ភ្នំពេញ៖ ​លោក​នាយ​ឧត្ដមសេនីយ៍ ​គៀត ​ច័ន្ទថារិទ្ធ ដែល​​ត្រូវ​បាន​ជ្រើស​តាំង​ជា​ប្រធាន​សហព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​កម្ពុជា​កាល​ថ្ងៃ ​២១​ ខែ ​វិច្ឆិកា ​ឆ្នាំ ​២០១៩ នោះ បាន​បញ្ចេញ​នូវ​ទស្សនៈ ជាមួយ​​នឹង​ការ​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ថ្មី​ ដោយ​ផ្តោត​ខ្លាំង​​ទៅ​លើ​ការ​ពង្រឹង​ការ​ហ្វឹកហាត់ និង​​ការ​​រៀបចំ​ការ​ប្រកួត​របស់​ក្រុម​អត្តពលិក គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ពួក​គេ​មាន​សមត្ថភាព​អាច​ឈាន​ទៅ​ដណ្តើម​បាន​មេដាយ​នៅ​លើ​ឆាក​អន្តរជាតិ ពិសេស​ការ​ប្រកួត​ស៊ីហ្គេម​នៅ​វៀតណាម និង​នៅ​កម្ពុជា។ ​

បើ​ទោះ​ជា​វិបត្តិ​​ជំងឺ​ឆ្លង​កូវីដ ​១៩​ បាន​ធ្វើ​ឲ្យ​សកម្មភាព​ចេញ​ប្រកួត​ជា​ច្រើន​ទាំង​​ក្នុង​កម្រិត​អាស៊ី​អាគ្នេយ៍​ និង​ទ្វីប ​​ត្រូវ​បាន​ផ្អាក​ទាំង​ស្រុង​ ប៉ុន្តែ​យុទ្ធសាស្ត្រ​របស់​សហព័ន្ធកីឡា​វាយ​កូន​ឃ្លី​លើតុ ​នៅ​តែ​ហ្វឹកហាត់ ​និង​បង្កើត​បាន​នូវ​មូលនិធិ​ទ្រទ្រង់​ព្រមទាំង​មាន​លេខាធិការដ្ឋាន​សម្រាប់​គ្រប់គ្រង​បច្ចេកទេស​ទៀត​ផង​ ព្រម​ទាំង​បាន​ដាក់​ចេញ​នៅ​ផែនការ​​បង្កើត​ព្រឹត្តិការណ៍​ប្រកួត​ឲ្យ​បាន​ច្រើន​សម្រាប់​អត្តពលិក។ ​

ឆ្លើយ​តប​ចំពោះ​កិច្ច​សម្ភាសន៍​ជាមួយ​ភ្នំពេញ ​ប៉ុស្តិ៍​ លោក​នាយ​ឧត្ដម​សេនីយ៍​ គៀត​ ច័ន្ទថារិទ្ធ​​ មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​ទើប​តែ​ចូល​មក​ធ្វើ​ជា​ប្រធាន​សហព័ន្ធ ​ស្រប​ពេល​មាន​​ការ​ផ្ទុះ​នូវ​ជំងឺ​​កូវីដ ​១៩​ នាំ​ឲ្យ​​ប៉ះពាល់​ខ្លាំង​ដល់​ការ​អភិវឌ្ឍ​វិស័យ​កីឡា។ យ៉ាង​នេះ​ក្តី ​ក្នុង​រយៈពេល​ជិត ​​១ ឆ្នាំ​នេះ ​យើង​ក៏​សាង​បាន​នូវ​លេខាធិការដ្ឋាន​មួយ​ដែល​ឃ្លាំមើល​ការ​ហ្វឹកហាត់​ កែច្នៃ​ទីតាំង​ហ្វឹកហាត់​ឲ្យ​មាន​​លក្ខណៈ​ស្តង់ដា​ព្រម​ទាំង​បង្កើត​បាន​នូវ​មូលនិធិ​គាំទ្រ​ជា​ថវិកា​ក្នុង​សហព័ន្ធ​បាន​ល្អ ​ដើម្បី​​ឲ្យ​អត្តពលិក​យើង​មាន​សមត្ថភាព​ខ្ពស់​អាច​ដណ្តើម​បាន​​ជ័យជម្នះ​ពី​លើ​ឆាក​អន្តរជាតិ​ ពិសេស​​ការ​ប្រកួត​​ស៊ីហ្គេម​លើក​ទី​៣១​ ឆ្នាំ ​២០២១ នៅ​​វៀតណាម​ និង​ស៊ីហ្គេម​លើក​ទី​៣២ ​ឆ្នាំ ​២០២៣​ ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ»​​។​

