ភ្នំពេញៈ បញ្ហា​ការព្យាបាល​របួស​របស់​ម្ចាស់​មេដាយមាស​ស៊ីហ្គេម ឆ្នាំ​ ២០១៧ ឃុន ឌីម៉ា ហៅ ឃីម ឌីម៉ា គិត​មក​ដល់​ពេល​នេះ​មិន​ទាន់​បាន​សម្រេច​ច្បាស់លាស់​នៅ​ឡើយ​ថា តើ ឌីម៉ា នឹង​ត្រូវ​ព្យាបាល​វះកាត់​នៅ​មន្ទីរពេទ្យ​ក្នុង ឬ​ក្រៅ​ប្រទេស​នោះ​ទេ ហើយ​ការសម្របសម្រួល​កាលពី​យប់មិញ​ក៏​នៅ​តែ​មិន​ទាន់​សម្រេចចិត្ត​ឲ្យ​ប្រាកដ​នៅ​ឡើយ ប៉ុន្តែ​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​បាន​អះអាង​ថា​សហព័ន្ធ​នៅ​តែ​រ៉ាប់រង​ជួយ​ឧបត្ថម្ភ​ដល់ ឌីម៉ា សម្រាប់​តម្លៃ​ព្យាបាល ទោះ​ជា​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្រៅ​ប្រទេស​ខ្ពស់​ក៏ដោយ​។

លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​មាន​ថ្លែង​ប្រាប់​ថា​៖ «​ក្រោយពី ឌីម៉ា វិល​ពី​ប្រទេស​ថៃ ខ្ញុំ​បាន​សុំ​ឲ្យ ឌីម៉ា មក​ពិគ្រោះ​គ្នា​នៅ​ភ្នំពេញ​ម្តងទៀត​ជាមួយ​គ្រូពេទ្យ​ជំនាញ​ហើយ​កាលពី​សប្តាហ៍​មុន ខ្ញុំ​បាន​ជូន ឌីម៉ា ដោយ​ឡាន​របស់​ខ្ញុំ​ផ្ទាល់​ទៅ​ពិនិត្យ​ពិគ្រោះ​ជាមួយ​អ្នកជំនាញ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​»​។

លោក​បន្ថែម​ថា​៖ «​បន្ទាប់មក​យើង​បាន​ទៅ​ពិនិត្យ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត ហើយ​គ្រោង​នឹង​ព្យាបាល​ដោយ​គ្រូពេទ្យ​ជំនាញ ប៉ុន្តែ ឃុន ឌីម៉ា សុំ​ពន្យារពេល​សិន​ដោយ​បំណង​របស់​គាត់​នៅ​តែ​ចង់​ទៅ​ក្រៅ​ប្រទេស​»​។ លោក តែម ម៉ឺន ​បញ្ជាក់​ថា​៖ «​ប្រសិន​បើ ឌីម៉ា ចង់​ទៅ​ព្យាបាល​ក្រៅ​ប្រទេស​នោះ ទោះបី​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ប្រឈម​ទៅ​នឹង​ថវិកា ប៉ុន្តែ​យើង​នៅ​តែ​ខិតខំ​ជួយ​ថ្លៃ​ព្យាបាល​ដោយ​មិន​ឲ្យ​គ្រួសារ​ព្រួយបារម្ភ ឬ​លំបាក​នោះ​ទេ​»​។

