ភ្នំពេញ៖ ​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​បាន​ចាប់​ផ្តើម​​​បើក​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក កីឡា​ប្រដាល់​គុន​ខ្មែរ ​កម្រិត​បឋម​ជា​លើក​ដំបូង ក្រោម​កញ្ចប់​ថវិកា​ឧបត្ថម្ភ​​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​​​ឲ្យ​សិក្ខាកាម​ជា​គ្រូ​បង្វឹក​មាន​ការ​យល់​ដឹង​កាន់​តែ​​ខ្ពស់​ទៅ​​លើ​ការងារ​ហ្វឹកហាត់​បច្ចេកទេស​​ក្បាច់​គុន​ខ្មែរ ដល់​អត្តពលិក​ឲ្យ​ស្រប​តាម​ស្តង់ដា​ក្នុង​ការ​ឈាន​ទៅ​កាន់​ការ​ប្រកួត​ស៊ីហ្គេម​លើកទី ​៣២ ឆ្នាំ ​២០២៣ ដែល​កម្ពុជា​ត្រូវ​​ធ្វើ​ជា​ម្ចាស់​ផ្ទះ។​

លោក តែម ម៉ឺន​ ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ​បាន​ថ្លែង​ថា សហព័ន្ធ​បាន​រៀបចំ​បើក​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្វឹក​កីឡា​ប្រដាល់​គុន​ខ្មែរ​កម្រិត​បឋម​នេះ ដល់​គ្រូៗ​គ្រប់​បណ្តា​សមាគម​ ក្លិប ដើម្បី​ពង្រីក​ការ​យល់ដឹង​ឲ្យ​កាន់​តែ​ខ្ពស់​ទៅ​​លើ​ការងារ​ហ្វឹកហាត់​បច្ចេកទេស​ក្បាច់​គុន​ខ្មែរ​ឲ្យ​បាន​សម​ស្រប​តាម​ស្តង់ដា ដើម្បី​ឈាន​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ឆ្នាំ​ ២០២៣។

លោក តែម ម៉ឺន បាន​សង្កត់​ធ្ងន់​ថា៖ ​«ដោយសារ​តែ​វគ្គ​បណ្តុះ​បណ្តាល​នេះ មាន​សារៈសំខាន់ អ៊ីចឹង​ចំពោះ​​សិក្ខាកាម​ ដែល​មិន​គោរព​វិន័យ​ និង​តាម​កម្មវិធី​សិក្សានេះ នឹង​មិន​ទទួល-​បាន​នូវ​វិញ្ញាបនបត្រ​បញ្ជាក់​ការ​សិក្សា​នោះឡើយ ខណៈ​វិញ្ញាបនបត្រ ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​ មាន​តម្លៃ​សម្រាប់​គ្រូបង្វឹក​ទាំង​អស់​ ដើម្បី​មាន​ឱកាស​បាន​ទៅ​ចូលរួម​ក្នុង​សកម្មភាព​កីឡា​នានា»​។​

សិក្ខាកាម​ចំនួន ​២៦ ​នាក់ បាន​​ចូល​រួម​ក្នុង​​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្វឹក​កីឡា​ប្រដាល់​គុន​ខ្មែរ ​កម្រិត​បឋម​នេះ ហើយ​វគ្គ​នេះ​បាន​ចាប់​ផ្តើម​បើក​នៅ​សាល​ប្រជុំ​នាយកដ្ឋាន​សិស្ស​និស្សិត​កាល​ពី​ថ្ងៃ​ចន្ទ នឹង​គ្រោង​បញ្ចប់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ​នេះ​ ក្រោម​ការ​បង្ហាត់​បង្ហាញ​ពី​គ្រូ​ឧទ្ទេស​​ចំនួន​ ១០ ​នាក់ រួម​មាន​លោក ម៉ិល កាដូ អគ្គនាយករង អគ្គនាយកដ្ឋាន​កីឡា និង​ជា​អគ្គ​លេខាធិការ​សហព័ន្ធ​ប្រដាល់​ ដែល​ចាស់​វស្សា​ និង​យូរ​ជាង​គេ​ ​លោក អ៊ុក ឌីរ៉ង់ លោក ធម្ម អង្គារ៉ា លោក ទុយ ប៊ុនហឿន លោក រាជ សូផែន លោក មាស សុខគ្រី លោក អ៊ិន ខេមរិន្ទ លោក​ ហង្ស​ ស៊ឺន លោក ឈិត សារឹម​ និងលោក ឆឹង ​យ៉ៅយ៉េន​។​

លោក និន ភារម្យ ​ជា​អគ្គលេខាធិការដ្ឋាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​បាន​ឲ្យ​ដឹង​ថា​ ​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​បាន​ធ្វើការ​ជ្រើសរើស​គ្រូបង្វឹក​ដែល​សុទ្ធ​សឹង​ជា​អ្នក​មាន​សមត្ថភាព ​និង​មាន​វប្បធម៌​កម្រិត​មធ្យម​ឲ្យ​ចូលរួម​ក្នុង​វគ្គ​នេះ ដើម្បី​ឲ្យ​ពួក​គាត់​ទទួល​បាន​នូវ​​ចំណេះដឹង​ផ្នែក​បច្ចេកទេស​នៃ​ការ​បង្វឹក​ រួមមាន​ការងារ​អប់រំ​ចិត្តសាស្ត្រ និង​ក្រមសីលធម៌ ការងារ​ប្រយុទ្ធ​ប្រឆាំង និង​ការ​ប្រើប្រាស់​សារធាតុ​ដូប៉ា ​ក្នុង​វិស័យ​កីឡា​ប្រដាល់។

លោក​​បាន​បន្ត​ថា គ្រូបង្វឹក​ត្រូវ​ចេះ​វិធីសាស្ត្រ​បង្ហាត់​កម្លាំង​កាយ ភាព​អំណត់ ភាព​ទន់ភ្លន់ និង​បង្រៀន​ការ​ធ្វើ​ផែនការ​ហ្វឹកហាត់​ការ​ថ្វាយ​បង្គំ​គ្រូ ក្បាច់​​ប្រយុទ្ធ និង​​ការពារ។​

ចំណែក លោក ​មាស ​សុខគ្រី ​គ្រូ​បង្វឹក​ជើង​ចាស់​ និង​ជា​អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​បាន​​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍​ ថា​៖​ «កន្លង​មក​ការ​បង្វឹក​ មិន​មែន​ថា​ មិន​ល្អ​ទេ ​ប៉ុន្តែ​គ្រូ​មួយ​ចំនួនចេះ​តៗ​ពី​គ្នា​មិន​បាន​រៀន​សូត្រ​​ត្រឹម​ត្រូវ ​ហើយ​វគ្គ​នេះ​ក៏​ជា​រឿង​សំខាន់​លើក​ដំបូង ​ដែល​យើង​បង្រៀន​ការ​ថ្វាយ​បង្គំ​គ្រូ ​តាម​ទំនៀម​ និង​ច្បាប់​ត្រឹមត្រូវ ​ដើម្បី​អនុវត្ត​ឲ្យ​​បាន​ល្អ​»៕