ភ្នំពេញ៖ កីឡាករជើងខ្លាំងវ័យក្មេងជំនាន់ក្រោយ ប៊ុន សុធា បានជួបការខកចិត្តជាថ្មីម្តងទៀត ចំពោះការខកខានឈ្នះប្រាក់លានពីការប្រកួត ម៉ារ៉ាតុងដណ្តើមប្រាក់លាន ទម្ងន់ ៥៧ គីឡូក្រាម នៃកម្មវិធី Mas Fight Cambodia នៅលើសង្វៀនថោន ខណៈរូបគេមិនអាចផ្តួលគូប្រកួតឲ្យសន្លប់បាននៅវគ្គផ្តាច់ព្រ័ត្រទៅតាមលក្ខខណ្ឌនោះ។
គេនៅចាំបានថា ប៊ុន សុធា ធ្លាប់បានឡើងដល់វគ្គផ្តាច់ព្រ័ត្រ នៃការប្រកួតម៉ារ៉ាតុងក្នុងទម្ងន់ ៥៧ គីឡូក្រាមដូចគ្នាម្តងហើយ ប៉ុន្តែការប្រកួតគ្នា ៩ នាទីគ្មានឈប់នោះ ប៊ុន សុធា បានត្រឹមខកចិត្ត ខណៈរូបគេមិនអាចផ្តួល យុគ យក្សផ្លែ ឲ្យសន្លប់ទៅតាមច្បាប់ Mas Fight ដើម្បីយកប្រាក់លានចំនួន ៣,៤ លានរៀលនោះ គឺអ្នកទាំង ២ ត្រូវបានកំណត់ឲ្យស្មើគ្នាទៅតាមលក្ខខណ្ឌបានកំណត់ ហើយបានប្រាក់រង្វាន់ម្នាក់ ១,៨ លានរៀល។
យ៉ាងណាមិញ សម្រាប់ការបង្ហាញខ្លួនជាលើកទី២ នៅក្នុងការប្រកួតម៉ារ៉ាតុងដណ្តើមប្រាក់លានទម្ងន់ ៥៧ គីឡូក្រាម កាលពីថ្ងៃអាទិត្យ កន្លងមកនេះ ប៊ុន សុធា ដែលបានឡើងទៅជួប អេ ណារ័ត្ន នៅវគ្គផ្តាច់ព្រ័ត្រនោះ នៅតែមិនអាចផ្តួលគូប្រកួតឲ្យសន្លប់បាន ដើម្បីក្លាយជាម្ចាស់ប្រាក់លានដដែល ខណៈការប្រកួតលើកនេះ ប្រាក់រង្វាន់សរុបសម្រាប់ម្ចាស់ជើងឯកមានរហូតដល់ ៥ លានរៀលឯណោះ។
យ៉ាងណាក៏ដោយ ការមិនអាចផ្តួល អេ ណារ័ត្ន ឲ្យសន្លប់បានក្នុងរយៈពេល ៩ នាទីនេះ ត្រូវបាន ប៊ុន សុធា អះអាងថា មកពីរូបគេមានស្នាមបែក នៅពេលប្រកួតជាមួយ ម៉ន សាម៉េត នៅក្នុងវគ្គជម្រុះ ៣ ទឹក។ ប៊ុន សុធា បាននិយាយក្រោយការប្រកួតថា៖ «ខ្ញុំមានអារម្មណ៍សោកស្តាយ ចំពោះលទ្ធផលនេះ»។
ប៊ុន សុធា បានបន្តថា៖ «បើខ្ញុំ វាយសម្រុកតាំងពីដើមទឹកទៅ ក៏មិនធ្វើឲ្យប៉ះពាល់ដល់កម្លាំងខ្ញុំដែរ ដោយសារខ្ញុំហ្វឹកហាត់បានគ្រាប់គ្រាន់ តែការដែលខ្ញុំសម្រេចវាយថយវិញនោះ ព្រោះឈាមបានហូរចូលភ្នែកខ្ញុំច្រើនពេក អ៊ីចឹងខ្ញុំខ្លាចចូលដៃរបស់គាត់ដែរ ហើយម្យ៉ាងទៀតពេលចូលចាប់ អេ ណារ័ត្ន បានយកហ្គង់ដៃ ញ៉ុកចូលស្នាមរបួសខ្ញុំ ហេតុនេះខ្ញុំក៏បែរមុខចេញ»។
សិស្សគណសមាគមកីឡាប្រដាល់កងយោធពលខេមរភូមិន្ទ ប៊ុន សុធា បានបញ្ជាក់ថា៖ «បើខ្ញុំអត់មានស្នាមបែក ប្រហែលខ្ញុំវាយបានល្អជាងហ្នឹង ហើយខ្ញុំគិតថា អាចវាយ អេ ណារ័ត្ន ឲ្យសន្លប់បាន ប៉ុន្តែនៅពេល ខ្ញុំបែក បែបនេះ ខ្ញុំញញើតនឹងស្នាមបែកនេះដែរ»។
នៅក្នុងការប្រកួតផ្តាច់ព្រ័ត្រនោះ ប៊ុន សុធា ដែលមានស្នាមបែកក្រោមផ្លែកែង ម៉ន សាម៉េត នៅក្នុងការប្រកួតវគ្គជម្រុះ ៣ ទឹកនោះ បានវាយសម្រុក អេ ណារ័ត្នុ ស្ទើងើបមុខមិនចង់កើតនៅក្នុងនាទីដំបូង ប៉ុន្តែកណ្តាប់ដៃវាយសងរបស់ អេ ណារ័ត្ន បានធ្វើឲ្យរបួសចាស់របស់ សុធា ហូរឈាមស្រោចពេញផ្ទៃមុខ ហើយដោយសារភ្នែកមើលមិនសូវច្បាស់ ព្រោះតំណក់ឈាមនេះ សុធា បានបន្ថយការប្រកួតវាយសម្រុក និងបានបញ្ចប់ការប្រកួតដោយលទ្ធផលស្មើតាមច្បាប់ Mas Fight។
យ៉ាងណាក៏ដោយ ដោយសារការប្រកួតរបស់អ្នកទាំង ២ នេះ មានភាពស្វិតស្វាញ និងទទួលបានការគាំទ្រខ្លាំងអ្នកគ្រប់គ្រងប្រដាល់នៅសង្វៀនថោន បានសម្រេចផ្តល់ប្រាក់លើកទឹកចិត្តដល់ពួកគេ ម្នាក់ ២០ ម៉ឺនរៀល បន្ថែមពីលើប្រាក់រង្វាន់ ១,៨ លានរៀល ដែលធ្វើឲ្យ ប៊ុន សុធា និង អេ ណារ័ត្ន ទទួលបានប្រាក់រង្វាន់សរុប ២ លានរៀលស្មើៗគ្នា។
ចំណែក អេ ណារ័ត្ន ដែលបានទម្លាក់ សៅ ប៊ុនធឿន នៅវគ្គជម្រុះនោះ មានការពេញចិត្តនឹងលទ្ធផលស្មើគ្នាជាមួយ ប៊ុន សុធា នៅវគ្គផ្តាច់ព្រ័ត្រនេះ ដោយគេបានបញ្ជាក់ថា៖ «ខ្ញុំគិតថា លទ្ធផលនេះល្អហើយ ព្រោះខ្ញុំមិនធ្លាប់ប្រកួត ៩ នាទីពេញបែបនេះទេ អ៊ីចឹងធ្វើឲ្យខ្ញុំហត់ ហើយខ្ញុំបានប្រឹងប្រែងប្រកួតអស់ពីសមត្ថភាពហើយ»៕