ភ្នំពេញៈ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​អញ្ជើញ​តំណាង​ស្ថាននីយ​ទូរទស្សន៍​ជា​ម្ចាស់​សង្វៀន​ប្រដាល់​មាន​អាស៊ីអាគ្នេយ៍ ប៉ុស្តិ៍​លេខ​ ៥ CNC បាយ័ន និង​ PNN ព្រមទាំង​មន្ត្រី​ជាន់ខ្ពស់​របស់​សហព័ន្ធ និង​ក្រសួង​អប់រំ យុវជន និង​កីឡា​ដើម្បី​បើក​កិច្ចប្រជុំ​ពិសេស​មួយ​ក្នុង​កំណែទម្រង់​ឲ្យ​ការកាត់​សេចក្តី​ក្នុង​ការប្រកួត​ប្រដាល់​ដែល​មាន​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​រៀងរាល់​ចុង​សប្តាហ៍​នោះ​គេច​ផុតពី​ការរិះគន់​ពី​មហាជន​។

ការឈានដល់​ការបើក​កិច្ចប្រជុំ​ដែល​ត្រូវ​បាន​ធ្វើ​នៅ​អគ្គនាយកដ្ឋាន​កីឡា​នៃ​ពហុកីឡដ្ឋាន​ជាតិ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ម្សិលមិញ​នោះ​គឺ​បន្ទាប់ពី​មាន​ការរិះគន់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្ងន់ៗ​ចំពោះ​សង្វៀន​ទូរទស្សន៍​មួយ​ចំនួន​ដែល​លទ្ធផល​ប្រកួត​មាន​ភាពមិនប្រក្រតី ហើយ​លោក​បាន​ព្រមាន​ឲ្យ​សហព័ន្ធ​ប្រឹងប្រែង​កំណែទម្រង់ បើ​មិន​ដូច្នេះ​លោក​នាយករដ្ឋមន្ត្រី​នឹង​លូកដៃ​ចាត់ការ​រឿង​នេះ​មិន​ខាន​។

លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​បាន​ថ្លែង​ថា​៖ «​សម្តេច​នាយក​រដ្ឋមន្ត្រី​យក​ចិត្ត​ទុកដាក់​ខ្លាំង និង​តាមដាន​សកម្មភាព​ប្រដាល់​យើង​នេះ​ជាប់​ជា​ប្រចាំ ហើយ​សម្តេច និង​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត​តែងតែ​ឧបត្ថម្ភ​ថវិកា​ជាច្រើន​ដល់​កីឡាករ​យើង និង​ស្វែងយល់​ពី​សុខទុក្ខ និង​ការកាត់ក្តី​ពី​ចៅក្រម អាជ្ញាកណ្តាល​យើង​ខ្លាំង​ណាស់ ខណៈ​ដែល​លោក​បាន​មើលឃើញ​នូវ​ការខ្វះខាត​សមត្ថភាព​របស់​មន្ត្រី​មួយ​ចំនួន​មិន​ទាន់​បាន​ល្អ ពិសេស​លទ្ធផល​ប្រកួត​មួយ​ចំនួន​មាន​ភាពមិនប្រក្រតី និង​មាន​ការរិះគន់​ពី​មហាជន​»​។

លោក​បន្ថែម​ថា​៖ «​អង្គប្រជុំ​ថ្ងៃ​នេះ​គឺ​យើង​ខិតខំ​ពង្រឹង​សមត្ថភាព​អាជ្ញាកណ្តាល​ចៅក្រម​ឲ្យ​មាន​តម្លាភាព យុត្តិធម៌ ក្នុង​ការកាត់ក្តី​ដោយ​រួមសហការ​ឲ្យ​បាន​កាន់តែ​ល្អ​ជាមួយ​ម្ចាស់​សង្វៀន និង​ខាង​ស្ពនស័រ​ដោយ​គោរព​តាម​គោលការណ៍​បច្ចេកទេស​ជា​ចម្បង​»​។

