ភ្នំពេញៈ ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ លោក តែម ម៉ឺន និង​លោក ឆឹង យ៉ៅ​យ៉េន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា បាន​ប្តេជ្ញា​សហការ​គ្នា ធ្វើ​កំណែ​ទម្រង់ ដឹកនាំ​ការ​ប្រកួត​ឲ្យ​បាន​ល្អ ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ ឆ្នាំ ២០១៨ ដែល​តាម​ការ​គ្រោង​ទុក​នឹង​ប្រកួត​ចាប់​ពី​ថ្ងៃ​ទី ៣០ ខែ ឧសភា នេះ ដល់​ថ្ងៃ​ទី ៤ ខែ​មិថុនា នៅ​ពហុ​កីឡដ្ឋាន​មរតក​តេជោ។

លោក​តែម ម៉ឺន បាន​ថ្លែង ក្នុង​កិច្ចប្រជុំ​បច្ចេកទេស​ផ្គូផ្គង​ចាប់​គូប្រកួត ជាមួយ​ប្រធាន​ប្រតិភូ​តំណាង​ឲ្យ​ខេត្ត-រាជធានី កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ថា៖ «ការ​ចាប់​គូ,ថ្លឹង​ទម្ងន់,ពិនិត្យ​សុខភាព និង​បច្ចេកទេស​កាត់​សេចក្តី​ពេល​ប្រកួត គឺ​ត្រូវ​ធ្វើ​ដោយ​តម្លាភាព​យុត្តិធម៌ ហើយ​កំណែរ​ទម្រង់​នេះ ដើម្បី​កីឡា​ជាតិ​ទាំង​មូល ឆ្ពោះ​ទៅ​ការ​រៀបចំ​ស៊ីហ្គេម ឆ្នាំ ២០២៣ ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ»។

លោក តែម ម៉ឺន បន្ថែមថា ការប្រកួត​កីឡា​ជាតិ លើក​ទី២នេះ កីឡា​គុន​ខ្មែរ​មាន​ប្រតិភូ​ចូលរួម ១៤ ស្ថាប័ន មក​ពី​ខេត្ត និង​រាជ-ធានី​ចំនួន ១២ រួម​ទាំង​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការពារ​ជាតិ ដោយ​មាន​កីឡាករ​សរុប ៩១ នាក់ គណៈកម្មការ ៤០ នាក់ ប្រតិភូ និង​គ្រូបង្វឹក ២៨ នាក់។ រីឯ​ការ​ប្រកួត​មាន ៨ ប្រភេទ​ទម្ងន់​គឺ ៤៩,៥១, ៥៤, ៥៧, ៦០, ៦៣, ៦៧ និង ៧១ គ.ក្រ។

លោក តែម ម៉ឺន បាន​បញ្ជាក់ថា៖ «ទោះបីជា​សហព័ន្ធ​កីឡា​ប្រដាល់សកល និង​គុន​ខ្មែរ នៅ​ដាច់​ពី​គ្នា ប៉ុន្តែ​យើង​នៅ​តែ​សហការ​គ្នា ក្នុង​ការ​រៀបចំ​ការ​ប្រកួត​ឲ្យ​បាន​ល្អ ព្រោះ​មន្ត្រី​បច្ចេកទេស​ទាំង​នេះ ក៏​ធ្លាប់​នៅ​ធ្វើ​ការ​រួម​ជាមួយគ្នា​ដែរ ពិសេស​កីឡាករ​ខ្លះ បាន​ប្តូរ​ពី​ប្រដាល់​គុន​ខ្មែរ ទៅ​ប្រដាល់​សកល ក៏មាន​ច្រើន​ដែរ ដោយសារ​តែ​ការ​បែង​ចែក​ទម្ងន់ បាន​តែ​ម្នាក់ ក្នុង​មួយ​ប្រភេទ​ទម្ងន់ ហើយ​មាន​តែ ៨ ប្រភេទ​ទម្ងន់​ប៉ុណ្ណោះ»។