«​ក្នុង​នាម​ខ្ញុំ​ជា​អ្នក​​ដឹកនាំ​សហព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​នេះ ​ខ្ញុំ​នឹង​បន្ត​ឲ្យ​មាន​ការ​ប្រកួត​ធ្វើ​តេស្ត​សមត្ថភាព​បច្ចេកទេស​ សម្រាប់​កីឡាករ កីឡា​ការិនី​ជម្រើស​ជាតិ និង​ថ្នាល ​ឲ្យ​បាន ​៣ ដង​​ក្នុង ១ ឆ្នាំ គឺ​ធ្វើ​នៅ​ត្រីមាស ឆមាស ​និង​នៅ​ចុង​ឆ្នាំ ​ដើម្បី​បង្កើន​កម្រិត​សមត្ថភាព​អត្តពលិក​​ជម្រើស​ជាតិ​ និង​ថ្នាល​ឲ្យ​កាន់​តែ​ខ្លាំង ​សម្រាប់​ត្រៀម​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ ពិសេស​ការ​ប្រកួត​​ស៊ីហ្គេម ​ឆ្នាំ ​២០២១ ​នៅ​ប្រទេស​វៀតណាម​ និង​ស៊ីហ្គេម​ ​ឆ្នាំ ​២០២៣ ​នៅ​កម្ពុជា»។

លោក គៀត​ ច័ន្ទថារិទ្ធ​ បាន​លម្អិត​បន្ថែម​​ថា​៖ ​«​ទាក់ទង​ទៅ​នឹង​ការ​ហ្វឹកហាត់ ​យើង​ផ្តល់​ប្រាក់​បន្ថែម​របស់​សហព័ន្ធ​ដល់​អត្តពលិក​មក​ហ្វឹកហាត់​តាម​ម៉ោង​ គឺ​បន្ថែម​ពី​លើ​របប ​ឬ​ប្រាក់​​របស់​ក្រសួង​អប់រំ ហើយ​ក្នុង ​១ ឆ្នាំៗ យើង​នឹង​រៀបចំ​​ការ​ប្រកួត​​ឲ្យ​បាន​ច្រើន​ ដូច​ជា​ឥឡូវ​យើង​រៀបចំ​មាន ​៤ ​លើក ​ ​ដើម្បី​ពង្រឹង​​សមត្ថភាព​ដូច​ជា​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​, ​ប្រកួត​ពាន​រង្វាន់​របស់​ក្រុមហ៊ុន​, ប្រកួត​ពាន​រង្វាន់​របស់​សហព័ន្ធ​ និង​ប្រកួត​ធ្វើ​តេស្ត​វាស់​ស្ទង់​​កម្រិត​សមត្ថភាព ​ក្រោយ​ពេល​ហ្វឹកហាត់​មួយ​រយៈ។ ​ទាំង​នេះ​ជា​ទស្សនៈ ​និង​ផែនការ​របស់​ខ្ញុំ​ និង​លោក​ ស៊ុន ​សុទ្ធារិទ្ធ ​និង​ថ្នាក់​ដឹកនាំ​របស់​សហព័ន្ធ​​ជា​ច្រើន​រូប​ទៀត»​។​

ចំណែក​លោក​ ស៊ុន​ សុទ្ធារិទ្ធ ដែល​បាន​វិល​មក​ធ្វើ​ជា​​អគ្គលេខាធិការ​វិញ ក្រោយ​លាឈប់​អស់​ពេល ​៥ ឆ្នាំ បាន​ប្រាប់​ថា៖​ «​ការ​បាន​វិល​មក​កាន់​តួនាទី​នេះ​​វិញ ​ជាមួយ​លោក​ប្រធាន​ គឺ​ដល់​ពេល​វេលា​មួយ​ ដែល​យើង​​ត្រូវ​ប្រឹងប្រែង​ផលិត​ឲ្យ​អត្តពលិក​យើង​មាន​សមត្ថភាព​ល្អ​ ដើម្បី​ប្រកួត​ទទួល​បាន​ជ័យជម្នះ​នៅ​លើ​ឆាក​អន្តរជាតិ​ហើយ»។

លោក​បន្ថែម​ថា៖​ «អ្វី​ដែល​យើង​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ដណ្តើម​មេដាយ​ គឺ​អត្តពលិក​មាន​សមត្ថភាព​ខ្ពស់​តាម​រយៈ​ហ្វឹកហាត់​ និង​រៀបចំ​ការ​​ប្រកួត​ដោយ​សហព័ន្ធ​សប្បាយ​ចិត្ត ​និង​មាន​ទឹក​ចិត្ត​ក្នុង​ការ​ដឹកនាំ​គ្រប់គ្រង អ៊ីចឹង​​យើង​គ្មាន​អ្វី​លំបាក​ទៅ​លើ​ថវិកា​ទេ ​ព្រោះ​​លោក​ប្រធាន គៀត​ ច័ន្ទថារិទ្ធ​ បង្កើត​បាន​នូវ​លេខាធិការដ្ឋាន​មួយ​ និង​មូលនិធិ​ទ្រទ្រង់​ ដែល​មាន​អនុប្រធាន​សហព័ន្ធ​ជា​ច្រើន​រូប ​សុទ្ធសឹង​តែ​មក​ជួយ​​ ដោយ​​លះបង់​ពេល​វេលា​ ថវិកា​ផ្ទាល់​ខ្លួន ​ក្នុង​ការ​​រួម​ចំណែក​ឲ្យ​កីឡា​នេះ​ ​ឈាន​ទៅ​រីក​ចម្រើន ​នឹង​អាច​​ដណ្តើម​បាន​មេដាយ​ ក្នុង​​ការ​ប្រកួត​លើ​អន្តរជាតិ​​​ខាង​​មុខ៕​​​​​