ភ្នំពេញ៖ សហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា ដែលប្រមែលប្រមូលធនធានមនុស្សល្អៗ ចេញពីប្រដាល់សកល និងប្រដាល់គុនខ្មែរ ដើម្បីបំពេញបានជាសហព័ន្ធពេញលេញនៅឆ្នាំ ២០២១ នេះមានក្រុមជម្រើសជាតិ ដែលមានអត្តពលិក និងគ្រូបង្វឹក កំពុងហ្វឹកហាត់យ៉ាងសកម្ម តាមកម្មវិធី ZOOM របស់ក្រសួងអប់រំ យុវជន និងកីឡា ប៉ុន្តែប្រធានសហព័ន្ធ លោក ហេង សុឃន មិនបង្ហាញពីសមាសភាពអត្តពលិកទាំងនោះនៅឡើយ ដោយលោកបានឱ្យទៅសុំថ្នាក់លើ ពោលគឺការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា។
ទោះបីយ៉ាងនេះក្តី សមាសភាពកីឡាករឆ្នើម និងកីឡាការិនីមានសមត្ថភាពល្អ ព្រមទាំងគ្រូបង្វឹកនៃសហព័ន្ធមួយនេះត្រូវបានប្រមូលផ្តុំហ្វឹកហាត់នៅក្នុងស្តាតចាស់មួយរយៈ មុនកូវីដ១៩ ផ្ទុះក្នុងទ្រង់ទ្រាយធំ ហើយបានបំបែកគ្នាហ្វឹកហាត់តាម ZOOM តាមកម្មវិធីរបស់ក្រសួង ដូចសហព័ន្ធកីឡាដទៃ ដោយក្រុមជម្រើសជាតិនេះ គេទទួលស្គាល់ថា ជាអត្តពលិកជើងចាស់មានសមត្ថភាពល្អៗ គួររំពឹងឈ្នះមេដាយ។
លោក ហេង សុឃន ដែលជាអនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរផងនោះ បាននិយាយថា៖ «អត្តពលិករបស់យើងមានចំនួនសរុប ១៣ នាក់ និងមានបម្រុងច្រើនទៀត កំពុងហ្វឹកហាត់ តាមកម្មវិធីរបស់ក្រសួង និងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា គឺក្រុមជម្រើសជាតិ ឃីកបុកស៊ីង បានចាប់ផ្តើមហ្វឹកហាត់តាមរយៈអនឡាញ ដើម្បីត្រៀមខ្លួនចូលរួមការប្រកួតស៊ីហ្គេមនៅទីក្រុងហាណូយ ប្រទេសវៀតណាមនាខែវិច្ឆិកា ឆ្នាំ ២០២១ នេះ ប៉ុន្តែចំពោះសមាសភាព យើងមិនទាន់ហ៊ានប្រាប់ទេ ព្រោះអាចនឹងផ្លាស់ប្តូរខ្លះ ទៅតាមការចាំបាច់ជាក់ស្តែង ព្រោះអត្តពលិកខ្លះមានសុខភាពមិនល្អ ត្រូវដោះដូរ»។
ប្រធានសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា លោក ហេង សុឃន បានបន្ថែមថា៖ «តាមពិត យើងមានអត្តពលិកដល់ ១៧ នាក់ ទាំងបម្រុង ប៉ុន្តែយើងមិនទាន់ចង់បង្ហាញពីកីឡាករ កីឡាការិនីណា ទម្ងន់ណា ដែលត្រូវបានទៅប្រកួតនៅឡើយទេ ព្រោះសហព័ន្ធក៏មិនទាន់ដឹងពីប្រភេទទម្ងន់មានប៉ុន្មានត្រូវទៅប្រកួតនៅឡើយ»។
