ភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ដែលធ្លាក់ចុះនូវជយលាភីមេដាយនៅស៊ីហ្គេម ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែលោកអគ្គលេខាធិការសហព័ន្ធថ្មី លោក ប៊ុយ សុភ័ណ្ឌ ដែលមានជំនាញច្បាប់កីឡានៅតែចិញ្ចឹមចិត្តដាក់គោលដៅ និងមានយុទ្ធសាស្ត្រស្វែងរកការហ្វឹកហាត់លក្ខណៈទំនើបនៅក្រៅប្រទេស ដើម្បីទទួលបានកម្រិតបច្ចេកទេសល្អ មានប្រៀបល្អក្នុងការប្រកួតដណ្តើមមេដាយស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ចុងឆ្នាំ ២០២១ នេះ។
លោក ប៊ុយ សុភ័ណ្ឌ បានប្រាប់ថា៖ «សហព័ន្ធត្រៀមបញ្ជូនកីឡាករចំនួន ២ រូប ដែលមានគុណផលល្អ ឬកម្រិតបច្ចេកទេសល្អជាងគេ ទៅហ្វឹកហាត់នៅប្រទេសបារាំង ដើម្បីត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម នាចុងឆ្នាំនេះ ដោយយើងនឹងធ្វើឡើងតាមការហ្វឹកហាត់ និងប្រកួតប្រជែងគ្នានៅក្នុងប្រភេទទម្ងន់ចំនួន ៣ ប្រភេទ មានទម្ងន់ ៥២, ៦៤ និង ៦៩ គីឡូក្រាម ដើម្បីជ្រើសរើសយក ២ ប្រភេទទម្ងន់ ទៅហ្វឹកហាត់នៅប្រទេសបារាំង»។
លោកបន្ថែមថា៖ «ការបញ្ជូនអត្តពលិកទៅហ្វឹកហាត់នៅបារាំងនេះ គឺសហព័ន្ធរង់ចាំព័ត៌មានលម្អិតពីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣ (CAMSOC) ដើម្បីពិនិត្យសម្រេច ព្រោះវាពាក់ព័ន្ធនឹងការជួយឧបត្ថម្ភក្នុងការបញ្ជូនអត្តពលិកទៅហ្វឹកហាត់នៅក្រៅប្រទេស ក៏ដូចជាការរង់ចាំព័ត៌មានស្ដីពីការចំណាយលម្អិតរបស់មជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាសិនផងដែរ។ បើមានភ្លើងខៀវពី CAMSOC និងគម្រោងចំណាយច្បាស់លាស់ សហព័ន្ធនឹងស្វះស្វែងរកការឧបត្ថម្ភពីវិស័យឯកជនបន្ថែមទៀត ដើម្បីឱ្យទៅហ្វឹកហាត់នៅក្រៅប្រទេស ព្រោះមានគុណផលល្អ គួរជាទំនុកចិត្តខ្ពស់»។
ជាមួយគ្នានេះ លោក ប៊ុយ សុភ័ណ្ឌ បានឱ្យដឹងទៀតថា អត្តពលិក ២ រូប ដែលសហព័ន្ធគ្រោងនឹងបញ្ជូនទៅហ្វឹកហាត់នោះ គឺនឹងធ្វើការសម្រិតសម្រាំងយកតែកីឡាករជម្រើសជាតិនៅក្នុងស្រុកប៉ុណ្ណោះ ចំណែកកីឡាករខ្មែរ-អាមេរិក ជាម្ចាស់ខ្សែក្រវាត់ពិភពលោកទម្ងន់ធ្ងន់ អេរិក ភារ៉ុនប៉ែន ដែលត្រៀមសម្រាប់ទម្ងន់ ៩១ គីឡូក្រាម និងជាក្តីសង្ឃឹមរបស់កម្ពុជាក្នុងការឈានទៅដណ្តើមបានមេដាយមាសនោះ មិនរាប់បញ្ចូលឡើយ ដោយសំណើរនេះ ធ្វើតាមរយៈក្រសួងអប់រំ និង CAMSOC។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានប្រាប់ថា លោកទទួលបានគម្រោងរបស់សហព័ន្ធកីឡាប្រដាល់សកលនេះហើយ ដែលជាផែនការយុទ្ធសាស្ត្រល្អសម្រាប់គោលដៅប្រកួតប្រជែង យកមេដាយជូនជាតិ ប៉ុន្តែក្នុងដំណាក់កាលជំងឺកូវីដ ១៩ រាតត្បាតនេះ គឺអ្វីៗមិនដូចគម្រោងនោះឡើយ។
លោកបានបន្ថែមថា៖ «សំណើនេះ នឹងដាក់ប្រជុំឆ្លងគណៈអចិន្រៃ្តយ៍នៅដើមសប្តាហ៍នេះ ទើប CAMSOC នឹងឆ្លើយតបបាន។ ជាមួយគ្នានេះ ប្រដាល់សកលនឹងចូលរួមប្រកួតនៅស៊ីហ្គេមច្រើនប្រភេទទម្ងន់ អ៊ីចឹងវាជាឱកាសដែលសហព័ន្ធត្រូវប្រឹងប្រែងដណ្តើមមេដាយឱ្យបាន ដោយក្នុងនោះផ្នែកបុរសមានទម្ងន់ ៤៩, ៥២, ៥៧, ៦៤, ៦៩, ៧៥, ៨១ និង ៩១ គីឡូក្រាម ចំណែកផ្នែកនារីមានទម្ងន់ ៥១, ៥៧, ៦៤, ៦៩ និង ៧៥ គីឡូក្រាម តែលំបាករកកីឡាការិនី»។
គួររំឭកថា មេដាយធំបំផុតដែលក្រុមប្រដាល់សកលកម្ពុជា ធ្លាប់ដណ្តើមបាននៅស៊ីហ្គេម គឺមេដាយប្រាក់ដែលលើកទី១ រកបានដោយកីឡាករ ផល សុផាត កាលឆ្នាំ ២០០៩ និងកីឡាករ វ៉ែន រដ្ឋា កាលឆ្នាំ ២០១៥ ប៉ុន្តែក្រោយពេលប្រដាល់សកលផ្តាច់ខ្លួនចេញពីប្រដាល់គុនខ្មែរ ក្រោមការដឹកនាំរបស់លោក ឆឹង យ៉ៅយ៉េន ជាប្រធានសហព័ន្ធនោះ គឺរកមេដាយមិនបានល្អដូចមុនៗឡើយ។
ចំពោះបញ្ហានេះ លោក ប៊ុយ សុភ័ណ្ឌ បញ្ជាក់ថា៖ «កីឡាករល្អ និងជើងចាស់មួយចំនួនបានលាឈប់ដោយខ្លួនឯង ចំណែកកីឡាការិនីឆ្នើមមួយចំនួនបានចាកចេញ ដោយគេផ្តល់ផលប្រយោជន៍បន្ថែមខ្លះ ដើម្បីទៅលេងឱ្យសហព័ន្ធផ្សេង ប៉ុន្តែយើងគ្មានសិទ្ធិហាមឃាត់គេទេ ព្រោះវាជាសេរីភាពរបស់បុគ្គលផ្ទាល់ខ្លួន។ ទោះយ៉ាងណា ស៊ីហ្គេមលើកនេះ យើងនឹងប្រកួតប្រជែងយកមេដាយឱ្យបានល្អ»៕