ភ្នំពេញ៖ ស្រប​ពេល​ដែល​ការ​ប្រមូល​ផ្តុំ​គ្រប់​ប្រភេទ​កីឡា​ត្រូវ​បាន​ផ្អាក ហើយ​សកម្មភាព​កីឡា​នានា មិន​អាច​រៀបចំ​បាន​ដោយសារ​តែ​វិបត្តិ​នៃ​ជំងឺ​កូវីដ ​១៩ ​នោះ សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​កីឡាករ​ កីឡាការិនី​​របស់​ខ្លួន​អាច​​​ចូល​ប្រកួត​​គុន​ខ្មែរ​បាន ព្រោះ​នៅ​ពេល​នេះ មាន​តែ​ប្រដាល់​គុន​ខ្មែរ​មួយ​ទេ​ត្រូវ​បាន​រាជ​រដ្ឋាភិបាល ​និង​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ អនុញ្ញាត​​ឲ្យ​ប្រកួត​ជា​លក្ខណៈ​បិទ​ទ្វារ គ្មាន​អ្នក​ទស្សនា។

យ៉ាង​ណា​ក៏​ដោយ មន្ត្រី​បច្ចេកទេស​កីឡា​ប្រដាល់​សកល​កម្ពុជា​បាន​អះអាង​ថា ​នេះ​គ្រាន់​តែ​ជា​ដំណោះ​ស្រាយ​បណ្តោះ​អាសន្ន​ប៉ុណ្ណោះ​ ប៉ុន្តែ​ការ​ត្រៀម​សម្រាប់​ការ​ហ្វឹកហាត់​ ឬ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ ឬ​ប្រកួត​ជម្រើស​ជើង​ឯក​ជាតិ​ប្រចាំ​ឆ្នាំ ​២០២០ ​យើង​នឹង​ចាប់​ផ្តើម​ឡើង​វិញ​ភ្លាម ​បើ​សិន​ជា​ស្ថានភាព​ជាក់​ស្តែង​នៃ​វីរុស​កូរ៉ូណា​បាន​ស្ងប់ស្ងាត់ ​ឬ​ក្រសួង​ខាង​សុខាភិបាល​គ្រប់គ្រង​បាន​។​

លោក​ ប៊ុយ​ សុភ័ណ្ឌ ​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា​បាន​ប្រាប់​ថា៖ ​សម្ដេច​តេជោ​ ហ៊ុន សែន​ បាន​ប្រកាស​បើក​ការ​ប្រកួត​គុន​ខ្មែរ​នៅ​តាម​ស្ថានីយ​ជា​ធម្មតា​ឡើង​វិញ ​ដោយ​គ្មាន​អ្នក​ទស្សនា​ផ្ទាល់ ដើម្បី​ទាញ​យក​ប្រយោជន៍​សម្រាប់​អត្តពលិក​គុន​ខ្មែរ ​អ៊ីចឹង​ហើយ​​សហព័ន្ធ​ប្រដាល់​សកល​នឹង​ជំរុញ​​ឲ្យ​​ពួក​គាត់​ចូល​រួម​ប្រកួត​នៅ​​ស្ថានីយ​ដែរ ​ដោយ​ប្តូរ​ទៅ​ប្រកួត​គុន​ខ្មែរ​វិញ​ ​ដើម្បី​ឲ្យ​​ពួក​គាត់​បាន​ហ្វឹកហាត់​ជាប់​លាប់ មាន​ទីផ្សារ​ប្រកួត​ ក៏​ដូច​ជា​ប្រកួត​ឲ្យ​​រាង​កាយ​រស់​រវើក​ គឺ​ប្រសើរ​ជាង​យើង​ឲ្យ​​ហ្វឹកហាត់​រួច​នៅ​ស្ងៀម​នោះ​»។​

លោក​បន្ត​ថា៖ ​«ជា​គោល​ការណ៍​ អត្តពលិក​ប្រដាល់​សកល​ មិន​អនុញ្ញាត​ឲ្យ​ទៅ​ប្រកួត​គុន​ខ្មែរ​ទេ​ ​ព្រោះ​សហព័ន្ធ​ខុស​គ្នា​ លក្ខខណ្ឌ​ប្រកួត​ខុស​គ្នា ដែល​អាច​ធ្វើ​ឲ្យ​អត្តពលិក​ចេញ​ប្រកួត​​នៅ​លើ​ឆាក​អន្តរជាតិ​ភាន់ច្រឡំ និង​ខុស​បច្ចេកទេស​ដែល​ងាយ​នឹង​ទទួល​បាន​ចាញ់​ ដោយ​គេ​ចាប់​កំហុស ​គឺ​ខុស​បច្ចេកទេស​ដោយ​អចេតនា​ ​ប៉ុន្តែ​ក្នុង​កាលៈទេសៈ​មាន​វិបត្តិ​ជំងឺ​​កូវីដ ​១៩ នេះ ​យើង​ត្រូវ​តែ​អនុញ្ញាត​ជា​លក្ខណៈ​បណ្តោះ​អាសន្ន​ ដើម្បី​កុំ​ឲ្យ​ងាប់​សាច់​ដុំ ​ឬ​ហ្វឹកហាត់​ដោយ​គ្មាន​ការ​ប្រកួត​សោះ ព្រោះ​គ្មាន​ការ​ប្រកួត ​គឺ​គ្មាន​អ្វី​វាស់​ស្ទង់​សមត្ថភាព​ឡើយ ដ្បិត​អី​គ្មាន​សង្វៀន​ណា​ទទួល​ការ​ប្រកួត​ប្រដាល់​សកល​នោះ​ទេ»។