បន្ថែម​ពី​លើ​នេះ​លោក​ជំរុញ​ឲ្យ​ពិនិត្យ​ទៅ​លើ​ការនាំ​កីឡាករ​ពី​បរទេស​មក​ប្រកួត​ឲ្យ​គោរព​ច្បាប់​ជាតិ និង​អន្តរជាតិ​ដើម្បី​បញ្ចៀស​បញ្ហា​ជួញដូរ​មនុស្ស ឬ​គ្រឿងញៀន​ព្រមទាំង​ពិនិត្យ​សុខភាព​កីឡាករ​ថ្លឹង​ទម្ងន់ ផ្គូផ្គង គឺ​អនុវត្ត​ឲ្យ​បាន​ម៉ឺងមាត់ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការណែនាំ និង​យក​ចិត្ត​ទុកដាក់​ពី​លោកនាយក​រដ្ឋមន្ត្រី​។

ចំណែក​លោក វ៉ា ស៊ិនភារម្យ ទីប្រឹក្សា​ជាន់​ខ្ពស់​ NOCC និង​ជា​អនុប្រធាន​ទី​ ១ ​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ថ្លែង​ថា​៖ «​តាម​ការលើក​ឡើង​របស់​សម្តេច​កាលពី​ដើម​ខែ​មេសា ឆ្នាំ​ ២០១៩ គឺ​ល្មម​ដល់​ពេល​យើង​ខិតខំ​ធ្វើឲ្យ​បាន​នូវ​សមត្ថភាព​ចៅក្រម​អាជ្ញាកណ្តាល​គឺ​កាត់សេចក្តី​ឲ្យ​ត្រឹមត្រូវ ហើយ​ក្នុង​នោះ​សហព័ន្ធ​ដែល​បាន​បង្កើត​ក្រុមប្រឹក្សា​ចំនួន​ ២ គឺ​ក្រុមប្រឹក្សាវិន័យ​ចំនួន​ ១១ ​នាក់ និង​ក្រុមប្រឹក្សា​បច្ចេកទេស​ចំនួន​ ៧ ​នាក់​នោះ​ត្រូវ​តែ​មាន​សកម្មភាព​ពិនិត្យ​វាយតម្លៃ​ជា​ប្រចាំ​នូវ​រឿង​មិន​ប្រក្រតី​មួយ​ចំនួន​ដែល​បាន​កើតឡើង ពិសេស​មិន​ចាំបាច់​មាន​ការប្តឹងតវ៉ា​ពី​ភាគី​ណា​ទេ​គឺ​ឲ្យ​តែ​ពិនិត្យ​ឃើញ​ថា​មិន​ស្រប​តាម​បច្ចេកទេស​ត្រូវ​សុំ​គោលការណ៍​ប្រធាន​ដើម្បី​ពិនិត្យ និង​ស្វែងរក​មូលហេតុ​ឲ្យ​ឃើញ​ពិតប្រាកដ​»​។

លោក​សង្កត់​ធ្ងន់​ថា​៖ «​រឿងនេះ​មិនមែន​អនុវត្ត​ចំពោះ​តែ​កីឡាករ​ទេ សូម្បីតែ​ចៅក្រម​អាជ្ញាកណ្តាល​ ឬ​ស្នងការ​ប្រកួត ឬ​ប្រធាន​វិនិច្ឆ័យ​ត្រូវ​តែ​ជាប់​ពិន័យ​ទាំងអស់​ពេល​រកឃើញ​មាន​កំហុស​»​។

លោក ញាន សុធី នាយក​គ្រប់គ្រង​កម្មវិធី​សង្វៀន​អាស៊ីអាគ្នេយ៍​បាន​ស្នើ​ទៅ​សហព័ន្ធ​ឲ្យ​ទទួល​ខុសត្រូវ​ផ្នែក​បច្ចេកទេស​ត្រូវ​ជួយ​មើល​កីឡាករ​យក​មក​ផ្គូផ្គង​គប្បី​ដឹង​ពី​ទម្ងន់ កម្ពស់ តាមដាន​ការហ្វឹកហាត់ ពិសេស​សមត្ថភាព​បទពិសោធ​ក្នុង​កម្រិត​ណា​ដើម្បី​ឲ្យ​ការប្រកួត​បាន​ល្អ ឈរ​ទឹក​បាន​គ្រប់ និង​មាន​សមត្ថភាព​ប្រកួត​ទាក់ទាញ​តាម​បច្ចេកទេស មហាជន​ចូលចិត្ត​គាំទ្រ ហើយ​មិន​គួរ​រុញ​កំហុស​ដាក់​គ្នា​នោះ​ទេ ព្រោះ​កន្លង​មក​មហាជន​យល់​ច្រឡំ​ថា ខាង​ប៉ុស្តិ៍​ជា​អ្នក​សម្រេច​ចាញ់ ឬ​ឈ្នះ តែ​តាមពិត​គឺ​មន្ត្រី​សហព័ន្ធ​ទាំងស្រុង​។