ក្រុមប្រដាល់ឃីកបុកស៊ីងកម្ពុជា ទើបតែទទួលបានការប្រមូលផ្តុំ ជាជម្រើសជាតិ នៅឆ្នាំ ២០២១ នេះ ពេញលេញ ក្រោយបង្កើតបានជាសហព័ន្ធដាច់ពីប្រដាល់សកល និងប្រដាល់គុនខ្មែរ ប៉ុន្តែធនធានមនុស្សមានប្រភពមកពីសហព័ន្ធទាំង ២ នេះ ហើយកន្លងមក ឃីកបុកស៊ីង ជ្រកក្រោមប្រដាល់គុនខ្មែរ និងធ្លាប់ឈ្នះមេដាយសំរឹទ្ធពីស៊ីហ្គេមផងដែរ។
លោក ជា រិទ្ធ គ្រូធំបង្វឹកក្រុមកីឡាឃីកបុកស៊ីង មិនអាចសុំសម្ភាសបានទេ ហើយគ្រូប្រដាល់ភាគច្រើនបានប្រាប់ ដោយសុំមិនបញ្ចេញឈ្មោះថា៖ «លោក ជា រិទ្ធ មានជំនាញភាសាអង់គ្លេស មិនមែនជំនាញក្បាច់គុនទេ ប៉ុន្តែការឡើងមកធ្វើគ្រូធំ ដោយសារមានខ្សែធំ។ កាលពីឆ្នាំ ២០២០ លោក ជា រិទ្ធ ជាប់ជាគ្រូជំនួយប្រដាល់គុនខ្មែរ បន្ទាប់ពីលោក ឡុង សាលវ័ន្ត ចំណែកការបានធ្វើគ្រូធំកីឡាឃីកបុកស៊ីងនេះក៏មានខ្សែ និងបក្ខពួកធំដែរ ទើបចូលបាន»។
លោក ជា រិទ្ធ មកដល់បច្ចុប្បន្ន គេនាំគ្នានិយាយលេងពីមាត់មួយទៅមួយថា ពេលបានធ្វើគ្រូធំនៃឃីកបុកស៊ីងមក លោក ជា រិទ្ធ សម្តែងឫកដូចពាក្យចាស់ថា «បូសក្លៀក» មិនងាយនិយាយស្តី ឬរាប់អានគ្នា ដូចមុន ជាមួយគ្រូប្រដាល់ដូចគ្នានោះទេ ដោយអាងលើតួនាទីបន្ថែមមួយទៀត ជាជំនួយការលោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។
ចំណែក អតីតកីឡាការិនីជម្រើសជាតិប្រដាល់សកលកម្ពុជា នូវ ស្រីពៅ បាននិយាយថា៖ «ខ្ញុំបានសុំលាឈប់ពីប្រដាល់សកល មកហាត់នៅក្នុងឃីកបុកស៊ីងវិញ ដើម្បីត្រៀមការប្រកួតនៅស៊ីហ្គេម ឆ្នាំ ២០២១ នេះ»។
នៅក្នុងសមាសភាពជម្រើសជាតិឃីកបុកស៊ីង គេសង្កេតឃើញមានកីឡាការិនីឆ្នើមចំនួន ៣ នាក់ រួមមាន នូវ ស្រីពៅ ហាត់ត្រៀមក្នុងប្រភេទទម្ងន់ ៥១ គីឡូក្រាម កីឡាការិនី ស៊ីថា ស្រីលីន ហាត់ត្រៀមក្នុងទម្ងន់ ៥៤ គីឡូក្រាម និងកីឡាការិនី វី ស្រីខួច ហាត់ត្រៀមក្នុងប្រភេទទម្ងន់ ៦៤ គីឡូក្រាម ដែលអ្នកទាំង ៣ ជាក្តីសង្ឃឹមថា នឹងអាចដណ្តើមបានជយលាភី។
ចំណែកកីឡាករ ៧ នាក់ក្នុងក្រុមជម្រើសជាតិឃីកបុកស៊ីងរួមមានកីឡាករ វន គឹមចេង ប្រភេទទម្ងន់ ៥១ គីឡូក្រាម កីឡាករ សុខ រិទ្ធ ទម្ងន់ ៥៤ គីឡូក្រាម ខេម ចាន់ ទម្ងន់ ៥៤ គីឡូក្រាម ហ៊ឹម សេរី ទម្ងន់ ៥១ គីឡូក្រាម ទួច រ៉ាឆាន់ ទម្ងន់ ៥៧ គីឡូក្រាម ឈុត វ៉ាន់ថង ទម្ងន់ ៦០ គីឡូក្រាម និងកីឡាករ ស៊ន រ៉ាគឹម ស្ថិតក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម៕