ភ្នំពេញ៖ ​ព្រឹត្តិការណ៍​​ប្រកួត​កីឡា​ប្រដាល់​គុន​ខ្មែរ​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ ​២០២០​ ដែល​គ្រោង​នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃទី ​១៦ ដល់​ថ្ងៃទី ២០ ​ខែ ​វិច្ឆិកា ​ឆ្នាំ ​២០២០ នេះ ត្រូវ​​បាន​ពន្យារ​ពេល ចំណែក​ការ​ប្រកួត​ប្រដាល់​ជា​លក្ខណៈ​ឯកជន​នៅ​​តាម​សង្វៀន​ទូរទស្សន៍​ប្រចាំ​សប្តាហ៍​ ត្រូវ​បាន​​ផ្អាក​ទាំង​អស់ ហើយ​ការ​ផ្អាក និង​ពន្យារ​ពេល​នៃ​ការ​ប្រកួត​នេះ គឺ​ធ្វើ​ឡើង​ទៅ​​តាម​បទ​បញ្ជា​ណែនាំ​របស់​ក្រសួង​សុខាភិបាល​​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា ដើម្បី​បង្ការ​ការ​រីក​រាលដាល​ជា​ថ្មី​នៃ​ជំងឺ​កូវីដ ​១៩។​

លោក ​តែម ​ម៉ឺន ​អគ្គលេខាធិការ​រង​ NOCC ​និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​​ប្រដាល់​គុន​ខ្មែរ​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​ថា​៖ «​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ យើង​ពន្យារពេល​សិន​ មិន​ទាន់​ហ៊ាន​កំណត់​ពេល​វេលា​បើក​ជា​ថ្មី​នៅ​ឡើយ​ទេ ​ដោយ​រង់ចាំ​ក្រសួង​ជំនាញ​ និង​បទ​បញ្ជា​ជា​ថ្មី​ពី​ថ្នាក់​លើ។​ ចំណែក​​ការ​ប្រកួត​នៅ​​ក្រៅ​ក្របខ័ណ្ឌ​របស់​​រាជរដ្ឋាភិបាល ​មាន​ដូច​ជា​ប្រដាល់​តាម​ប៉ុស្តិ៍​ទូរទស្សន៍​ឯកជន​ជាដើម​នោះ​ គឺ​បិទ​ទាំង​ស្រុង​ ដោយ​នៅ​រង់ចាំ​បទ​បញ្ជា​ថ្មី ហើយ​​យើង​នឹង​ជម្រាប​ជូន​ដំណឹង​ជា​ថ្មី​ទៀត​ថា ​នឹង​បើក​វិញ​ពេល​ណា​»។​

ជុំវិញ​ការ​ផ្អាក និង​ពន្យារពេល​ប្រកួត​ប្រដាល់​នេះ ត្រូវ​បាន​​លោក​ឧត្តមសេនីយ៍​ទោ​ និន​ ភារម្យ ​អនុ​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​បាន​ឲ្យ​ដឹង​ថា​ បាន​​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួង​ជំនាញ​ និង​ថ្នាក់​ដឹកនាំ​ ដោយ​​យោង​តាម​​លិខិត​លេខ ២២៣ ​សខល​ របស់​គណៈកម្មការ​អន្តរ​ក្រសួង​ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩​ និង​​យោង​លិខិត​លេខ ៦៣ ​អយក​.សជណ របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា ចុះ​ថ្ងៃទី​ ៨ ​ខែ ​វិច្ឆិកា ឆ្នាំ ​២០២០​ ស្តីពី​ការ​ផ្អាក​ការ​លេង​កីឡា ឬ​ហាត់​ប្រាណ​គ្រប់​ប្រភេទ ដែល​មាន​ការ​ប្រមូល​ផ្តុំ និង​ផ្អាក​ការ​ចេញ​ចូល​ក្នុង​បរិវេណ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ជា​បណ្តោះ​អាសន្ន។

