The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ប្រធាន​ក្រុម​របស់​ក្រោន ចង់​​បង្អាក់​មហិច្ឆតា​លើក​ពាន​របស់​បឹងកេត




ប្រធាន​ក្រុម​របស់​ក្រោន ចង់​​បង្អាក់​មហិច្ឆតា​លើក​ពាន​របស់​បឹងកេត

Content image - Phnom Penh Post
ខ្សែ​ការពារ​ភ្នំពេញ​ក្រោន កុក បូរីស បានព្យាយាមបិទ ម៉ាត់ នូរុណ របស់បឹងកេត កន្លងមក។ រូបថត សហ​ការី

ប្រធាន​ក្រុម​របស់​ក្រោន ចង់​​បង្អាក់​មហិច្ឆតា​លើក​ពាន​របស់​បឹងកេត

ភ្នំពេញ៖ ​ខ្សែ​ការពារ​ជា​ប្រធាន​ក្រុម​​របស់​ភ្នំពេញក្រោន កុក បូរីស បាន​បង្ហាញ​ចេតនា​ក្នុង​ការ​រារាំង​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​លើក​ពាន​លីក​កំពូល​កម្ពុជា ឆ្នាំ ​២០២០ របស់​ក្រុម​បឹងកេត ប៉ុន្តែ បឹងកេត ក៏​កំពុង​ផ្តោត​ខ្លាំង​ទៅ​លើ​ការ​ប្រកួត​បញ្ចប់​រដូវកាល​នេះ​ផង​ដែរ ព្រោះ​ពួក​គេ​ចង់​ប្រជែង​ឱ្យ​បាន​ពាន​មួយ​នេះ ជំនួស​ការ​បាត់បង់​ពាន​រង្វាន់​សម្តេច ហ៊ុន សែន លើកទី ​១៤ ឆ្នាំ ​២០២០។

បើ​ទោះបី​ជា ភ្នំពេញ​ក្រោន ទទួល​បាន​លេខ ​៣ ដោយ​សុវត្ថិភាព ហើយ​គ្មាន​ឱកាស​នឹង​ប្រជែង​​យក​លេខ ​២ ឬ​លេខ ​១ ទោះ​ពួក​គេ​អាច​យក​ឈ្នះ​ក្រុម បឹងកេត ប៉ុន្ត កុក បូរីស បាន​បង្ហាញ​សារសព្ទ​ក្នុង​ន័យ ជំរុញ​ឱ្យ​មិត្ត​រួម​ក្រុម​របស់​ខ្លួន ខំ​ប្រឹង​យក​ឈ្នះ​ ​បឹងកេត ឱ្យ​បាន​សម្រាប់​ការ​ប្រកួត​បិទ​រដូវ​កាល នៅ​ថ្ងៃទី ​២៥ ខែតុលា ខាង​មុខ។

កីឡាករ កុក បូរីស បាន សរសេរ​បង្ហោះ​នៅ​លើ​ផេច​ហ្វេសប៊ុក​របស់​ខ្លួន ក្រោយ​ភ្នំពេញ​ក្រោន បាន​​ឈ្នះ​ក្រុម​ណាហ្គាវើល ១-០ ថា៖​ «ក្រោយ​ពី​​ទទួល​បាន​ត្រឹម​លេខ ​៥ និង​លេខ ​៦ ក្នុង​ការ​ប្រកួត ​៥ រដូវកាល​កន្លង​មក​នេះ ភ្នំពេញ​ក្រោន បាន​ត្រឡប់​មក​ឈរ​នៅ​លេខ ​៣ នៃ​លីក​កំពូក​កម្ពុជា ហើយ​នេះ​ជាលទ្ធផល​ដ៏​វិជ្ជមាន​ សម្រាប់​អនាគត​របស់​ក្រុម​មួយ​នេះ ហើយ​យើង​នឹង​ព្យាយាម​បញ្ចប់​រដូវកាល​​របស់​យើង ដោយ​ការ​យក​ឈ្នះ​លើ​ក្រុម​​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ ​១ បឹងកេត និង​​មិន​ឱ្យ​​របូត​គ្រាប់​បាល់ បើ​សិន​ជា​យើង​អាច និង​បង្ហាញ​​ថា យើង​ធ្វើ​ការងារ​ជា​ក្រុម​តែ​មួយ​បាន​ល្អ​ក្នុង​ការ​ការពារ»។

យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​ការ​ប្រកួត​នេះ បឹងកេត ត្រូវ​ការ​​ត្រឹម​ស្មើ​ ភ្នំពេញក្រោន ក៏​អាច​លើក​​​ពាន​បាន​ដែរ គឺ​មិន​ចាំបាច់​ខ្វល់​ពី​ការ​ប្រកួត​រវាង​គូបដិបក្ខ ព្រះខ័នរាជ​ស្វាយរៀង និង​ក្រុម​ណាហ្គាវើល នោះ​ទេ ប៉ុន្តែ​លោក បែ មករា អ្នក​ចាត់ការ​ទូទៅ​ក្លិប​បឹងកេត ​បាន​ប្រាប់​ថា បឹងកេត នឹង​មិន​ប្រហែស​ ពេល​ជួប​ក្រុម​ភ្នំពេញ​ក្រោន​នោះ​ទេ ហើយ​នៅ​ពេល​នេះ បឹងកេត កំពុង​មាន​ឆន្ទៈ​ខ្លាំង​ក្នុង​ការ​ប្រជែង​យក​ពាន​នេះ​ឱ្យ​បាន ដើម្បី​ជំនួស​ការ​បាត់បង់​ពាន​រង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ ​២០២០ ក្រោយ​ពេល​ពួក​គេ​ចាញ់​ក្រុម​វិសាខា ក្នុង​វគ្គ ​៨ ​ក្រុម​ចុង​ក្រោយ។

លោក បែ មករា បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ ថា៖ ​«ការ​បាត់​ឱកាស​នៅ​ក្នុង​ការ​ប្រកួត​ពាន​សម្តេច វា​ពិត​ជា​ធ្វើ​ឱ្យ​កីឡាករ​របស់​យើង មាន​ការ​សោកស្តាយ ប៉ុន្តែ​វា​មិន​ដល់​ថ្នាក់​ធ្វើ​ឱ្យ​ពួក​គេ​ធ្លាក់​ទឹក​ចិត្ត​អ្វី​នោះ​ដែរ។ ផ្ទុយ​ទៅ​វិញ ការ​បាត់បង់​ឱកាស​នោះ វា​កាន់​តែ​ធ្វើ​ឱ្យ​កីឡាករ​របស់​យើង មាន​ឆន្ទៈ​ខ្លាំង​ថែម​ទៀត ក្នុង​ការ​ប្រកួត​ប្រជែង​យក​ពាន​លីក​កំពូល​កម្ពុជា ជំនួស​ការ​បាត់បង់​ពាន​សម្តេច គឺ​យើង​​ធ្វើ​ម៉េច​ត្រូវ​ដណ្តើម​ឱ្យ​បាន ព្រោះ​ពេល​នេះ​យើង​ស្ថិត​នៅ​លើ​ផ្លូវ​មាន​ប្រៀប»។

ជាមួយ​គ្នា​នេះ លោក គីម ភក្តី គ្រូ​បង្វឹក​ក្រុម​​បឹងកេត បាន​និង​បន្ត​តាមដាន និង​ពិនិត្យ​មើល​ទៅ​លើ​ទម្រង់​លេង​របស់​ក្រុម​ភ្នំពេញ​ក្រោន បន្ថែម​ទៀត ដើម្បី​ធ្វើ​ឱ្យ​មាន​ភាព​ប្រាកដប្រជា​នៅ​មុន​ការ​ប្រកួត​មក​ដល់។ លោក ភក្តី បាន​និយាយ​ថា៖ ​«បាល់ទាត់​វា​តែងតែ​មាន​ការ​ប្រែប្រួល​ទៅ​តាម​ស្ថានភាព​ជាក់​ស្តែង ដែល​យើង​មិន​អាច​ថា ត្រូវ​លេង​យ៉ាង​ម៉េច​ឱ្យ​ប្រាកដ​នោះ​ទេ ហើយ​យើង​ក៏​មិន​គិត​ថា ជា​សម្ពាធ ឬ​យ៉ាង​ណា​នោះ​ដែរ តែ​​យើង​​រីករាយ​នឹង​ស្វាគមន៍​ចំពោះ​ការ​ប្រកួត​ចុង​ក្រោយ​នេះ»។

យោង​តាម​លទ្ធផល​ប្រកួត​រវាង​ក្រុម Top6 ចំនួន ​១៦ ​លើក​កន្លង​មក​នេះ បឹងកេត មាន ​៤០ ពិន្ទុ លើស​ក្រុម​ស្វាយរៀង ដែល​មាន ​៣៨ ពិន្ទុ ប៉ុន្តែ​ឱកាស​ឈ្នះ​ពាន​របស់​ក្រុម​ស្វាយរៀង លុះត្រា​តែ បឹងកេត ចាញ់​ ភ្នំពេញ​ក្រោន ហើយ​ពួក​គេ​បាន​ឈ្នះ​ក្រុម​ណាហ្គាវើល នៅ​ក្នុង​ជំនួប​ចុង​ក្រោយ នា​ថ្ងៃទី ​២៥ ខែ​តុលា ខាង​មុខ​នេះ។

ចំណែក​នៅ​ចុង​សប្តាហ៍​នេះ មាន​តែ​ការ​ប្រកួត​រវាង​ក្រុម​ឈរ​នៅ​លេខ​ ៧ ដល់​លេខ​ ១៣ ​ប៉ុណ្ណោះ ដោយ​ក្នុង​នោះ ក្រុម​ម្ចាស់​ផ្ទះ សូលទីឡូ​អង្គរ ត្រូវ​ស្វាគមន៍​ក្រុម​នគរបាល​ជាតិ នៅ​រសៀល​ម៉ោង ៣:៣០ ថ្ងៃ​សៅរ៍ គឺ​ស្រប​ពេល​ក្រុម​អគ្គិសនី​​កម្ពុជា ទទួល​ក្រុម​អាស៊ីអឺរ៉ុប ហើយ​ក្រុម​យុវជន​ជាតិ​បាទី ត្រូវ​ស្វាគមន៍​ក្រុម​អង្គរ​ថាយហ្គឺរ លើ​ទឹកដី​របស់​ខ្លួន​នៅ​ថ្ងៃ​អាទិត្យ នា​​រសៀល​ម៉ោង ៣:៣០៕

