The Phnom Penh Post Search

Search form

ប្រដាល់សកល​ជ្រើសគ្រូ និង​កីឡាករ​សម្រាប់​ថ្នាក់ថ្នាល

Content image - Phnom Penh Post
លោក​អាត សំរិទ្ធ (កណ្តាល ស្តាំ) និង​ឡុង ស៊ីលីន បង្ហាញខ្លួន​ពេល​ជាប់ឆ្នោត។ យឺន ពន្លក

ប្រដាល់សកល​ជ្រើសគ្រូ និង​កីឡាករ​សម្រាប់​ថ្នាក់ថ្នាល

ភ្នំពេញ: កាលពី​ព្រឹក​ថ្ងៃចន្ទ​ម្សិលមិញ សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា បានរៀបចំ​ការបោះឆ្នោត​ជ្រើសរើស​គ្រូបង្វឹក​គ្រូបង្វឹក ២ រូប និង​កីឡាករ​វ័យក្មេង​មាន​អាយុ ១៣ ឆ្នាំ ដល់ ១៧ ឆ្នាំ ដើម្បី​ឲ្យបាន​ចូល​ហ្វឹកហាត់​កម្រិត​ថ្នាក់ថ្នាល​នៅ​មជ្ឈមណ្ឌល​កីឡា​អរុណរះ ខេត្ត​កណ្តាល​សម្រាប់​ត្រៀម​ក្នុង​ព្រឹត្តិការណ៍​កីឡាឆ្នាំ ២០១៧ រហូតដល់​ឆ្នាំ ២០២៣។

ការជ្រើសរើស​នេះ​ត្រូវបាន​ធ្វើឡើង​តាម​គោលការណ៍ ៤ ចំណុច​របស់​ក្រសួង​អប់រំ យុវជន និងកីឡា ស្តីពី​ការជ្រើសរើស​កីឡាករ-គ្រូបង្វឹក ដើម្បី​ប្រមូលផ្តុំ​ហ្វឹកហាត់​ថ្នាក់ថ្នាល​ត្រៀម​ក្នុងព្រឹត្តិការណ៍​ជាតិ និង​ស៊ីហ្គេម​ឆ្នាំ ២០២៣ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​នោះ។

ចំពោះ​លទ្ធផល​បោះឆ្នោត​ក្នុង​លក្ខណៈ​តម្លាភាព​ចំនួន ៣ ដំណាក់កាល ទីបំផុត លោក​អាត សំរិទ្ធ និង​លោក​ឡុង ស៊ីលីន បាន​ជាប់ឆ្នោត ក្រោយពី​លោក ស៊ីលីន និង​លោកហ៊ិន សៃហេង បានទទួល​លទ្ធផល​ឆ្នោត​ស្មើគ្នា រហូតត្រូវ​កាត់សេចក្តី​ចុងក្រោយ​ក្នុងដំណាក់កាលទី ៣ មុននឹង​លោក​ឡុង ស៊ីលីន ឈ្នះមួយ​សំឡេង​ដើម្បី​ឡើង​ទៅជាគ្រូ​ជំនួយ​របស់​លោក​អាត សំរិទ្ធ។

បេក្ខភាព​គ្រូបង្វឹក​ឈរឈ្មោះ​សម្រាប់​តំណែង​នេះមាន​ចំនួន ១០ នាក់ ដោយការ​បោះឆ្នោត​ដំណាក់កាល​ទីមួយ ត្រូវបាន​រៀបចំឡើង​ដើម្បី​ជ្រើស​រើសយក​គ្រូចំនួន ៥ នាក់ រួមមាន​លោកអាត សំរិទ្ធ លោក​ឡុង ស៊ីលីន លោក​តឹក ឡៃ លោកហ៊ិន សៃហេង និង​លោករ័ត្ន សត្តា។

