ភ្នំពេញ៖ លោកស្រី ប៉ែន ស្រីមុំ ប្រធានស្តីទី​សមាគម Cambodia Cycling Academy (CCA) ដែល​ខកខាន​ច្រើន​លើក​ក្នុង​ការ​នាំ​អត្តពលិក​ជម្រើស​ជាតិ​កីឡា​ទោចក្រយាន​កម្ពុជា​ចំនួន ៣ នាក់ ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​បារាំង ត្រៀម​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​នានា ជា​ពិសេស​ការ​ប្រកួត​ស៊ីហ្គេម​លើក​ទី៣១ ឆ្នាំ ២០២១ នៅ​ប្រទេស​វៀតណាម ក៏​ដូចជា​ស៊ីហ្គេម ឆ្នាំ ២០២៣ ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​នោះ បាន​ជួប​នូវ​ក្តី​កង្វល់ និង​ការ​ពិបាក​ទៅ​លើ​បញ្ហា​នេះ ខណៈ​ជំងឺ​កូវីដ ១៩ បាន​ផ្ទះ​ឡើង​ជា​ថ្មី ដែល​អាច​រំខាន​ដល់​ផែនការ​នេះ​ជាថ្មី។

លោកស្រី​បាន​ផ្តល់​សម្ភាសន៍​ឱ្យ ​ភ្នំពេញ ​ប៉ុស្តិ៍ ​ថា៖ «បញ្ហា​កូវីដ ១៩ បាន​ធ្វើឱ្យ​​កម្មវិធី​ហ្វឹកហាត់​នៅ​ប្រទេស​បារាំង បាន​ពន្យារពេល​ជា​ច្រើន​លើក​ច្រើនសា។ ខ្ញុំ​មក​ពី​ប្រទេស​បារាំង តាំង​ពី​ថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០២១ ដើម្បី​នាំយក​កីឡាករ​ប្រណាំង​កង់​កម្ពុជា​ដែល​ត្រៀម​រួចរាល់​កាល​ពី​លើក​មុន សម្រាប់​ចេញ​ទៅ​ហ្វឹកហាត់​ត្រៀម​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​ច្រើន​កម្មវិធី ប៉ុន្តែ​ពេល​នេះ​ខកខាន និង​ត្រូវ​ពន្យារពេល​ជា​បន្ត​ទៀត ដោយ​បញ្ហា​កូវីដ​ចេះ​តែ​ផ្ទុះ​ឡើង»។

លោកស្រី ប៉ែន ស្រីមុំ ដែល​ចំណាយ​ពេលវេលា និង​ថវិកា​ផ្ទាល់​ខ្លួន​យ៉ាង​ច្រើន​ក្នុង​សកម្មភាព​កីឡា​ប្រណាំង​កង់​នេះ ​គឺ​បង្កើត​បាន​នូវ​ការ​បណ្តុះបណ្តាល​ក្រុម​អត្តពលិក​ប្រណាំង​កង់ និង​បង្កើត​បាន Cambodia Cycling Academy ចំនួន ២ កន្លែង គឺ​នៅ​ប្រទេស​កម្ពុជា ​ផង និង​នៅ​បារាំង​ផង ខណៈ​ដែល​ស្វាមី​អ្នកស្រី​ជា​អ្នកជិះ​កង់​ដ៏​ល្បីល្បាញ​នៅ​ប្រទេស​បារាំង គឺ​គាត់​មាន​និស្ស័យ និង​ស្រឡាញ់​ចូលចិត្ត​លើ​ប្រភេទ​កីឡា​ជិះ​កង់​នេះ​ខ្លាំង​ណាស់។

«តាម​គម្រោង​ខ្ញុំ​ត្រូវ​ចាកចេញ​នាំ​កីឡាករ​ទៅ​ប្រទេស​បារាំង នៅ​ថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០២១ នេះ ប៉ុន្តែ​ជាក់​ស្តែង​ខកខាន​ទៀត​ហើយ ហើយ​កម្មវិធី​ហ្វឹកហាត់ និង​ត្រៀម​ប្រកួត​នេះ ធ្វើ​ឡើង​តាម​កិច្ច​សហការ​រវាង​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន និង​សមាគម​ប្រណាំង​កីឡា​ទោចក្រយាន​កម្ពុជា នៅ​បារាំង ​គឺ​សហព័ន្ធ​ត្រៀម​រៀបចំ​បញ្ជូន​កីឡាករ​ជម្រើសជាតិ ៣ នាក់ ​ដើម្បី​ទៅ​ហ្វឹកហាត់​រយៈពេល​វែង​នៅ​បារាំង ហើយ​ខាង​សមាគម​កីឡា​ទោចក្រយាន​នៅ​ប្រទេស​បារាំង ​នាង​ខ្ញុំ​ជា​អ្នក​រ៉ាប់រង​លិខិត​ស្នាម​នានា ការ​ស្នាក់នៅ ហូបចុក និង​សំបុត្រ​យន្តហោះ​ធ្វើ​ដំណើរ​ទៅ​មក​ជូន​ក្រុម​កីឡាករ​កម្ពុជា​យើង​ទាំង​ស្រុង»។

លោកស្រី​លម្អិត​ថា៖ «ឥឡូវ​នេះ កីឡាករ​ប្រណាំង​កង់​ទាំង ៣ នាក់​នេះ បាន​ចាក់​ថ្នាំ​វ៉ាក់សាំង​កូវីដ ១៩ ជា​លើក​ទី១ កាល​ពី​ថ្ងៃ ១៨ ខែ កុម្ភៈ ឆ្នាំ ២០២១ រួច​ហើយ គឺ​រង់​ចាក់​ជា​លើក​ទី២ ម្តង​ទៀត នៅ​ថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០២១ ទើប​ចាកចេញ ប៉ុន្តែ​ក៏​អាច​នឹង​នៅ​តែ​ពន្យារពេល​ច្រើន​លើក​ទៀត ព្រោះ​កូវីដ​នៅ​តែ​រំខាន ដែល​ធ្វើ​ឱ្យ​ខ្ញុំ​កាន់​តែ​ជួប​ការ​លំបាក ជាពិសេស​បញ្ហា​ការ​ចំណាយ​ពេល និង​ថវិកា​ផងដែរ»។

ចំណែក​លោក នូ ចំរើន អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​ប្រាប់​ថា៖ «កីឡាករ​កម្ពុជា​ទាំង ៣ នាក់ មាន គីម ចាន់ធូ, ហួត លយរស្មី និង សាន ណាម៉ាវ គ្រោង​នឹង​ទៅ​ហ្វឹកហាត់​ជាមួយ​ក្រុម​កីឡាករ​បរទេស​ជាមួយ​គ្រូបង្វឹក​ជា​ជនជាតិ​បារាំង ដើម្បី​បង្កើន​សមត្ថភាព បទពិសោធ សម្រាប់​ត្រៀម​ចូលរួម​ការ​ប្រកួត​អន្តរជាតិ​នានា ​និង​ការ​ប្រកួត​ស៊ីហ្គេម ហើយ​ពេលវេលា​ចាក់ចេញ​របស់​អ្នក​ទាំង ៣ នេះ គឺ​ក្រោយ​ចាក់​វ៉ាក់សាំង​លើក​ទី២ រួច ដោយ​យើង​រង់​ចាំមើល​ខាង​ស្ថានទូត​បារាំង​អនុញ្ញាត​ឱ្យ​ចេញ​ទៅ​អាច​ថា ក្នុង​អំឡុង​ខែ ៣ នេះ​តែ​ម្តង»៕