ភ្នំពេញ៖ ​ប្រធាន​សហព័ន្ធ​កីឡា​វាយសី​កម្ពុជា លោក លី កុសល បាន​លើក​ឡើង​ថា «ការ​លើក​តម្កើង​មុខ​មាត់​ជាតិ» នៅ​លើ​ឆាក​អន្តរជាតិ មិន​ចាំ​បាច់​ទាល់​តែ​បំពាក់​អាវុធ​នៅ​លើ​ស្មា​ដូចជា​កម្លាំង ទើប​អាច​ធ្វើ​បាន​នោះ​ទេ ហើយ​ក៏​មិន​ចាំបាច់​ទាល់​តែ​មនុស្ស​អស្ចារ្យ ទើប​សម្រេច​បាន​នោះ​ដែរ ប៉ុន្តែ​​​កីឡាករ កីឡាការិនី​គ្រប់​រូប សុទ្ធ​តែ​​អាច​ធ្វើ​បាន​តាមរយៈ​ការ​ខិតខំ​ប្រឹងប្រែង​ស្វែងរក​មេដាយ​ឲ្យ​បាន​សម្រាប់​ការ​ចេញ​ទៅ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ។

លោក លី កុសល បាន​ថ្លែង​ថា៖ ​«ជ័យជម្នះ​នៅ​លើ​ឆាក​អន្តរជាតិ គឺ​ជា​ការ​លើក​តម្កើង​មុខ​មាត់​ប្រទេស​ជាតិ ដែល​កីឡាករ កីឡាការិនី​គ្រប់​រូប​អាច​ធ្វើ​បាន គឺ​មិន​មែន​ទាល់​តែ​ជា​មនុស្ស​អស្ចារ្យ មក​ពី​ណា ឬ​មិន​ចាំបាច់​ត្រូវ​បំពាក់​អាវុធ ដូច​កងកម្លាំង ទើប​អាច​ធ្វើ​បាន​នោះ​ទេ។ ដូច្នេះ​ការ​ហ្វឹកហាត់​គោរព​វិន័យ​ស្តាប់​តាម​ការ​ណែនាំ​របស់​គ្រូ ​ព្រម​ទាំង​ការ​មាន​អត្តចរិត​ថ្លៃថ្នូរ​មាន​ការ​តាំង​ចិត្ត​ខ្ពស់ គឺ​សំខាន់​ខ្លាំង​ណាស់»។

ការ​លើក​ឡើង​បែប​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​បិទ​ការ​ប្រកួត​កីឡា​វាយ​សី​ជ្រើសរើស​ជើង​ឯក​ថ្នាក់​ជាតិ ​ឆ្នាំ ​២០១៩ កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ ហើយ​ប្រសាសន៍​លោក លី កុសល គឺ​ចង់​ក្រើន​រំឭក និង​ជំរុញ​ឲ្យ​អត្តពលិក​វាយ​សី​ ទាំង​អ្នក​ឈ្នះ​បាន​មេដាយ និង​មិន​បាន​មេដាយ ពី​ការ​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ​នេះ គឺ​​កុំ​បង្អង់​ក្នុង​ការ​ពង្រឹង​សមត្ថភាព​បន្ថែម​ទៀត ដើម្បី​ឆ្ពោះ​ទៅ​រក​​ការ​ដណ្តើម​ឲ្យ​បាន​មេដាយ​ក្នុង​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ ពិសេស​ការ​ប្រកួត​ស៊ីហ្គេម លើក​ទី ​៣២ ឆ្នាំ ​២០២៣ ដែល​កម្ពុជា​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

ប្រធាន​សហព័ន្ធ លោក លី កុសល បាន​ថ្លែង​បន្ថែម​ថា៖ ​«ខ្ញុំ​សូម​ផ្តាំ​ផ្ញើ​ដល់​ក្មួយៗ និង​អ្នក​មិន​ទាន់​ដណ្តើម​បាន​មេដាយ​ក្តី សូម​កុំ​បង្អង់ គឺ​ត្រូវ​ដាក់​ចិត្ត​ហ្វឹកហាត់​ឲ្យ​បាន​ទៀងទាត់​ជា​ប្រចាំ ដើម្បី​អភិវឌ្ឍ​ខ្លួន​ឲ្យ​ក្លាយ​ទៅ​ជាកីឡាករ​មាន​សមិទ្ធផល​ខ្ពស់ គឺ​ទាំង​កីឡាករ គ្រូ​បង្វឹក និង​ចៅក្រម ដើម្បី​យើង​មាន​លទ្ធភាព សមត្ថភាព​គ្រប់គ្រាន់​ធ្វើ​ជា​ម្ចាស់​ផ្ទះ ស្មើ​មុខ ស្មើ​មាត់ នៅ​លើ​ឆាក​អន្តរជាតិ»។