ចំណែក​លោក ឆឹង យ៉ៅ​យ៉េន បាន​ថ្លែងថា ចំពោះ​ប្រដាល់សកល មាន​កីឡាករ​សរុប ៧០ នាក់ មក​ពី​ខេត្ត-រាជធានី​ចំនួន ១០ រួមទាំង​ក្រសួង​ការពារ​ជាតិ និង​ក្រសួង​មហាផ្ទៃ ហើយ​មាន​គណៈកម្មការ​បច្ចេកទេស​ចំនួន ៤០ នាក់ ប្រតិភូ និង​គ្រូបង្វឹក ២៤ នាក់។ រីឯ​ប្រភេទ​ទម្ងន់​ប្រកួត​មាន ៨ គឺ ៤៩, ៥២, ៥៦, ៦០,៦៤, ៦៧,៧៥,និង ៨១ គីឡូក្រាម ដែល ១ ប្រភេទ​ទម្ងន់​មាន​មេដាយ​មាស ១ ប្រាក់ ១ និង​សំរឹទ្ធ ២ ដូច​ប្រដាល់​គុនខ្មែរ​ដែរ។

ទាក់ទង​ទៅនឹង​បទបញ្ជា និង​លក្ខ​ខ័​ណ្ឌ​ប្រកួត លោក ឆឹង យ៉ៅ​យ៉េន ដែលជា​អនុប្រធាន​សហព័ន្ធ​កីឡា​គុន​ខ្មែរ ទទួល​បន្ទុក​បច្ចេកទេស​ផង​នោះ បាន​និយាយ​ថា៖ «ប្រតិភូ​ដឹកនាំ អាច​តវ៉ា​ពី​លទ្ធផល​ប្រកួត​បាន ដោយ​បង់​ប្រាក់​ចំនួន ១០ ម៉ឺន​រៀល​ក្នុង​ការ​តវ៉ា ក្នុង ១ ករណី​បន្ទាប់​ពី​គណៈ​កម្មការ​បច្ចេកទេស​ប្រកាស​លទ្ធផល​ជា​ផ្លូវការ​ភ្លាមៗ គឺ​អនុវត្ត​តាម​ច្បាប់​ទាំង​អស់ ហើយ​ប្រតិភូ​នីមួយៗ ដែល​តាម​ដាន​ការ​ប្រកួត​របស់​កីឡាករ​ខ្លូន អាច​ថត​សកម្មភាព​ប្រកួត​បាន ដើម្បី​ទុក​ជា​ឯកសារ ឬ​ភ័ស្តុតាង»។

លោក ម៉ិ​ល កាដូ អគ្គនាយករង​កីឡា និង​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ បាន​និយាយ​ថា៖ «សុំ​ឲ្យ​ប្រធាន​ប្រតិភូ​នីមួយៗ មេត្តា​រក្សា​នូវ មិត្តភាព សាមគ្គីភាព យោគ​យល់​គ្នា ក្នុង​គ្រួសារ​កីឡា​ប្រដាល់ ហើយ​បើ​មាន​ករណី​ណា មិន​សមរម្យ​មិន​ពេញ​ចិត្ត​យ៉ាង​ណា​នោះ គឺ​សុំ​ឲ្យ​មាន​ការ​តវ៉ា តាម​ឋានានុ​ក្រម មិន​ត្រូវ​រំលង​ទេ គឺ​គណៈកម្មការ និង​ដោះ​ស្រាយ​ជូន​ទៅ​តាម​ច្បាប់។ ចំពោះ​ករណី​កីឡាករ បាន​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ហើយ តែ​អវត្តមាន ដោយ​គ្មាន​មូលហេតុ​នោះ សាមី​ខ្លួន គ្រូបង្វឹក ព្រមទាំង​ក្លិប ឬ​សមាគម ជា​ប្រតិភូ​នោះ នឹង​ទទួល​ខុស​ត្រូវ​ចំពោះមុខ​ច្បាប់»។