ទាក់ទង​ទៅ​នឹង​ផែនការ​ប្រចាំ​ឆ្នាំ​ ជាមួយ​ដៃ​គូ​ក្នុង​ និង​ក្រៅ​ប្រទេស​ លោក ប៊ុយ សុភ័ណ្ឌ បាន​​បង្ហើប​ថា ​ផែនការ​ចាស់​ប្រចាំ​ឆ្នាំ ២០២០​ អាច​នឹង​ទៅ​រួច​ ​ព្រោះ​ថា​ការ​ព្យាករ​ថា មេរោគ​កូវីដ ​១៩​ អាច​នឹង​ស្ងប់ស្ងាត់​ ហើយ​ក្នុង​អំឡុង​ខែ​សីហា​ ឬ​ខែ​កញ្ញា ​យើង​នៅ​តែ​ត្រៀម​​ធ្វើ​ការ​ប្រកួត​ជើង​ឯក​ជាតិ​ប្រចាំ​ឆ្នាំ។ ចំណែក​ផែនការ​បញ្ជូន​អត្តពលិក​ជាង ​១០ នាក់​ទៅ​ហាត់​នៅ​​ប្រទេស ​ចិន ​និង​ប្រទេស ​គុយបា ​អាច​នឹង​ទៅ​រួច​ក្នុង​ចុង​ឆ្នាំ ​២០២០​ ខណៈ​ដែល​ការ​ព្យាករ​ថា មេរោគ​ឆ្លង​នេះ​អាច​នឹង​ថមថយ​ទៅ​វិញ​។​

លោក​អគ្គលេខាធិការ​បាន​ប្រាប់​ទៀត​ថា៖ ​«ចំពោះ​មូលហេតុ​​លើក​ទឹក​ចិត្ត​ឲ្យ​​អត្តពលិក​ប្រដាល់​សកល​ ទៅ​ប្រកួត​គុន​ខ្មែរ​ជា​បណ្តោះ​អាសន្ន​នេះ ដោយសារ​ទីផ្សារ​ប្រកួត​ក្នុង​ស្រុក​នៅ​ប្រទេស​យើង​បច្ចុប្បន្ន​ គឺ​ខាង​ស្ពនស័រ ​គេ​និយម​តែ​ប្រដាល់​គុន​ខ្មែរ ​ហេតុ​នេះ​យើង​ត្រូវ​តែ​សម្រប​សម្រួល​ទៅ​តាម​ស្ថានភាព​ជាក់​ស្តែង​ជា​បណ្តោះ​អាសន្ន​ ព្រោះ​មាន​ផល​ប្រយោជ​ន៍​ខ្លះ​ដែរ ​សម្រាប់​អត្តពលិក​ប្រដាល់​សកល»​។​

ចំណែក​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា​ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ ឆឹង យ៉ៅយ៉េន ​ធ្លាប់​មាន​ប្រសាសន៍​ពាក់ព័ន្ធ​​ទៅ​នឹង​បញ្ហា​ខាង​លើ​នេះ​ថា​៖ «​កន្លង​មក​សហព័ន្ធ​​ប្រដាល់​សកល​ក៏​ធ្លាប់​​ស្នើ​ទៅ​ដល់​បណ្ដា​ស្ថានីយ​ទូរទស្សន៍​មួយ​ចំនួន​ឲ្យ​គេ​ជួយ​ដាក់​ប្រដាល់​សកល​ក្នុង ​១ ​សប្ដាហ៍​ បាន ​១ ​ឬ ២ ​គូ ​នៅ​ក្នុង​កម្មវិធី​ប្រកួត​របស់​ពួក​គេ​ដែរ ​ប៉ុន្តែ​សំណើ​របស់​យើង​គ្មាន​នរណា​ចាប់​អារម្មណ៍​​ ​ព្រោះ​ប្រដាល់​សកល​ប្រកួត​មិន​សូវ​ទាក់ទាញ​ដូច​គុន​ខ្មែរ»​៕