ជម្រើស​បន្ទាប់​ចំនួន ២ នាក់ បាន​ទៅលើ​លោក​អាត សំរិទ្ធ ដែលមាន​សំឡេង​គាំទ្រ​ខ្ពស់​ជាងគេ ខណៈដែល​បេក្ខភាព​ពីរនាក់​ទៀត​រវាង​ឡុង ស៊ីលីន និង​ហ៊ិន សៃហេង មាន​សំឡេង​ស្មើគ្នា ដើម្បី​នាំឲ្យ​ការបន្ត​នីតិវិធី​បោះឆ្នោត​ជា​លើកទី ៣ ហើយ​ជាលទ្ធផល លោក​ឡុង ស៊ីលីន បាន​ជាប់ឆ្នោត​តែម្តង។

ជាមួយគ្នា​នោះ កីឡករ​វ័យក្មេង​ចំនួន ១២ នាក់​ក្នុងចំណោម ២៤ នាក់​ត្រូវបាន​ជម្រើស​តាមការ​វាយតម្លៃ​ពីគ្រូបង្វឹក​ជម្រើសជាតិ។ កីឡាករ ១២ នាក់​ដែល​ជាប់​ជាស្ថាពរ​នោះ​មានឈ្មោះ​អ៊ី ម៉ារីន​ភូថង, ពេជ្រ រិទ្ធិ​នាគ, ថង ធារ៉ា, សៅ រង្សី, ដែន រ៉ាឌូ, ពេញ វ៉ាន់ថន, បាំង កាណុន, លី ហ៊ាង, គន រិទ្ធី, សុខុន រីហ្គេន, ផល តារា និង​យីន រ៉ូយ៉ាល់។

លោកម៉ិល កាដូ អគ្គលេខាធិការ​សហព័ន្ធ​កីឡាប្រដាល់​ដែលជា​សមាជិក​ប្រតិបត្តិ​ជ្រើសរើស​ឲ្យ​ដឹងថា៖ «ការជ្រើសរើស​នេះ​ធ្វើឡើង​តាម​គោលការណ៍​ក្រសួង​ដែល​កំណត់ ក្នុងនោះ​គ្រូបង្វឹក​មាន​លក្ខខណ្ឌ ៤ យ៉ាង​គឺទី ១ ធ្លាប់​បង្វឹក​កីឡាករ​ទទួលបាន​ចំណាត់ថ្នាក់​ល្អ ទី ២មាន​បទពិសោធ និង​ពេលវេលា​គ្រប់គ្រាន់ ទី ៣ មាន​សីលធម៌​ល្អ និងទី ៤ មាន​លិខិតបញ្ជាក់​ពីសុខភាពល្អ»។

ចំណែក​កីឡាករ​វ័យក្មេង​ត្រូវមាន​អាយុ ១៣ ដល់ ១៧ ឆ្នាំ និង​ធ្លាប់មាន​ចំណាត់ថ្នាក់​ល្អ​ក្នុងការ​ប្រកួត​កន្លងមក មាន​សក្តានុពល​ល្អ មាន​សីលធម៌​ល្អ មានឆន្ទៈ​ចង់ហាត់ និង​សុខភាពល្អ ផងដែរ។ លោក​ម៉ិល កាដូ បាន​បញ្ជាក់ថា៖ «កីឡាករ​ដែល​បាន​ចូលហាត់​ក្នុង​មជ្ឈមណ្ឌល​នេះ​ទទួលបាន​របប​អាហារ​ប្រចាំថ្ងៃ និង​ការសិក្សា​ផ្ទាល់​នៅនឹង​កន្លែង។ ចំណែក​គ្រូបង្វឹក​ទទួលបាន​ថវិកា​ប្រចាំខែ និង​ប្រាក់​របប​អាហារ​ប្រចាំថ្ងៃ»។

លោក​តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា បានឲ្យ​ដឹងថា៖ «ការជ្រើសរើស​នេះមាន​តម្លាភាព មិន​ប្រកាន់​បក្ខពួក ពោលគឺ​ធ្វើឡើង​ដើម្បី​ជាតិ មុននឹង​ព្រឹត្តិការណ៍ National Games និង​ស៊ីហ្គេម​លើក ៣២ ក្នុងឆ្នាំ ២០២៣ ខាងមុខ​ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ»៕

