ភ្នំពេញ៖ ​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា​នឹង​លើក​យក​ការ​ប្រកួត​ជ្រើសរើស​​ជើងឯក​ប្រចាំ​ឆ្នាំ ​២០២០​ មក​ធ្វើ​នៅ​​ថ្ងៃ ​១៨ ​ដល់​ថ្ងៃ​ទី ​២១ ​ខែ ​មករា ​ឆ្នាំ ​២០២១ ​នៅ​សាល​ទីលាន​ហ្វឹកហាត់​ក្រុម​ជម្រើស​ជាតិ​ក្នុង​ពហុកីឡដ្ឋាន​ជាតិ​ ហើយ​​ជាមួយ​នឹង​ទស្សនវិស័យ​កំណែ​ទម្រង់​ និង​ធ្វើ​ការ​ប្រកួត​ដាច់​ដោយ​ឡែក​ពី​ប្រដាល់​គុន​ខ្មែរ​នេះ ​សហព័ន្ធ​​បាន​កំណត់​សម្រួច​ជ្រើសរើស​យក​អត្តពលិក​​ឆ្នើម​ចំនួន ​១៦ ​នាក់ ចេញ​ពី​​​ប្រភេទ​ទម្ងន់​ចំនួន ​៧ ​ដើម្បី​ត្រៀម​​ការ​ប្រកួត​​ស៊ីហ្គេម ​ព្រម​ទាំង​​​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​សំខាន់ៗ​ចំនួន ​៦ ​ចំណុច​។​

អគ្គលេខាធិកា​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា លោក​ ប៊ុយ ​សុភ័ណ្ឌ ​​បាន​ប្រាប់​​ថា​៖ «ការ​ប្រកួត​​ថ្នាក់​ជាតិ​ឆ្នាំ ​២០២០ ​នេះ​ គឺ​បាន​ពន្យារពេល​ដូច​គ្នា​ទៅ​នឹង​សហព័ន្ធ​កីឡា​​ផ្សេង​ទៀត​ដែរ ​ដោយ​សារ​បញ្ហា​វិបត្តិ​កូវីដ ​១៩​ ហើយ​មក​ដល់​ពេល​នេះ​ យើង​ទទួល​បាន​​អ្នក​ចូលរួម​សរុប ​៥៧ ​នាក់ (ស្រី ៧ នាក់) មក​ពី​ខេត្ត​ រាជធានី​ភ្នំពេញ​ និង​ក្រសួង​ចំនួន ​១០ ហើយ​ពួក​គេ​ត្រូវ​ប្រកួត​លើ​​​ប្រភេទ​ចំនួន ​៧ ​គឺ ​៤៩, ​៥២​, ៥៤​, ៥៦​, ៦៩​ និង​ទម្ងន់​ ​៧៥ ​គីឡូក្រាម ​ចំណែក​កីឡាការិនី​មាន​តែ​ ​១ ប្រភេទ​ទេ គឺ​ទម្ងន់ ​៥៤ ​គីឡូក្រាម​»។

លោក​បាន​បន្ត​ថា៖​ «ជាមួយ​គ្នា​នេះ​ គោលដៅ​សំខាន់​ក្នុង​កំណែ​ទម្រង់​ជា​យុទ្ធសាស្ត្រ​​របស់​សហព័ន្ធ គឺ​​តាមរយៈ​ការ​ប្រកួត​ថ្នាក់​ជាតិ លើក​នេះ យើង​នឹង​ធ្វើ​ការ​​ជ្រើសរើស​យក​អត្តពលិក​ឆ្នើមៗ​ចំនួន ​១៦ ​នាក់ ​មិន​គិត​ពី​ថ្នាល ​ឬ​ឈុត​ធំ​ទេ​ ដើម្បី​ស្វែងរក​ការ​​ហ្វឹកហាត់​នៅ​​ក្រៅ​ប្រទេស ​គឺ​បង្វឹក​សម្រាប់​ត្រៀម​ការ​ប្រកួត​ស៊ីហ្គេម​​នៅ​វៀតណាម ​ចុង​ឆ្នាំ ២០២១ ​នេះ ​និង​សម្រាប់​ស៊ីហ្គេម​លើក​ទី​៣២​ ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ជា​ផ្ទះ​»​។​

