នា​លើក​ក្រោយ​ យើង​នឹង​ពង្រឹង​សមត្ថភាព​ផ្នែក​កម្លាំង​ និង​ស្នៀត​ជង្គង់ ​ដើម្បី​យក​ឈ្នះ​​វិញ​ ​ព្រោះ​ការ​ប្រកួត​បើ​សមត្ថភាព​​ប្រហាក់​ប្រហែល​គ្នា​ យើង​ត្រូវ​​រក​បច្ចេកទេស​ថ្មី​ទប់ទល់»​។​

យ៉ាង​ណា​មិញ ​ភួន ​ឡាំកូស៊ីន ​​បាន​​​និយាយ​ក្រោយ​ពេល​ប្រកួត​ថា​៖ ​«ខ្ញុំ​ចាញ់​ដោយ​អស់​ចិត្ត​ ព្រោះ​ខូច​ជើង​ងើប​មិន​រួច ​ដោយ​ទទួល​រង​នូវ​ការ​ទាត់​ផ្ទួនៗ​ គឺ​ត្រូវ​ច្រើន​ពេក​ គេច​មិន​ផុត​ ហើយ​នៅ​ក្នុង​ការ​​ប្រកួត​ជាមួយ​ ប៊ុនសិទ្ធ​ នេះ ​ខ្ញុំ​ធ្លាប់​ឈ្នះ​ពិន្ទុ​គាត់​បាន​ម្តង ​និង​ចាញ់​សន្លប់​គាត់​ចំនួន ​​២ ​ដង»​។​

ដោយ​ឡែក ចំពោះ​​លទ្ធផល​ការ​ប្រកួត​គូ​មិត្តភាព​វិញ​ ​ជើង​ថ្មី​ លន់ សៀកឡេង​ មក​ពី​ក្លិប​ថ្នល់​ទទឹង​គុន​ខ្មែរ ​បាន​ឈ្នះ​ជើង​ចាស់​ ងួន ​គា របស់​​ក្លិបតាឡីដំរី​មានរិទ្ធ​ ដោយ​ពិន្ទុ​​ក្នុង​លក្ខណៈ​ជក់​ចិត្ត​បំផុត​។ រី​ឯ​ជើង​ថ្មី​ ធន់ ​ស៊ីម៉ូវ​ ត្រូវ​បាន​​អ្នក​ប្រដាល់​ ម៉ន ភារម្យ​ ក្លិបការិយាល័យទី ​៥ កងទ័ព​ជើង​គោក​ ប្រើ​ជង្គង់​វាយ​ឲ្យ​សន្លប់​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី៣​ ហើយ តុប ផេង​ ក្លិបកុលបុត្រ​គុនខ្មែរ ​​បាន​ត្រឹម​ស្មើ​ពិន្ទុ​ជាមួយ​​ជើង​ថ្មី​ដូចគ្នា​គឺ​ ​សូដា​ លីម៉ូ​​។​

លោក ​តែម ​ម៉ឺន ​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ ​ដែល​មាន​វត្តមាន​ផ្ទាល់​ក្នុង​​ពេល​ប្រកួត​បាន​ថ្លែង​ប្រាប់​​ថា​៖ «​សង្វៀន​ប៉ុស្តិ៍​លេខ ​៥ ​រៀបចំ​ប្រភេទ​ទម្ងន់ ​៥៤ ​គីឡូក្រាម​នេះ​ គឺ​មាន​សមត្ថភាព​កីឡាករ​ល្អៗ​ណាស់ ​នាំ​ឲ្យ​ការ​ប្រកួត​មាន​គុណភាព​ល្អ ​ចំណែក​​មន្ត្រី​បច្ចេកទេស​របស់​យើង​ក៏​អនុវត្ត​ការងារ​បាន​កាន់​តែ​ប្រសើរ​ជាង​មុន»៕