ភ្នំពេញ៖ ​បន្ថែម​ទៅ​លើ​ការ​ប្រមូល​ផ្តុំ​​ក្រុម​ប្រដាល់​គុន​ខ្មែរ គឺ​នៅ​សប្តាហ៍​នេះ សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ នឹង​ធ្វើ​ការ​ប្រមូល​ផ្តុំ​កីឡាករ​ចំនួន ​៦ នាក់​ទៀត ដើម្បី​​ត្រៀម​ចូល​រួម​ប្រកួត​ប្រជែង នៅ​ស៊ីហ្គេម លើក​ទី​៣០ ឆ្នាំ ​២០១៩ ខាង​មុខ​នេះ​ដែរ លើ​ប្រភេទ​កីឡា «Kick boxing» ហើយ​នេះ​ជា​ការ​ជ្រើសរើស​ភ្លាមៗ ខណៈ​ម្ចាស់​ផ្ទះ​ហ្វីលីពីន ទើប​តែ​សម្រេច​ដាក់ បញ្ចូល Kick boxing នោះ។

លោក​ តែម​ ម៉ឺន​ អគ្គ​លេខាធិការ​រង ​NOCC ​និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ​បាន​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍​ ថា កីឡាករ ​Kick boxing​ ត្រូវ​ដាក់​ឲ្យ​ប្រមូល​ផ្តុំ​ ហ្វឹកហាត់​ និង​ត្រៀម​ចេញ​ទៅ​ប្រកួត​​ស៊ីហ្គេម ​លើកទី​៣០​ ឆ្នាំ ២០១៩​ នៅ​ហ្វីលីពីន​ខាង​មុខ​ បន្ទាប់​ពី​ថ្នាក់​ដឹកនាំ​នៃ​ស្ថាប័ន​កីឡា​ទាំង ​២ ​មាន​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា​ និង NOCC បាន​ប្រគល់​ភារកិច្ច​ឲ្យ​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​រៀបចំ​​ពង្រឹង​សមត្ថភាព​ដល់​ប្រតិភូ ​គ្រូបង្វឹក​ និង​កីឡាករ»។​

លោក ​តែម​ ម៉ឺន បាន​​ពន្យល់​ថា៖​ «​កីឡា​ Kick boxing ​នេះ​មាន​ការ​ប្រកួត​ខុស​ពី​កីឡា​គុន​ខ្មែរ​ ខុស​ពី​កីឡា​មួយ​ថៃ ​និង​ខុស​ពី​កីឡា​គុន (Kun)​ តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ ​គឺ​វាយ​ចម្ងាយ ​មិន​ឲ្យ​ឱប​គ្នា​វាយ​នោះ​ទេ ​ប៉ុន្តែ​ចំណុច​ដូច​គ្នា​ទៅ​នឹង​ប្រដាល់​គុន​ខ្មែរ ​ឬ​ Kun​ ​គឺ​អាច​ទាត់​ ម៉ាត់​ ​វាយ​កែង​ ជង្គង់​ បាន​ដូច​គ្នា​មួយ​កំប្លេ​ គឺ​វាយ​កែង ​ឬ​ជង្គង់ ​ពេល​ឱប​គ្នា ​ឬ​ទាញ​មក​វាយ​ជង្គង់​»។​

តាម​បញ្ជី​ឈ្មោះ​ដែល​សហព័ន្ធ​បាន​សម្រេច​ជា​ផ្លូវ​ការ​រួច​ហើយ និង​បាន​បញ្ជូន​មក​ឲ្យ NOCC ​នោះ​ គឺ​ក្រុម​Kick boxing ​កម្ពុជា​​មាន ​៨ ​នាក់​ ក្នុង​នោះ​មាន​លោក និន ភិរម្យ ជា​ប្រធាន​ប្រតិភូ លោក​ ហង្ស ​ស៊ឺន ​ជា​គ្រូ​បង្វឹក ​ចំណែក​កីឡាករ​ទាំង ​៦ ​នាក់ ​មាន ហ៊ឹម​ សេរី​ ទម្ងន់ ​៥១ ​គ.ក្រ ​ខេម ​ចាន់​ ទម្ងន់ ​៥៤ ​គ.ក្រ​ ​លី ​សុជាតិ ​(អេលីត ​ចំរើន​) ​ទម្ងន់ ​៥៧ ​គ.ក្រ ​ចក់ ​ស៊ីវិន ​(​សុខ​ សាវិន​)​ ទម្ងន់ ​៦០ ​គ.ក្រ ​ផល​ សុភ័ត្រ​ (ផល​ សោភ័ណ្ឌ)​ ទម្ងន់ ​៦៣,៥ ​គីឡូក្រាម​ និង ​ឡៅ ​ចន្ទ្រា​ ទម្ងន់ ​៦៩ ​គីឡូក្រាម​។​

យ៉ាង​ណា​ក៏​ដោយ មាន​កីឡាករ​ និង​ក្លិប​សមាគម​មួយ​ចំនួន​សម្តែង​ការ​ខក​ចិត្ត ​ខណៈ​ដែល​គណៈកម្មការ​ការ​ជ្រើស​កីឡាករ​ចេញ​ទៅ​ប្រកួត​នេះ ​គឺ​ធ្វើ​ឡើង​ស្ងាត់ៗ​ ហើយ​បេក្ខភាព​ដែល​ជា​កីឡាករ​បាន​ចេញ​ទៅ​ប្រកួត​មាន​កម្រិត​ល្អ ​ប៉ុន្តែ​គ្មាន​ការ​​ប្រកួត​ប្រជែង​ ដោយ​តម្លាភាព​ព្រោះ​​ជើង​ខ្លាំងៗ​មួយ​ចំនួន​ក៏​​ចង់​ចេញ​ទៅ​ប្រកួត​​ដែរ​។​

ជុំវិញ​ការ​រិះគន់​នេះ​ លោក​ តែម ​ម៉ឺន​ បាន​បក​ស្រាយ​ថា​​៖ ​«យើង​បាន​​ប្រជុំ​ជ្រើសរើស​ដោយ​តម្លាភាព​ ជាមួយ​គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ​ បាន​យ៉ាង​ត្រឹមត្រូវ​។​ ម្យ៉ាង​ទៀត នេះ​ជា​កម្មវិធី​ជា​បន្ទាន់​របស់​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​ និង​ NOCC​ ​តម្រូវ​ជា​បន្ទាន់​ ដោយ​យើង​ជ្រើសរើស​ដោយ​គ្មាន​ពេលវេលា​ សម្រាប់​បើក​ការ​ប្រកួត​ជម្រុះ​នោះ​ឡើយ»​។

លោក​​បញ្ជាក់​ថា៖ ​«​ការ​ជ្រើសរើស ​គឺ​ផ្អែក​លើ​សមត្ថភាព​ និង​ការ​វាយ​តម្លៃ​តាម​ស្នាដៃ​របស់​កីឡាករ​កន្លង​មក​បាន​យ៉ាង​ល្អិតល្អន់ ​ប៉ុន្តែ​កីឡាករ​ដែល​មិន​បាន​ទៅ​ គឺ​តែងតែ​មាន​សតិអារម្មណ៍​មិន​ល្អ​ តែឲ្យ​យើង​ធ្វើ​ដូច​ម្តេច ​បើ​ក្នុង​មួយ​ប្រភេទ​ទម្ងន់​បាន​តែ​ម្នាក់​នោះ​»៕​