ភ្នំពេញ៖ ​​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ ​បាន​សម្រេច​ច្បាស់​ហើយ​នូវ​ទីតាំង​ជា​ទីលាន​ប្រកួត​កីឡា​ប្រដាល់​គុន​ខ្មែរ​ជ្រើសរើស​​ជើងឯក ឆ្នាំ ​២០១៩ ដោយ​លើក​ទៅ​ធ្វើ​​នៅ​ឯ​មជ្ឈមណ្ឌល​ជាតិ​កីឡា​កង​យោធពល​ខេមរភូមិន្ទ ​(ស្តាត​ចាស់​) ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃទី ៧​ ខែ ​តុលា ​ដល់​ថ្ងៃទី ១១ ខែ ​តុលា ​ឆ្នាំ ​២០១៩​ ខណៈ​ដែល​ការ​ប្រកួត​ត្រូវ​បាន​​​សហការ​ជាមួយ​ទូរទស្សន៍​កង​យោធពល​ខេមរភូមិន្ទ​ប៉ុស្តិ៍​លេខ ​៥ ​ដើម្បី​ផ្សាយ​ផ្ទាល់​ជូន​មហាជន​បាន​ទស្សនា​ ដោយ​មិន​គិត​ថ្លៃ ​និង​ស្វែងរក​ដៃ​គូ​ឧបត្ថម្ភ​បន្ថែម​។

ការ​សម្រេច​ជា​ផ្លូវ​ការ​នេះ​ ត្រូវ​បាន​លោក​ឧត្តម​សេនីយ៍​ឯក​ តែម ​ម៉ឺន ​ជា​ប្រធាន​សហព័ន្ធ​កីឡា​​ប្រដាល់​គុន​ខ្មែរ​បញ្ចាក់​ថា​ ក្រោយ​ប្រជុំ​រួច​រាល់​របស់​គណៈកម្មាធិការ​ប្រតិបត្តិ​កាល​ពី​​ល្ងាច​ថ្ងៃទី ​៣០ ​ខែ ​កញ្ញា​ ឆ្នាំ ២០១៩​ ហើយ​​ជាមួយ​គ្នា​នេះ​ដែរ ​តាម​លោក​ ម៉ិល​ កាដូ ​អគ្គនាយក​រង​នៃ​អគ្គ​នាយកដ្ឋាន​កីឡា​អះអាង​ថា ​ពហុកីឡដ្ឋាន​ជាតិ ​(ស្តាត​អូឡាំពិក​) ​របស់​ជាតិ​ជាប់​រវល់​ខ្លាំង​មិន​អាច​រៀបចំ​បាន​​ ទើប​ប្តូរ​ទៅ​ធ្វើ​ស្តាត​ចាស់​វិញ។

លោក​ តែម ​ម៉ឺន​ បាន​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍ ​កាល​ពី​ថ្ងៃ​អង្គារ ​ម្សិលមិញ​ថា​៖ ​«យើង​បាន​ត្រួត​ពិនិត្យ ​ការ​ត្រៀម​រៀបចំ​ប្រកួត​កីឡា​ប្រដាល់​គុន​ខ្មែរ​ជ្រើសរើស​ជើង​ឯក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ ​២០១៩ ​នេះ​រួច​ហើយ​ គឺ​នឹង​ប្រារព្ធ​​ធ្វើ​ឡើង​តាម​ការ​កំណត់​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ ចាប់​ពី​ថ្ងៃទី ៧​ ខែ ​តុលា​ដល់​ថ្ងៃទី ១១ ខែ ​តុលា​ ឆ្នាំ ២០១៩ ​ប៉ុន្តែ​ដោយសារ​ពហុកីឡដ្ឋាន​ជាតិ​ជាប់​រវល់​ការ​ប្រកួត​ អ៊ីចឹង​យើង​លើក​​ទៅ​ធ្វើ​ការ​ប្រកួត​នៅ​ស្តាត​ចាស់​វិញ​។

លោក​ តែម ​ម៉ឺន​ បាន​​បន្ថែម​ថា ​ការ​ប្រកួត​កីឡា​ប្រដាល់​គុន​ខ្មែរ​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ ​២០១៩​ គិត​មក​ដល់​ពេល​នេះ​ យើង​ទទួល​បាន​ការ​ចូលរួម​ប្រហាក់​ប្រហែល​​ឆ្នាំ​មុន ​គឺ ​១៥ ​ប្រតិភូ​ មាន​មក​ពី​សមាគម​ ក្រសួង ​ខេត្ត​ និង​រាជធានី ​ដែល​មាន​កីឡាករ កីឡាការិនី​ប្រមាណ ​១៥០ នាក់​។ ចំណែក​ការ​ប្រកួត​មាន​ចែក​ជា ​៨ ​ប្រភេទ​ទម្ងន់ ​សម្រាប់​បុរស ​រួម​មាន​ទម្ងន់ ​៤៨ គ.ក្រ, ​៥១ គ.ក្រ​, ៥៤ គ.ក្រ​, ៥៧ គ.ក្រ, ​៦០ គ.ក្រ, ​៦៣.៥ គ.ក្រ, ​៦៧ គ.ក្រ ​និង ​៧១ ​គ.ក្រ​។

