ភ្នំពេញ: ការប្រកួតប្រដាល់គុនខ្មែរលក្ខណៈមិត្តភាពថ្នាក់ជាតិ ដែលឧបត្ថម្ភដោយផលិតផលកសិកម្មគូបូតា នឹងធ្វើដំណើរទៅដល់ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី ១៧ ខែឧសភា ឆ្នាំ ២០១៨ នេះ បន្ទាប់ពីមានការប្រកួតរួចរាល់នៅទឹកដីខេត្តតាកែវ កាលពីសប្តាហ៍មុន។
លោកជា វង្សវិចិត្រ អ្នករៀបចំដែលតំណាងក្រុមហ៊ុន ដ្រាហ្វអេតវើរថាយស៊ីង បានឲ្យដឹងថា៖ «ខ្លឹមសារនៃការប្រកួតគឺជាការកម្សាន្តសប្បាយរីករាយ ក្នុងពិធីឲ្យកសិករជាអ្នកស្រែចម្ការស្វែងយល់អំពីប្រយោជន៍ការប្រើប្រាស់គ្រឿងយន្ត កសិកម្មគូបូតាទាន់សម័យទទួលបានផលល្អផង និងជាការលើកស្ទួយវិស័យប្រដាល់គុនខ្មែរដែលកំពុងតែពេញនិយមឲ្យបងប្អូនអ្នកនៅមូលដ្ឋានបានទស្សនាផ្ទាល់ភ្នែកពិតៗផង»។
លោកបានបន្ថែមថា៖ «ការជ្រើសរើសកីឡាប្រភេទប្រដាល់គុនខ្មែរនេះ ភ្ជាប់ជាមួយការបង្ហាញពីរបៀបធ្វើកសិកម្មតាមលក្ខណៈទំនើបគឺជាការជួយដោយផ្ទាល់ដល់កសិករផង និងបានប្រយោជន៍ដល់កីឡាករគុនខ្មែរឲ្យទទួលបានតម្លៃខ្លួន ប្រកួតក៏ដូចជាលើកស្ទួយជីវភាពរបស់ពួកគាត់ឲ្យប្រសើរផងដែរ»។
ការប្រកួតនេះមិនមែនដណ្តើមពានរង្វាន់ ឬ ខ្សែក្រវាត់លក្ខណៈតឹងតែងស៊ីសាច់ហុតឈាមគ្នានោះទេ គឺប្រកួត មិត្តភាពដកស្រង់បច្ចេកទេស និងផ្តល់ឱកាសឲ្យកីឡាករវ័យក្មេងៗ ដែលមិនសូវទទួលបានការប្រកួតតាមប៉ុស្តិ៍នៅសង្វៀនភ្នំពេញ បានប្រកួតដោយសហការជាមួយសមាគមប្រដាល់ក្រសួងមហាផ្ទៃ និងអង្គភាពកីឡានគរបាលជាតិកម្ពុជា។ លោកស៊ុយ សុខុម អនុប្រធានសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ និងជាប្រធានបេសកកម្មគ្រប់គ្រងដឹកនាំការប្រកួតតាមខេត្តមានប្រសាសន៍ថា៖ «ព្រឹត្តិកាណ៍ប្រកួតប្រដាល់គុនខ្មែរតាមខេត្តនេះ ប្រព្រឹត្តទៅបានដោយយើងទទួលបានការសហការរវាងសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ និងក្រុមហ៊ុន ដ្រាហ្វអេតវើរថាយស៊ីង បានចុះកិច្ចព្រមព្រៀងឲ្យមានការប្រកួតតាមខេត្តចំនួន ៨ ក្នុងឆ្នាំ ២០១៨ ដោយក្រុមហ៊ុនជាអ្នកចេញថវិកា»។
លោកបានប្រាប់បន្តថា៖ «យើងទទួលបានការគាំទ្រពីក្រសួង ពិសេសអង្គភាពកីឡានគរបាលជាតិកម្ពុជា មានការអនុញ្ញាតពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ព្រមទាំងគាំទ្រលើកទឹកចិត្តពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងស្មារតីលើកស្ទួយវិស័យកីឡាប្រដាល់ធ្វើដំណើរទៅមូលដ្ឋានឆ្ពោះទៅស៊ីហ្គេមលើកទី ៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ»។
តាមកិច្ចសន្យារវាងសមាគម និងក្រុមហ៊ុន ដ្រាហ្វអេតវើរថាយស៊ីងបន្ទាប់ពីខេត្តកំពង់ស្ពឺ នឹងបន្តទៅខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ ព្រៃវែង និងឧត្តរមានជ័យ។ លោកជួន សំណាង ដែលជាអ្នកដឹកនាំកីឡាករទៅប្រកួត បាននិយាយថា៖ «ការប្រកួតមានជារៀងរាល់សប្តាហ៍ នាថ្ងៃព្រហស្បត៍ក្នុងលក្ខណៈមិត្តភាពបង្កឲ្យមានការសប្បាយរីករាយជូនមហាជនដល់មូលដ្ឋានប៉ុណ្ណោះ»។
លោកបានបន្តថា នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៧ ខែឧសភា ឆ្នាំ ២០១៨ នៅទីរួមខេត្តកំពង់ស្ពឺ មានតែ ៣ គូគឺកីឡាករជើងថ្មីហេង វុទ្ធី មកពីលំពែងរាជសីហ៍ ត្រូវប៉ះប្រកួតជាមួយឡុង ណារិន មកពីសាលវ័ន្តកីឡាក្នុងទម្ងន់ ៦៣,៥ គីឡូក្រាម។ កីឡាករលី តឿន មកពីក្លិបមិត្ត ប៉ូលិស ប្រកួតជាមួយកីឡាករឡូញ វណ្ឌី មកពីក្លិបពន្លឺវិបុលជារិទ្ធ ក្នុងទម្ងន់ ៦០ គីឡូក្រាម ហើយគូឯកកីឡាករឈិន ក្វាន់ង៉ុយ មកពីក្លិបមកុដរាជសីហ៍ ប៉ះ ប្រកួតជាមួយកីឡាករជឹម ចិត្ត្រា ក្នុងទម្ងន់ ៦៥ គីឡូក្រាម៕