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញ: អស់​រយៈពេល​ជិត​ ១១ ​ខែ បន្ទាប់ពី​ការដាក់​លក់​ដំណាក់កាល​ទី​ ១ ​ប្រកប​ដោយ​ជោគជ័យ​កាលពី​ខែធ្នូ​ឆ្នាំមុន Forest Harmony ជា​ក្រុមហ៊ុន​វិនិយោគ​រួម​រវាង​វិនិយោគិន​ក្នុង​ស្រុក និង​វិនិយោគិន​ជនជាតិ​បារាំង​កាលពី​ថ្ងៃ​សៅរ៍ បាន​ប្រកាស​បើក​ដំណើរការ​គម្រោង​អភិវឌ្ឍន៍​ដំណាក់កាល​ទី​ ២ ​របស់ខ្លួន​មាន​ឈ្មោះ​ថា Golf Harmony រួមមាន ទីលាន​វាយ​កូនហ្គោល និង​គម្រោង​អគារ​ខុនដូ​។

  • ភ្នំពេញ៖ បន្ទាប់​ពី​​​ការ​​ប្រឡង​​ប្រណាំង​​​ថត​វីដេអូ ​​ដើម្បី​ផ្សព្វផ្សាយ​​ពី​សក្តានុពល​នៃ​តំបន់​សហគមន៍​​​​ទេសចរណ៍ និង​​​​​អេកូ​ទេសចរណ៍​ ​បាន​រៀបចំ​​ ២ រដូវកាល​មក​​ហើយ​​ ខណៈ​​ការ​ប្រឡង​ប្រណាំង​រដូវកាល​ទី​៣ ​​​ឆ្នាំ ​២០២០​ ក៏​បាន​មក​​ដល់​​​។

  • ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា​លោក​ ហង់ជួន ណារ៉ុន បានអនុញ្ញាត​ជា​​គោលការណ៍​ឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន​ទាំងអស់​អាច​ដំណើរការឡើង​វិញ​នូវ​សេវា​រថយន្ត​ដឹក​សិស្ស សេវា​បណ្ណាល័យ សកម្មភាព​អប់រំ​កាយ និង​កីឡា និង​សេវា​អាហារដ្ឋាន ប៉ុន្តែ​ត្រូវអនុវត្ត​នូវ​គោលការណ៍​ប្រតិបត្តិ​ស្តងដា​ (SOP) ​ឱ្យ​ម៉ឺងម៉ាត់​។

  • តាកែវៈ មន្ត្រី​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ឱ្យ​ដឹងថា សម្បុក​សត្វ​ចង្កៀលខ្យង​ជាង​ ២ ០០០ ​សម្បុក​ បានបង្ហាញ​វត្តមាន​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង​ ១៥ ​ឆ្នាំ​ ដែល​នេះ​ជា​កំណត់ត្រា​ថ្មី​ដែល​ពុំ​ធ្លាប់មាន​នៅក្នុង​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ ស្ថិត​ក្នុងស្រុក​បុរីជលសា និង​ស្រុក​កោះអណ្តែត ខេត្តតាកែវ​។

  • ស្ទឹងត្រែង/ភ្នំពេញៈ គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន​ (ice) ​ចំនួន​ ៤១ ​គីឡូក្រាម​ត្រូវ​បាន​មន្ត្រី​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នាថ្ងៃទី​ ២៤ តុលា បន្ទាប់ពី​បង្ក្រាប​នៅ​ស្រុក​បុរី​ឣូរស្វាយសែនជ័យ​ពី​ថ្ងៃ​ទី​ ២៣ តុលា ខណៈ​ម្ចាស់​កំពុង​រត់គេច​ខ្លួន​។

  • ភ្នំពេញៈ ក្រសួង​អប់រំ យុវជន​ និង​កីឡា​កំពុង​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន ដើម្បី​រៀបចំ​តភ្ជាប់​ប្រព័ន្ធ​អ៊ីនធឺណិត​ដល់​គ្រឹះស្ថានសិក្សា​សាធារណៈ​​ក្នុង​រយៈពេល​ ៤ ​ឆ្នាំ​ (​ឆ្នាំ​ ២០២០-២០២៣) ​ដើម្បី​ផ្ដល់​ការរៀន​ និង​ការបង្រៀន​តាមបែប​ឌីជីថល​​ដែល​ការអនុវត្ត​ត្រូវធ្វើ​ឡើងជា​ជំហានៗ​ចាប់ពី​ចុងឆ្នាំ​នេះ​ទៅ​។