The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ប្រទេស​ចំនួន​ ៨ បាន​ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​កីឡានៅ​កម្ពុជា

ប្រទេស​ចំនួន​ ៨ បាន​ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​កីឡានៅ​កម្ពុជា

Content image - Phnom Penh Post
ថ្នាក់ដឹកនាំ AUSC និង​ប្រធាន​ប្រតិភូ​តំណាង​ឲ្យ​ប្រទេស​ទាំង​ ៨ បាន​ថត​ជុំ​គ្នា នៅពេល​បើក​កិច្ចប្រជុំ​។ ឈន ណន

ប្រទេស​ចំនួន​ ៨ បាន​ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​កីឡានៅ​កម្ពុជា

ភ្នំពេញៈ ថ្នាក់ដឹកនាំ​មក​កីឡា​សាកលវិទ្យាល័យ​អាស៊ាន តំណាង​ឲ្យ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ចំនួន​ ៨ បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​កីឡា​សាកលវិទ្យាល័យ​អាស៊ាន​លើក​ទី​ ២៤ (24th AUSC Meeting) ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​កម្ពុជា​ជា​លើកដំបូង​នៅ​សណ្ឋាគារ Green Palace កាលពី​ថ្ងៃ​អង្គារ​។

លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ប្រធាន​សហព័ន្ធ​កីឡា​សិស្ស​និស្សិត​កម្ពុជា​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ទៅ​ដល់​ថ្នាក់ដឹកនាំ ក្រុមប្រឹក្សា​កីឡា​សាកលវិទ្យាល័យ​អាស៊ាន និង​ប្រធាន​ប្រតិភូ​តំណាង​មកពី​ប្រទេស​ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ និង​ម្ចាស់ផ្ទះ​កម្ពុជា​ដែល​បាន​ចូលរួម​ក្នុង​ពិធី​បើកកិច្ចប្រជុំ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​នោះ ហើយ​លោក​ក៏​បាន​ប្រគល់​ក្រមា​ខ្មែរ និង​វត្ថុអនុស្សាវរីយ៍​ដល់​មន្ត្រី​កីឡា​តំណាង​ឲ្យ​ប្រទេស​ទាំងនោះ​ផង​ដែរ តែ​ភាគី​វៀតណាម ប្រ៊ុយណេ និង​ទីម័រ​ខាង​កើត​មិន​បាន​មក​ចូលរួម​ទេ​។

លោក ស សុខា បាន​ថ្លែង​ក្នុង​ពិធី​បើក​ការប្រកួត​នោះ​ថា​៖ «​ថ្ងៃនេះ​ក្នុង​នាម​ក្រសួង​អប់រំ យុវជន និង​កីឡា សហព័ន្ធ​កីឡា​សិស្ស​និស្សិត​កម្ពុជា និង​ក្នុង​នាម​ខ្ញុំ​ផ្ទាល់ ខ្ញុំ​មាន​ក្តីសោមនស្ស​រីករាយ​ក្រៃលេង​បំផុត​ដែល​បាន​ចូលរួម​ជា​អធិបតី និង​បាន​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​កីឡា​សាកលវិទ្យាល័យ​អាស៊ាន​លើក​ទី​ ២៤ នៅ​ទីក្រុង​ភ្នំពេញ​ប្រទេស​កម្ពុជា​ពេល​នេះ​»​។

កូនប្រុស​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រូប​នេះ​បាន​បន្ថែម​ថា​៖ «​កិច្ចប្រជុំ​ក្រុមប្រឹក្សា​កីឡា​សាកលវិទ្យាល័យ​អាស៊ាន​លើក​ទី​ ២៤ ​នេះ​គឺ​ដើម្បី​ប្រជុំ​តាមដាន​ក៏ដូចជា​ប្រជុំ ដើម្បី​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​ជូន​ក្រុមប្រឹក្សា​កីឡា​សាកលវិទ្យាល័យ អាស៊ាន ក៏​ដូចជា​ការពង្រឹង​ទំនាក់ទំនង​រវាង​សមាជិក​នៃ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​»​។

