ភ្នំពេញ៖ ​ប្រធាន​ AFC លោក Shaikh​ Salman និង​ប្រធាន​សហព័ន្ធ​បាល់​ទាត់​ពិភព​លោក ​(FIFA) ​លោក ​Gianni ​Infantino ​បាន​ផ្តល់​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង ​ដល់​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ាន (AFF) ក្នុង​ការ​បង្កើត​ឲ្យ​​មាន​ការ​ប្រកួត​ពាន​រង្វាន់​ថ្មី Asean Club Championship (ACC) ដែល​នឹង​ចាប់​ផ្តើម​នៅ​ឆ្នាំ​ក្រោយ​ ខណៈ​ព្រឹត្តិការណ៍​នេះ​នឹង​មាន​ការ​​ចូលរួម​ពី​​ក្លិប​ឈាន​មុខ​គេ​ចំនួន ​១២ ​​ក្នុង​ចំណោម​សមាជិក​ក្លិប AFF។

សហព័ន្ធ​ AFF ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​គាំទ្រ ​និង​លើក​ទឹក​ចិត្ត​ដល់​ក្លិប​ឈាន​មុខ​គេ ​ហើយ​ AFF ​ជឿជាក់​ថា ACC ​នឹង​ក្លាយ​ជា​វេទិកា​ដ៏​សំខាន់​សម្រាប់​ដំណាក់​កាល​បន្ទាប់ ​នៃ​ការ​អភិវឌ្ឍ​ក្នុង​តំបន់​សម្រាប់​ការ​ប្រកួត​អាជីព​​កម្រិត​​កំពូល​ ហើយ​ក្លិប​នីមួយៗ​ នឹង​ទទួល​បាន​ថ្លៃ​ចូលរួម​ពី​ការ​ប្រកួត​ជុំ​ដំបូង ​រួម​ជាមួយ​ប្រាក់​រង្វាន់ ​ដែល​ចេះ​តែ​កើន​​ឡើង ពេល​ពួក​គេ​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​។​

ប្រធាន​ AFF លោក​ឧត្ដមសេនីយ៍​ទោ​ ខៀវ សាម៉េត ​បាន​ថ្លែង​ថា៖ «​យើង​បាន​ចែក​រំលែក​ផែនការ​របស់​​យើង ​សម្រាប់​ក្លិប​ជើងឯក​ជាមួយ​លោក​ប្រធាន​ Infantino ​និង​​ឯកឧត្តម​ Shaikh ​Salman ​ហើយ​ពួក​លោក​ទាំង ​២ នាក់ ​បាន​គាំទ្រ​។ ​​យើង​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​គាំទ្រ​ពេញ​ទំហឹង​ពី​ FIFA​ និង​ AFC​»​។

សហព័ន្ធ AFF​ បាន​ពិភាក្សា​អំពី​ ACC ​ជាមួយ​លោក​ Shaikh ​Salman​ នៅ​ប្រទេស ​តាហ្ស៊ីគីស្ថាន​ កាល​ពី​ខែ​កញ្ញា​ មុន​ពេល​ជួប​ជាមួយ​លោក​ Infantino ​នៅ​ទីក្រុង​បាងកក​ថ្មីៗ​នេះ​។​ នេះ​ជា​លើក​ទី ​២ ហើយ​ដែល​ AFF ​បាន​ពិភាក្សា​អំពី​ ACC​ ជាមួយ​លោក​ Infantino​ ហើយ​លោក ខៀវ ​សាម៉េត និង​ប្រធាន​សមាគម​កីឡា​បាល់ទាត់​​ថៃ ​លោក​ឧត្តម​សេនីយ៍​ Somyot ​Poompanmoung ​និង​អគ្គលេខាធិការ​ AFF លោក Winston Lee ​បាន​ជួប​ជាមួយ​លោក​ Infantino ​ដែល​ស្ថិត​នៅ​ទីក្រុង​បាងកក ​កាល​ពី​សប្តាហ៍​មុន ​ដើម្បី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា ​ជាមួយ​លេខាធិការដ្ឋាន​អាស៊ាន​ ដើម្បី​រួម​គ្នា​លើក​កម្ពស់​វិស័យ​បាល់ទាត់​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។

លោក សាម៉េត បាន​បន្ថែម​ថា៖ «​យើង​បាន​ចំណាយ​ពេលវេលា​ ដើម្បី​ដាក់​ផែនការ​រួម​បញ្ចូល​គ្នា ​ជា​ប្រវត្តិសាស្ត្រ​នេះ ​ពី​​ព្រោះ​មាន​កត្តា​ជា​ច្រើន ​ដែល​ត្រូវ​ពិចារណា ​រួម​ទាំង​ធានា​ថា ​មិន​មាន​ការ​ប៉ះ​ទង្គិច​ណា​មួយ ​ក្នុង​កាល​វិភាគ​ជាមួយ​លីក​ក្នុង​ស្រុក​ សហព័ន្ធ ​ FIFA ​និង​ព្រឹត្តិការណ៍​ AFC ​ឡើយ​។ យើង​ក៏​ត្រូវ​ពិនិត្យ​លើ​បញ្ហា​សំខាន់ៗ​ផ្សេង​ទៀត​ ដូច​ជា​ការ​កំណត់​ប្រ៊េន​ ​ប្រាក់​រង្វាន់​ និង​ទ្រង់ទ្រាយ​នៃ​ការ​ប្រកួត​ប្រជែង​។ ​បន្ទាប់​មក​មាន​ការ​ចរចា​ជាមួយ​ដៃ​គូ​ពាណិជ្ជកម្ម​ផ្សេងៗ ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​មក​នេះ មុន​ពេល​ទទួល​បាន​ការ​យល់ព្រម​ពី​ក្រុមប្រឹក្សា​របស់​ AFF»​។

