ភ្នំពេញៈ ព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គ Khmer Rally Raid ឆ្នាំ ២០១៩ ក្រោមប្រធានបទ «រួមគ្នាដើម្បីថែរក្សាបរិស្ថាន និងធនធានធម្មជាតិ» ហើយបានឆ្លងកាត់ដែនជម្រកសត្វព្រៃ «ព្រៃឡង់» ព្រមទាំងដែនជម្រកសត្វព្រៃ និងតំបន់ការពារធម្មជាតិដែលមាននៅក្នុងខេត្តព្រះវិហារ ខេត្តកំពង់ធំ និងខេត្តសៀមរាបបានបញ្ចប់ដោយជោគជ័យ បន្ទាប់ពីបើកការប្រកួតប្រជែងគ្នាអស់រយៈពេល ៣ ថ្ងៃ។
លោក ហូរ សិទ្ធិគុណ អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា និងជាអ្នករៀបចំព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គ Khmer Rally Raid នេះបានធ្វើការវាយតម្លៃខ្ពស់ចំពោះសារប្រយោជន៍ដែលទទួលបានពីការប្រកួតនេះ ហើយលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានតំណាងឲ្យលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានក៏បានធ្វើដំណើរទៅចូលរួមនៅក្នុងពិធីបិទការប្រកួតដែលបានធ្វើនៅ Pub Street ខេត្តសៀមរាបកាលពីថ្ងៃចន្ទនោះដែរ។
លោក ហូរ សិទ្ធិគុណ បានថ្លែងថា៖ «ព្រឹត្តិការណ៍ប្រណាំងយានយន្តនេះទទួលបានជោគជ័យ ព្រោះមានការគាំទ្រពីបណ្តាខេត្តទាំង ៣ ជាពិសេសការចូលរួមយ៉ាងច្រើនពីកីឡាករ កីឡាការិនីជាតិ និងអន្តរជាតិមកពីជាង ១០ ប្រទេស ហើយពួកគាត់បានព្យាយាមប្រកួតប្រជែងគ្នាដោយភាពអត់ធន់ជាមួយការប្រើនូវបច្ចេកទេសប្រណាំង និងការមើលសៀវភៅផែនទីរហូតទៅដល់ទីផ្តាច់ព្រ័ត្រ បើទោះបីជាស្ថានភាពផ្លូវប្រណាំងរយៈពេល ៣ ថ្ងៃលើចម្ងាយផ្លូវសរុប ៦២៤ គីឡូម៉ែត្រមានការពិបាកដោយឆ្លងកាត់ទឹក ភក់ ជង្ហុកធំៗ ចម្ការ និងព្រៃក្រាស់ៗក៏ដោយ»។
លោកបានបន្ថែមថា៖ «ឯកឧត្តម សាយ សំអាល់ បានយល់ឃើញថាការផ្សព្វផ្សាយតំបន់ទេសចរណ៍ធម្មជាតិដែនជម្រកសត្វព្រៃ និងតំបន់ការពារធម្មជាតិតាមរយៈការប្រណាំងយានយន្តនេះពិតជាមានប្រសិទ្ធភាពទើបលោកសហការជាមួយព្រឹត្តិការណ៍ដ៏ធំមួយនេះ ព្រោះតំបន់បរិស្ថានមួយចំនួនតំបន់ព្រៃ និងតំបន់អភិរក្សមួយចំនួនទៀតគឺមានតែយានយន្ត និងអត្តពលិក ដែលជាអ្នកចូលចិត្តផ្សងព្រេងដំណើរកម្សាន្តទាំងនោះទេទើបអាចឆ្លងកាត់បាន ដូច្នេះតាមរយៈការប្រកួតនេះ វាបានជះឥទ្ធិពលល្អ និងបានជួយបំផុសបង្ហាញទៅលើការផ្សព្វផ្សាយតំបន់អភិរក្សទាំងនោះបានល្អ»។
សូមបញ្ជាក់ថាក្រៅពីការប្រណាំងយានយន្តចំនួន ២៨ គ្រឿងអមដោយរថយន្ត Service ចំនួន ១៥ គ្រឿងនោះគឺព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គនេះក៏មានក្រុមម៉ូតូប្រណាំងចំនួន ២០ គ្រឿងបានចូលរួមប្រកួតប្រជែងគ្នាផងដែរ ហើយការផ្តិតរូបភាពល្អពីក្រុមហ៊ុនរៀបចំ KARA ប្រព័ន្ធផ្សព្វផ្សាយ និងក្រុមអត្តពលិកត្រូវបានលោក នេត្រ ភក្ត្រា រំពឹងថានឹងបានលាតត្រដាងពីសម្រស់ធម្មជាតិនៃដែនជម្រកសត្វព្រៃ «ព្រៃឡង់» ដែនជម្រកសត្វព្រៃ «ព្រៃបឹងពែ» ដែនជម្រកសត្វព្រៃ «ព្រៃព្រះរកា» និងតំបន់ការពារធម្មជាតិជាច្រើនទៀតរបស់កម្ពុជាទៅកាន់ពិភពលោក។
លោក នេត្រ ភក្ត្រា បាននិយាយមុនការប្រកួតចាប់ផ្តើមថា៖ «តាមរយៈការផ្តិតរូបភាពរបស់អ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយរបស់ KARA យើងជឿជាក់ថារូបភាពផ្សេងៗពាក់ព័ន្ធនឹងធនធានធម្មជាតិក៏ដូចជាជីវភាពរបស់ប្រជាសហគមន៍នៅទីនោះនឹងត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយគឺមិនមែនត្រឹមតែនៅក្នុងប្រទេសកម្ពុជាទេ ប៉ុន្តែតាមរយៈកីឡាករមកពីក្រៅប្រទេស គាត់នឹងបញ្ចេញរូបភាពតាមហ្វេសប៊ុកតាមប្រព័ន្ធបណ្តាញសង្គម ឬតាមបណ្តាញព័ត៌មាន ដើម្បីជម្រាបជូនប្រជាពលរដ្ឋផ្សេងៗទៀតបានដឹងថា តើប្រទេសកម្ពុជាសម្បូរធនធានធម្មជាតិយ៉ាងម៉េចខ្លះ! ព្រឹត្តិការណ៍នេះក៏ជាផ្នែកមួយក្នុងការចូលរួមទាញការចាប់អារម្មណ៍របស់សាធារណជនឲ្យចូលរួមថែរក្សាការពារបរិស្ថាន និងធនធានធម្មជាតិផងដែរ»៕