ជាមួយ​គ្នា​នេះ​ ការ​ប្រកួត ​នឹង​មាន​សហការ​ជាមួយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ​៥ ​ដើម្បី​ឲ្យ​មាន​ការ​ផ្សាយផ្ទាល់​ នូវ​គូ​ល្បីៗ​ចែក​ជូន​មហាជន​ទស្សនា​។ ​បន្ថែម​ពី​លើ​នេះ​ សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ ​ស្វែងរក​ដៃគូ​ពី​វិស័យ ​ឯកជន ​ដើម្បី​បាន​ថវិកា​មួយ​ចំនួន ​ជា​ប្រាក់​រង្វាន់​បន្ថែម ​លើ​ប្រាក់​របស់​ក្រសួង​អប់រំ យុវជន​ និង​កីឡា​ សម្រាប់​កីឡាករ ​កីឡាការិនី ​ដែល​ឈ្នះ​ជយលាភី​ពី​ចំណាត់​ថ្នាក់​លេខ ​១​ ដល់​លេខ ​៣ ​ស្ទួន​ផង​ដែរ​។

ទាក់ទង​ទៅ​នឹង​សំណួរ​គួរ​ឲ្យ​រសើប​ និង​ចម្ងល់​ពី​មជ្ឈដ្ឋាន​មួយ​ចំនួន​ថា​ ​ពហុកីឡដ្ឋាន​ជាតិ​ ឬ​ស្តាត​អូឡាំពិក​កម្ពុជា​ ដែល​ជា​មជ្ឈមណ្ឌល​ប្រមូល​ផ្តុំ​កីឡា​ជាតិ​គ្រប់​ប្រភេទ ​ហេតុ​អ្វី​ការ​ប្រកួត​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា​ ប្រើប្រាស់​មិន​បាន​នោះ​ ​លោក ​ម៉ិល ​កាដូ បាន​ឆ្លើយ​តប​ថា​ ទីតាំង​ស្តាត​ជាប់​រវល់​មមាញឹក​ខ្លាំង​ជាន់​កម្មវិធី​ដល់​ទៅ ​៣ គឺ​ជាប់​រវល់​ហ្វឹកហាត់​ក្រុម​ជម្រើស​ជាតិ​ត្រៀម​ទៅ​​ប្រកួត​ស៊ីហ្គេម ​លើក​ទី ​៣០ ​នៅ​ប្រទេស ​ហ្វីលីពីន ​​ចុង​ឆ្នាំ ២០១៩ ​នេះ​ ប៉ុន្តែ​​ការ​មមាញឹក ​២ ​កម្មវិធី​ទៀត​ ​លោក​ មិន​បាន​ជម្រាប​ជូន​នោះ​ឡើយ​​។

ទោះ​យ៉ាង​នេះ​ក្តី ​ពហុកីឡដ្ឋាន​ជាតិ​ដែល​ជា​មរតក​របស់​ជាតិ​ យ៉ាង​ចំណាស់​​នោះ គឺ​​បច្ចុប្បន្ន​ ត្រូវ​បាន​គេ​យក​ទៅ​ប្រើប្រាស់​ជា​ប្រយោជន៍​ផ្សេងៗ​ក្រៅ​ពី​កីឡា​ ដើម្បី​រក​ប្រាក់​ចំណូល​ ដោយ​គេ​ប្រើ​ពាក្យ​ថា ​វិនិយោគ​មមាញឹក​ខ្លាំង​បំផុត​ ប៉ុន្តែ​ធាតុ​ពិត​ អ្វី​ដែល​គេ​​មើល​ឃើញ​ដោយ​ភ្នែក​នោះ​ គឺ​ផ្ញើ​ឡាន ​ម៉ូតូ​យក​ប្រាក់​ ហើយ​​មហាជន​មើល​ឃើញ​សល់​តែ​តារាង​បាល់​ទាត់ ​និង​ទីលាន​វិមាន​ពហុកីឡដ្ឋាន​​ ​និង​ទីតាំង​បន្តិច​បន្តួច​ប៉ុណ្ណោះ​ ដែល​ផ្តល់​សម្រាប់​កីឡា​ជាតិ​ គឺ​​មិន​ច្រើន​ដូច​សម័យ​មុនៗ​នោះ​ទេ។ ​នេះ​​ជា​មូលហេតុ​ធ្វើ​ឲ្យ​​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ លើ​ប្រភេទ​​កីឡា​មួយ​ចំនួន​ត្រូវ​ស្វែងរក​ជួល​ទីតាំង​ឯកជន​ដើម្បី​ប្រកួត​៕