ភ្នំពេញ៖ កីឡាករប្រដាល់ជម្រើសជាតិកម្ពុជាចំនួន ៦ នាក់ បានចាកចេញពីមាតុភូមិកម្ពុជា ឆ្ពោះទៅបោះជំរំហ្វឹកហាត់នៅប្រទេស ថៃ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ដើម្បីពង្រឹងសមត្ថភាពត្រៀមការប្រកួតស៊ីហ្គេមលើកទី ៣០ នៅប្រទេស ហ្វីលីពីន នាថ្ងៃទី ៣០ ខែវិច្ឆិកា ដល់ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៩។
ការបញ្ជូនអត្តពលិកទាំង ៦ នាក់ ទៅបោះជំរំហ្វឹកហាត់នៅថៃនេះ វាជាបេសកកម្មមួយបន្ថែមទៀត បន្ទាប់ពីសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានបញ្ជូនកីឡាករ កីឡាការិនីចំនួន ៣ នាក់ ទៅហ្វឹកហាត់នៅជប៉ុនកន្លងមកនេះ ដោយក្នុងនោះមាន កីឡាករ ណាត សៀកនិន ហៅ ពេជ្រ ម្ទេសខ្មាំង ព្រមទាំងកីឡាការិនី វី ស្រីខួច និងកីឡាការិនី នូវ ស្រីពៅ ដែលអ្នកទាំងនេះ សុទ្ធតែបេក្ខភាពត្រៀមប្រកួតស៊ីហ្គេមនៅហ្វីលីពីនដូចគ្នា។
លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីព្រឹកអង្គារថា៖ «អត្តពលិក ដែលត្រៀមទៅបោះជំរំហ្វឹកហាត់ក្រៅស្រុក គឺជាបទពិសោធល្អ ដែលទទួលបានបច្ចេកទេសថ្មីៗ សម្រាប់សន្សំបានកម្រិតបច្ចេកទេសកើនឡើងបន្ថែមទៀត»។
ចំពោះអត្តពលិកទាំង ៦ នាក់ ដែលត្រូវបានបញ្ជូនឲ្យទៅបោះជំរំហ្វឹកហាត់នៅប្រទេស ថៃ រយៈពលេ ២២ ថ្ងៃនេះ រួមមានកីឡាករ សៅ រង្សី ទម្ងន់ ៤៩ គីឡូក្រាម កីឡាករ បាំង ណុន ទម្ងន់ ៥២ គីឡូក្រាម កីឡាករ ស៊ឹម វិសិដ្ឋ ទម្ងន់ ៦០ គីឡូក្រាម កីឡាករ យ៉ុន ដារ័ត្ន ទម្ងន់ ៦៤ គីឡូក្រាម កីឡាករ ស៊ីវ សុងម៉េង ទម្ងន់ ៨១ គីឡូក្រាម និងកីឡាករ វី សុភ័ស្ស។
លោក ប៊ុយ សុភ័ណ្ឌ បានបញ្ជាក់ថា៖ «ការចេញទៅបោះជំរំនៅប្រទេស ថៃ នេះ គឺក្រុមអត្តពលិករបស់យើង នឹងធ្វើការហ្វឹកហាត់រួមគ្នាជាមួយក្រុមជម្រើសជាតិមកពីប្រទេស វៀតណាម និងថៃ ដើម្បីពង្រឹងសមត្ថភាព និងត្រៀមចូលរួមការប្រកួតក្នុងស៊ីហ្គេមនៅប្រទេស ហ្វីលីពីន ចុងឆ្នាំ ២០១៩ នេះ ដូចគ្នា»។
ចំណែកលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន ប្រធានប្រដាល់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានឲ្យដឹងថា៖ «ក្នុងឆ្នាំ ២០១៩ នេះ សហព័ន្ធបានស្វះស្វែងរកដៃគូសហប្រតិបត្តការ ក្នុងការបញ្ជូនអត្តពលិកឲ្យចេញទៅហ្វឹកហាត់ និងប្រកួតបានច្រើន ដើម្បីពង្រឹងសមត្ថភាពអត្តពលិកយើងឲ្យបានល្អ»។
លោកបានបន្ថែមថា៖ «ការខិតខំប្រឹងប្រែងរបស់សហព័ន្ធ ពិសេសលោកអគ្គលេខាធិការ ប៊ុយ សុភ័ណ្ឌ នៅលើឆាកអន្តរជាតិ បានធ្វើឲ្យសកម្មភាពប្រដាល់សកលមានសកម្មភាពច្រើននៅលើអន្តរជាតិ ហើយជាមួយគ្នានេះ ក្តីរំពឹងរបស់យើងក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ ២០១៩ នេះនៅហ្វីលីពីន គឺនឹងទទួលបានលទ្ធផលល្អ មិនឲ្យខកបំណងនោះឡើយ»។
លោក ជ័យ តារា គ្រូជំនួយក្រុមជម្រើសជាតិដែលដឹកនាំក្រុមអត្តពលិកចេញទៅឲ្យដឹងថា៖ «យើងបានចាកចេញពីព្រលឹម ថ្ងៃទី ៥ ខែវិច្ឆិកា តាមរថយន្តក្រុងឆ្ពោះទៅប្រទេស ថៃ ហើយកម្មវិធីហ្វឹកហាត់ និងប្រកួតដកស្រង់បច្ចេកទេស គឺរួមគ្នារយៈពេលជាង ២០ ថ្ងៃ ទើបត្រឡប់មកវិញ»៕