ភ្នំពេញ៖ សង្វៀន​ថោន​ដែល​ទើប​បើក​ការ​ប្រកួត​ជា​ថ្មី​វិញ បន្ទាប់​ពី​បាន​ផ្អាក​ចំនួន ២ សប្តាហ៍​នោះ បាន​សម្រិតសម្រាំង​យក​កីឡាករ​ជើង​ខ្លាំង​ចំនួន ៤ នាក់ រួមមាន ប៊ុន សុធា, អ៊ូច ធារិទ្ធ, បាង ​កាយ៉ាក និង បឺត សង្ឃឹម ដើម្បី​ដាក់​ឱ្យ​ប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ប្រាក់​លាន​ទម្ងន់ ៥៧ គីឡូក្រាម នៅ​ថ្ងៃ​អាទិត្យ​នេះ។

នៅ​ក្នុង​បេក្ខភាព​ទាំង ៤ នាក់​នេះ កីឡាករ ប៊ុន សុធា, អ៊ូច ធារិទ្ធ និង បាង កាយ៉ាក សុទ្ធតែ​ធ្លាប់​ដណ្តើម​បាន​ប្រាក់​លាន​ពី​កម្មវិធី​នេះ​ម្នាក់​ម្តង​រួច​មក​ហើយ គឺ​លើកលែង​តែ បឺត សង្ឃឹម នៅ​មិន​ទាន់​បាន​ឈ្នះ​ម្តង​នៅ​ឡើយ។ តែ​ទោះ​ជា​យ៉ាងណា ប៊ុន សុធា ដែល​កំពុង​ល្អ​ខ្លាំង​នោះ បែរ​ជា​ញញើត បឺត សង្ឃឹម ទៅ​វិញ។

ប៊ុន សុធា បាន​ប្រាប់​ថា៖ «នៅ​ក្នុង​ចំណោម​អ្នក​ប្រដាល់​ឆ្នើម​ទាំង ៣ នេះ ខ្ញុំ​ធ្លាប់​ចាញ់​ពិន្ទុ ​បឺត សង្ឃឹម និង​ស្មើ​ជាមួយ អ៊ូច ធារិទ្ធ តែ​មិន​ធ្លាប់​ប៉ះ បាង កាយ៉ាក នោះ​ទេ ហេតុ​នេះ​បើ​សិន​ចាប់​ឆ្នោត​ប៉ះ បឺត សង្ឃឹម គឺ​លំបាក​ឈ្នះ​ណាស់ ប៉ុន្តែ​បើ​គេច​ផុត​ពី បឺត សង្ឃឹម ខ្ញុំ​រំពឹង​ឈ្នះ​ដល់​ទៅ ៩០ ភាគរយ គឺ​ខ្ញុំ​រំពឹង​ថា នឹង​ឈ្នះ​បាន​ប្រាក់​លាន​ម្តង​ទៀត»។

ចំណែក​លោក ធន់ សុភា គ្រូបង្វឹក ប៊ុន សុធា បាន​ប្រាប់​ថា៖ «ខ្ញុំ​គិត​ឃើញ​ដូច ប៊ុន សុធា ដែរ គឺ បឺត សង្ឃឹម ជា​ឧបសគ្គ​ធំ ចំណែក ២ នាក់​ទៀត ខ្ញុំ​គិត​ថា យើង​អាច​ឆ្លង​ផុត និង​យក​ឈ្នះ​បាន។ យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​រំពឹង ៨០ ភាគរយ​ថា ប៊ុន សុធា នឹង​ឈ្នះ​ការ​ប្រកួត​ទាំង​វគ្គ​ជម្រុះ និង​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​បាន​ប្រាក់​លាន​ម្តង​ទៀត»។

ផ្ទុយ​ទៅ​វិញ សម្រាប់​កីឡាករ អ៊ូច ធារិទ្ធ មិន​បាន​បារម្ភ​ជាមួយ បឺត សង្ឃឹម និង បាង កាយ៉ាក នោះ​ទេ ប៉ុន្តែ​គេ​បាន​ចាត់​ទុក ប៊ុន សុធា ជា​ឧបសគ្គ​ធំ។ ធារិទ្ធ បាន​និយាយ​ថា៖ «ចំពោះ បឺត សង្ឃឹម និង បាង កាយ៉ាក ខ្ញុំ​មិន​បារម្ភ​ទេ អាច​ឈ្នះ​បាន ប៉ុន្តែ ប៊ុន សុធា តឹងតែង​ណាស់ ព្រោះ​ខ្ញុំ​ធ្លាប់​ស្មើ​ជាមួយ​គេ​ម្តង​ហើយ។ បើ​ចាប់​ឆ្នោត​មិន​ជួប ប៊ុន សុធា ខ្ញុំ​មាន​ទំនុក​ចិត្ត ៩០ ភាគរយ និង​ឈ្នះ​បាន​ប្រាក់​លាន​នេះ​ទៀត»។