ចំណែក​លោក ជឹម ផល្លា គ្រូពេទ្យ​ប្រចាំការ​ក្រុម​ជម្រើសជាតិ​បាន​និយាយ​ថា​៖​ «​ប្រសិន ឌីម៉ា ព្រម​ព្យាបាល​នៅ​ពេទ្យ​ក្នុង​ស្រុក​យើង​គឺ​ល្អ​ព្រោះ​អ្នក​ជំនាញ​ពេទ្យ​ទាំងនោះ​សុទ្ធតែ​មក​ពី​ក្រៅ​ប្រទេស ហើយ​ឧបករណ៍​ក៏ទំនើប បន្ទប់​វីអាយភី ដោយ​គ្មាន​ចាយលុយ​បន្តិច​ឡើយ​។ កន្លងមក​កីឡាករ​ស្រុក​ខ្មែរ មិន​ដែល​ទទួល​បាន​ការជួយ​បែប​នេះ​ឡើយ តែ​ពេល​នេះ​យើង​ទទួល​បាន​ការព្យាបាល​យ៉ាង​យក​ចិត្ត​ទុកដាក់​ពី​ក្រសួង​អប់រំ ក្រសួង​សុខាភិបាល ដែល​ផ្តល់​តួនាទី​ឲ្យ​មន្ទីរពេទ្យ​រដ្ឋ​ធំៗ​ចំនួន​ ៤ នៅ​រាជធានី​ភ្នំពេញ ពិនិត្យ​ព្យាបាល​ចំពោះ​អត្តពលិក និង​គ្រូបង្វឹក​នៃ​ក្រុម​ជម្រើសជាតិ​មិន​គិត​ប្រាក់​»​។

លោក ជឹម ផល្លា បាន​បន្ថែម​ថា ប៉ុន្តែ​បើ ឌីម៉ា នៅ​តែ​ចង់​ទៅ​ព្យាបាល​ក្រៅ​ប្រទេស​នោះ​សហព័ន្ធ ឬ​គ្រូពេទ្យ យើង​មិន​ជំទាស់​ទេ ព្រោះ​វា​ជា​សិទ្ធិ និង​ជម្រើស​របស់​មនុស្ស​ម្នាក់ៗ​ផ្សេងៗ​ពី​គ្នា​។ ចំណែក​លោក ហេង ប៊ុនឃីម ជា​ឪពុក​បង្កើត​របស់ ឃីម ឌីម៉ា បាន​ប្រាប់​ពី​ស្ថានភាព​របួស​របស់​កូនប្រុស​ក្រោយ​ពិនិត្យ​ថា​ត្រូវការ​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ ពិសេស​ពេទ្យ​ជំនាញ ចំណែក​ថវិកា​ចំណាយ ទោះ​ជា​ក្រីក្រ​ត្រូវ​តែ​ប្រឹង​ដើម្បី​កូន​។

លោក ប៊ុនឃីម បាន​ប្រាប់​ថា​៖ «​ខ្ញុំ​អរគុណ​ដល់​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ និង​ថ្នាក់លើ​ដែល​ជួយ​ខិតខំ​ដោះស្រាយ ប៉ុន្តែ​ជម្រើស​ចុងក្រោយ គឺ ឌីម៉ា សាមី​ខ្លួន​នេះ​ហើយ​ជា​អ្នកសម្រេច ហើយ​តាម​ខ្ញុំ​គិត​គឺ ឌីម៉ា វា​ចង់​តែ​ទៅ​ព្យាបាល​នៅក្រៅ​ប្រទេស ព្រោះ​វា​មាន​ទំនុកចិត្ត​ខ្ពស់ បច្ចេកវិទ្យា​ពេទ្យ​នៅ​ស្រុក​គេ​»​។

លោក​បន្ថែម​ថា​៖ «​សម្រាប់​ការព្យាបាល​នៅ​ប្រទេស​ថៃ គ្រូពេទ្យ​ទារ​ថ្លៃ​ព្យាបាល​ចំនួន​ ១៥០០០ ​ដុល្លារ​លើ​សេវា​វះកាត់ និង​ព្យាបាល ហើយ​បញ្ហា​នេះ​ធ្វើឲ្យ​គ្រួសារ​ខ្ញុំ​មាន​ផល​លំបាក​ខ្លាំង ប៉ុន្តែ​បើ​ខាង​មេៗ​សហព័ន្ធ និង​ក្រសួង​អប់រំ ជួយ​វិញ ខ្ញុំ​គិត​ថា​ល្អ និង​មាន​ទំនុកចិត្ត​បំផុត ព្រោះ​យ៉ាង​ម៉េច​ក៏​ស្រុក​គេ វា​ទំនើប​ជាង​យើង​ដែរ​»៕