ចំណែក​លោក អូឡាឡា តំណាង​សង្វៀន​ប៉ុស្តិ៍​លេខ​ ៥ ស្នើសុំ​ឲ្យ​សហព័ន្ធ​កំណត់​តម្លៃ​ខ្លួន​កីឡាករ តម្លៃ​ខ្លួន​មន្ត្រី​បច្ចេកទេស​ដោយ​បែងចែក​ស៊េរី A B ឬ C ឲ្យ​បាន​ច្បាស់លាស់ ព្រោះ​ពេល​បើក​លុយ​កីឡាករ​ខ្លះ​ទាមទារ​ខ្ពស់​ជាង​គម្រោង​ដែល​បាន​ចរចា​គ្នា ធ្វើឲ្យ​លំបាក ហើយ​សុំ​កុំ​ឲ្យ​មាន​ចង​ជើង​កីឡាករ​សម្រាប់​តែ​ប៉ុស្តិ៍​មួយ​គឺ​គួរតែ​អនុញ្ញាត​ឲ្យ​មាន​ការប្រកួត​គ្រប់​សង្វៀន​គឺ​កីឡា​ទាំងអស់​គ្នា​។

លោក ម៉ា ស៊ីថេត តំណាង​សង្វៀន CNC បាន​លើក​ឡើង​ថា ការសម្រេច​សេចក្តី​ជា​ភារកិច្ច​របស់​មន្ត្រី​សហព័ន្ធ​ទាំងស្រុង ប៉ុន្តែ​ដល់​ពេល​មាន​ការខុសឆ្គង​គេ​ចោទ​តែ​ខាង​ប៉ុស្តិ៍​។ លោក​បន្ថែម​ថា​ខាង​សង្វៀន​របស់​លោក​បាន​លះបង់​ខ្ពស់​គឺ​ជួយ​សម្រួល​ទាំង​តម្លៃ​ខ្លួន ឲ្យ​បាន​ប្រសើរ តម្លៃ​សោហ៊ុយ​មកពី​ខេត្ត​ព្រម​ទាំង​ទទួល​ដោះស្រាយ​ជូន​ ១០០ ​ភាគរយ​រាល់​បញ្ហា​រងរបួស ពេល​ប្រកួត​នៅ​សង្វៀន​របស់​លោក​ហេតុនេះ​សុំ​ឲ្យ​សហព័ន្ធ​ពិនិត្យ​ទៅ​លើ​បច្ចេកទេស និង​ជួយ​វាយតម្លៃ​សមត្ថភាព​កីឡាករ​ក្នុង​ការផ្គូផ្គង​ឲ្យ​មាន​ភាពសុក្រឹត ដើម្បី​ប្រកួត​ល្អ​មើល​។

ចំណែក​លោក​ឧត្តមសេនីយ៍ឯក ស៊ិន ខាំចាន់តារ៉ុង ទីប្រឹក្សា​ជាន់ខ្ពស់​របស់ NOCC និង​អនុប្រធាន​កិតិ្តយស​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​បាន​ផ្តាំផ្ញើ​ឲ្យ​មន្ត្រី​បច្ចេកទេស​ខិតខំ​យ៉ាងណា​ឲ្យ​ការងារ​រលូន​មាន​យុត្តិធម៌​ក្នុង​ការសម្រេច​ក្តី ពិសេស​ការយក​កីឡាករ​ពី​បរទេស​ត្រូវ​គោរព​តាម​ច្បាប់ មិនមែន​យក​កីឡាករ​ថៃ​មក​ហើយ​ថា កីឡាករ​មកពី​ឡាវ​នោះ​ទេ ព្រោះ​ពេល​មាន​បញ្ហា​អ្វី​មួយ​គឺ​ពាក់ព័ន្ធ​ខាង​ស្ថានទូត​សាមី​របស់​គេ​៕