The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ប្រដាល់​បើក​វគ្គ​បច្ចេកទេស​កម្រិត​មធ្យម ដើម្បី​ពង្រឹង​គុណភាព​ការងារ

ប្រដាល់​បើក​វគ្គ​បច្ចេកទេស​កម្រិត​មធ្យម ដើម្បី​ពង្រឹង​គុណភាព​ការងារ

Content image - Phnom Penh Post
សិក្ខាកាម​ទាំង​​ ១១២​ នាក់​ដែល​បាន​ចូលរួម​នៅក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​។ រូប​សហការី

ប្រដាល់​បើក​វគ្គ​បច្ចេកទេស​កម្រិត​មធ្យម ដើម្បី​ពង្រឹង​គុណភាព​ការងារ

ភ្នំពេញៈ សិក្ខាកាម​ចំនួន​ ១១២ ​នាក់​ដែល​ភាគច្រើន​ជា​គ្រូ​ប្រដាល់ និង​មន្ត្រី​បច្ចេកទេស​របស់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ធ្លាប់​បម្រើការ​ជា​ចៅក្រម​អាជ្ញាកណ្តាល​នៅ​តាម​សង្វៀន​ប្រដាល់​ឯកជន​ព្រម​ទាំង​មាន​ពិធីករ​ផងដែរ​នោះ​ត្រូវ​បាន​សហព័ន្ធ​កោះអញ្ជើញ​ឲ្យ​មក​បំពាក់​បំប៉នបន្ថែម​នៅ​វគ្គ​បណ្ដុះបណ្ដាល ក្រមសីលធម៌ សមត្ថភាព​បច្ចេកទេស​កម្រិត​មធ្យម ដោយ​មាន​គ្រូឧទ្ទេស​ចំនួន​ ៣ ​នាក់​គឺ​លោក ឆឹង យ៉ៅយ៉េន លោក ម៉ិល កាដូ និង​លោក និន ភារម្យ​។

វគ្គ​បណ្តុះបណ្តាល​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​សាលប្រជុំ​នាយកដ្ឋាន​កីឡា​ក្នុង​ពហុកីឡដ្ឋាន​ជាតិ​នេះ​មាន​រយៈពេល​ត្រឹម​ ២ ​ថ្ងៃ​ទេ​ដោយ​បាន​ចាប់ផ្តើម កាលពី​ថ្ងៃ​ពុធ និង​បញ្ចប់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ខណៈ​ពិធីបើក​មាន​ការចូលរួម​ពី​លោក​ឧត្តមសេនីយ៍ឯក តែម ម៉ឺន អគ្គលេខាធិការរង​ NOCC និង​ជា​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ និង​លោក ហ៊ុន សាមុត ប្រធាន​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា​។

នៅក្នុង​ពិធី​បើក​នោះ​លោក តែម ម៉ឺន បាន​ថ្លែង​ថា​៖ «​នេះ​ជា​វគ្គ​ពង្រឹង​បន្ថែម​សមត្ថភាព​មួយ​ទៀត​ដល់​មន្ត្រី​នានា ដែល​កំពុង​បំពេញ​ការងារ​ជា​មន្ត្រី​បច្ចេកទេស​ជា​ចៅក្រម​អាជ្ញាកណ្ដាល​នៅ​តាម​សង្វៀន​ប្រកួត​របស់​ស្ថានីយ​ទូរទស្សន៍​នានា​ដើម្បី​ឲ្យ​ការងារ​ប្រព្រឹត្ត​ទៅ​មាន​សុក្រឹតភាព តម្លាភាព យុត្តិធម៌ នៅក្នុង​ការប្រកួត​ចៀស​ផុត​ពី​ភាពមិន​ប្រក្រតី​ណា​មួយ​កើតឡើង​»​។

លោក​បាន​បន្ត​ថា​៖ «​វគ្គ​នេះ​មិនមែន​ជា​មន្ត្រី​ថ្មី​នោះ​ទេ​គឺ​មាន​ចៅក្រម​អាជ្ញាកណ្តាល​ខ្លះ​ឆ្លងកាត់​ការងារ​នេះ​ជាង​ ១០ ​ឆ្នាំ​ក៏​មាន​ដែរ ប៉ុន្តែ​អ្នក​ដែល​មិន​បាន​ចូលរួម​ក្នុង​វគ្គ​នេះ​អាច​ប្រឈម​នឹង​ការបាត់បង់​ការងារ​នៅតាម​ស្ថានីយទូរទស្សន៍ ព្រោះ​នេះ​មិនមែន​ជា​វគ្គ​បឋម​នោះ​ឡើយ តែ​ជា​វគ្គ​កម្រិត​មធ្យម​សម្រាប់​អ្នក​ដែល​កំពុង​តែ​បំពេញ​ការងារ​ស្រាប់ ពិសេស​ពង្រឹង​សមត្ថភាព​ឡើងវិញ​ឆ្លើយតប​ទៅ​នឹង​ការងារ​បច្ចុប្បន្ន​»​។

