ភ្នំពេញៈ ប្រធាន​ក្លិប​ប្រដាល់​ខ្លារខិន ​គឺ​អ្នក​ស្រី​ ឡុង​ រ៉ាវី​ ​បាន​ទទូច​សុំ​ឲ្យ​សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ រក​មុខឈ្មួញ​កណ្តាល ដែល​នាំ​​កីឡាករ​កម្ពុជា ទៅ​ប្រកួត​នៅ​ប្រទេស​ថៃ ខុស​ច្បាប់​ឲ្យ​ឃើញ ដើម្បី​ចាត់​ការ​ទៅ​តាម​ផ្លូវ​ច្បាប់ ព្រោះ​ក្លិប​របស់​អ្នកស្រី ​ក៏​​ទទួល​រងគ្រោះ​ពី​បទល្មើស​នេះដែរ។

ការ​ប្រតិកម្ម​ភ្លាមៗនេះ គឺ​បន្ទាប់​ពី​​អ្នកស្រី ឡុង រ៉ាវី ​ទទួល​ដំណឹង​ថា សហព័ន្ធកីឡា​ប្រដាល់​គុន​ខ្មែរ​ កាល​ពី​ព្រឹក​ថ្ងៃ​ពុធនេះ បានកោះ​ហៅ​​ប្រធាន​ក្លិប​មួយ​ចំនួន ​ទៅ​ធ្វើ​ការ​ព្រមាន​​ចំពោះ​ការ​​អនុញ្ញាត​ ឲ្យ​កីឡាករ​ប្រដាល់​កម្ពុជា​ ទៅ​ប្រ​កួត​នៅ​ក្រៅ​ប្រទេស ជា​ពិសេស​ប្រទេស​ថៃ​ដោយ​មិន​បាន​សុំ​ច្បាប់ ដោយ​សហព័ន្ធ បាន​ចាត់​ទុក​ទង្វើ​នេះ​ថា ​ជា​ករណី​ល្មើសច្បាប់​។

អ្នក​ស្រី ឡុង រ៉ាវី បាន​ថត​រូប​រួម​គ្នា ជាមួយ​កីឡាករ និងគ្រូ​បង្វឹក នៅ​ក្នុង​​ក្លិប​ខ្លារខិន កន្លង​មក។រូប សហការី

​អ្នក​ស្រី ឡុង រ៉ាវី បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ មុន​នេះ​បន្តិចថា៖​«​ខ្ញុំ​ជា​ប្រធាន​ក្លិប​មួយ​រូប ដែល​ទទួល​រង​គ្រោះ​ដោយ​បទ​លើ្មស​បែបនេះ​ដែរ​ ប៉ុន្តែខ្ញុំ​​មិន​ត្រូវ​បាន ​សហព័ន្ធ ​ហៅ​ទៅ​ចូល​រួម​នឹងគេ​ទេ»​​។

​​អ្នក​ស្រីបាន​បញ្ជាក់​ថា៖​ ​«​សហព័ន្ធ​ គួរ​​តែ​រក​មុខ​មន្ត្រី ​ដែល​ជា​ឈ្មួញ​កណ្តាល​នាំ​កីឡាករ​កម្ពុជា ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស ខុសច្បាប់​​នោះ​ឲ្យ​ឃើញ​ ដើម្បី​ដាក់​ពិន័យ ​និង​​ត្រូវ​ធ្វើឲ្យ​ស្មើ​ភាព​គ្នា ព្រោះ​​កន្លង​មក ​ធ្វើ​បាន​តែចំពោះ​​អ្នក​តូច​តាច ​ប៉ុន្តែ​អ្នក​ធំ​លាក់​មុខ ​រក​មិន​ឃើញ​ និង​មិន​ដែល​ព្រមាននោះ​ទេ​»​។

ជាមួយ​នឹង​ការ​ទទូច​សុំ​ឲ្យ​​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា ស្វែង​រក​មុខ​ឈ្មួញ​កណ្តាល​ប្រព្រឹត្ត​ល្មើស​ច្បាប់នេះ ក៏​បាន​ប្រាប់​ផងដែរ​ថា អ្នក​ស្រី​ទើប​តែ​ទទួល​រង​គ្រោះ​ពី​ហេតុ​ការណ៍​នេះ​ព្រោះ​កន្លងមក​នេះ កីឡាករ​ ម៉ឺន ដា របស់​ក្លិប​ខ្លារខិន បាន​លួច​ចេញ​យក​ទៅ​ប្រកួត នៅ​ប្រទេស​ថៃ ប៉ុន្តែ​រក​មុខ​អ្នក​នាំ​ទៅ​ប្រកួតមិន​​ឃើញ​ទេ។

