ភ្នំពេញ៖ ​ក្រុម​ការងារ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​(NOCC)​ បាន​រៀបចំ​កម្មវិធី​ «កីឡា​ដើម្បី​ទាំង​អស់​គ្នា» ឬ «​Sport For ​All​» ​​ដែល​ជា​កម្មវិធី​ប្រចាំ​ឆ្នាំ​ ផ្តោត​ទៅ​លើ​ការ​អប់រំ​ស្វែង​យល់​ពី​កីឡា​ ផ្តល់​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ផ្ទាល់​ នៅ​ស្រុក​បារាយណ៍​ ខេត្ត​កំពង់ធំ​​ ខណៈ​កម្មវិធី​នេះ​ ទទួល​បាន​ការ​គាំទ្រ​ពី​អង្គការ​សាមគ្គី​អូឡាំពិក​អន្តរជាតិ​ (OS) ​ហើយ​មាន​គោល​បំណង​អប់រំ ​ក្នុង​ប្រធាន​បទ ​«ប្រជាជន​ម្នាក់​លេង​កីឡា​មួយ​មុខ»​។

ជាមួយ​គ្នា​នេះ​អ្នក​ជំនាញ​កីឡា​វ័យ​ក្មេង​គឺ​ លោក​ ប៊ុយ​ សោភ័ណ្ឌ​ និង ​ញ៉ាន ​សុខវិសាល​ ធ្វើ​ជា​វាគ្មិន​រយៈពេល ​២ ថ្ងៃ​ ដែល​អនុវត្ត​ផ្ទាល់​ជា​ទ្រឹស្តី​ និង​លេង​កីឡា​ចំនួន ​១២ ​ប្រភេទ​ កាល​ពី​ចុង​សប្តាហ៍​មក​នេះ។​ លោក តុប ​បញ្ញា ​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​គម្រោង​នៃ ​NOCC ​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​ថា​៖ «​នេះ​ជា​កម្មវិធី​ប្រចាំ ​ឆ្នាំ ​២០២០​ ដើម្បី​​បញ្ជ្រាប​ការ​ផ្សព្វផ្សាយ​ចលនា​អូឡាំពិក​ និង​ផ្តល់​ឱកាស​ឱ្យ​យុវជន​បាន​ចូលរួម​លេង​កីឡា​ ក៏​ដូច​ជា​ផ្សព្វផ្សាយ​ដំណើរ​ការ​ឆ្ពោះ​ទៅ​ទទួល​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​ លើក​ទី៣២​ ឆ្នាំ ២០២៣​ នៅ​កម្ពុជា​»។

លោក​ បញ្ញា​ បន្ត​ថា​៖ «​គោល​បំណង​ធំ​ គឺ​ដើម្បី​បណ្តុះ​នូវ​ស្មារតី​កីឡា​ជូន​ដល់​មហាជន​ទូទៅ ​មិន​ថា​ពួក​គាត់​ជា​អត្តពលិក​អាជីព​ ឬ​អ្នក​លេង​កីឡា​ ដើម្បី​សុខភាព​នោះ​ទេ ពោល​គឺ​បញ្ជ្រាប​នូវ​ស្មារតី​កីឡា ​ចំណេះ​ដឹង​ចលនា​អូឡាំពិក ទៅ​ដល់​ស្រទាប់​មហាជន​នានា ​ហើយ​​រយៈពេល ​២ ​ថ្ងៃ​នេះ ​មាន​អត្តពលិក​ជា​សិស្សានុសិស្ស​ចូលរួម​ជាង ​១ ០០០ ​នាក់​ ដោយ​យើង​ជួប​ជុំគ្នា​លេង​កីឡា​​នៅ​ក្នុង​សាលា​បឋមសិក្សា ​អនុវិទ្យាល័យ​បណ្តុះ​វិជ្ជា»​។