លោក លី កុសល បាន​បញ្ជាក់​ថា៖ ​«​គោលដៅ​របស់​យើង មិន​មែន​ចាំ​​ឈ្នះ​ដល់​ស៊ីហ្គេម ឆ្នាំ ​២០២៣ ​នោះ​ទេ គឺ​ត្រូវ​ឈ្នះ​ពី​ឥឡូវ​នេះ​ទៅ អ៊ីចឹង​ដើម្បី​ឈ្នះត្រូវ​ធ្វើ​ម៉េច! គឺ​ទាល់​តែ​ហ្វឹកហាត់​ឲ្យ​បាន​ដល់​កម្រិត ហើយ​ដើម្បី​ហាត់​ឲ្យ​ដល់​កម្រិត ត្រូវ​ស្តាប់​គ្រូ ត្រូវ​គោរព​វិន័យ ត្រូវ​មាន​អត្តចរិត ក្រម​សីលធម៌ល្អ ម៉ឺងម៉ាត់ ទន់ភ្លន់ សុភាពរាបសា ដែល​មើល​ទៅ​មហាជន​គាំទ្រ និង​ចូល​ចិត្ត ដែល​នេះ​ជា​វីរភាព​របស់​យើង»។

តាម​របាយការណ៍​របស់​គណៈកម្មការ​ប្រកួត បាន​ឲ្យ​ដឹង​ថា ​ការ​ប្រកួត​​កីឡា​វាយ​សី​ជើង​ឯក​ថ្នាក់​ជាតិ នៅ​ឆ្នាំ​នេះ មាន​កីឡាករ ​១៤៧ ​នាក់ កីឡាការិនី ​៣១ ​នាក់ និង​គ្រូ​បង្វឹក​ចំនួន ​៥៩ នាក់ សរុប ​២២៨ នាក់ បាន​ចូលរួម គឺ​មាន​ការ​កើន​ឡើង​នូវ​អត្តពលិក​ជាង​ឆ្នាំ ​២០១៨ ចំនួន ​៤៤ ​នាក់។

អត្តពលិក​ទាំង ​១៧៨ នាក់​នេះ ​បាន​ប្រកួត​តំណាង​ឲ្យ​ក្លិប​សមាគម​ចំនួន ​១៨ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា នៅ​លើ​វិញ្ញាសា​ចំនួន ​១០ ហើយ​ជា​លទ្ធផល ក្រុម​អត្តពលិក​​ក្លិប​វាយ​សី​ក្រសួង​មហាផ្ទៃ ឈ្នះ​បាន​មេដាយ​មាស​ច្រើន​ជាង​គេ គឺ​មេដាយ​មាស ​៤ និង​ប្រាក់ ​២ ដើម្បី​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ ​១ និង​តាម​ពី​ក្រោយ​ដោយ​ក្លិប​​​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ ដែល​ឈ្នះ​​បាន​មេដាយ​មាស ​៣ និង​ប្រាក់ ​២។

ចំណែក​ក្រុម​អត្តពលិក​​របស់​ខេត្ត​កំពង់​ឆ្នាំង បាន​ឈ្នះ​មេដាយ​មាស​សរុប​ចំនួន ​២ ​ប្រាក់ ​១ និង​សំរឹទ្ធ ​១ ដើម្បី​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ ​៣ ​តាម​ពី​ក្រោយ​ដោយ​​​ខេត្ត​កំពង់ចាម បាន​ឈ្នះ​មេដាយ​មាស ​១ ​និង​ប្រាក់ ​១ ​ខេត្ត​ព្រះសីហនុ បាន​ឈ្នះ​មេដាយ​ប្រាក់ ​២ និង​សំរឹទ្ធ ១ ខណៈ​ខេត្ត​ប៉ៃលិន ឈ្នះ​បាន​មេដាយ​ប្រាក់ ​១ និង​សំរឹទ្ធ ​២។

ចំពោះ​​ក្លិប​ពហុកីឡដ្ឋានជាតិ បាន​ឈ្នះ​មេដាយ​ប្រាក់ ​១ គឺ​ល្អ​ជាង​ក្រុម​ខេត្តបាត់​ដំបង បាន​ឈ្នះ​មេដាយ​សំរឹទ្ធ ​២ ខណៈ​ក្រុម​ខេត្ត​សៀមរាប ​ក្លិប 1 2 play និង​ក្លិប​ខេមរៈ​មហានគរ ឈ្នះ​បាន​មេដាយ​សំរឹទ្ធ ​១ ​ដូច​គ្នា ពី​ការ​ប្រកួត​ថ្នាក់​ជាតិ​នៅ​ឆ្នាំ ​២០១៩ នេះ៕