ថ្នាក់ដឹកនាំ​សំខាន់ៗ​របស់ AUSC សុទ្ធតែ​បាន​សម្តែង​ការគាំទ្រ​ដល់​កម្ពុជា សម្រាប់​ការធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ជា​លើក​ដំបូង​នេះ​ដោយ​ពួកគាត់​បាន​លើក​ឡើង​ស្រដៀង​គ្នា​ថា កិច្ចប្រជុំ​នេះ​ជា​ការផ្លាស់ប្តូរ​នូវ​បទពិសោធ​រវាង​ប្រទេស​ជា​សមាជិក AUSC ទាំងអស់ ដើម្បី​ធ្វើឲ្យ​មាន​ការរីកចម្រើន​ទាំងអស់​គ្នា​។

ក្រៅពី​កិច្ចប្រជុំ​ដែល​បាន​ធ្វើ​ឡើង​ពេញ​មួយ​ព្រឹក​កាលពី​ថ្ងៃ​អង្គារ​នោះ ម្ចាស់ផ្ទះ​កម្ពុជា​ក៏​បាន​ជូន​ក្រុមប្រឹក្សា​កីឡា​សាកលវិទ្យាល័យ​អាស៊ាន និង​ប្រធាន​ប្រតិភូ​តំណាង​មកពី​ប្រទេស​នីមួយៗ​ទៅ​ទស្សនា​សារមន្ទីរ​ជាតិ និង​ដើរ​កម្សាន្ត​នៅ​តំបន់​សំខាន់ៗ​មួយ​ចំនួន​ក្នុង​ទីក្រុង​ភ្នំពេញ​ផង​ដែរ​រួច​បន្ត​ដំណើរ​ទៅ​ចូលរួម​ពិសា​អាហារ​ល្ងាច​ជុំ​គ្នា​នៅ​សណ្ឋាគារ​សុខា​មុន​ពេល​ពួកគាត់ វិលត្រឡប់​ទៅ​មាតុប្រទេស​វិញ​នៅ​ថ្ងៃ​ពុធ​នេះ​។

នៅក្នុង​ពិធី​ជប់លៀង​នោះ​លោក ស សុខា ក៏​បាន​ថ្លែង​អំណរគុណ​ដល់​ថ្នាក់ដឹកនាំ​នៃ​ក្រុមប្រឹក្សា​កីឡា​សាកលវិទ្យាល័យ​អាស៊ាន និង​ប្រធាន​ប្រតិភូ​តំណាង​ឲ្យ​ប្រទេស​នីមួយៗ​ដែល​បាន​ជួយ​សម្របសម្រួល​ធ្វើឲ្យ​កម្ពុជា ទទួល​បាន​ឱកាស​ធ្វើ​ជា​ម្ចាស់ផ្ទះ​ជា​លើក​ដំបូង​នេះ​ផង​ដែរ​។

លោក ស សុខា បាន​ថ្លែង​ថា​៖ «​នេះ​ជា​លើក​ដំបូង និង​ថ្មី​បំផុត​សម្រាប់​កម្ពុជា ក្នុង​ការទទួល​រៀបចំ​កិច្ចប្រជុំ​នេះ ប៉ុន្តែ​ខ្ញុំ​មាន​ក្តីសប្បាយ​រីករាយ​ក្រៃលែង​បំផុត ព្រោះ​ថា​លើក​ទី​ ១ មាន​ការខ្វះខាត ឬ​មិន​គ្រប់​ជ្រុងជ្រោយ​ក៏ពិតមែន តែ​វា​ជា​បទពិសោធ​ដ៏ល្អ​បំផុត ដើម្បី​យើង​បាន​រៀបចំ​កែលម្អ​នូវ​ចំណុច​ខ្វះខាត សម្រាប់​ធ្វើឲ្យ​ប្រសើរ​ឡើង​ក្នុង​ការ​រៀបចំ​នាឱកាស​ក្រោយៗ​ទៀត​។ តែ​ទោះបី​ជា​យ៉ាង​ណា​ខ្ញុំ​សូម​យក​ឱកាស​នេះ សូម​អភ័យទោស​បើសិន​ជា​ការបដិសណ្ឋាកិច្ច ឬ​ការរៀបចំ​ទូទៅ​មាន​ការខ្វះខាត និង​សូម​ឲ្យ​ការ​ពិសា​អាហារ​នៅ​ល្ងាច​អង្គារ​នេះ​បាន​ឆ្ងាញ់​ពិសា​»៕

អត្ថបទគួរចាប់អារម្មណ៍