ក្រុងឡុងដ៍: ប្រធានក្លិបសារិកាព្រៃ Newcastle United លោក Mike Ashley បានស្នើឱ្យខាងអ្នកគ្រប់គ្រង Premier League ពិនិត្យពិចារណាឡើងវិញនូវនយោបាយបង់ប្រាក់មើលការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ (PPV) ចំពេលមានការផ្ទុះឡើងនូវរិះគន់ពីសំណាក់អ្នកគាំទ្រយ៉ាងខ្លាំងក្លា។
ទូរទស្សន៍ BT Sport និង Sky Sports កំពុងផ្សាយផ្ទាល់នូវរាល់ការប្រកួតរបស់ក្របខ័ណ្ឌ Premier League ជាផ្នែកនៃកញ្ចប់កម្មវិធីប្រកួតនៅសល់ ដែលនេះ ជាវិធានការបណ្ដោះអាសន្ន ដោយសារមានការហាមឃាត់មិនឱ្យអ្នកគាំទ្រចូលទៅក្នុងកីឡដ្ឋាន ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ ១៩។
តែការកែប្រែនៅដើមខែនេះ ក្រោមគ្រោងការបណ្ដោះអាសន្នមួយ ដែលការប្រកួតមិនត្រូវបានយកមកធ្វើការផ្សាយបន្តផ្ទាល់ក្នុងខែតុលា នឹងមានសម្រាប់ឱ្យទិញតាមរយៈកម្មវិធី PPV តែប៉ុណ្ណោះ។
លោក Ashley បានឱ្យដឹងតាមរយៈសេចក្ដីប្រកាសថា៖ «ខ្ញុំកំពុងធ្វើការស្នើឱ្យអ្នកគ្រប់គ្រង Premier League ចាត់វិធានការ និងសើរើឡើងវិញភ្លាមៗនូវកិច្ចព្រមព្រៀង PPV របស់ខ្លួន នាពេលថ្មីៗនេះ សម្រាប់ការផ្សាយបន្តផ្ទាល់ការប្រកួតនៅចក្រពភអង់គ្លេស»។
ក្នុងសេចក្ដីប្រកាសរបស់លោកបន្តទៀតថា៖ «ការយកថ្លៃ ១៤,៩៥ ផោន (ជាង ១៩ ដុល្លារ) សម្រាប់មើល ១ ប្រកួត ក្នុងស្ថានភាពបច្ចុប្បន្ននេះ គឺជារឿងមិនអាចទទួលយកបានឡើយពីសំណាក់អ្នកគាំទ្រ។ ទស្សនិកជនយ៉ាងច្រើន បានច្រានចោលការស្នើនេះ ហើយ Premier League ត្រូវតែចាត់វិធានការឥឡូវនេះ»។
សមាគមអ្នកគាំទ្របាល់ទាត់ បានជំរុញឱ្យអ្នកគ្រប់គ្រងលីគ ធ្វើការពិចារណាឡើងវិញចំពោះការដាក់តម្លៃនេះ ខណៈអ្នកគាំទ្រខ្លះបានសម្រេចធ្វើការបរិច្ចាគទៅមូលនិធិសប្បុរសធម៌ជំនួសវិញ ដោយមកទល់ពេលនេះ រៃអង្គាសបានថវិកាបានជាង ៣០០ ០០០ ផោន (ជាង ៣៨០ ០០០ ដុល្លារ) ពីចំនួន ៩ ប្រកួត។
ជាមួយគ្នានេះ លោកប្រធានក្លិបរូបនេះ បានលើកជាសំណើថា តម្លៃគួរតែបន្ថយមកត្រឹម ៤,៩៥ ផោន (ជាង ៦ ដុល្លារ) សម្រាប់ ១ ប្រកួត ដោយការដាក់តម្លៃហ្នឹង នឹងត្រូវលើកយកទៅពិភាក្សា នៅឯកិច្ចប្រជុំរបស់អ្នកពាក់ព័ន្ធនឹង Premier League ទាំងអស់នៅថ្ងៃអង្គារ។
កាលពីសប្ដាហ៍មុនក្របខ័ណ្ឌ Premier League បានប្រកាសពីការជ្រើសគូប្រកួតផ្សាយបន្តផ្ទាល់សម្រាប់ខែវិច្ឆិកា តែអត់បានបញ្ជាក់ការប្រកួតសម្រាប់ PPV នោះឡើយ ដោយខាងលីគបានឱ្យដឹងថា ការជ្រើសរើសការប្រកួតសម្រាប់ផ្សាយបន្តផ្ទាល់បន្ថែមទៀត នឹងត្រូវប្រកាសប្រាប់ក្នុងពេលវេលាសមរម្យណាមួយ៕ AFP/VN