ទាក់ទង​ទៅ​នឹង​គោលដៅ​សំខាន់​ និង​ទស្សន​វិស័យ​ ដើម្បី​ឱ្យ​ប្រដាល់​សកល​ទទួល​បាន​លទ្ធផល​ល្អ​តាម​ផែនការ​កំណត់ គឺ​​យ៉ាង​ហោច​ដណ្តើម​ឱ្យ​បាន​​មេដាយ​មាស​ ​១ ​ក្នុង​ស៊ីហ្គេម​នោះ​ សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា​មាន​យុទ្ធសាស្ត្រ​បើក​វគ្គ​បណ្តុះបណ្តាល​មន្ត្រី​បច្ចេកទេស​កម្រិត​អន្តរជាតិ​ និង​ស្វែងរក​ការ​ប្រកួត​ឱ្យ​បាន​ច្រើន​លើ​ឆាក​អន្តរជាតិ​ ព្រម​ទាំង​មាន​យុទ្ធសាស្រ្ត​សំខាន់ៗ​មួយ​ចំនួន​ទៀត ដែល​ត្រូវ​អនុវត្ត​នៅ​ឆ្នាំ ​២០២១ ​នេះ​ផង​ដែរ។

លោក​ សុភ័ណ្ឌ ​​បាន​បញ្ជាក់​​ថា​៖​ «យុទ្ធសាស្ត្រ​សំខាន់ៗ​របស់​សហព័ន្ធ​ក្នុង​ឆ្នាំ ​២០២១ ​​នេះ ​​ទី​១ ​កំណែ​ទម្រង់​លើ​បច្ចេកទេស​នៃ​ការ​បង្វឹក​ ទី​២ ​កំណែ​ទម្រង់​លើ​ការ​ជ្រើសរើស​ក្រុម​ជម្រើស​ជាតិ​ គឺ​ផ្តោត​ទៅ​លើ​សមត្ថភាព​ជាក់​ស្តែង​នៃ​ការ​ហាត់​ និង​គោរព​វិន័យ​ ទី៣​ បណ្តុះបណ្តាល​មន្ត្រី​បច្ចេកទេស​កម្រិត​អន្តរជាតិ​»។

អ្នក​ជំនាញ​កីឡា​វ័យ​ក្មេង​រូប​នេះ ​បន្ថែម​ថា៖​ «ចំណែក​​ទី៤ ​ការ​រៀបចំ​ការ​ប្រកួត​ផ្ទាល់​របស់​សហព័ន្ធ​ ដូច​ជា​ប្រកួត​ធ្វើ​តេស្ត​ប្រចាំ​សប្តាហ៍ ជា​ដើម​ ទី​៥ ​ការ​ត្រៀម​លក្ខណ​សម្បត្តិ​ឱ្យ​​បាន​គ្រប់​ជ្រុងជ្រោយ​សម្រាប់​ក្រុម​ជម្រើស​ជាតិ​ពី​គុណភាព​ សមត្ថភាព ​និង​កម្រិត​បច្ចេកទេស​ ហើយ​​ទី​៦ ​ស្វែងរក​ឱកាស​ប្រកួត​អន្តរជាតិ​ឱ្យ​បាន​ច្រើន​ ដើម្បី​ឱ្យ​អត្តពលិក​ទទួល​បាន​​បទពិសោធ​ច្រើន​»។​

គួរ​បញ្ជាក់​ថា ​​ប្រតិភូ​កីឡា​ដែល​បាន​ចូលរួម​ការ​ប្រកួត​ថ្នាក់​ជាតិ​លើក​នេះ គឺ​​​ក្រសួង​មហាផ្ទៃ​មាន ​១០ ​នាក់​ រាជធានី​ភ្នំពេញ​ ៨ ​នាក់​ ​ខេត្ត​កំពត ​៦ ​នាក់ ​ខេត្ត​កណ្តាល​ ១០ ​នាក់​ ខេត្ត​រតនគីរី​ ៩ ​នាក់​ ខេត្ត​ស្វាយរៀង​ ​៤ ​នាក់​ ខេត្ត​ព្រៃវែង​ ​៧ ​នាក់ ក្រសួង​ការពារ​ជាតិ ​​៩ ​នាក់ ​ខេត្ត​មណ្ឌលគិរី ​និង​ក្រសួង​ហិរញ្ញវត្ថុ​ អាច​នឹង​ប្រែប្រួល​ចំនួន​។ ​ទោះ​ជា​យ៉ាង​ណា​ក្តី ​ចំពោះ​ប្រតិភូ​កីឡា ដែល​អាច​ប្រកួត​ប្រជែង​លំដាប់​ជួរ​មុខ គឺ​​មាន​ម្ចាស់​ជយលាភី​ចាស់​ ក្រសួង​មហាផ្ទៃ ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​ ព្រម​ទាំង​​ក្រសួង​ការពារ​ជាតិ​ និង​រាជធានី​ភ្នំពេញ​៕​