ភ្នំពេញ៖ សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ ​បាន​ឈាន​ដល់​ការ​បើក​ឲ្យ​មាន​​វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល​​ចៅក្រម​ តម្រូវ​ចាប់​ពី​កម្រិត​បរិញ្ញាបត្រ​ឡើង​ទៅ​ ដើម្បី​ពង្រឹង​ធនធាន​មន្រ្តី​បច្ចេកទេស​ឲ្យ​កាន់​តែ​សម្បូរ​បែប​សម្រាប់​បញ្ជូន​​​ទៅ​បំពេញ​ការងារ​ក្នុង​ការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​នៅ​តាម​សង្វៀន​ឯក​ជន ​និង​ការ​ប្រកួត​កីឡា​ជាតិ​ធំៗ​ ពិសេស​ត្រៀម​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ ​២០២៣ ដែល​កម្ពុជា ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​។

សម្រាប់​វគ្គ​បណ្តុះបណ្តាល​ដែល​ធ្វើ​នៅ​ពហុកីឡដ្ឋាន​ជាតិ​ កាល​ពី​ថ្ងៃ​ពុធ និង​ថ្ងៃ​ព្រហស្បតិ៍ ​គឺ​វា​ជា​លើក​ទី ​១ ​ដែល​សហព័ន្ធ ​បាន​សម្រិត​សម្រាំង​សិក្ខាកាម ​ដែល​មាន​សញ្ញាបត្រ​ខ្ពស់​ និង​មាន​សិក្ខាកាម​ខ្លះ​មក​ពី​គ្រូ​កីឡា ដែល​ធ្លាប់​ឆ្លង​កាត់​ពី​វិទ្យាស្ថាន​កីឡា​ផង​ដែរ ​ព្រោះ​យូរ​ឆ្នាំ​មក​ដល់​បច្ចុប្បន្ន ​សហព័ន្ធ​ប្រើប្រាស់​តែ​​ធនធាន​សមត្ថភាព​អាជ្ញាកណ្តាល​​ចៅក្រម​ចាស់ៗ ​ដែល​មាន​ស្រាប់ ​ដោយ​មាន​អ្នក​ខ្លះ​មិន​ទាំង​ចេះ​អក្សរ​ផង​។​

ទោះ​ជា​យ៉ាង​ណា​​ វត្តមាន​របស់​លោក​ អ៊ិន​ ខេមរិន្ទ​ និង ​លោក​ មាស​ សុខគ្រី​ ក្នុង​នាម​ជា​គ្រូ​ឧទ្ទេស ក្នុង​វគ្គ​នេះ នាំ​ឲ្យ​មាន​ការ​រិះគន់ ព្រោះ​​មន្ត្រី​សហព័ន្ធ​ទាំង ​២ ​នាក់​​នេះ​ធ្លាប់​មាន​រឿង​អាស្រូវ​​ច្រើន​ក្នុង​ការ​បំពេញ​ការងារ​ខ្លួន​ឯង​ ដែល​ជា​គំរូ​មិន​ល្អ។

ជុំវិញ​នឹង​ការ​រិះគន់​នេះ លោក ​ម៉ិល ​កាដូ ​អគ្គនាយករង​នៃ​អគ្គ​នាយកដ្ឋាន​កីឡា​ និង​ជា​អគ្គលេខាធិការ​សហព័ន្ធ​គុណ​ខ្មែរ​ ចាស់​វស្សា​ផង​នោះ ​បាន​បក​ស្រាយ​ថា៖​ «ធម្មតា​ការងារ​មាន​ការ​ខុស​ឆ្គង​ជា​ធម្មតា​ ហើយ​ពួក​គាត់​មក​ធ្វើ​ជា​គ្រូ​ឧទ្ទេស​ពេល​នេះ​ក៏​យក​តែ​គំរូ​ល្អៗ ​មិនមែន​យក​គំរូ​​អាក្រក់ ​ឬ​ភាព​ច្រងេង​ច្រងាង មក​ផ្តល់​ជូន​សិក្ខាកាម​​នោះ​ទេ​។ ​ម្យ៉ាង​ទៀត ​ពួក​គាត់​មាន​បទពិសោធ​ច្រើន​ ក្នុង​​ក្របខ័ណ្ឌ​ជា​ប្រធាន ​ចៅក្រម​អាជ្ញាកណ្តាល»​។​