នៅ​ក្នុង​ចំណោម​បេក្ខភាព​ទាំង ៤ នាក់​នេះ អ៊ូច ធារិទ្ធ ធ្លាប់​មាន​បទពិសោធ​ប្រកួត​បាន​ច្រើន​ជាង​គេ បន្ទាប់​មក បឺត សង្ឃឹម និង បាង កាយ៉ាក។ តាម​ពិត អ៊ូច ធារិទ្ធ ជា​អ្នក​ប្រដាល់​ជម្រើសជាតិ​ប្រដាល់​សកល​ទេ ហើយ​ក៏​ជា​បេក្ខភាព​ត្រៀម​ទៅ​ប្រកួត​ស៊ីហ្គេម​នៅ​វៀតណាម​ចុង​ឆ្នាំ ២០២១ នេះ​ផង​ដែរ ប៉ុន្តែ​ដោយសារ​ជីវភាព​មាន​ការ​ខ្វះខាត​ខ្លាំង ទើប​រូប​គេ​សុំ​ឡើង​ប្រកួត​ប្រដាល់​គុន​ខ្មែរ​បាន​ខ្លះ ដើម្បី​រក​ប្រាក់​បន្ថែម​ដល់​គ្រួសារ។

ចំណែក លោក បឺត សំខាន់ គ្រូ​បង្វឹក បឺត សង្ឃឹម បាន​និយាយ​ថា៖ «ខ្ញុំ​មិន​ហ៊ាន​ទស្សន៍ទាយ​ទេ ព្រោះ ៣ នាក់​ទៀត​នោះ គេ​ខ្លាំងៗ ធ្លាប់​ឈ្នះ​ពាន និង​ខ្សែ​ក្រវាត់​ផង​ដែរ។ ទោះជា​យ៉ាងណា កូន​សិស្ស​ខ្ញុំ​ឡើង​សង្វៀន ដឹង​តែ​ធានា​វ៉ៃ​អស់​ពី​សមត្ថភាព ប៉ុន្តែ​មិន​ហ៊ាន​រំពឹង​ឈ្នះ​ច្រើន​ទេ ព្រោះ​ត្រូវ​ប៉ះ​សុទ្ធ​តែ​កំពូល​កីឡាករ​លំដាប់​ល្អ​ជួរ​មុខ»។

ចំពោះ​លោក អេ ភូថង គ្រូបង្វឹក បាង កាយ៉ាក មិន​អាច​ទាក់ទង​បាន​ទេ ប៉ុន្តែ​កីឡាករ​រូប​នេះ បើ​បាន​ហាត់​ត្រឹមត្រូវ ប្រកួត​អស់​ពី​សមត្ថភាព​វិញ ពិត​ជា​អស្ចារ្យ​ណាស់ ព្រោះ​មាន​ក្បាច់​ជង្គង់​ល្អ ប៉ុន្តែ​ពេលខ្លះ បាង កាយ៉ាក ក៏​បាន​ចាញ់​ក្នុង​លក្ខណៈ​ផុយ​ស្រួយ​ពេក​ដែរ នាំ​ឱ្យ​អ្នក​ទស្សនា​មិន​សូវ​ចូល​ចិត្ត។

គណៈកម្មការ​ផ្គូផ្គង លោក ជួប វុត្ថា បាន​និយាយ​ថា៖ «សមត្ថភាព​អ្នក​ទាំង ៤ នាក់​នេះ មាន​ការ​លេចធ្លោ ៣ នាក់ ចំណែក បាង កាយ៉ាក ត្រូវ​បាន​គេ​មើល​ឃើញ​ថា ទំនង​ខ្សោយ​ជាង​គេ​បន្តិច ប៉ុន្តែ​យើង​មិន​អាច​មើល​រំលង​បាន​ទេ ព្រោះ​ខ្ញុំ​បាន​ជំរុញ​ឱ្យ​គ្រូ​របស់​កីឡាករ បាង កាយ៉ាក ត្រូវ​បង្វឹក​ត្រៀម​ឱ្យ​បាន​ល្អ អ៊ីចឹង​យើង​ធានា​ថា បេក្ខភាព​ទាំង ៤ នាក់ ក្នុង​សប្តាហ៍​នេះ នឹង​វ៉ៃ​គ្នា​អស់​ពី​សមត្ថភាព គឺ​ល្អ​ណាស់»៕