ភ្នំពេញ៖ ​កីឡាករ​ជើង​ខ្លាំង​វ័យ​ក្មេង ប៊ុន សុធា បាន​បង្ហាញ​ការ​ជឿជាក់​ថា ការ​ព្យាយាម​ហ្វឹកហាត់​យ៉ាង​ខ្លាំង​​នឹង​ជួយ​ឲ្យ​រូប​គេ​អាច​យក​ឈ្នះ​លើ​ អេលីត ចំរើន នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៅ​លើ​សង្វៀន PNN នា​រសៀល​ថ្ងៃ​អាទិត្យ​នេះ ដើម្បី​បាន​ឡើង​ទៅ​ប្រកួត​ផ្តាច់​ព្រ័ត្រ​ដណ្តើម​យក​ខ្សែ​ក្រវាត់​មាស​អម​ជាមួយ​ប្រាក់​រង្វាន់ ​១ ម៉ឺន​ដុល្លារ ប៉ុន្តែ ចំរើន ក៏​បាន​ប្តេជ្ញា​ចិត្ត និង​ខំ​ប្រឹងស្វែង​រក​ឱកាស​នេះ​ដូច​គ្នា។

នៅ​មុន​ពេល​ឡើង​មក​ជួប​គ្នា​នៅ​វគ្គ​នេះ ទាំង ប៊ុន សុធា និង អេលីត ចំរើន សុទ្ធ​តែ​បាន​ឈ្នះ​ខ្សែ​​ក្រវាត់​ប្រាក់ អម​ជាមួយ​ប្រាក់​រង្វាន់ ​៤ លាន​រៀល​រួច​ហើយ ដោយ​ក្នុង​នោះ អេលីត ចំរើន បាន​ផ្តួល​ថៃ Kompichit ត្រឹម​ទឹក​ទី​៣ រីឯ ប៊ុន សុធា បាន​យកឈ្នះ ឃួន ឡាំងកូស៊ីន។ ចំណែក​ការ​ប្រកួត​លើក​នេះ កាន់​តែ​សំខាន់​ ព្រោះ​អ្នក​ឈ្នះ​នឹង​បាន​ឡើង​ទៅ​ប្រកួត​យក​ខ្សែ​ក្រវាត់​មាស ដែល​អាច​ជួប​ជាមួយ វ៉ាន់ វឿន ឬ អេ ណារ័ត្ន ដោយ​អ្នក​ទាំង ​២ ​នេះ នឹង​​ប្រកួត​គ្នា​នៅ​​ថ្ងៃទី ​២១ ខែ​មិថុនា។

ប៊ុន សុធា បាន​​ប្រាប់​កាល​ពី​ម្សិលមិញ​ថា៖ ​«ខ្ញុំ​ត្រៀម​បាន ​១០០ ភាគរយ​ទាំង​ទៅ​លើ​កម្លាំង​បច្ចេកទេស និង​កល​ល្បិច​ប្រកួត ហើយ​ការ​ប្រឹងប្រែង​នេះ​ធ្វើ​​ឲ្យ​​ខ្ញុំ​មាន​សង្ឃឹម​ដល់​ ​៧០ ​ភាគរយ ក្នុង​ការ​យក​ឈ្នះ អេលីត ចំរើន។ ខ្ញុំ​ដឹង​ថា សមត្ថភាព និង​បច្ចេកទេស​ប្រកួត​របស់​ខ្ញុំ និង​ចំរើន ប្រហាក់​ប្រហែល​គ្នា​ទេ ប៉ុន្តែ​ខ្ញុំ​បាន​តាំង​ចិត្ត​ថា នឹង​ព្យាយាម​យក​ឈ្នះ ដើម្បី​បាន​ទៅ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​មាស»។

យ៉ាង​ណា​ក៏​ដោយ សិស្ស​គណ​មក​ពី​សមាគម​កីឡា​ប្រដាល់​កង​យោធពល​ខេមរភូមិន្ទ ប៊ុន សុធា ​បាន​ចាត់​ទុក​ការ​វាយ​បែប​ដក​​ថយ​របស់ អេលីត ចំរើន គឺ​អាច​ជា​រឿង​លំបាក​មួយ​ចំពោះ ​រូប​គេ​ក្នុង​ការ​ចូល​វាយ​លុក ព្រោះ​បើ​សិនជា​រូប​គេ​ជម្នះ​ខ្លាំង​ក្នុង​ការ​ចូល​កៀក ដើម្បី​បាន​​ប្រើ​ជង្គង់ និង​កែង​នោះ ក៏​អាច​នឹង​ភ្លាត់​ស្នៀត ឬ​មាន​គ្រោះ​ថ្នាក់​ក្រោម​ការ​ទាត់ និង​ម៉ាត់​ជា​ប្រយោល​របស់ ចំរើន ផង​ដែរ។