ចំណែក​​ លោក​ រាជ ​សុផែន​ អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ប្រាប់​​ថា​៖ «​នៅ​សប្តាហ៍​នេះ​ សង្វៀន​ប្រកួត​តាម​ប៉ុស្តិ៍​ឯកជន​មាន​បាយ័ន​ CNC ប៉ុស្តិ៍​លេខ ​៥ PNN ​និង​​សង្វៀន​ថោន ​ព្រម​ទាំង​សង្វៀន​ឯក​ភ្នំ ​នៅ​ខេត្ត​បាត់ដំបង​ ដែល​សរុប​ចំនួន​ប្រកួត​​មិន​តិច​ជាង ​១៥ ​លើក​ ក្នុង ​១ សប្តាហ៍​នោះ​ ត្រូវ​បាន​ផ្អាក​ទាំង​ស្រុង​ គឺ​យើង​​​អនុវត្ត​តាម​បទបញ្ជា​របស់​ថ្នាក់​លើ​ ​ដើម្បី​ទប់ស្កាត់​ការពារ​ជំងឺ​​ឆ្លង​កូវីដ ​១៩»​។​​

ជាមួយ​គ្នា​នេះ លោក​ ញាន​ សុធី​ អ្នក​រៀបចំ​ការ​ប្រដាល់​ប្រចាំ​នៅ​សង្វៀន​ប៉ុស្តិ៍​លេខ ​៥ បាន​​ប្រាប់​ថា៖ ​«​កម្មវិធី​សង្វៀន​ខាង​ខ្ញុំ​ផ្អាក​សិន​ ក្នុង​សប្តាហ៍​នេះ ​ប៉ុន្តែ​នៅ​តែ​ត្រៀម​ប្រកួត ​​បើសិន​មាន​ការ​អនុញាត​ជា​ថ្មី​ពី​​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ ​ក៏​ដូចជា​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា ឬ ​ក្រសួង​សុខាភិបាល​»។​

គ្រូ​ពេទ្យ​ជំនាញ​ផ្នែក​ជំងឺ​ឆ្លង​ម្នាក់​ បាន​សាទរ​ចំពោះ​វិធានការ​ឲ្យ​ពន្យារ និង​ផ្អាក​ការ​ប្រដាល់​នេះ ដោយ​លោក​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ ដោយ​​សុំ​មិន​បញ្ចេញ​ឈ្មោះ​​ថា​ ការ​ជួប​ជុំ​ពេល​ប្រកួត​មាន​ហានិភ័យ​​ឆ្លង​ខ្ពស់​ណាស់​ គួរ​តែ​ផ្អាក​បណ្តោះ​អាសន្ន​ គឺ​ល្អ​បំផុត។ ​ចំណាត់​ការ​នេះ​ឃើញ​ថា ទទួល​បាន​លទ្ធផល​ល្អ​ ក្នុង​ការ​ការពារ​ឆ្លង​រាល​ដាល ​ប៉ុន្តែ​ការ​បាត់បង់​ប្រាក់​ចំណូល ​ឬ​តម្លៃ​ពលកម្ម​ពី​សកម្មភាព​កីឡា​ វា​ពិត​ជា​ធ្វើ​ឲ្យ​ប៉ះពាល់​ជីវភាព​មន្ត្រី​ គ្រូ​បង្វឹក​ និង​អត្តពលិក ​ដែល​ធ្វើ​ឲ្យ​ពួក​គាត់​មួយ​ចំនួន​មិន​សប្បាយ​ចិត្ត​។​ តែ​ទោះ​ជាយ៉ាង​ណា​ វា​ជា​វិធានការ​មួយ ​ដើម្បី​សុវត្ថិភាព​ទាំង​អស់​គ្នា​គួរ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​។

ប្រភព​ដដែល​នេះ​បាន​និយាយ​​បញ្ជាក់​ថា​៖ «​ខ្ញុំ​ព្រួយ​បារម្ភ​លើ​ការ​ប្រកួត​ប្រដាល់​រៀងរាល់​ចុង​សប្តាហ៍​​នៅ​​តាម​ទូរទស្សន៍​ឯកជន​ ប៉ុន្តែ​​បើ​សិន​មាន​តំណាង​ម្ចាស់​សង្វៀន​ប្រដាល់​ខ្លះ ​រត់​ការ​សុំ​បើក​ឲ្យ​ប្រកួត​វិញ​នោះ​ គឺ​លំបាក​ការពារ​ហើយ​ ​ព្រោះ​ការ​ប្រកួត​បែប​នេះ ​គឺ​ជា​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ជា​ចម្បង​ នាំ​ឲ្យ​ជួប​ហានិភ័យ​ឆ្លង​ខ្ពស់​ ដោយសារ​ជា​ជំនួប​កីឡាករ​ និង​គណៈកម្មការ​មាន​ចំនួន​ច្រើន​គ្នា​ណាស់​​»៕​