ភ្នំពេញៈ ការ​ប្រ​កួតកីឡា​​ប្រ​ដាល់​សកល ​នៃ​ព្រឹត្តិការណ៍​កីឡា​ជាតិ​ លើក​ទី ​២ ​ឆ្នាំ ​២០១៨​ ​បាន​រក​ឃើញ​ម្ចាស់​មេដាយ​មាស​ទាំង ​​៨​ ប្រភេទ​ទម្ងន់​របស់​ខ្លួនជា​ផ្លូវការ​ហើយ បន្ទាប់​​​ចំណាយ​ពេល​ប្រកួត​​ប្រជែង​អស់​រយៈ​ពេល ៧​ ថ្ងៃ និង​បាន​បញ្ចប់ កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ។

​តាម​រយៈ​ការ​ប្រកួត​នេះ ​ក្រសួង​មហាផ្ទៃ បាន​ឈ្នះ​មេដាយ​មាស​ច្រើន​ជាង​គេ ​ហើយ​ស្ថាប័ន​មួយនេះ ក៏​កំពុង​ឈរ​នៅ​លេខ​ ១ ក្នុង​នាម​ជា​អ្នក​ឈ្នះ​បាន​មេដាយ​មាស​ច្រើន​ជាង​គេ​ផងដែរ ដោយ​ឈ្នះ​បាន​មេដាយ​មាស​ ៦៥ ប្រាក់​ ៣២ សំរឹទ្ធ ​២០ នាំ​មុខ​រាជធានី​ភ្នំពេញ ដែល​បាន​មាស​ ៣៣ ប្រាក់​ ៣១ សំរឹទ្ធ ​៤១ ក្រសួងការពារជាតិ បាន​មាស ​២៩ ប្រាក់​ ១៣ សំរឹទ្ធ​ ១៣ និង​ខេត្តកណ្តាល ឈរ​នៅ​លេខ ​៤ ដោយ​ឈ្នះ​បាន​មេដាយមាស​​ ១០ ប្រាក់​ ១៩ និង​សំរឹទ្ធ ​៣៤។

សម្រាប់​ការ​ប្រកួត​កីឡា​ប្រដាល់​សកល​នេះ ​​ក្រសួងមហាផ្ទៃ បាន​ឈ្នះ​មេដាយ​មាស​ចំនួន​៤។ មេដាយមាស​ទី​ ១ ​រក​បាន​ដោយ​កីឡាករ ម៉ន សាម៉េត ក្នុង​ប្រ​ភេទ​ទម្ងន់ ​៥៦​ គីឡូក្រាម បន្ទាប់​ពីរូប​គេ​បាន​​យក​ឈ្នះ​ ​វណ្ណា​ លីហ៊ាង​ ​របស់​​ក្រ​សួង​ការ​ពារ​ជាតិ​ ហើយ​​ ឡុង សុភី បាន​ឈ្នះ​មេដាយ​មាស​ទី​ ២​ ឲ្យក្រសួងមហាផ្ទៃ ក្នុង​ទម្ងន់​ ៦៩​ គីឡូក្រាម​ ​​ក្រោយ​ឈ្នះ​ជើង​ខ្លាំង ​វី ​សាវុធ ​មក​ពី​រាជ​ធានី​ភ្នំពេញ​។​

បន្ថែម​លើ​នេះ ​កីឡាករ ឡេង លី ​របស់​ក្រសួង​មហាផ្ទៃ បាន​យក​ឈ្នះ ទេស សំខាន់ របស់​ក្រសួង​ការពារជាតិ ក្នុងការ​ប្រកួត​ផ្តាច់​ព្រ័ត្រ ដើម្បី​ឈ្នះ​មេដាយមាស លើ​ប្រភេទ​ទម្ងន់ ​៧៥​គីឡូក្រាម​ ហើយ ផុន ផាន់ណា បាន​ឈ្នះ ស្រ៊ុន ពិធី របស់​​ខេត្តកណ្តាល ដើម្បី​ទទួល​បាន​មេដាយមាស​ទី​ ៤​ ឲ្យ​ក្រសួង​មហាផ្ទៃ ក្នុង​ប្រ​ភេទ​ទម្ងន់ ​៨១ ​គីឡូក្រាម។​

ចំណែក​ក្រសួងការពារជាតិ បាន​ឈ្នះ​មេដាយ​មាស ​២ ក្នុងការ​ប្រកួត​​កីឡា​ប្រដាល់​សកល​​នេះ ដោយ​ក្នុង​នោះ ​សាន ​តុលា​ ​បាន​​ឈ្នះ​កីឡាករ ​ហង្ស​ រ៉ាម៉ន​ មក​ពី​រាជ​ធានី​ភ្នំពេញ​ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ ក្នុងទម្ងន់​ ៥២ ​គីឡូក្រាម​ ហើយ​​ អេវិរៈ​ ខាំ​ឈិតភូថង ​បាន​យក​ឈ្នះ វី សុភស្ស​ ​របស់​​រាជ​ធានី​ភ្នំពេញ វគ្គ​ផ្តាច់​ព្រ័ត្រ ក្នុង​​ប្រភេទ​ទម្ងន់​ ៦៤​ គីឡូក្រាម។

ដោយ​ឡែក​​កីឡាករ ណាត់ សៀកនិន (ពេជ្រ ម្ទេសខ្មាំង) ​បាន​យក​ឈ្នះ សូត្រ ប៊ុនធី របស់​ក្រសួង​មហាផ្ទៃ ដើម្បី​ឈ្នះ​មេដាយ​មាស ក្នុង​ទម្ងន់ ​៦០​ គីឡូក្រាម ឲ្យ​ខេត្តកណ្តាល ខណៈ​ កីឡាករ សុខុន វីហ្គាវុត្ថា ​​ ​​បាន​ឈ្នះ​មេដាយ​មាស ក្នុង​ទម្ងន់ ​៤៩ ​គីឡូក្រាម​​ឲ្យ​រាជធានី​ភ្នំពេញ បន្ទាប់​ពី​រូប​គេ បាន​យក​​ឈ្នះ​កីឡាករ ​ដួង​ សៅ មក​ពី​ខេត្ត​កំពត​។

លោក ​ឆឹង ​យ៉ៅ​យ៉េន ​ប្រ​ធាន​សហព័ន្ធ​កីឡា​ប្រ​ដាល់​សកលកម្ពុជា ​មាន​​ថ្លែង​​ថា​៖«​ការ​ប្រកួត​នេះ បាន​បញ្ចប់​យ៉ាង​រលួន ព្រោះ​​កីឡាករ​គ្មាន​របួស ​ហើយ​ការ​ប្តឹង​តវ៉ាណា​មួយ​ពី​ភាគី​ចាញ់​ក៏​គ្មាន​ដែរ​។ ខ្ញុំ​អាច​និយាយ​បាន​ថា ​ការ​ប្រ​កួត​កីឡាជាតិ​ លើក​ទី​២ ​ឆ្នាំ​២០១៨​នេះ​ ​គឺ​ល្អ​គ្រប់​យ៉ាង​ទាំង​បច្ចេកទេស​ដឹក​នាំ ​ការ​ប្រ​កួត​ និង​ការ​ហូប​ចុក​ស្នាក់​នៅ​បាន​ល្អ»​៕​