អត្ថបទគួរចាប់អារម្មណ៍

  • គម្រោង​ធំៗ​ជាច្រើន​អាច​នឹង​លេច​ឡើង​នៅ​តាម​មាត់ទន្លេ

    ក្រុមហ៊ុន​អភិវឌ្ឍន៍​ដ៏ធំ​មួយ​របស់​ចិន​មាន​ប្លង់​រចនា​ក្នុង​ការ​អភិវឌ្ឍ​នៅ​តាម​បណ្តោយ​ឆ្នេរ​ទន្លេ​ដែល​គម្រោង​នោះ​រួម​មាន​ខុនដូ​ប្រណីត អគារ​ការិយាល័យ ខណៈ​បច្ចុប្បន្ន​ទីតាំង​នោះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​កំពង់ផែ​ស្វយ័ត​រាជធានី​ភ្នំពេញ​។

  • ស្ថាបត្យកម្ម និង​វិចិត្រសិល្បៈ គឺ​មិន​អាច​ញែក​ដាច់​ពី​គ្នា​បាន​ឡើយ

    នៅក្នុង​បន្ទប់​សិក្សា​ក្នុង​ផ្ទះ​ធំ​មួយ​នៅ​តាម​មាត់ទន្លេ​ក្នុង​រាជធានី​ភ្នំពេញ លោក ថាង សុធា វ័យ​ ៣៥ ​ឆ្នាំ​កំពុង​ពិនិត្យ​មើល​ប្លង់​រចនា 3D របស់​បន្ទប់​គេង​នៃ​អាផាតមិន​មួយ​ដែល​ជា​ផ្នែក​នៃ​គម្រោង​កែលម្អ​ចុងក្រោយ​បំផុត​ដែល​លោក​បាន​ចូលរួម​ធ្វើ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន នៅ​លើ MacBook ដើម្បី​បំផុស​គំនិត​សម្រាប់​ការងារ​នាពេល​អនាគត​។

  • ត្រី​ចិញ្ចឹម​ប្រមាណ​ ១២ ​តោន​ងាប់​ដោយ​កម្ដៅ​ពេល​ទឹក​ស្រក

    កំពង់ឆ្នាំងៈ យ៉ាង​ហោចណាស់​ត្រី​ចិញ្ចឹម​តាម​ដង​ទន្លេ​ស្ថិត​ក្នុង​សង្កាត់​ខ្សាម និង​ផ្សារឆ្នាំង ខេត្ត​កំពង់ឆ្នាំង​ប្រមាណ​ជា​ ១២ ​ពាន់​គីឡួ​បាន​ងាប់​ក្នុង​រយៈពេល​ ៣ ​ថ្ងៃ ព្រោះ​តែ​ទឹក​បាន​ស្រក​ចុះ​ជា​គំហុក និង​ក្ដៅ​ខ្លាំង​។ នេះ​បើ​យោង​តាម​ការរៀបរាប់​របស់​ប្រជានេសាទ​ក្នុង​តំបន់​នោះ​ដែល​មាន​ប្រមាណ​ជា​ ៧០ ​គ្រួសារ​។

  • ព្រះរាជអាជ្ញា​ភ្ជាប់​រឿង​ហិង្សា​នៅ​ស្ពាន​នាគ​ជា​ចលនា​បដិវត្តន៍​ពណ៌

    ភ្នំពេញៈ សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​បញ្ចប់​សវនការ​ជំនុំជម្រះ​សំណុំ​រឿង​ហិង្សា​នៅ​ស្ពាន​នាគ​កាលពី​ខែ​កក្កដា ឆ្នាំ ២០១៤ ដោយ​ព្រះរាជអាជ្ញា និង​មេធាវី​ការពារ​ដើមបណ្ដឹង​សម្រេច​ភា្ជប់​ករណី​ហិង្សា​នោះ​ទៅ​នឹង​បដិវត្តន៍​ពណ៌ បន្ទាប់ពី​សវនការ​រយៈពេល​ ៣ ​ថ្ងៃ​ជាប់ៗ​គ្នា​។ ទោះ​ជា​យ៉ាងណា​ក៏ដោយ​ភាគី​ជនរងគ្រោះ​ថា​គ្មាន​អំពើ​កុបកម្ម​កើតឡើង​ទេ​ និង​ស្នើ​ដល់​តុលាការ​ឲ្យ​ដោះលែង​ពួកគេ​។