ភ្នំពេញ: ការប្រកួតប្រដាល់គុនខ្មែរក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី ២ ឆ្នាំ ២០១៨ បានបញ្ចប់កាលពីម្សិលមិញ នៅសង្វៀនប្រដាល់មរតកតេជោ បន្ទាប់ពីដំណើរការ អស់ ៧ ថ្ងៃ។ ប្រតិភូ និងកីឡាករមកពីខេត្ត និងរាជធានីចំនួន ១២ និងក្រសួង ២ មានក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ដែលមានកីឡាករចំនួន ៩១ នាក់ បែងចែកជា ៨ ប្រភេទទម្ងន់ បានចូលរួមក្នុងព្រឹត្តិការណ៍នេះ។
ជាលទ្ធផលរួមការប្រដាល់គុនខ្មែរនេះ ចំណាត់ថ្នាក់លេខ ១ បានទៅរាជធានីភ្នំពេញ លេខ ២ បានទៅក្រសួងមហាផ្ទៃ លេខ ៣ បានទៅខេត្តបន្ទាយមានជ័យ និងលេខ ៤ ខេត្តបាត់ដំបង ខណៈក្រសួងការពារជាតិ បានធ្លាក់ទៅដល់លេខ ៥ ហើយខេត្តដែលមិនទទួលបានមេដាយសោះមានខេត្តរតនគិរី ស្វាយរៀង និងខេត្តកំពង់ឆ្នាំង។
ការប្រកួតទម្ងន់ ៤៨ គីឡូក្រាម លេខ១ មេដាយមាស បានទៅកីឡាករ ហ៊ឹម គឹមរៀង របស់រាជធានីភ្នំពេញ លេខ ២ នួន ម៉ាន់ឌី មកពីក្រសួងមហាផ្ទៃ។ ប្រភេទទម្ងន់ ៥១ គីឡូក្រាម ចំណាត់ថ្នាក់លេខ ១ បានទៅកីឡាករហ៊ឹម សេរី មកពីរាជធានីភ្នំពេញ លេខ ២ សុខ រិទ្ធ មកពីខេត្តបន្ទាយមានជ័យ។
ចំណែកទម្ងន់ ៥៤ គីឡូក្រាម ចំណាត់ថ្នាក់លេខ ១ មេដាយមាស បានទៅកីឡាករ ខេម ចាន់ មកពីក្រសួងការពារជាតិ លេខ ២ បានទៅកីឡាករ ផាន់ ផាត់យុទ្ធ មកពីក្រសួងមហាផ្ទៃឯទម្ងន់ ៥៧ គីឡូក្រាម មេដាយមាស បានទៅលើកីឡាករ សុខ ធី មកពីខេត្តបន្ទាយមានជ័យ លេខ ២ ឈុត វ៉ាន់ថន មកពីខេត្តបាត់ដំបង។
ប្រភេទទម្ងន់ ៦០ គីឡូក្រាម មេដាយមាស បានទៅលើកីឡាករ សេន កុសល មកពីខេត្តបាត់ដំបង និងលេខ ២ តាំង តាក់ មកពីខេត្តបន្ទាយមានជ័យ។
ចំពោះប្រភេទទម្ងន់ ៦៣,៥ គីឡូក្រាម មេដាយមាស បានទៅ ឃុន ឌីម៉ា មកពីរាជធានីភ្នំពេញ និងលេខ ២ សែម ណាង មកពីក្រសួងមហាផ្ទៃ។ប្រភេទទម្ងន់ ៦៧ គីឡូក្រាម លេខ ១ មេដាយមាស បានទៅកីឡាករ មុត ខ្លឹមខ្មៅ មកពីក្រសួងមហាផ្ទៃ បន្ទាប់ពីរូបគេបានយកឈ្នះកីឡាករ ពុយ វណ្ណៈ មកពីខេត្តត្បូងឃ្មុំ ក្នុងវគ្គផ្តាច់ព្រ័ត្រ។
ប្រភេទទម្ងន់ ៧១ គីឡូក្រាម មេដាយមាស បានទៅកីឡាករពេជ្រ សីហា មកពីក្រសួងមហាផ្ទៃ ខណៈចំណាត់ថ្នាក់លេខ ២ បានទៅកីឡាករថុល មករា មកពីខេត្តត្បូងឃ្មុំ។
លោកតែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ មានប្រសាសន៍ថា៖ «ការប្រកួតដំណើរការរលូនក្នុងលក្ខណៈយោគយល់សាមគ្គីក្នុងគ្រួសារកីឡាប្រដាល់ ក្នុងនោះការស្នាក់នៅ ហូបចុក និងដឹកជញ្ជូនធ្វើដំណើរគឺល្អទាំងអស់ ចំណែកឯ បច្ចេកទេស យើងនៅមានបញ្ហាសេសសល់ខ្លះត្រូវកែលម្អឡើងវិញផងដែរ។ ជាមួយគ្នានេះដែរ ថវិកាប្រាក់រង្វាន់ពីក្រសួងអប់រំ យុវជន និងកីឡា ដែលផ្តល់ជូនអ្នកឈ្នះមេដាយមាសប្រាក់ និងសំរឹទ្ធ ត្រូវបានបើកភ្លាមៗពេលបិទកម្មវិធីនេះតែម្តង»។
ទោះបីជាយ៉ាងណា សម្រាប់ការកាត់ក្តីពីសំណាក់មន្ត្រីបច្ចេកទេសនៅតែមានបញ្ហាខ្លះដែលមានការតវ៉ាពីលទ្ធផលឈ្នះ និងចាញ់ទាំងមិនយុត្តិធម៌។
ឪពុកកីឡាករសុខ ធី និងសុខ រិទ្ធ មកពីខេត្តបន្ទាយមានជ័យ បានប្រតិកម្មប្រាប់ភ្នំពេញប៉ុស្តិ៍ក្រោយប្រកាសលទ្ធផលថា៖ «ការកាត់ក្តីមិនយុត្តិធម៌ធ្វើឲ្យកីឡាករខូចទឹកចិត្ត និងរកអ្នកខ្លាំងពិតប្រាកដមិនបានទេ»។
លោកបន្ថែមថា៖ «កូនរបស់ខ្ញុំឈ្មោះសុខ រិទ្ធ (ប្រើឈ្មោះសុខ វិទូ) មានប្រៀបឈ្នះកីឡាករហ៊ឹម សេរី ដាច់ ប៉ុន្តែត្រូវគេកាត់ឲ្យចាញ់ជារឿងអយុត្តិធម៌។ ចំណែកឯកូនខ្ញុំម្នាក់ទៀត សុខ ធីបានចាញ់ប្រៀបកីឡាករឈុត វ៉ាន់ថន សោះ គេឲ្យឈ្នះវិញដែលខ្ញុំមិនទទួលយកបានទេបែបៗនេះនោះ»៕