ជប៉ុនៈ ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​ជប៉ុន​លោក Tsunekazu Takeda បាន​និយាយ​ពី​ថ្ងៃ​អង្គារ​ថា លោក​នឹង​ចុះ​ចេញ​ពី​តំណែង​នៅ​ខែ​មិថុនា ស្រប​ពេល​អាជ្ញាធរ​បារាំង​ស៊ើបអង្កេត​មាន​ការពាក់ព័ន្ធ​លើ​រូបលោក​នៅ​ក្នុង​ការចំណាយ​មុន​ពេល​ដែល​ក្រុង​តូក្យូ​ប្រទេស​ជប៉ុន​ទទួល​បាន​សិទ្ធិ​រៀបចំ​ការប្រកួត​កីឡា​អូឡាំពិក​រដូវក្តៅ​ឆ្នាំ​ ២០២០​។

លោក Tsunekazu Takeda បាន​និយាយ​នៅក្នុង​កិច្ចប្រជុំ​របស់​គណៈកម្មាធិការ​អូឡាំពិក​ជប៉ុន (JOC) នៅ​ទីក្រុង​តូក្យូ​ថា​៖ «​នៅ​ថ្ងៃទី​ ២៧ ខែ​មិថុនា​គឺ​អាណត្តិ​របស់​ខ្ញុំ​នឹង​ត្រូវ​បញ្ចប់​ហើយ ហើយ​ដោយ​ពិចារណា​ពី​អនាគត​របស់ JOC ខ្ញុំ​គិត​ថា​អ្វី​ដែល​សមស្រប​បំផុត​សម្រាប់​ខ្ញុំ​គឺ​ត្រូវ​ទុក​កិច្ចការ​ឲ្យ​អ្នកដឹកនាំ​ជំនាន់​ក្រោយ ដើម្បី​ឲ្យ​គេ​អាច​ធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡា​អូឡាំពិក និង​រៀបចំ​សករាជ​ថ្មី​មួយ​»​។

បុរស​វ័យ​ ៧១ ​ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា​គាត់​ក៏​នឹង​ត្រូវ​ចាកចេញ​ពី​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​ដែរ​។ លោក Takeda បាន​ស្ថិត​ក្រោម​សម្ពាធ​មិន​ឲ្យ​ស្វែងរក​ការបន្ត​អាណត្តិ​បន្ថែម​ទៀត នៅពេល​អាណត្តិ​បច្ចុប្បន្ន​របស់​លោក​នឹង​ត្រូវ​បញ្ចប់​នៅក្នុង​ខែ​មិថុនា បន្ទាប់ពី​អាជ្ញាធរ​បារាំង​បាន​ស៊ើបអង្កេត​រកឃើញ​ភ័ស្តុតាង​នៃ​អំពើ​ពុករលួយ​ក្នុង​ការប្រគល់​សិទ្ធិ​ឲ្យ​មានការ​រៀបចំ​កីឡា​អូឡាំពិក ឆ្នាំ​ ២០២០ នៅ​ទីក្រុង​តូក្យូ​។

ច្បាប់​ទម្លាប់​របស់ JOC បច្ចុប្បន្ន​តម្រូវ​ឲ្យ​បេក្ខជន​សម្រាប់​តំណែង​កំពូល​មាន​អាយុ​ត្រឹម​តែ​ ៧០ ​ឆ្នាំ ឬ​តិច​ជាង​នេះ​ក្នុង​បេក្ខភាព​របស់​ពួកគេ ប៉ុន្តែ​មាន​ពាក្យ​ចចាមអារ៉ាម​ថា គណៈកម្មាធិការ​នេះ​កំពុង​ពិចារណា​ផ្លាស់ប្តូរ​ច្បាប់​នេះ ដើម្បី​អនុញ្ញាត​ឲ្យ​លោក Takeda អាច​បន្ត​អាណត្តិ​រហូត​ដល់​ឆ្នាំ​ ២០២០​។

ទោះ​យ៉ាងណា​ក៏ដោយ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ការស៊ើបអង្កេត​ក្នុង​ករណី​របស់​លោក Takeda បាន​ក្លាយ​ជាការ​រំខាន​គួរ​ឲ្យ​ធុញទ្រាន់​មួយ​សម្រាប់​អ្នករៀបចំ​កម្មវិធី​នៃ​ការប្រកួត​កីឡា​ដែល​នឹង​ត្រូវ​ចាប់ផ្ដើម​ក្នុង​រយៈពេល​មិន​ដល់​ ៥០០ ​ថ្ងៃ​ទៀត​ទេ​។

លោក Takeda ដែល​ជា​អតីត​ជើងឯក​អូឡាំពិក​ ១ ​រូប​បាន​ដឹកនាំ​ការដេញថ្លៃ​របស់​ជប៉ុន​ក្នុង​ការ​បាន​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​កីឡា​នេះ​ជា​លើក​ទី​ ២ ហើយ​ពេល​នេះ​លោក​ទំនង​ជា​ចង់​ព្យាយាម​រក្សា​តំណែង​របស់​លោក​រហូត​ទាល់តែ​ភ្លើង​ត្រូវ​បាន​ដុត​បញ្ឆេះ​នៅក្នុង​ទីក្រុង​តូក្យូ​។

នៅក្នុង​ខែ​មករា​គេ​បាន​បង្ហាញ​ភ័ស្តុតាង​ថា លោក​កំពុង​ប្រឈម​នឹង​នីតិវិធី​ច្បាប់​របស់​តុលាការ​នៅក្នុង​ប្រទេស​បារាំង​ពាក់ព័ន្ធ​នឹង​ការចំណាយ​ប្រាក់​សរុប​ ២,៨ ​លាន​ដុល្លារ​សិង្ហបុរី​ស្មើ​នឹង​ ២,១ ​លាន​ដុល្លារ​អាមេរិក​គិត​តាម​អត្រា​ប្ដូរប្រាក់​បច្ចុប្បន្ន​។

លោក​ត្រូវ​បាន​គេ​ដាក់​ក្នុង​ប្រព័ន្ធ​ច្បាប់​មួយ​ឈ្មោះ «mis en examen» ជា​វិធាន​ច្បាប់​មួយ​ដែល​មាន​ប្រព័ន្ធ​ខុសពី​ច្បាប់​នៅ​អង់គ្លេស ឬ​នៅ​សហរដ្ឋអាមេរិក ហើយ​បើ​ប្រែ​ឲ្យ​ស្រួល​ស្ដាប់​បាន​គឺ​ «​កំពុង​ត្រូវ​ចោទប្រកាន់​ទោស​»​។

វា​មិន​បាន​បង្ក​ឲ្យ​មាន​ការកាត់ទោស​ស្វ័យប្រវត្តិ​ទេ ប៉ុន្តែ​មាន​ន័យ​ថា ព្រះរាជអាជ្ញា​ជឿ​ថា​មាន​ភ័ស្តុតាង​រឹងមាំ ឬ​ភ័ស្តុតាង​បង្ហាញ​ពី​ការប្រព្រឹត្ត​ខុស​៕ SN