ជាមួយ​គ្នានេះ លោក​ ប៊ុយ​ សុភ័ណ្ឌ ​អនុ​ប្រធាន​គម្រោង​នៃ ​NOCC ​បាន​និយាយ​ថា​៖ «​ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​កូវីដ ១៩​ ជាមួយ​រាជ​រដ្ឋាភិបាល​ការ​រៀបចំ​ទិវា ​កីឡា​ដើម្បី​ទាំង​អស់​គ្នា ​នេះ​គឺ​ក្រុម​ការងារ​បាន​អនុវត្ត​នូវ​វិធានការ​របស់​ក្រសួង​សុខាភិបាល​យ៉ាង​ម៉ឺងម៉ាត់​ ​តាមរយៈ​ការ​ត្រួត​ពិនិត្យ វាស់​កម្តៅ​ ពាក់ម៉ាស់​ បាញ់​អាល់​កុល ​និង​រក្សា​គម្លាត​សុវត្ថិភាព​ ខណៈ​ទិវា​នេះ ជា​​យុទ្ធនា​ការ​ដើម្បី​ឆ្ពោះ​ទៅ​ស៊ីហ្គេម​លើកទី​៣២​ ឆ្នាំ ​២០២៣​ គឺ​ប្រជាជន​ម្នាក់​លេង​កីឡា​មួយ​មុខ»​។​

ទាក់ទង​ទៅ​នឹង​វិញ្ញាសា​ដាក់​អនុវត្ត លោក​ ប៊ុយ​ សុភ័ណ្ឌ​ ​បាន​ប្រាប់​ថា​ ​យើង​ដាក់​ឱ្យ​អនុវត្ត​ចំនួន ​១២ ​​វិញ្ញាសា​ មាន​ស៊ុត​បាល់ទាត់ ​១១ ម៉ែត្រ​,​ ចង​ជើង​ដើរ​ប្រណាំង​ជា​ក្រុម​, ឆ្លើយ​សំណួរ​ពី​គុណ​តម្លៃ​អូឡាំពិក​ និង​ផ្សព្វផ្សាយ​ការ​ធ្វើ​ម្ចាស់​ផ្ទះ​ស៊ី​ហ្គេម ​ឆ្នាំ ​២០២៣​, ​លេង​ឆ្លង​កាត់​កង​អូឡាំពិក​, លំហាត់​ប្រាណ​បែប​អេរ៉ូប៊ិក​រត់​ប្រណាំង​ ជុំវិញ​តារាង​បាល់ទាត់, ​ប្រកួត​បាល់ទាត់​, ប្រកួត​បាល់ទះ​, ជិះ​កង់​កម្សាន្ត​ជុំវិញ​ភូមិ​ផ្សព្វផ្សាយ​វិធានការ​ការពារ​កូវីដ ១៩​, បង្វិល​កង​រត់​ជាក្រុម,​ ល្បែង​អប់​រំសាមគ្គី​ជា​ក្រុម​ និង​សកម្មភាព​សម្អាត​បរិស្ថាន​ជុំវិញ​សាលារៀន​។​

ចំណែក​​លោក ញ៉ាន ​សុខវិសាល ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ បាន​​និយាយថា​ គោល​បំណង​នៃ​កម្មវីធី​កីឡា​ដើម្បី​ទាំង​អស់គ្នា​ រួម​មាន​ការ​បំផុស​ឱ្យ​ចូលរួម​លេង​កីឡា​ ស្រប​តាម​គុណតម្លៃ​នៃ​ចលនា​អូឡាំពិក​ និង​ផ្សព្វផ្សាយ​យុទ្ធនាការ «ប្រជាជន​ម្នាក់​លេង​កីឡាមួយ​មុខ» ឆ្ពោះ​ទៅ​ធ្វើ​ម្ចាស់​ផ្ទះ​ស៊ីហ្គេម ​ឆ្នាំ ​២០២៣​។ ​

លោកបន្ត​ថា ​តាម​ពិត​សកម្មភាព​កីឡា​ឆ្ពោះ​ទៅ​ស៊ីហ្គេម ឆ្នាំ ​២០២៣​ មាន​ច្រើន​ ប៉ុន្តែ​បញ្ហា​កូវីដ ​១៩ ​ជា​ឧបសគ្គ​ខ្លាំង ​ហើយ​ការ​ធ្វើ​​សកម្មភាព​បាន​ជា​​បណ្តើរ​ៗ​ខ្លះ​ គឺ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​៕​​​