ភ្នំពេញៈ ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា និងជាប្រធាន NOCC លោក ថោង ខុន បានលើកទឹកចិត្ត និងជំរុញឲ្យក្មេងៗជាអត្តពលិកកាយសម្ព័ន្ធ ខំប្រឹងហ្វឹកហាត់ ដើម្បីក្លាយជាអត្តពលិកមានសមត្ថភាពខ្លាំង ត្រៀមប្រកួតតំណាងឲ្យជាតិ នៅលើឆាកអន្តរជាតិ ពិសេសស៊ីហ្គេម ឆ្នាំ ២០២៣ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ។
លោក ថោង ខុន បានមានប្រសាសន៍ថា៖ «សម្រាប់កីឡាកាយសម្ព័ន្ធរបស់យើង គឺមានផ្លូវ ២ ទី ១ ត្រូវបញ្ជូនអត្តពលិកទៅហ្វឹកហាត់នៅក្រៅប្រទេស និងទី ២ អញ្ជើញគ្រូបង្វឹកពីគេមកបង្វឹកនៅកម្ពុជា អ៊ីចឹងយើងត្រូវខំប្រឹងធ្វើយ៉ាងណា បណ្តុះបណ្តាល មិនគ្រាន់តែសម្រាប់ត្រៀមស៊ីហ្គេម មួយនោះទេ ប៉ុន្តែយើងបណ្តុះបណ្តាលសម្រាប់អនាគតនៃវិស័យកីឡាកាយសម្ព័ន្ធ សម្រាប់ត្រៀមទៅឆ្ងាយជាងស៊ីហ្គេម ឆ្នាំ ២០២៣ ទៅទៀត ព្រោះយើងមិនមែនឈប់ត្រឹមឆ្នាំ ២០២៣ ទេ»។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានបន្ថែមថា៖ «ខ្ញុំសូមឲ្យគ្រូ គណៈកម្មការបច្ចេកទេស និងចៅក្រមទាំងអស់ ខិតខំដើម្បីត្រៀមខ្លូនហ្វឹកហាត់ឲ្យបានល្អ ព្រោះកីឡាកាយសម្ព័ន្ធ បើយើងហ្វឹកហាត់ល្អ យើងងាយនឹងរកបានមេដាយមាស ជូនដល់ប្រទេសជាតិដែរ ហើយទម្រាំដល់ស៊ីហ្គេម ឆ្នាំ ២០២៣ យើងនៅសល់ពេលចូល ៤ ឆ្នាំទៀត អ៊ីចឹងពេលវេលានេះវាគ្រប់គ្រាន់សម្រាប់់ការហ្វឹកហាត់របស់យើង»។
ការលើកឡើងរបស់លោក ថោង ខុន ត្រូវបានធ្វើឡើងនៅក្នុងពិធីបិទការប្រកួតកីឡាកាយសម្ព័នជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ឯកឧត្តមបណ្ឌិត ថោង ខុន លើកទី ២ ឆ្នាំ ២០១៨ នៅសាលដំបូលទូក នៃពហុកីឡដ្ឋានជាតិ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ហើយវាក៏ជាពេលដែលលោកបានឃើញពីការបង្ហាញសមត្ថភាពរបស់ក្រុមអត្តពលិក ដែលទទួលបានជ័យជម្នះ នៅក្នុងការប្រកួតលើកនេះផងដែរ។
ជាមួយគ្នានេះ លោក ណយ ផាន់ណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា និងជាប្រធានគ្រប់គ្រងគណៈកម្មការ ចៅក្រម ក្នុងការប្រកួតនេះបានធ្វើការវាយតម្លៃខ្ពស់ ទៅលើលទ្ធផលដែលទទួលបានពីការប្រកួតថ្នាក់ជាតិលើកនេះ គឺមានការរីកចម្រើនទាំងសមត្ថភាព ចៅក្រម និងអត្តពលិក។
លោក ផាន់ណា បានថ្លែងថា៖ «ការប្រកួតនៅឆ្នាំនេះ មានលក្ខណៈប្រសើរច្រើនណាស់ ព្រោះអត្តពលិក មានការប្រកួតប្រជែងគ្នាខ្លាំងមែនទែន ហើយការប្រជែងគ្នាខ្លាំងនេះ គឺដោយសារការកើនឡើងបច្ចេកទេសរបស់គាត់ ហើយមួយទៀត ពាក់ព័ន្ធនឹងកញ្ចប់ថវិកាលើកទឹកចិត្ត ដែលឯកឧត្តមបណ្ឌិត ថោង ខុន បានបង្កើនការផ្តល់ប្រាក់រង្វាន់ច្រើន។ រីឯចៅក្រម ក៏មានការកើនឡើង និងមានភាពវៃឆ្លាតក្នុងការដាក់ពិន្ទុ និងចាប់នូវរាល់សកម្មភាពប្រកួតរបស់អត្តពលិក គឺពួកគាត់ស្ទើរតែគ្មានកំហុស»។
គួរបញ្ជាក់ថា ការប្រកួតថ្នាក់ជាតិឆ្នាំនេះ មានអត្តពលិក ៧៤ នាក់ (ស្រី ៣៦ នាក់) បានចូលរួម ដោយពួកគេបានប្រកួតប្រជែងលើវិញ្ញាសាចំនួន ១៣ តំណាងឲ្យខេត្ត និងសមាគមចំនួន ៤ ហើយជាលទ្ធផលនៃការប្រកួត ៤ ថ្ងៃនេះ អត្តពលិករបស់សមាគមក្រសួងមហាផ្ទៃ បានឈ្នះមេដាយមាស ៤ ប្រាក់ ៦ សំរឹទ្ធ ៣ ដើម្បីឈរនៅលេខ ១។
ចំណែកខេត្តកំពង់ឆ្នាំង ឈរនៅលេខ ២ ដោយបានមាស ៤ ប្រាក់ ៣ សំរឹទ្ធ ៣ ខេត្តក្រចេះ បានមាស ៣ ប្រាក់ ៤ សំរឹទ្ធ ៦ ហើយខេត្តតាកែវ បានមាស ២ និងសំរឹទ្ធ ២ ឯប្រាក់រង្វាន់ដែលទទួលបាន គឺអ្នកលេខ ១ បាន ៥០ ម៉ឺនរៀល លេខ ២ បាន ៤០ ម៉ឺនរៀល និងលេខ ៣ បាន ៣០ ម៉ឺនរៀល ខណៈការប្រកួតជាក្រុម មានគ្នា ៦ នាក់ លេខ ១ បាន ៣ លានរៀល៕