កីឡាករ ម៉ឺន ដា បានស្ពាយ​ខ្សែ​ក្រវាត់ The Global Fight ដែល​រូប​គេ​ដណ្តើម​បាន ក្នុងកម្ម​វិធី MAX Muay Thai ប៉ុន្តែ ម៉ឺន ដា អាច​នឹង​បញ្ឈ​ជើង ដោយ​សារ​​ការ​ចេញ​ទៅ​ប្រកួត​នៅ​ថៃ ដោយ​​គ្មាន​ការ​អនុញ្ញាត​ពី​ក្លិបនេះ​។រូប សហការី

គួរ​បញ្ជាក់​ថា ​កាល​ពី​ដើម​ខែ​មីនា កន្លង​មក​នេះ កីឡាករ ម៉ឺន​ ដា​ បាន​ចេញ​ទៅ​ប្រ​កួត​នៅ​ប្រទេស​ថៃ ​ដោយ​ល្មើស​ច្បាប់ ហើយ​នៅ​ក្នុងការ​ប្រកួត​នោះ ម៉ឺន ដា ​បាន​​យក​ឈ្នះ​​ជើង​ចាស់​របស់​​ថៃ​ Kingpetch ​Yor.​Phayayung ដោយ​ពិន្ទុ​ដាច់ ​នៅលើ​សង្វៀន ​MAX Muay​Thai ​ដើម្បី​គ្រង​តំណែង​ជា​ម្ចាស់​ខ្សែក្រវាត់​ ដែល​មាន​ឈ្មោះ​ The​ Global​ Fight ​បាន​យ៉ាងជោគ​ជ័យ។

ប៉ុន្តែ​អ្នក​ស្រី ​ឡុង ​រ៉ាវី ​មិនបាន​​សាទរ​ចំពោះ​ជ័យ​ជម្នះ​របស់ ម៉ឺន ដា នោះ​ទេ ព្រោះ​រូប​គេ បាន​ចេញ​ទៅ​ប្រកួត ដោយ​មិន​បាន​សុំ​ការ​អនុញ្ញាត​ពី​ក្លិប ​ហើយ​សហព័ន្ធកីឡា​ប្រដាល់​គុនខ្មែរ​ហាក់​ដូច​មិន​រវល់​ ក្នុងការ​ជួយ​អ្នក​ស្រី​ ​វែក​មុខរក​​ជន​ល្មើស​ ឬឈ្មួញ​កណ្តាល ដែល​បាន​នាំ​កីឡាករ ម៉ឺន ដា ចេញ​ទៅ​ប្រកួត​នៅ​ថៃ​នោះ។​

​អ្នក​​ស្រី ឡុង រ៉ាវី ​បន្ថែម​ថា​៖​«បើ​សហព័ន្ធ​ ចាត់​វិធាន​ការ​ច្បាប់ ​គឺ​ត្រូវ​អនុវត្ត​ឲ្យ​បាន​ស្មើ​គ្នា​ និង​គ្រប់​ក្លិប ​ហើយ​បើ​អ្នក​ធំ ​ធ្វើ​ខុស​រក​មុខ​ឲ្យ​ឃើញ​ផង​»។​

អ្នក​ស្រី​ រ៉ាវី គ្រោង​នឹង​ដាក់​ពាក្យ​មក​សហព័ន្ធកីឡា​ប្រ​ដាល់​គុន​ខ្មែរ ​និង​ស្ថាប័ន​ពាក់​ព័ន្ធ​ ដើម្បី​ដាក់​ពិន័យ ​ទៅ​លើ​កីឡាករ ​ម៉ឺន ដា​ មួយ​រយៈ​ ដោយ​មិន​ឲ្យឡើង​​ប្រ​កួត​ទាំង​ក្នុង ​និង​ក្រៅ​ប្រ​ទេស ​ព្រម​ទាំង​​សុំ​ឲ្យ​សហព័នកីឡា​ប្រ​ដាល់​គុន​ខ្មែរ ដែល​មាន​លោក តែម ម៉ឺន ជា​ប្រធាននោះ ​វ៉ែក​មុខរក​​មន្ត្រី​ណា​ ដែល​នាំ​កីឡាករ​ទៅ​ប្រកួត​ខុស​ច្បាប់​នោះ​ឲ្យ​ឃើញ ​ទើប​មាន​តម្លាភាព​៕​