
សិក្ខាកាមជាចៅក្រមអាជ្ញាកណ្តាល បានថតជាមួយថ្នាក់ដឹកនាំ។ យឺន ពន្លក
ភ្នំពេញៈ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលចៅក្រមអាជ្ញាកណ្តាលប្រចាំ ២០១៨ រយៈពេល ៣ ថ្ងៃ ដោយបានចាប់ផ្តើម នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កាលពីថ្ងៃពុធ នឹងត្រូវបញ្ចប់នៅថ្ងៃទី ២៨ ខែធ្នូ ដោយមានចៅក្រមអាជ្ញាកណ្តាល ៤០ នាក់ចូលរួម ហើយវគ្គនេះជាផែនការប្រចាំឆ្នាំរបស់សហព័ន្ធ ដោយចំណាយ ៣៥ ភាគរយ នៅក្នុងគម្រោងចំណាយសរុបប្រចាំ ឆ្នាំ ២០១៨ នៃកញ្ចប់ថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា។
លោក ប៊ុយ សោភ័ណ្ឌ មន្ត្រី NOCC និងជាអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្នុងចំណោមគ្រូប្រដាល់សកលចំនួន ៤០ នាក់នោះ មានមកពីបណ្តាក្លិបជាច្រើន នៅរាជធានីភ្នំពេញ និងមកពីខេត្តបាត់ដំបង និងបន្ទាយមានជ័យ ខណៈដែលចៅក្រមអាជ្ញាកណ្តាលមួយចំនួន មានការងារជាចៅក្រម អាជ្ញាកណ្តាលរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលមានការប្រកួតនៅតាមសង្វៀនប្រដាល់របស់ស្ថានីយទូរទស្សន៍ឯកជន រៀងរាល់ចុងសប្តាហ៍។
លោកបន្តថា៖ «សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា មិនអាចផ្តាច់ចេញបានពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បាននោះទេ ដោយសារតែទីផ្សារប្រកួតរបស់ប្រដាល់សកល នៅមិនទាន់មានព្រឹត្តិការណ៍ប្រកួតជាលក្ខណៈឯកជនច្រើននៅឡើយទេ គឺយើងមានតែប្រកួតជម្រើសជើងឯកជាតិប្រចាំឆ្នាំតែប៉ុណ្ណោះ»។
ជាមួយនឹងការបើកវគ្គបណ្តុះបណ្តាលចៅក្រមអាជ្ញាកណ្តាល ប្រចាំឆ្នាំ ២០១៨ នេះ សហព័ន្ធ គ្រោងនឹងជ្រើសរើសចៅក្រមអាជ្ញាកណ្តាលវ័យក្មេង ៥ នាក់ ដែលមានសមត្ថភាពប្រឡងធ្វើតេសជាប់ក្នុងស្រុក និងមានចំណេះដឹងផ្នែកភាសាអង់គ្លេសផង សម្រាប់ចេញទៅរៀនវគ្គកម្រិតអន្តរជាតិនៅបរទេស ដើម្បីឲ្យកម្ពុជាមានចៅក្រមអាជ្ញាកណ្តាលកម្រិតអន្តរជាតិ ព្រោះគិតមកត្រឹមបច្ចុប្បន្ន យើងមិនទាន់មាននៅឡើយ។
នៅពេលសួរនាំពីសកម្មភាពនៃការដឹកនាំរបស់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ដែលមានលោក ឆឹង យ៉ៅយ៉េន ជាប្រធាន គឺហាក់ដូចជាស្ងាត់ ហើយមិនសូវមានព្រឹត្តិការណ៍ប្រកួតទាំងនៅក្នុងស្រុក និងក្រៅប្រទេសនោះ លោក ប៊ុយ សោភ័ណ្ឌ បានបកស្រាយថា៖ «តាមពិតប្រភេទកីឡាអ្វីក៏ដោយ បើពឹងទៅលើកម្មវិធីប្រកួតដែលក្រសួងផ្តល់ជូន គឺមានតិច ហើយអ្វីដែលប្រព្រឹត្តទៅមានការប្រកួតច្រើនបាន គឺអាស្រ័យលើវិស័យឯកជនបន្ថែមទៀត»។
លោកបានបន្ថែមថា៖ «ប៉ុន្តែវិស័យឯកជនមួយរយៈនេះ គេនិយមទៅលើតែប្រដាល់គុនខ្មែរហេតុនេះយើងខាងសកល មានការលំបាកណាស់។ ជាមួយគ្នានេះនៅក្នុងកម្មវិធីប្រកួតនានារបស់អន្តរជាតិមួយចំនួន គេតម្រូវទៅលើចំណាត់ថ្នាក់ ឬ Ranking ដែលមានឯកសារនៅសហព័ន្ធអន្តរជាតិ ដែលគ្មាននរណាបន្លំបានទេ»។
គួររំឭកថា បច្ចុប្បន្នទីផ្សារ ឬព្រឹត្តិការណ៍ប្រកួតរបស់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា កំពុងធ្លាក់ចុះសឹងតែគ្មាន ដោយសារតែម្ចាស់សង្វៀននៅតាមស្ថានីយឯកជន មិនទទួលយកឲ្យប្រកួតទេ ខណៈដែលកាលពីឆ្នាំមុន មានសង្វៀនខ្លះ ដូចជាបាយ័ន និងអាស៊ីអាគ្នេយ៍ ផ្តល់ឲ្យ ១ សប្តាហ៍ ១ គូ ប៉ុន្តែក្នុងឆ្នាំ ២០១៨ នេះគឺត្រូវស្ងាត់ឈឹង។
យ៉ាងណាក៏ដោយ តាមការអះអាងពីលោក ប៊ុយ សោភ័ណ្ឌ គឺនៅឆ្នាំ ២០១៩ ខាងមុខនេះ ប្រដាល់សកល នឹងមានការប្រមូលផ្តុំក្រុមជម្រើសជាតិថ្នាក់ថ្នាល ៨ នាក់ និងក្រុមធំ ៦ នាក់ ដូចបណ្តាឆ្នាំកន្លងមកដែរ៕