ក្រុង​ស៊ាងហៃ៖ កីឡាករ​លំដាប់​កំពូល​ៗ បាន​និយាយ​ថា ពួក​គេ​មាន​អារម្មណ៍​អន្ទះអន្ទែង និង​ភាំងៗ​បន្តិច តែ​រំភើប​ពេល​ការ​ប្រកួត​វាយ​កូន​ឃ្លី​លើ​តុ​​អន្តរជាតិ​បាន​ត្រឡប់​មក​វិញ នៅ​សប្ដាហ៍​នេះ ក្នុង​ប្រទេស​ចិន ក្រោយ​​ផ្អាក​រយៈពេល ៨ ​ខែ ដោយសារ​ការ​ផ្ទុះ​ឡើង​នូវ​វីរុស​កូរ៉ូណា​។

កម្មវិធី​ World Cup ផ្នែក​នារី​បាន​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​អាទិត្យ ជាមួយ​នឹង​ការ​រៀបចំ​ដោយ​បិទ​ទ្វារ នៅ​​ក្រុង​ឆ្នេរ​ភាគ​ខាង​កើត​នៃ​ទីក្រុង​ Weihai ដោយ​មាន​អ្នក​ចូលរួម ២១ នាក់ មក​ពី​ទូទាំង​ពិភព​លោក ដែល​ត្រូវ​ប្រកួត​ប្រជែង​គ្នា​រយៈពេល ៣ ​ថ្ងៃ​ ហើយ​បន្ទាប់​មក​តាម​ដោយ​ព្រឹត្តិការណ៍​ ២ ផ្សេង​ទៀត របស់​សហព័ន្ធ​វាយ​កូន​ឃ្លី​លើ​តុ​អន្តរជាតិ (ITTF) នៅ​ប្រទេស​ចិន​ដី​គោក​។

ការ​ប្រកួត​ប្រជែង​ដ៏​មាន​កិតិ្តនាម​នេះ ទទួល​បាន​អត្ថន័យ​ទ្វេ​ដង ដោយសារ​ការ​រាត​ត្បាត​នៃ​ជំងឺ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​វិស័យ​កីឡា​ទាំង​អស់​ ហើយ​ប្រទេស​ចិន ទំនង​ជា​ធ្វើ​ការ​លើកលែង​ ដែល​កម្រ​នឹង​មាន​មួយ ដោយសារ​បាន​និយាយ​កាល​ពី​ខែ​កក្កដា​ ថា នឹង​មិន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​ជា​ដាច់​ខាត​នៅ​ចុង​ឆ្នាំ​នេះ​។​

ព្រឹត្តិការណ៍​នេះ ក៏​ជា​ឱកាស​ដ៏​ធំ​ផង​ដែរ​សម្រាប់​អត្តពលិក​ឆ្នើម​នៃ​កីឡា​នេះ ក្នុង​ការ​ស្ដារ​ថាមពល​​ប្រកួត​ប្រជែង​របស់​ពួក​គេ​ឡើង​វិញ ហើយ​ធ្វើ​ការ​ដណ្ដើម​​ពិន្ទុ​សម្រាប់​ចំណាត់​ថ្នាក់​ពិភព​លោក ខណៈ​ពួក​គេ​រង់​ចាំ​កីឡា​អូឡាំពិក​ នា​ក្រុង​តូក្យូ ប្រទេស​ជប៉ុន ដែល​ត្រូវ​​លើក​ទៅ​រៀបចំ​ឆ្នាំ​ក្រោយ​។

«សូម្បី​នៅ​មុន​ការ​ប្រកួត ពួក​យើង​និយាយ​លេង​ថា គ្រប់​គ្នា​នឹង​នឹក​ការ​វាយ​សឺវីស ព្រោះ​ម្នាក់ៗ​មាន​អារម្មណ៍​អន្ទះអន្ទែង​ខ្លាំង​ណាស់​»​។ នេះ​ជា​សម្ដី​របស់​កីឡាការិនី​សញ្ជាតិ​អាមេរិក Lily Zhang វ័យ ២៤ ​ឆ្នាំ ដែល​បរាជ័យ​ក្នុង​ការ​ប្រកួត​បើក​ឆាក ក្រោម​ថ្វី​ដៃ​របស់​គូ​បដិបក្ខ Margaryta Pesotska របស់​អ៊ុយក្រែន​។​

កីឡាការិនី Zhang ​បន្ត​ថា​៖ «​ពិត​មិន​មាន​អារម្មណ៍​ញាប់ញ័រ​អ្វី​ឡើយ ដែល​ខ្ញុំ​ចាញ់ តែ​បើ​គិត​វិជ្ជមាន គឺ​វា​​អស្ចារ្យ​ណាស់ ដែល​ខ្ញុំ​បាន​មក​កាន់​ទី​នេះ ហើយ​ចូលរួម​ប្រកួត​ប្រជែង​ព្រឹត្តិការណ៍​នេះ​។ ខ្ញុំ​គិត​ថា យើង​ទាំង​អស់​គ្នា​បាន​ខកខាន​ប្រកួត​នៅ​ឆ្នាំ​នេះ ពោល​គឺ​គ្មាន​កម្មវិធី​ប្រកួត​ប្រជែង​អន្តរជាតិ​អ្វី​ឡើយ​ តាំង​ពី​ខែ​មីនា​ ដូច្នេះ​យើង​មាន​អារម្មណ៍​អន្ទះ​សារ និង​រាងភាំងៗ​តិច​តួច​»​។​

ចិន​ដែល​មាន​អានុភាព​ខ្លាំង​ ក្នុង​វិស័យ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​ផង​ដែរ​ព្រឹត្តិការណ៍ World Cup ផ្នែក​បុរស​ចុង​សប្ដាហ៍​​នេះ នៅ​ក្រុង Weihai នេះ​ដូចគ្នា ហើយ​បន្ទាប់​មក​កម្មវិធី ITTF Finals នៅ​ក្រុង Zhengzhou នា​ថ្ងៃ​ទី ១៩ ដល់ ​២២ ខែ​វិច្ឆិកា​។

លោក Liu Guoliang ប្រធាន​សហព័ន្ធ​វាយ​កូន​ឃ្លី​លើ​តុ​ចិន និង​ជា​​អតីត​ជើងឯក​ពិភព​លោក និង​អូឡាំពិក ​ហៅ​កម្មវិធី​នេះ​ថា ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​។

លោក Guoliang ​និយាយ​ថា៖ «​ក្រោយ​ច្រើន​ខែ​ ដោយ​គ្មាន​ព្រឹត្តិការណ៍​ប្រកួត​អន្តរជាតិ​សម្រាប់​អត្តពលិក​អ្នក​គាំទ្រ និង​សហគមន៍​ទាំង​របស់​យើង​។ វា​ជា​ប្រវត្តិសាស្ត្រ​ ដែល​យើង​ត្រឡប់​មក​កាន់​ទិដ្ឋភាព​ជា​សកល​វិញ​​»​៕ AFP/VN