ចំណែក​លោក​ឧត្តមសេនីយ៍ទោ និន ភារម្យ អគ្គលេខាធិការរង​សហព័ន្ធ​បាន​ទទួល​ស្គាល់​ថា មន្ត្រី​របស់​សហព័ន្ធ​បច្ចុប្បន្ន​មាន​សមត្ថភាព​មិន​ទាន់​គ្រប់​លក្ខណៈ​គឺ​សមត្ថភាព​មិន​ទាន់​ពេញលេញ​ ១០០ ​ភាគរយ​ឡើយ​។ ជាមួយ​គ្នា​នេះ​មាន​មន្ត្រី​ខ្លះ​មាន​ជំនាញ​ល្អ ប៉ុន្តែ​ធ្វើការ​ធ្វេសប្រហែស​ដោយ​ពេល​ខ្លះ​ការផ្តល់​ពិន្ទុ​សុក្រឹត និង​ពេល​ខ្លះ​មិន​ទាន់​ល្អ​ដែល​ត្រូវ​ពង្រឹង​បន្ថែម​។ ហេតុនេះ​គួរតែ​ត្រូវ​ទទួល​ការ​បំប៉នបន្ថែម​ជា​ចាំបាច់ ហើយ​វគ្គ​នេះ​ហាម​មិន​ឲ្យ​អវត្តមាន​ជា​ដាច់ខាត​។

លោក និន ភារម្យ បន្ថែម​ថា​កាលពី​ថ្ងៃទី​ ១ និង​ទី​ ២ ខែ​មិថុនា ឆ្នាំ​ ២០១៩ កន្លង​មក​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​បើក​វគ្គ​បែប​នេះ​មួយ​វគ្គ​រួចហើយ នៅ​សង្វៀន​ឯក​ភ្នំ ខេត្ត​បាត់ដំបង​ដោយ​វគ្គ​នោះ​សម្រាប់​មន្ត្រី​បច្ចេកទេស​ដែល​បម្រើការ​នៅ​សង្វៀន​ឯកភ្នំ ខេត្ត​បាត់ដំបង​ផ្ទាល់ និង​មាន​សិក្ខាកាម​ចូលរួម​ជាង​ ៣០ ​នាក់​។

ចំណែក​វគ្គ​បណ្ដុះបណ្ដាល​កម្រិត​មធ្យម​នេះ​មាន​វាគ្មិន​បន្ថែម​ដែល​មាន​បទពិសោធ​ល្អ ឡើង​ធ្វើ​បទបង្ហាញ​មាន​ដូចជា​លោក​ព្រឹទ្ធាចារ្យ ឈិត សារឹម គ្រូ​ប្រដាល់​ជើងចាស់​លោក​វេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន អនុប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ជា​អ្នកជំនាញ​ស្រាវជ្រាវ​ច្បាប់ និង​លក្ខខណ្ឌ​ការប្រកួត​ច្បាប់​កីឡា និង​លោក ហេង សុឃន អនុប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ជា​អ្នកគាំទ្រ​ជួយ​ឧបត្ថម្ភ​សហព័ន្ធ​ប្រដាល់​ច្រើន​ឆ្នាំ​កន្លង​មក​។

លោក ជួន សំណាង គ្រូ​ប្រដាល់ និង​ជា​ចៅក្រម​អាជ្ញាកណ្តាល​ម្នាក់​បាន​ចូលរៀន​វគ្គ​នេះ​និយាយ​ថា​៖ «​គោលការណ៍ ឬ​ច្បាប់​របស់​សហព័ន្ធ​ប្រដាល់ មិន​លំបាក​យល់​ទេ ប៉ុន្តែ​ពេល​អនុវត្ត​មាន​ចៅក្រម អាជ្ញាកណ្តាល​ខ្លះ មាន​ចំណេះដឹង​ល្អ​ មាន​បទពិសោធ​ច្រើន ប៉ុន្តែ​តែង​មាន​ភាពលម្អៀង ព្រោះ​ខ្ញុំ​យល់​ថា មកពី​អ្នកខ្លះ​ខ្លាច​តាម​ខ្សែ ហើយ​អ្នកខ្លះ​លម្អៀង​ដោយ​កូនសិស្ស​គ្នា​ឯង និង​អ្នក​ខ្លះ​ទៀត​លម្អៀង​ដោយ​ផលប្រយោជន៍​ណា​មួយ​ហេតុនេះ​ភាពលម្អៀង​ពេល​ខ្លះ​មិនមែន​មកពី​មិន​ចេះ​នោះ​ទេ​»​។

លោក​បន្ថែម​ថា​៖ «​នេះ​ជា​រឿង​ពិត​ដែល​ត្រូវ​អរគុណ​ដល់​សហព័ន្ធ និង​ក្រសួង​អប់រំ​ដែល​បាន​បើក​វគ្គ​ពង្រឹង​សមត្ថភាព​ឡើងវិញ ដើម្បី​ការងារ​ល្អ​ហើយ​ក្នុង​ឋានៈ​ចៅក្រម​អាជ្ញាកណ្តាល​រយៈពេល​ជាង​ ១០ ​ឆ្នាំ​មក​នេះ ខ្ញុំ​មិន​ដែល​ជាប់​ពិន័យ​នោះ​ទេ គឺ​ការងារ​ខ្ញុំ​ច្បាស់លាស់ ប៉ុន្តែ​ខ្ញុំ​មាន​ការខកចិត្ត​ខ្លះ​ដែល​សហព័ន្ធ​មើល​សមត្ថភាព​ខ្ញុំ​មិន​ឃើញ គឺ​មិន​ទាន់​បាន​ឡើង​ធ្វើ​អាជ្ញាកណ្តាល​គូ​ឯក ឬ​គូ​អន្តរជាតិ​ដែល​ខ្ញុំ​គិត​ថា ខ្ញុំ​អាច​ធ្វើ​បាន​យ៉ាង​ល្អ​»៕

អត្ថបទគួរចាប់អារម្មណ៍