ចំណែក​លោក​ឧត្តម​សេនីយ៍​ទោ​ និន​ ភិរម្យ ​​ជា​អគ្គលេខាធិការ​រង​​សហព័ន្ធ​កីឡា​គុន​ខ្មែរ​បាន​ឲ្យ​ដឹង​ថា វគ្គ​បណ្តុះបណ្តាល​នេះ មាន​សិក្ខាកាម​ ​២៦ ​នាក់ ​ក្នុង​នោះ​​មាន​កម្រិត​វប្បធម៌​​ចាប់​ពី​បរិញ្ញាបត្រ ​ចំនួន ២៣ ​នាក់ ក្រៅ​ពី​នោះ​ជា​អតីត​កីឡាករ​ប្រដាល់​ល្បីៗ ​និង​ជន​បរទេស ​២ ​រូប​ផង​ដែរ​ ហើយ​ទោះ​ជា​សិក្ខាកាម​មាន​បរិញ្ញាបត្រ​ ប៉ុន្តែ​គឺ​ជា​វគ្គ​បឋម​ដែល​ការ​សិក្សា​ផ្ដោត​សំខាន់​ទៅ​លើ​បច្ចេកទេស និង​ក្រម​សីលធម៌​។

តាមរយៈ​ការ​សិក្សា​ ​២ ​ថ្ងៃ​នេះ ​ក្រុម​គ្រូ​ឧទ្ទេស​បាន​​វាយ​តម្លៃ​ថា សិក្ខាកាម​បាន​​យក​ចិត្ត​ទុក​ដាក់​ស្តាប់ និង​ធ្វើ​ការ​កត់ត្រា តាម​ដាន យ៉ាង​ម៉ឺងម៉ាត់ ដោយ​ក្នុង​នោះ សិក្ខាកាម​​មួយ​ចំនួន​ធំ មាន​សមត្ថភាព កម្រិត​វប្បធម៌​ខ្ពស់ អាច​ទទួល​យក​បាន​ចំណេះ​ដឹង​បាន​រហូត​ដល់ ៩៧ ​ភាគរយ ខណៈ​មួយ​ចំនួន​ទៀត មាន​កម្រិត​វប្បធម៌​មធ្យម អាច​ទទួល​យក​បាន ​៨៥ ​ភាគរយ។

លោក និន ភិរម្យ ​បាន​បញ្ជាក់​ថា៖ ​«លទ្ធផល​នៃ​ការ​សិក្សា​វគ្គ​នេះ តាម​ការ​ពិនិត្យ​វាយ​តម្លៃ​ឃើញ​ថា មន្រ្តី​របស់​យើង​អាច​ទទួល​យក​បាន​រហូត​ដល់ ៩៥ ភាគរយ ហើយ​​លទ្ធផល​នេះ​សហព័ន្ធ​​កីឡា​ប្រដាល់​គុន​ខ្មែរ មាន​មោទនភាព​ណាស់ ដែល​មន្ត្រី​របស់​យើង ទទួល​បាន​ការ​យល់​ដឹង​កម្រិត​ខ្ពស់​ធ្វើ​ឲ្យ​សហព័ន្ធ​យើង​មាន​ជំនឿ​ថា ឆ្នាំ ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ យើង​នឹង​អាច​មាន​មន្រ្តី​​យើង​ចូលរួម​ក្នុង​សមាសភាព​ជា​គណៈកម្មការ​អន្តរជាតិ ជាមួយ​​នឹង បណ្តា​ប្រទេស​ក្នុង​អាស៊ាន​បាន​»។

លោក​ឧត្តម​សេនីយ៍ឯក​ តែម​ ម៉ឺន​ ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​បាន​ថ្លែង​ថា​៖ ​«សិក្ខាកាម​ទាំង​អស់​ ជា​ធនធាន​មនុស្ស​ថ្មី​ ហើយ​ក្រៅ​ពី​មាន​កម្រិត​វប្បធម៌​ខ្ពស់​ ​ពួក​គេ​មាន​អាយុ ​៣៥ ​ឆ្នាំ​ចុះ ​និង​ចេះ​ភាសា​បរទេស​ ដែល​ជា​ធនធាន​មនុស្ស​សម្រាប់​ព្រឹត្តិការណ៍​ស៊ីហ្គេម​ ឆ្នាំ ​២០២៣​»។​

លោក​បាន​បន្ថែម​ថា៖ ​«ពួក​គេ​មាន​ចំណេះដឹង​ និង​មាន​កាយ​សម្បទា​ល្អ​ គឺ​ស្រប​តាម​បច្ចេកទេស​ ហើយ​យើង​ក៏​នៅ​មាន​គ្រូ​ឧទ្ទេស​ ដែល​មាន​សមត្ថភាព​យល់​ដឹង​ខ្ពស់​ផ្នែក​កីឡា ​គឺ​លោក​វេជ្ជ​បណ្ឌិត​ ឆឹង ​យ៉ៅយ៉េន​ ជា​អនុប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ ​និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា​ ដោយ​លោក​មាន​បទពិសោធ​​ផ្នែក​ចងក្រង​លក្ខខណ្ឌ​ច្បាប់​ប្រកួត​​របស់​កីឡា​គុន​ខ្មែរ​យើង​ផង​ដែរ»​៕