បន្ថែម​លើ​នេះ លោក តែម ម៉ឺន បាន​សង្កត់ធ្ងន់​ថា៖ «ចំពោះ​កីឡាករ ឬ​មន្ត្រី​បច្ចេកទេស​ដែល​អវត្តមាន ក្នុង​ការ​ប្រកួត​ថ្នាក់​ជាតិ​ដ៏​ធំ​នេះ សហព័ន្ធ នឹង​មាន​វិធានការ​ដាក់​ពិន័យ​ឲ្យ​បាន​សមរម្យ តាម​ការ​ស្នើ​សុំ​របស់​សមាគម ឬ​ប្រតិភូ ដែល​បាន​ស្នើសុំ ដើម្បី​កុំ​ឲ្យ​ពួកគេ​រួចខ្លួន​ហើយ​ទៅ​ប្រកួត​នៅ​សង្វៀន​ឯកជន​បាន»។

ទោះបីយ៉ាងណា​សម្រាប់​ការចាប់​គូ​ថ្លឹង​ទម្ងន់ នៅ​ថ្ងៃ​ដំបូង កាលពី​ម្សិលមិញ មាន​ប្រតិកម្ម​ពី​អ្នកស្រី ឡុង រ៉ាវី ប្រធាន​ក្លិប​ខ្លារខិន​មានរិទ្ធ ប្តឹង​ជំទាស់​ចំពោះ​វត្តមាន​កីឡាករ ធូ សេងថៃ ដែល​ធ្លាប់​នៅ​ក្នុង​ក្លិប​របស់​អ្នកស្រី ហើយ​ត្រូវ​បាន​ឃើញ​ទៅ​ចុះ​ឈ្មោះ​ប្រកួត​ឲ្យ​រាជធានី​ភ្នំពេញ ដោយ​ដូ​ឈ្មោះ​ទៅ​ជា​កីឡាករ ពេញ វិច្ឆិកា ប្រកួត​សកល។ អ្នកស្រី ឡុង រ៉ាវី បាន​បង្ហាញ​ឯកសារ មាន​សៀវភៅ​ប្រកួត​របស់​កីឡាករ​នេះ ដោយ​មាន​ចុះ​ហត្ថលេខា​លោក តែម ម៉ឺន កាល​ពី​នៅ​ជាមួយ​គាត់។

លោក ម៉ិ​ល កាដូ ដែលជា​មន្ត្រីជាន់ខ្ពស់​ទ​ទួល​ផ្នែក​ប្រដាល់​នេះ បាន​បិទ​ទូរស័ព្ទ​ភ្លាម​គេច​ពី​ការ​ទទួល​ខុស​ត្រូវ ខណៈ​ដែល​ភ្នំពេញ ប៉ុស្តិ៍​បាន​សួរ​ពី​បញ្ហា​កីឡាករ​ប្តូរ ឈ្មោះ និង​ប្តូរ​ក្លិប​មិន​គោរព​ច្បាប់ ដូច​ករណី​កីឡាករ ពេញ វិច្ឆិកា នេះ ដោយ​លោក​បញ្ជាក់​ថា «សូម​កុំ​ឡូកឡំ​នឹង​ការ​ប្រកួត​ថ្នាក់ជា​តិ ជាមួយ​សហព័ន្ធ ហើយ​ទូរស័ព្ទ​ក៏ត្រូវ​ផ្តាច់»។

តាម​រូបមន្ត​ប្រកួត គឺ​មន្ត្រី​បច្ចេកទេស​បាន​ចាប់​គូ​រួចហើយ ក្នុងនោះ​ឲ្យ​កីឡាករ ពេញ វិច្ឆិកា នេះ​ប្រកួត​ជាមួយ​កីឡាករ ឌុល មូសា ក្នុង​ទម្ងន់ ៧៥ គីឡូក្រាម ផ្នែក​ប្រដាល់​សកល​ហើយ​អ្នក​ស្រី ឡុង រ៉ាវី កំពុង​ស្វែង​រក​ដាក់​ពាក្យ​ប្តឹង​ទៅ​ថ្នាក់​លើ​បន្ត ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​គាត់៕