លោក​ឧត្ដមសេនីយ៍​ទោ​ សាម៉េត បាន​បន្ត​ថា៖ «​ផែនការ​របស់​ ACC ទី​បំផុត​ត្រូវ​បាន​ពិភាក្សា​ម្តង​ទៀត ​នៅ​ឯ​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ពិសេស​ AFF ដែល​បាន​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​ហូជីមិញ ​កាល​ពី​សប្តាហ៍​មុន​ជា​ពិសេស​ ដើម្បី​ពិភាក្សា​ និង​អនុម័ត​លើ​សេចក្តី​លម្អិត​នៃ​កិច្ច​ព្រមព្រៀង​សិទ្ធិ​រៀបចំ​ និង ACC។ ខ្ញុំ​សូម​ធ្វើ​ការ​ចែក​រំលែក​ថា​ ACC​ ត្រូវ​បាន​យល់ព្រម​ជា​ឯកច្ឆន្ទ​ពី​សមាគម​សមាជិក​ទាំង​អស់ ​ដែល​មាន​វត្តមាន​នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ពិសេស​ AFF»​។

ប្រធាន​សហព័ន្ធ​ AFF​ ​មាន​អារម្មណ៍​ថា​ ការ​បង្កើត​ ACC ​នេះ​នឹង​លើក​ស្ទួយ​ស្តង់ដា​ក្រុម​ជម្រើសជាតិ​ និង​លើក​កម្ពស់​មុខ​មាត់​ក្លិប ​ក៏​ដូច​ជា​លីក​ក្នុង​តំបន់​ផង​ដែរ​។ ACC​ ក៏​នឹង​ជួយ​ក្លិប​នានា​ក្នុង​ការ​កែ​លម្អ​ជំហរ​ហិរញ្ញវត្ថុ​របស់​ពួក​គេ​ លើក​កម្ពស់​ទេសចរណ៍​​កីឡា និង​​បង្កើន​​បទពិសោធ​​បាល់ទាត់​ ដែល​មាន​អ្នក​គាំទ្រ​ចំនួន ​៦៥០ ​លាន​នាក់ ​នៅ​ក្នុង​តំបន់​របស់​យើង​»​។

ក្រុម ​Port FC ដែល​ទើប​ឈ្នះ​ពាន​ FA​ Cup អាច​នឹង​មាន​ឱកាស​លេង​នៅ​ព្រឹត្តិការណ៍​ ACC ​នា​ឆ្នាំ​ក្រោយ​ ខណៈ​ប្រទេស​មួយ​ចំនួន​ រួម​ទាំង​ប្រទេស ​ថៃ ​ដែរ​នោះ ​នឹង​មាន​សិទ្ធិ​ដាក់​ការ​ចូលរួម​ចំនួន ​២។ ការ​ប្រកាស​ថ្មីៗ​របស់​ FIFA​ ស្តីពី​ការ​ពង្រីក​ព្រឹត្តិការណ៍​ Club World Cup ​នៅ​​ឆ្នាំ ​២០២១ ​គឺ​ជា​ការ​វិវឌ្ឍ​វិជ្ជមាន​សម្រាប់​ ACC ហើយ​ការ​បង្កើត​ឡើង​នេះ​អាច​ជា​ការ​បើក​ផ្លូវ​សម្រាប់​លទ្ធភាព​នៃ​អ្នក​ឈ្នះ​​ពាន​រង្វាន់​ ACC ​ដើម្បី​ទទួល​បាន​កន្លែង​មួយ​ នៅ​ក្នុង​ជុំ​ចុង​ក្រោយ​នៃ​ព្រឹត្តិការណ៍​ FIFA​ Club​ World​ Cup​។​ ​

លោក​ ខៀវ សាម៉េត បាន​បន្ថែម​ថា៖ «​ទស្សន​វិស័យ​នៃ​ការ​លេង​នៅ​ក្នុង​ការ​ពង្រីក​ព្រឹត្តិការណ៍​ FIFA​ Club ​World​ Cup​ នេះ​កំពុង​តែ​មាន​ភាព​ទាក់ទាញ​ ហើយ​វា​នឹង​បណ្តាល​ឱ្យ​មាន​ការ​វិនិយោគ​កាន់​តែ​ច្រើន​ឡើងៗ ​តាមរយៈ​លីក​ និង​ក្លិប​នានា ​នៅ​ក្នុង​តំបន់​ ដូច្នេះ​វា​នឹង​រួម​ចំណែក​ដល់​ការ​លូតលាស់​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​បាល់ទាត់​នៅ​អាស៊ី​អាគ្នេយ៍​។ ​នេះ​គឺ​ជា​ពេលវេលា​គួរ​ឲ្យ​រំភើប​ចិត្ត​ សម្រាប់​ AFF ហើយ​យើង​កំពុង​ទន្ទឹង​រង់ចាំ​ការ​ចាប់​ផ្ដើម​ពាន​រង្វាន់​​ ACC នេះ​»៕ SN