កូន​សិស្ស​លោក ធន់ សុភា រូប​នេះ បាន​និយាយ​ថា៖ ​«​ខ្ញុំ​ចូល​ចិត្ត​វាយ​ជាមួយ​អ្នក​ចូល​ចិត្ត​វ៉ៃ​ប្តូរ ប៉ុន្តែ​ការ​ជួប​ជាមួយ​អ្នក​មាន​ជំនាញ​វាយ​ដក​ថយៗ​ដូច អេលីត ចំរើន ខ្ញុំ​អាច​មាន​ការ​ពិបាក​ចូល​វាយ​លុក​ដែរ។ យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​នឹង​ព្យាយាម​ស្វែងរក​វិធីសាស្រ្ត​ដោះ​ស្រាយ ដោយ​ខ្ញុំ​នឹង​ប្រែប្រួល​បច្ចេកទេស​ប្រកួត ទៅ​តាម​កាលៈទេសៈ​ជាក់​ស្តែង​នៅ​ពេល​ប្រកួត​លើ​សង្វៀន​តែ​ម្តង»។

វា​ដូច​គ្នា​ទៅ​នឹង​អ្វី​ដែល ប៊ុន សុធា បាន​ត្រៀម​ទុក​មុន​ដូច្នេះ​ដែរ គឺ​ការ​ប្រកួត​នេះ អេលីត ចំរើន នឹង​មិន​ប្រកាន់​យក​ការ​ចូល​វាយ​លុក​នោះ​ទេ ព្រោះ​រូប​គេ​មាន​ការ​បារម្ភ​ទៅ​លើ​ស្នៀត​កែង​របស់ សុធា។ «ខ្ញុំ​បាន​ត្រៀម​គ្រប់​បែប​យ៉ាង អស់​រយៈពេល ​១ ​ខែ​មក​ហើយ ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ត្រឹម ​៥០ ​ភាគរយ​សិន​បាន​ហើយ ព្រោះ​ការ​ប្រកួត​វា​អាច​នឹង​មាន​ការ​ករណី​ភ្លាត់​ស្នៀត​ ហើយ​ខ្ញុំ​ឃើញ​ថា ប៊ុន សុធា មាន​ផ្លែ​កែង​ល្អ»។

យ៉ាង​ណា​ក៏​ដោយ សិស្សគណ​ក្លិប​ប៉ែន​កាក់​គុន​ខ្មែរ អេលីត ចំរើន បាន​បន្ថែម​ថា៖ ​«បើ​ទោះបី​ជា​​គេ​ល្អ​ក្បាច់​អី​ក៏​ដោយ សំខាន់​យើង​ពង្រឹង​គុណភាព​កម្លាំង​របស់​យើង​ឲ្យ​តែ​ល្អ​ទៅ គឺ​ទប់​បាន​ហើយ ហើយ​គិត​មក​ដល់​ពេល​នេះ ខ្ញុំ​បាន​ពង្រឹង​រួច​រាល់​អស់​ហើយ ហេតុ​នេះ​ខ្ញុំ​អាច​ដក​ថយ រួច​ម៉ាត់ និងទាត់ ដោយ​សង្ឃឹម​ថា ខ្ញុំ​នឹង​ធ្វើ​​បាន​ល្អ តែ​ខ្ញុំ​មិន​ព្យាយាម​ចូល​វាយ​កៀក​ជាមួយ​គេ​នោះ​​ទេ»។

កីឡាករ​ដែល​ទើប​សាង​បាន​ភាព​ល្បី​ក្នុង​ឆ្នាំ ​២០១៩ អេលីត ចំរើន បាន​បញ្ជាក់​ថា៖ ​«ខ្ញុំ​ធ្លាប់​ឈ្នះ​បាន​ខ្សែ​ក្រវាត់​ម្តង ក្រោយ​ឈ្នះ ម៉ន សាម៉េត នៅ​សង្វៀន One TV ប៉ុន្តែ​ខ្សែ​ក្រវាត់​មាស​នេះ មាន​លុយ​ច្រើន អ៊ីចឹង​វគ្គ​នេះ វា​សំខាន់​បំផុត​ចំពោះ​​ខ្ញុំ។ ការ​ចាញ់​ឬ​ឈ្នះ យើង​នៅ​មិន​ទាន់​ដឹង​ទេ គ្រាន់​តែ​ថា លើក​នេះ ខ្ញុំ​ហាត់​​ខ្លាំង​ជាង​ធម្មតា គឺ​ហាត់​ពេញ ​១០០ ​ភាគរយ​ ហើយ​លោក​គ្រូ ស៊ន អេលីត ក៏​បាន​ជំរុញ​ខ្ញុំ​ ធ្វើ​ឲ្យ​មាន​កម្លាំង​ចិត្ត​ហាត់​កាន់​តែ​ខ្លាំង និង​ខំ​ប្រឹង​ប្រកួត​ឲ្យ​បាន​ល្អ»៕